និក្ខមនំ 11:1-10
និក្ខមនំ 11:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងនាំគ្រោះកាចមួយទៀតមកលើផារ៉ោន និងស្រុកអេស៊ីព្ទ ក្រោយនោះមក ស្តេចនឹងបើកឲ្យអ្នករាល់គ្នាចេញពីទីនេះទៅ។ កាលណាស្ដេចបើកឲ្យអ្នករាល់គ្នាចេញទៅ ស្ដេចនឹងដេញអ្នករាល់គ្នាឲ្យចេញទៅទាំងអស់។ ឥឡូវនេះ ចូរប្រាប់បណ្ដាជនទាំងប្រុសទាំងស្រីថា ម្នាក់ៗត្រូវសុំគ្រឿងមាស គ្រឿងប្រាក់ពីអ្នកជិតខាងរៀងៗខ្លួន»។ ព្រះយេហូវ៉ាក៏ធ្វើឲ្យបណ្ដាជនបានប្រកបដោយគុណនៅចំពោះសាសន៍អេស៊ីព្ទ ម្យ៉ាងទៀត លោកម៉ូសេជាមនុស្សដ៏សំខាន់នៅចំពោះពួកនាម៉ឺនមន្ត្រីរបស់ផារ៉ោន និងនៅចំពោះប្រជាជននៅក្នុងស្រុកអេស៊ីព្ទ។ លោកម៉ូសេទូលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ នៅកណ្ដាលអធ្រាត្រ យើងនឹងចេញទៅកណ្ដាលស្រុកអេស៊ីព្ទ។ កូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទនឹងត្រូវស្លាប់ ចាប់តាំងពីកូនច្បងរបស់ផារ៉ោន ដែលអង្គុយលើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់ស្រីបម្រើដែលនៅខាងក្រោយត្បាល់កិន និងអស់ទាំងកូនច្បងក្នុងហ្វូងសត្វទៀតផង។ គេនឹងស្រែកទ្រហោយំនៅពាសពេញស្រុកអេស៊ីព្ទទាំងមូល ដែលតាំងពីដើមមក ហេតុការណ៍បែបនេះមិនដែលធ្លាប់មានឡើយ ហើយទៅមុខទៀតក៏គ្មានដែរ។ ប៉ុន្តែ នៅក្នុងចំណោមកូនចៅអ៊ីស្រាអែល ចាប់តាំងពីមនុស្សដល់សត្វ នោះសូម្បីតែឆ្កែមួយក្បាល ក៏មិនកម្រើកអណ្ដាតទាស់នឹងគេឡើយ នេះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា ព្រះយេហូវ៉ារាប់សាសន៍អេស៊ីព្ទ និងសាសន៍អ៊ីស្រាអែលផ្សេងពីគ្នា។ ពេលនោះ ពួកនាម៉ឺនមន្ត្រីទាំងអស់របស់ព្រះករុណា នឹងចុះមកឱនគោរពចំពោះទូលបង្គំដោយថា "សូមលោក និងប្រជាជនទាំងប៉ុន្មានដែលតាមលោក អញ្ជើញទៅចុះ!" ក្រោយនោះមក ទើបទូលបង្គំចេញទៅ»។ លោកក៏ចេញពីផារ៉ោនទៅ ទាំងមានចិត្តក្តៅជាខ្លាំង។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ផារ៉ោននឹងមិនស្តាប់អ្នកទេ នោះគឺដើម្បីឲ្យការអស្ចារ្យរបស់យើងកាន់តែច្រើនឡើងក្នុងស្រុកអេស៊ីព្ទ»។ លោកម៉ូសេ និងលោកអើរ៉ុនក៏ធ្វើការអស្ចារ្យទាំងនោះនៅចំពោះផារ៉ោន តែព្រះយេហូវ៉ាធ្វើឲ្យផារ៉ោនមានព្រះហឫទ័យរឹងទទឹង មិនព្រមបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅទេ។
និក្ខមនំ 11:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងនាំគ្រោះកាចមួយទៀត ជាគ្រោះកាចចុងក្រោយ មកប្រហារស្ដេចផារ៉ោន និងស្រុកអេស៊ីប។ លើកនេះ ស្ដេចពិតជាបើកឲ្យអ្នករាល់គ្នាចេញទៅពុំខាន។ ស្ដេចមិនត្រឹមតែបើកឲ្យអ្នករាល់គ្នាទៅតែប៉ុណ្ណោះទេ គឺថែមទាំងដេញអ្នករាល់គ្នាឲ្យទៅរហូត។ ចូរប្រាប់កូនចៅអ៊ីស្រាអែលទាំងប្រុសទាំងស្រី ឲ្យសុំរបស់របរជាមាសជាប្រាក់ពីអ្នកជិតខាង»។ ព្រះអម្ចាស់ធ្វើឲ្យជនជាតិអេស៊ីបស្រឡាញ់រាប់អានជនជាតិអ៊ីស្រាអែល។ ម្យ៉ាងទៀត ពួកនាម៉ឺនមន្ត្រីរបស់ស្ដេចផារ៉ោន និងប្រជាជននៅស្រុកអេស៊ីប នាំគ្នាគោរពលោកម៉ូសេយ៉ាងខ្លាំង។ លោកម៉ូសេទូលព្រះចៅផារ៉ោនថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “នៅកណ្ដាលអធ្រាត្រ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប។ កូនច្បងទាំងអស់នៃស្រុកអេស៊ីបនឹងត្រូវស្លាប់ គឺចាប់ពីបុត្រច្បងរបស់ស្ដេចផារ៉ោន ដែលត្រូវឡើងសោយរាជ្យ រហូតដល់កូនប្រុសច្បងរបស់ទាសី ដែលជាអ្នកកិនស្រូវ ព្រមទាំងកូនដំបូងនៃហ្វូងសត្វទៀតផង។ ពេលនោះ ក្នុងស្រុកអេស៊ីបទាំងមូល គេនឹងឮសូរសម្រែកទ្រហោយំ។ តាំងពីដើមរៀងមកមិនធ្លាប់មានដូច្នេះទេ ហើយទៅមុខទៀតក៏គ្មានដែរ។ ប៉ុន្តែ ក្នុងចំណោមជនជាតិអ៊ីស្រាអែលវិញ គេមិនឮសំឡេងអ្វីឡើយ សូម្បីឆ្កែក៏មិនឮព្រុសដាក់មនុស្ស ឬសត្វណាមួយផង។ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា ព្រះអម្ចាស់មិនធ្វើទោសជនជាតិអ៊ីស្រាអែល ដូចព្រះអង្គធ្វើទោសជនជាតិអេស៊ីបឡើយ”។ ពេលនោះ នាម៉ឺនមន្ត្រីទាំងអស់របស់ព្រះករុណានឹងមកក្រាបចុះនៅមុខទូលបង្គំ ហើយពោលថា “សូមលោក និងប្រជាជនរបស់លោកអញ្ជើញទៅចុះ!” ទូលបង្គំនឹងចាកចេញទៅ»។ លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោនទៅ ទាំងក្ដៅក្រហាយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «ស្ដេចផារ៉ោននឹងមិនស្ដាប់អ្នករាល់គ្នាទេ ដូច្នេះ យើងនឹងសម្តែងឫទ្ធិបាដិហារិយ៍កាន់តែច្រើនឡើងៗក្នុងស្រុកអេស៊ីប»។ លោកម៉ូសេ និងលោកអើរ៉ុន បានសម្តែងឫទ្ធិបាដិហារិយ៍ទាំងនោះនៅមុខព្រះចៅផារ៉ោន តែព្រះអម្ចាស់បានធ្វើឲ្យស្ដេចមានព្រះហឫទ័យមានះ មិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបឡើយ។
និក្ខមនំ 11:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា អញនឹងនាំសេចក្ដីវេទនា១ទៀតមកលើផារ៉ោន ហើយនឹងស្រុកអេស៊ីព្ទ រួចអំពីនោះស្តេចនឹងបើកឲ្យឯងរាល់គ្នាចេញពីនេះទៅ ហើយកាលណាឲ្យទៅ នោះនឹងបង្ខំឲ្យចេញផុតពីនេះទៅទាំងអស់គ្នាផង ចូរនិយាយដាក់ត្រចៀកបណ្តាជនទាំងឡាយឥឡូវចុះ ប្រយោជន៍ឲ្យគេទាំងប្រុសទាំងស្រីបានសូមគ្រឿងមាស គ្រឿងប្រាក់ពីអ្នកជិតខាងរៀងខ្លួន ព្រះយេហូវ៉ាទ្រង់ក៏ធ្វើឲ្យពួកជនបានប្រកបដោយគុណនៃពួកសាសន៍អេស៊ីព្ទ ១ទៀតម៉ូសេក៏ជាអ្នកធំនៅភ្នែកនៃពួកមហាតលិកផារ៉ោន ហើយនឹងបណ្តាជនទាំងឡាយនៅស្រុកអេស៊ីព្ទផង។ ម៉ូសេក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដល់កណ្តាលអធ្រាត្រអញនឹងចេញទៅនាកណ្តាលស្រុកអេស៊ីព្ទ នោះអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទនឹងស្លាប់ ចាប់តាំងពីកូនច្បងរបស់ផារ៉ោនដែលគង់លើបល្ល័ង្ករាជ្យ ចុះមកដល់កូនច្បងរបស់បាវស្រីដែលនៅខាងក្រោយត្បាល់កិន ហើយគ្រប់ទាំងកូនច្បងក្នុងហ្វូងសត្វដែរ នោះគេនឹងស្រែកទ្រហោយំនៅពេញក្នុងស្រុកអេស៊ីព្ទ ដល់ម៉្លេះបានជាពីដើមមក មិនដែលមានដូច្នេះឡើយ ហើយទៅមុខទៀតក៏មិនដែលមានដែរ ប៉ុន្តែនៅក្នុងពួកកូនចៅអ៊ីស្រាអែល ចាប់តាំងពីមនុស្សដល់សត្វ នោះសូម្បីតែឆ្កែ១ក៏នឹងមិនកំរើកអណ្តាតទាស់នឹងគេឡើយ នេះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា ព្រះយេហូវ៉ាទ្រង់រាប់សាសន៍អេស៊ីព្ទ នឹងសាសន៍អ៊ីស្រាអែលផ្សេងអំពីគ្នា នោះអស់ទាំងពួកមហាតលិកទាំងនេះ គេនឹងចុះមកឱនគោរពចំពោះទូលបង្គំដោយថា សូមលោកអញ្ជើញចេញពីនេះទៅ ព្រមទាំងពួកអ្នកដែលតាមលោកផង ទើបទូលបង្គំនឹងចេញទៅ នោះលោកក៏ថយចេញពីផារ៉ោនទៅទាំងមានចិត្តក្តៅជាខ្លាំង។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ផារ៉ោនមិនព្រមស្តាប់ឯងទេ គឺដើម្បីឲ្យការអស្ចារ្យរបស់អញបានចំរើនឡើងនៅក្នុងស្រុកអេស៊ីព្ទ ម៉ូសេនឹងអើរ៉ុនក៏ធ្វើអស់ទាំងការអស្ចារ្យនោះនៅចំពោះផារ៉ោន តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យផារ៉ោនមានព្រះទ័យរឹងទទឹង មិនព្រមបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅទេ។