និក្ខមនំ 25:1-9
និក្ខមនំ 25:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែល ឲ្យគេយកតង្វាយមកថ្វាយយើង ត្រូវទទួលតង្វាយដែលថ្វាយដល់យើងនោះ ពីអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត។ នេះជាតង្វាយដែលអ្នកត្រូវទទួលពីគេ គឺមាស ប្រាក់ លង្ហិន ហើយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងអំបោះខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងរោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ឈើនាងនួន ប្រេងសម្រាប់ដុតបំភ្លឺ គ្រឿងក្រអូបសម្រាប់ប្រេងលាបតាំង និងគ្រឿងក្រអូបសម្រាប់ដុត ត្បូងអូនីក្ស ហើយត្បូងគ្រប់យ៉ាងសម្រាប់ដាំនៅអេផូឌ និងសម្រាប់ប្រដាប់បាំងដើមទ្រូង។ រួចឲ្យគេសង់ទីបរិសុទ្ធមួយឲ្យយើង ដើម្បីឲ្យយើងបានស្នាក់នៅកណ្ដាលពួកគេ។ អ្នកត្រូវធ្វើរោងឧបោសថ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន តាមគំរូដែលយើងបង្ហាញ»។
និក្ខមនំ 25:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យយកតង្វាយ ដែលគេបានញែកទុក មកថ្វាយយើង។ ត្រូវទទួលយកតង្វាយពីអ្នកដែលថ្វាយ ដោយស្ម័គ្រចិត្ត។ តង្វាយដែលអ្នកត្រូវទទួលពីគេ គឺមាស ប្រាក់ លង្ហិន ក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ ក្រណាត់ទេសឯក ក្រណាត់ធ្វើពីរោមពពែ ស្បែកពពែជ្រលក់ពណ៌ក្រហម ស្បែកផ្សោត និងឈើនាងនួន ប្រេងសម្រាប់ដុតបំភ្លឺ ប្រេងក្រអូបសម្រាប់ពិធីលាបប្រេង និងគ្រឿងក្រអូបសម្រាប់ដុត ត្បូងមណីជោតិរស និងត្បូងដ៏មានតម្លៃផ្សេងៗ សម្រាប់ដាំនៅលើអាវអេផូដ* និងសម្រាប់លំអដើមទ្រូងបូជាចារ្យ។ ពួកគេត្រូវសង់ទីសក្ការៈមួយសម្រាប់យើង ដើម្បីឲ្យយើងស្នាក់នៅក្នុងចំណោមពួកគេ។ អ្នករាល់គ្នាត្រូវសង់ព្រះពន្លា និងធ្វើគ្រឿងបរិក្ខារទាំងប៉ុន្មាន តាមគំរូដែលយើងនឹងបង្ហាញអ្នក»។
និក្ខមនំ 25:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកដង្វាយមកថ្វាយអញ ត្រូវទទួលដង្វាយដែលថ្វាយដល់អញនោះ ពីអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត នេះជាដង្វាយដែលឯងត្រូវទទួលពីគេ គឺជាមាស ប្រាក់ លង្ហិន ហើយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម នឹងអំបោះខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងរោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោត នឹងឈើនាងនួន ប្រេងសំរាប់ដុត គ្រឿងក្រអូបសំរាប់ប្រេងចាក់លាប ហើយសំរាប់គ្រឿងដុត ត្បូងអូនីក្ស ហើយត្បូងគ្រប់យ៉ាង សំរាប់ដាំនៅអេផូឌ នឹងនៅប្រដាប់បាំងទ្រូង រួចឲ្យគេស្អាងទីបរិសុទ្ធ ដើម្បីឲ្យអញបាននៅកណ្តាលគេ ត្រូវឲ្យឯងធ្វើរោងឧបោសថ នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន តាមគំរូដែលអញនឹងបង្ហាញឯង។