អេភេសូ 1:3-10

អេភេសូ 1:3-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខ*​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រិស្ត។ ព្រះអង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រិស្ត តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​បាន​វិសុទ្ធ* និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង ។ ព្រះអង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឲ្យ​ធ្វើ​ជា​បុត្រ​របស់​ព្រះអង្គ ដោយ‌សារ​ព្រះ‌យេស៊ូ​គ្រិស្ត ស្រប​នឹង​ព្រះ​បំណង​ដ៏​សប្បុរស​របស់​ព្រះអង្គ ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុងរឿង​នៃ​ព្រះ‌គុណ ដែល​ព្រះអង្គ​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។ ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង ដោយ​ព្រះ‌លោហិត​របស់​ព្រះអង្គ និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប ស្រប​តាម​ព្រះ‌គុណ​ដ៏​លើស‌លុប​របស់​ព្រះអង្គ។ ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាង‌វៃ​គ្រប់​យ៉ាង។ ព្រះអង្គ​បាន​ប្រោស​ឲ្យ​យើង​ស្គាល់​គម្រោង‌ការ​ដ៏​លាក់‌កំបាំង*​នៃ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ តាម​ព្រះ‌បំណង​ដ៏​សប្បុរស ដែល​ព្រះអង្គ​បាន​សម្រេច​ទុក​ជា​មុន ដោយ​ព្រះអង្គ​ផ្ទាល់។ ព្រះអង្គ​ចាត់​ចែង​គម្រោង‌ការ​នេះ​ឲ្យ​បាន​សម្រេច​នៅ​គ្រា​ចុង​ក្រោយ​បំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ និង​នៅ​លើ​ផែនដី ឲ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​ជា​ម្ចាស់​តែ​មួយ។

ចែក​រំលែក
អាន អេភេសូ 1

អេភេសូ 1:3-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌ តាម​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​យើង​ក្នុង​ព្រះ‌គ្រីស្ទ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​សេចក្តី​ស្រឡាញ់។ ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន សម្រាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ស្រប​តាម​បំណង​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ដើម្បី​សរសើរ​ដល់​សិរី‌ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រទាន​មក​យើង​ដោយ​ឥត​គិត​ថ្លៃ ក្នុង​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ។ នៅ​ក្នុង​ព្រះ‌អង្គ​យើង​មាន​ការ​ប្រោស​លោះ តាម​រយៈ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ គឺ​ការ​អត់​ទោស​ពី​អំពើ​រំលង ស្រប​តាម​ព្រះ‌គុណ​ដ៏​ធ្ងន់​ក្រៃ​លែង​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ផ្តល់​មក​យើង​ជា​បរិបូរ។ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​យើង​ស្គាល់​អាថ៌​កំបាំង​នៃ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​ប្រាជ្ញា និង​ការ​យល់​ដឹង​គ្រប់​យ៉ាង ស្រប​តាម​បំណង​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សម្រេច​ទុក​ក្នុង​ព្រះ‌គ្រីស្ទ ជា​គម្រោង​ការ​មួយ​សម្រាប់​ពេល​កំណត់​មក​ដល់ ដើម្បី​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌គ្រីស្ទ ទាំង​អ្វីៗ​នៅ​ស្ថាន‌សួគ៌ និង​អ្វីៗ​នៅ​លើ​ផែនដី។

ចែក​រំលែក
អាន អេភេសូ 1

អេភេសូ 1:3-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​ព្រលឹង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់ តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ​មក ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្ដី​ស្រឡាញ់ ពី​ព្រោះ​ទ្រង់​បាន​ដំរូវ​យើង​រាល់​គ្នា​ទុក​ជា​មុន សំរាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់ ដើម្បី​នឹង​សរសើរ​ដល់​ព្រះ‌គុណ​ដ៏​ឧត្តម​របស់​ទ្រង់ ដែល​បាន​ផ្តល់​មក​យើង​រាល់​គ្នា​ទទេ ក្នុង​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ទ្រង់ ហើយ​យើង​បាន​សេចក្ដី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ គឺ​ជា​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​ទោស តាម​ព្រះ‌គុណ​ដ៏​ធ្ងន់​ក្រៃ‌លែង​នៃ​ទ្រង់ ដែល​បាន​ផ្តល់​មក​យើង​ជា​បរិបូរ ដោយ​នូវ​ប្រាជ្ញា នឹង​ដំរិះ​សព្វ​គ្រប់ ព្រម​ទាំង​សំដែង ឲ្យ​យើង​រាល់​គ្នា​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នៃ​ព្រះ‌ហឫទ័យ​ទ្រង់ តាម​គំនិត​ដែល​ទ្រង់​បាន​គិត​សំរេច ក្នុង​ព្រះ‌អង្គ​ទ្រង់ សំរាប់​ការ​កាន់‌កាប់​ត្រួត‌ត្រា ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះ‌គ្រីស្ទ ទាំង​របស់​នៅ​ស្ថាន‌សួគ៌ នឹង​របស់​នៅ​ផែនដី​ផង

ចែក​រំលែក
អាន អេភេសូ 1