អេភេសូ 6:5-9
អេភេសូ 6:5-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ ដោយគោរពកោតខ្លាច ញាប់ញ័រ និងដោយចិត្តស្មោះសរ ដូចស្ដាប់បង្គាប់ព្រះគ្រិស្តដែរ មិនត្រូវធ្វើដូច្នេះ ដើម្បីគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញថា បងប្អូនចង់ផ្គាប់ចិត្តមនុស្សឡើយ គឺត្រូវធ្វើដូចជាខ្ញុំបម្រើព្រះគ្រិស្ត ដែលយកចិត្តទុកដាក់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ត្រូវបម្រើម្ចាស់ដោយស្ម័គ្រចិត្ត ដូចបម្រើព្រះអម្ចាស់ ពុំមែនបម្រើមនុស្សទេ ដោយដឹងថាមនុស្សម្នាក់ៗ ទោះជាអ្នកងារ ឬអ្នកជាក្ដី នឹងទទួលរង្វាន់ពីព្រះអម្ចាស់ តាមអំពើល្អដែលខ្លួនបានប្រព្រឹត្ត។ រីឯបងប្អូនដែលជាម្ចាស់វិញ ចូរប្រព្រឹត្តចំពោះអ្នកបម្រើរបស់បងប្អូនបែបនោះដែរ គឺមិនត្រូវគំរាមកំហែងគេឡើយ។ តោងដឹងថា ទាំងពួកគេ ទាំងបងប្អូនមានម្ចាស់តែមួយនៅស្ថានបរមសុខ* ហើយព្រះអង្គមិនរើសមុខនរណាសោះឡើយ។
អេភេសូ 6:5-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកបម្រើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយរបស់ខ្លួនខាងសាច់ឈាម ដោយគោរពកោតខ្លាច ហើយញាប់ញ័រ ទាំងមានចិត្តទៀងត្រង់ ដូចស្ដាប់បង្គាប់ព្រះគ្រីស្ទ មិនមែនបម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះឡើយ គឺត្រូវបម្រើដូចជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫ័យរបស់ព្រះឲ្យអស់ពីចិត្ត។ ចូរបម្រើដោយស្ម័គ្រពីចិត្ត ដូចបម្រើព្រះអម្ចាស់ មិនមែនបម្រើមនុស្សឡើយ ដោយដឹងថា ការល្អអ្វីដែលមនុស្សម្នាក់ៗធ្វើ នោះនឹងទទួលរង្វាន់ពីព្រះអម្ចាស់ ទោះជាបាវបម្រើ ឬអ្នកជាក្តី។ ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តចំពោះបាវបម្រើដូច្នោះដែរ ត្រូវឈប់គំរាមកំហែងទៅ ដោយដឹងថា ចៅហ្វាយរបស់គេដែលគង់នៅស្ថានសួគ៌ ក៏ជាចៅហ្វាយរបស់អ្នករាល់គ្នាដែរ ហើយព្រះអង្គមិនរើសមុខអ្នកណាឡើយ។
អេភេសូ 6:5-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកបំរើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយខ្លួនខាងសាច់ឈាម ដោយគោរពកោតខ្លាចហើយញាប់ញ័រ ព្រមទាំងមានចិត្តទៀងត្រង់ ដូចជាដល់ព្រះគ្រីស្ទ កុំបំរើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបំរើដូចជាបាវបំរើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត ទាំងបំរើដោយអំណរ ដូចជាបំរើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបំរើមនុស្សឡើយ ដោយដឹងថា ការល្អអ្វីដែលគ្រប់គ្នាធ្វើ នោះនឹងបានរង្វាន់ពីព្រះអម្ចាស់ ទោះបើជាបាវបំរើ ឬអ្នកជាក្តី។ ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តនឹងបាវបំរើដូច្នោះដែរ ទាំងលែងគំហកកំហែងទៅ ដោយដឹងថា ចៅហ្វាយរបស់គេ ហើយរបស់អ្នករាល់គ្នាផង នោះទ្រង់គង់នៅស្ថានសួគ៌ ហើយទ្រង់មិនចេះរើសមុខអ្នកណាឡើយ។