និក្ខមនំ 28:1-43
និក្ខមនំ 28:1-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ត្រូវនាំអើរ៉ុនបងរបស់អ្នកឲ្យចូលមកជិតអ្នក ព្រមទាំងកូនប្រុសៗរបស់គាត់ផង ចេញពីចំណោមកូនចៅអ៊ីស្រាអែល ដើម្បីឲ្យគេធ្វើការងារជាសង្ឃនៅមុខយើង គឺទាំងអើរ៉ុន ណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ ជាកូនរបស់គាត់។ ត្រូវធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់អើរ៉ុន ជាបងរបស់អ្នក សម្រាប់ជាកិត្តិយស និងភាពលម្អ។ ត្រូវប្រាប់អស់អ្នកដែលមានគំនិតវាងវៃ ជាមនុស្សដែលយើងបានបំពេញដោយវិញ្ញាណដែលប្រកបដោយប្រាជ្ញា ឲ្យគេធ្វើសម្លៀកបំពាក់ឲ្យអើរ៉ុន ដើម្បីញែកគាត់ជាបរិសុទ្ធ សម្រាប់នឹងធ្វើការងារជាសង្ឃដល់យើង។ សម្លៀកបំពាក់ទាំងប៉ុន្មានដែលគេត្រូវធ្វើ គឺប្រដាប់បាំងទ្រូងមួយ អេផូឌមួយ អាវវែងមួយ អាវខ្លីប៉ាក់មួយ មួកមួយ និងខ្សែក្រវាត់មួយ។ គេត្រូវប្រើមាស សំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត។ គេត្រូវធ្វើអេផូឌពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ទាំងធ្វើតាមរចនានៃពួកជាងដែលមានស្នាដៃ។ ត្រូវមានខ្សែស្មាពីរ ភ្ជាប់នៅចុងអេផូឌទាំងមុខទាំងក្រោយ ឲ្យបានជាប់ជាមួយគ្នា។ ខ្សែក្រវាត់ដែលជាប់នឹងអេផូឌ ហើយសម្រាប់ចងភ្ជាប់គ្នា នោះត្រូវធ្វើយ៉ាងនោះដែរ គឺធ្វើពីមាស និងពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។ ត្រូវយកថ្មអូនីក្សពីរដុំ ហើយឆ្លាក់ឈ្មោះកូនប្រុសៗរបស់អ៊ីស្រាអែលនៅលើថ្មនោះ ត្រូវឲ្យមានឈ្មោះប្រាំមួយនៅលើថ្មមួយដុំ និងឈ្មោះប្រាំមួយនៅថ្មមួយដុំទៀត តាមលំដាប់កំណើតរបស់គេ។ ត្រូវឆ្លាក់ឈ្មោះកូនប្រុសៗរបស់អ៊ីស្រាអែលនៅលើថ្មទាំងពីរដុំនោះ បែបរបៀបដូចជាជាងចម្លាក់គេឆ្លាក់ត្រា ហើយដាំចុះក្នុងគ្រោងមាស។ ត្រូវដាក់ថ្មទាំងពីរដុំនោះនៅលើខ្សែស្មាអេផូឌ ទុកជាសេចក្ដីរំឭកដល់ពួកកូនចៅអ៊ីស្រាអែល។ ដូច្នេះ អើរ៉ុននឹងពាក់ឈ្មោះគេនៅលើស្មាទាំងពីរ ទុកជាសេចក្ដីរំឭកនៅចំពោះព្រះយេហូវ៉ា។ ត្រូវធ្វើគ្រោងមាសសម្រាប់ដាំថ្ម ហើយខ្សែមាសសុទ្ធពីរ វេញដូចជាខ្សែពួរ រួចភ្ជាប់ខ្សែនឹងគ្រោងមាសនោះ។ ត្រូវធ្វើប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យ ឲ្យត្រូវតាមរចនានៃពួកជាងដែលមានស្នាដៃ ហើយតាមរបៀបអេផូឌដែរ គឺធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។ ត្រូវឲ្យបានបួនជ្រុងស្មើ បត់ជាពីរផ្នត់ បណ្តោយមួយចំអាម ទទឹងមួយចំអាម។ ត្រូវដាំត្បូងបួនជួរនៅប្រដាប់នោះ ក្នុងជួរទីមួយ មានត្បូងសាមស៊ីមួយ ត្បូងទោបុ័តមួយ និងបារកេតមួយ ក្នុងជួរទីពីរ មានត្បូងមរកដមួយ ត្បូងកណ្តៀងមួយ និងពេជ្រមួយ ក្នុងជួរទីបី មានត្បូងលេសិមមួយ ត្បូងទទឹមមួយ និងត្បូងត្របែកមួយ ក្នុងជួរទីបួន មានត្បូងបេរីលមួយ ត្បូងអូនីក្សមួយ និងមណីជោតិមួយ ត្រូវដាំត្បូងទាំងនេះចុះក្នុងគ្រោងមាស។ ត្រូវតែមានត្បូងដប់ពីរ តាមឈ្មោះនៃពួកកូនអ៊ីស្រាអែលទាំងប៉ុន្មាន ហើយត្រូវឆ្លាក់ទាំងអស់បែបដូចជាឆ្លាក់ត្រា គ្រប់ត្បូង ត្រូវចារឹកឈ្មោះមួយៗ ក្នុងឈ្មោះកុលសម្ព័ន្ធទាំងដប់ពីរនោះ។ ត្រូវធ្វើខ្សែមាសសុទ្ធវេញដូចជាខ្សែពួរដាក់ភ្ជាប់នឹងប្រដាប់បាំងទ្រូង។ ត្រូវធ្វើក្រវិលមាសពីរ ដាក់ភ្ជាប់នៅចុងសងខាងដែរ។ ត្រូវបញ្ចូលខ្សែមាសពីរក្នុងក្រវិលដែលនៅជាប់ចុងសងខាងប្រដាប់បាំងទ្រូង រួចចងខ្សែទាំងពីរឲ្យភ្ជាប់នឹងគ្រោងមាសដាំត្បូងនៅខ្សែស្មារបស់អេផូឌខាងមុខ។ អ្នកត្រូវធ្វើក្រវិលមាសពីរទៀត ដាក់ភ្ជាប់នៅជាយខាងក្នុងត្រង់ចុងសងខាងនៃប្រដាប់បាំងទ្រូង ដែលនៅផ្ទាប់នឹងអេផូឌ។ ត្រូវធ្វើក្រវិលមាសពីរទៀត ដាក់ភ្ជាប់នៅក្រោម ហើយខាងមុខតួគ្រោងនៃខ្សែស្មាអេផូឌ ជិតកន្លែងដែលខ្សែស្មាភ្ជាប់គ្នា និងខាងលើខ្សែអេផូឌដែរ។ ត្រូវយកខ្សែខៀវ ចងក្រវិលនៃប្រដាប់បាំងទ្រូង ភ្ជាប់នឹងក្រវិលអេផូឌ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែអេផូឌ កុំឲ្យរបូតចេញពីអេផូឌឡើយ។ ដូច្នេះ កាលណាអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធ ត្រូវពាក់ឈ្មោះកូនអ៊ីស្រាអែលទាំងអស់ ដែលឆ្លាក់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យនោះនៅលើទ្រូង សម្រាប់ជាសេចក្ដីរំឭកនៅចំពោះព្រះយេហូវ៉ាជានិច្ច។ ត្រូវដាក់អ៊ូរីម និងធូមីម ភ្ជាប់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យដែរ ដូច្នេះ អើរ៉ុននឹងពាក់លើទ្រូង ក្នុងកាលដែលចូលទៅនៅចំពោះព្រះយេហូវ៉ា ហើយការវិនិច្ឆ័យនៃពួកកូនចៅអ៊ីស្រាអែល នឹងនៅជាប់លើទ្រូងអើរ៉ុននៅចំពោះព្រះយេហូវ៉ាជានិច្ច។ អ្នកត្រូវធ្វើអាវវែងពីសំពត់ពណ៌ផ្ទៃមេឃទាំងអស់។ នៅខាងលើអាវនោះត្រូវវៀលជាក ហើយត្រូវមានសំពត់ចំនៅជុំវិញកអាវនោះ បែបដូចជាកនៃអាវសឹក ដើម្បីកុំឲ្យអាវនោះរហែក។ នៅជុំវិញជាយអាវខាងក្រោម នោះត្រូវធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម លាយឆ្លាស់នឹងចង្ក្រង់មាស គឺចង្ក្រង់មាសមួយ ផ្លែទទឹមមួយ ចង្ក្រង់មាសមួយ ផ្លែទទឹមមួយ តាមជុំវិញជាយអាវវែងនោះ។ អើរ៉ុនត្រូវពាក់អាវវែងនោះ សម្រាប់ធ្វើការងាររបស់ខ្លួន ដូច្នេះកាលណាចូលទៅក្នុងទីបរិសុទ្ធនៅចំពោះព្រះយេហូវ៉ា ឬចេញមកវិញក្តី នោះនឹងឮសូរចង្ក្រង់ ហើយលោកមិនត្រូវស្លាប់ឡើយ។ ត្រូវធ្វើស្លាកមាសសុទ្ធមួយ ហើយឆ្លាក់បែបដូចជាឆ្លាក់ត្រាថា «បរិសុទ្ធថ្វាយព្រះយេហូវ៉ា»។ ត្រូវចងស្លាកនោះទៅនឹងខ្សែពណ៌ខៀវ ភ្ជាប់នឹងឆ្នួតក្បាល គឺភ្ជាប់នឹងឈ្នួតក្បាលផ្នែកខាងមុខ។ ស្លាកនោះនឹងនៅលើថ្ងាសអើរ៉ុន ហើយអើរ៉ុនត្រូវទទួលកំហុសទាំងប៉ុន្មានខាងឯតង្វាយបរិសុទ្ធ ដែលកូនចៅអ៊ីស្រាអែលយកមកថ្វាយ ហើយស្លាកនោះនឹងនៅលើថ្ងាសរបស់អើរ៉ុនជាដរាបនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គបានទទួលតង្វាយរបស់ពួកគេ។ ត្រូវធ្វើអាវខ្លីពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត និងមួកពីសំពត់ខ្លូតទេសដែរ ហើយខ្សែក្រវាត់ប៉ាក់ផង។ ត្រូវធ្វើអាវខ្លី និងខ្សែក្រវាត់ ព្រមទាំងឈ្នួតសម្រាប់កូនប្រុសៗរបស់អើរ៉ុន ដើម្បីជាកិត្តិយស និងភាពលម្អរបស់គេ។ ត្រូវបំពាក់ឲ្យអើរ៉ុនបងរបស់អ្នក និងកូនប្រុសៗរបស់គាត់ រួចត្រូវចាក់ប្រេងតែងតាំងពួកគេឡើង ហើយញែកពួកគេជាបរិសុទ្ធ ដើម្បីឲ្យពួកគេបានបំពេញមុខងារជាសង្ឃបម្រើយើង។ ត្រូវធ្វើខោស្នាប់ភ្លៅពីសំពត់ខ្លូតទេសឲ្យពួកគេ ពីត្រឹមចង្កេះដល់ពាក់កណ្ដាលភ្លៅ សម្រាប់បិទបាំងកេរខ្មាស អើរ៉ុន និងកូនប្រុសៗរបស់គាត់ ត្រូវស្លៀកខោនោះ នៅពេលដែលពួកគេចូលទៅក្នុងត្រសាលជំនុំ ឬនៅពេលចូលទៅកាន់អាសនា ដើម្បីបំពេញមុខងារក្នុងទីបរិសុទ្ធ។ ដូច្នេះ ពួកគេនឹងគ្មានទោស ហើយមិនត្រូវស្លាប់ឡើយ។ នេះជាច្បាប់សម្រាប់អើរ៉ុន និងពូជពង្សរបស់គាត់រហូតតទៅ។
និក្ខមនំ 28:1-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ត្រូវហៅអើរ៉ុន ជាបងរបស់អ្នក ព្រមទាំងកូនប្រុសរបស់គាត់គឺ ណាដាប់ អប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ ពីក្នុងចំណោមកូនចៅអ៊ីស្រាអែល ឲ្យចូលមកជិតអ្នក ដើម្បីបំពេញមុខងារជាបូជាចារ្យ។ ត្រូវធ្វើសម្លៀកបំពាក់សក្ការៈ សម្រាប់អើរ៉ុន ជាបងរបស់អ្នក ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់គាត់។ ត្រូវប្រាប់ពួកសិប្បករទាំងអស់ថា យើងនឹងផ្ដល់ព្រះប្រាជ្ញាញាណឲ្យពួកគេ អាចធ្វើសម្លៀកបំពាក់សក្ការៈសម្រាប់អើរ៉ុន ដើម្បីញែកគាត់ឲ្យបានវិសុទ្ធ និងឲ្យគាត់បំពេញមុខងារជាបូជាចារ្យបម្រើយើង។ សម្លៀកបំពាក់ដែលពួកគេត្រូវធ្វើនោះ គឺប្រដាប់ពាក់លើទ្រូងមួយ អាវអេផូដ*មួយ អាវវែងមួយ អាវក្នុងមួយជាអាវប៉ាក់ ឈ្នួតក្បាលមួយ និងខ្សែក្រវាត់មួយ។ ពួកគេត្រូវធ្វើសម្លៀកបំពាក់សក្ការៈសម្រាប់អើរ៉ុន ជាបងរបស់អ្នក ព្រមទាំងកូនៗរបស់គាត់ ដើម្បីឲ្យបំពេញមុខងារជាបូជាចារ្យបម្រើយើង។ ពួកសិប្បករត្រូវប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។ ពួកគេត្រូវប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ធ្វើអាវអេផូដ ដោយមានប៉ាក់លំអផង។ ត្រូវធ្វើខ្សែព្រយុងពីរ ដេរភ្ជាប់ទៅនឹងចុងទាំងសងខាងរបស់អាវអេផូដ។ រីឯខ្សែក្រវាត់របស់អាវអេផូដ ត្រូវធ្វើដោយសរសៃអំបោះ ដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ខ្សែក្រវាត់នេះត្រូវដេរជាប់នឹងអាវអេផូដ។ ចូរយកត្បូងមណីជោតិរសពីរដុំមក ហើយចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើនោះ។ ត្រូវចារឈ្មោះប្រាំមួយនៅលើត្បូងទីមួយ និងឈ្មោះប្រាំមួយទៀតនៅលើត្បូងទីពីរ តាមលំដាប់អាយុរបស់ពួកគេ។ អ្នកត្រូវចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើត្បូង តាមរបៀបដូចគេឆ្លាក់ត្រា ហើយត្រូវធ្វើក្រចាប់មាសភ្ជាប់នឹងត្បូងនោះផង។ ចូរដាំត្បូងទាំងពីរភ្ជាប់នឹងខ្សែព្រយុងរបស់អាវអេផូដ ទុកជាតំណាងកូនរបស់អ៊ីស្រាអែល។ ដូច្នេះ អើរ៉ុននឹងពាក់ឈ្មោះរបស់ពួកគេលើខ្សែព្រយុងទាំងពីរ នៅចំពោះមុខយើង ដែលជាព្រះអម្ចាស់ ដើម្បីឲ្យយើងនឹកដល់ពួកគេ។ ត្រូវធ្វើក្រចាប់ទាំងនោះពីមាស ធ្វើខ្សែពីមាសសុទ្ធ ដែលវេញចូលគ្នាជារបៀបខ្សែពួរ ហើយភ្ជាប់ខ្សែ និងក្រចាប់ជាប់គ្នា។ ត្រូវធ្វើប្រដាប់ពាក់លើទ្រូងមួយ សម្រាប់វិនិច្ឆ័យ។ ប្រដាប់ពាក់លើទ្រូងនេះត្រូវធ្វើដោយសរសៃអំបោះដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ដោយមានប៉ាក់លំអផង។ ប្រដាប់ពាក់លើទ្រូងនេះមានពីរស្រទាប់ និងមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយចង្អាម។ ប្រដាប់ពាក់លើទ្រូងត្រូវលំអដោយត្បូងបួនជួរ គឺជួរទីមួយ ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងប៊ុតលឿងមួយគ្រាប់ និងត្បូងមរកតមួយគ្រាប់។ ជួរទីពីរ ត្រូវដាំត្បូងទទឹមមួយគ្រាប់ត្បូងកណ្ដៀងមួយគ្រាប់ និងត្បូងពេជ្រមួយគ្រាប់។ ជួរទីបី ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងនិលរ័ត្នមួយគ្រាប់ និងត្បូងជម្ពូរ័ត្នមួយគ្រាប់ ហើយជួរទីបួន ត្រូវដាំត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗត្រូវតែដាំបង្កប់ក្នុងក្រចាប់ធ្វើអំពីមាស។ ត្បូងទាំងនេះជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល គឺមានទាំងអស់ដប់ពីរ។ នៅលើត្បូងនីមួយៗត្រូវចារឈ្មោះកុលសម្ព័ន្ធមួយ តាមរបៀបដែលគេឆ្លាក់ត្រា។ ត្រូវយកមាសសុទ្ធមកធ្វើជាខ្សែ ហើយវេញចូលគ្នាជារបៀបខ្សែពួរ សម្រាប់ភ្ជាប់ទៅនឹងប្រដាប់ពាក់លើទ្រូង។ ត្រូវធ្វើកងមាសពីរភ្ជាប់ទៅនឹងមុមខាងលើនៃប្រដាប់ពាក់លើទ្រូង។ បន្ទាប់មក ត្រូវថ្ពក់ខ្សែមាសទាំងពីរទៅនឹងកងទាំងពីរនៃប្រដាប់ពាក់លើទ្រូង រួចភ្ជាប់ចុងម្ខាងទៀតទៅនឹងក្រចាប់មាសទាំងពីរ ដែលស្ថិតនៅលើខ្សែព្រយុងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីមុខ។ ត្រូវធ្វើកងមាសពីរទៀត ភ្ជាប់ទៅនឹងមុមខាងក្រោមទាំងពីរនៃប្រដាប់ពាក់លើទ្រូង គឺមុមដែលប៉ះនឹងអាវអេផូដ។ ត្រូវធ្វើកងមាសពីរទៀត ភ្ជាប់ទៅចុងខាងក្រោមនៃខ្សែព្រយុងរបស់អាវអេផូដ ត្រង់កន្លែងដែលខ្សែព្រយុង និងអាវអេផូដ ដេរជាប់គ្នា នៅពីលើខ្សែក្រវាត់របស់អាវអេផូដ។ ចូរយកខ្សែពណ៌ស្វាយ ចងកងរបស់ប្រដាប់ពាក់លើទ្រូង ភ្ជាប់ទៅនឹងកងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះ ស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំឲ្យរបូតចេញពីអាវអេផូដឡើយ។ ពេលអើរ៉ុនចូលក្នុងទីសក្ការៈ គាត់មានឈ្មោះកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រាអែលនៅជាប់នឹងប្រដាប់ពាក់លើទ្រូង សម្រាប់វិនិច្ឆ័យ ដើម្បីឲ្យយើងដែលជាព្រះអម្ចាស់ នឹកដល់ពួកគេអស់កល្បជានិច្ច។ ចូរដាក់យូរីម និងធូមីម* ទៅក្នុងប្រដាប់ពាក់លើទ្រូងសម្រាប់វិនិច្ឆ័យ ដើម្បីឲ្យវត្ថុទាំងនេះស្ថិតនៅជាប់នឹងទ្រូងអើរ៉ុនជានិច្ច នៅពេលគាត់ចូលមករកយើង។ ដូច្នេះ នៅពេលចូលមករកយើង ដែលជាព្រះអម្ចាស់ អើរ៉ុនត្រូវពាក់គ្រឿងសម្រាប់វិនិច្ឆ័យជនជាតិអ៊ីស្រាអែលជាប់នឹងដើមទ្រូងជានិច្ច។ ចូរធ្វើអាវវែងមួយពណ៌ស្វាយ សម្រាប់ពាក់ពីក្រោមអាវអេផូដ។ ផ្នែកខាងលើរបស់អាវវែងនោះ ត្រូវកាត់ប្រឡោះមួយចំកណ្ដាលសម្រាប់ស៊កក្បាល។ ត្រូវដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យរហែក គឺដេរតាមរបៀបដែលគេដេរជាយអាវស្បែក។ នៅតាមជាយអាវខាងក្រោម ត្រូវប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ហើយត្រូវដាក់កូនកណ្ដឹងមាសទៀតផង។ ត្រូវដាក់រូបផ្លែទទឹមមួយ កូនកណ្ដឹងមួយឆ្លាស់គ្នាជុំវិញជាយអាវ។ អើរ៉ុនពាក់អាវនេះនៅពេលបំពេញមុខងារ គឺពេលគាត់មករកព្រះអម្ចាស់ក្នុងទីសក្ការៈ ហើយពេលគាត់ចេញមកវិញ គេនឹងឮស្នូរកូនកណ្ដឹង។ ដូច្នេះ គាត់នឹងមិនត្រូវស្លាប់ឡើយ។ ចូរធ្វើគ្រឿងអលង្ការមួយពីមាសសុទ្ធមានរាងដូចផ្កា។ ត្រូវឆ្លាក់អក្សរ «បូជាថ្វាយព្រះអម្ចាស់» នៅលើគ្រឿងអលង្ការនេះ តាមរបៀបដែលគេឆ្លាក់ត្រា។ ចូរភ្ជាប់គ្រឿងអលង្ការទៅនឹងផ្នែកខាងមុខនៃឈ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ។ ពេលអើរ៉ុនចូលមករកយើងដែលជាព្រះអម្ចាស់ គ្រឿងអលង្ការនេះស្ថិតនៅលើថ្ងាសរបស់គាត់ជានិច្ច។ ធ្វើដូច្នេះ ទោះបីជនជាតិអ៊ីស្រាអែលធ្វើខុស នៅពេលថ្វាយតង្វាយក៏ដោយ ក៏យើងយល់ព្រមទទួលតង្វាយរបស់ពួកគេដែរ។ ត្រូវធ្វើអាវក្នុងមួយពីអំបោះធ្មៃ ឈ្នួតក្បាលមួយពីអំបោះធ្មៃ ព្រមទាំងប៉ាក់ខ្សែក្រវាត់មួយផង។ ត្រូវធ្វើអាវក្នុង ខ្សែក្រវាត់ និងឈ្នួតក្បាល សម្រាប់កូនទាំងអស់របស់អើរ៉ុន ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់ពួកគេ។ ត្រូវយកសម្លៀកបំពាក់ទាំងនេះទៅពាក់ឲ្យអើរ៉ុន និងកូនប្រុសរបស់គាត់ រួចចាក់ប្រេងតែងតាំងពួកគេ ដើម្បីញែកពួកគេឲ្យបំពេញមុខងារជាបូជាចារ្យបម្រើយើង។ ចូរធ្វើខោខ្លីពីអំបោះធ្មៃ ដើម្បីឲ្យពួកគេបិទបាំងកេរខ្មាស ចាប់ពីចង្កេះរហូតដល់ភ្លៅ។ អើរ៉ុន និងកូនប្រុសរបស់គាត់ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះ នៅពេលដែលពួកគេចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ឬនៅពេលចូលទៅកាន់អាសនៈ ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងគ្មានកំហុស ហើយមិនត្រូវស្លាប់ឡើយ។ នេះជាច្បាប់ដែលអើរ៉ុន និងពូជពង្សត្រូវអនុវត្តតាមរហូតតទៅ។
និក្ខមនំ 28:1-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចត្រូវឲ្យញែកអើរ៉ុន បងឯង ព្រមទាំងពួកកូនលោកផង ចេញពីពួកកូនចៅអ៊ីស្រាអែលមក ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃនៅមុខអញ គឺទាំងអើរ៉ុន នឹងណាដាប អ័ប៊ីហ៊ូវ អេលាសារ ហើយនឹងអ៊ីថាម៉ារជាកូនលោក។ ត្រូវឲ្យធ្វើសំលៀកបំពាក់បរិសុទ្ធ សំរាប់អើរ៉ុន បងឯង សំរាប់ជាកិត្តិយស ហើយនឹងភាពលំអ ត្រូវប្រាប់ដល់អស់អ្នកណាដែលមានគំនិតវាងវៃ ជាមនុស្សដែលអញបានបំពេញដោយដំរិះសព្វគ្រប់ ឲ្យគេធ្វើសំលៀកបំពាក់ឲ្យអើរ៉ុន ដើម្បីញែកលោកចេញជាបរិសុទ្ធ សំរាប់នឹងធ្វើការងារជាសង្ឃដល់អញ ឯសំលៀកបំពាក់ទាំងប៉ុន្មានដែលគេត្រូវធ្វើ នោះគឺប្រដាប់បាំងទ្រូង១ អេផូឌ១ អាវវែង១ អាវខ្លីប៉ាក់១ មួក១ ហើយនឹងខ្សែក្រវាត់១ ត្រូវឲ្យយកមាស សំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម នឹងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ដើម្បីធ្វើសំលៀកបំពាក់បរិសុទ្ធទាំងនោះ សំរាប់អើរ៉ុន បងឯង នឹងឲ្យកូនលោកផង ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃដល់អញ។ ត្រូវឲ្យធ្វើអេផូឌពីមាស ហើយពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ទាំងធ្វើតាមរចនានៃពួកជាងដែលមានស្នាដៃ ត្រូវមានខ្សែស្មា២ភ្ជាប់នៅចុងអេផូឌទាំងមុខទាំងក្រោយ ឲ្យបានជាប់ជាមួយគ្នា ឯខ្សែក្រវាត់ដែលជាប់នឹងអេផូឌ ហើយសំរាប់ចងភ្ជាប់គ្នា នោះត្រូវធ្វើយ៉ាងនោះដែរ គឺធ្វើពីមាស ហើយពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ រួចត្រូវយកថ្មអូនីក្ស២ដុំ ធ្លាក់ចុះអស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែល ត្រូវឲ្យមានឈ្មោះ៦នៅថ្ម១ដុំ ហើយឈ្មោះ៦នៅថ្ម១ដុំទៀត តាមកំណើតគេគ្រប់គ្នា ត្រូវឆ្លាក់អស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែលនៅថ្មទាំង២ដុំនោះ បែបដូចជាជាងចំឡាក់គេឆ្លាក់ធ្វើត្រា ហើយដាំចុះក្នុងគ្រោងមាស ត្រូវដាក់ថ្មទាំង២ដុំនោះនៅលើខ្សែស្មាអេផូឌ ទុកជាសេចក្ដីរំឭកដល់អស់ទាំងពួកកូនចៅអ៊ីស្រាអែល ដូច្នេះ អើរ៉ុននឹងពាក់ឈ្មោះគេនៅលើស្មាទាំង២ ទុកជាសេចក្ដីរំឭកនៅចំពោះព្រះយេហូវ៉ា ត្រូវឲ្យធ្វើគ្រោងមាសសំរាប់ដាំថ្ម ហើយខ្សែមាសសុទ្ធ២ វេញដូចជាខ្សែពួរ រួចភ្ជាប់ខ្សែនឹងគ្រោងមាសនោះ។ ត្រូវធ្វើប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យ ឲ្យត្រូវតាមរចនានៃពួកជាងដែលមានស្នាដៃ ហើយតាមរបៀបអេផូឌដែរ គឺធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ត្រូវឲ្យបាន៤ជ្រុងស្មើ បត់ជា២ផ្នត់ បណ្តោយ១ចំអាម ទទឹង១ចំអាម ហើយត្រូវដាំត្បូង៤ជួរនៅប្រដាប់នោះ ក្នុងជួរទី១ មានត្បូងសាមស៊ី១ ត្បូងទោបុ័ត១ នឹងបារកេត១ ក្នុងជួរទី២ មានត្បូងមរកដ១ ត្បូងកណ្តៀង១ នឹងពេជ្រ១ ក្នុងជួរទី៣ មានត្បូងលេសិម១ ត្បូងទទឹម១ នឹងត្បូងត្របែក១ ក្នុងជួរទី៤ មានត្បូងបេរីល១ ត្បូងអូនីក្ស១ នឹងមណីជោតិ១ ត្រូវដាំត្បូងទាំងនេះចុះក្នុងគ្រោងមាស ត្រូវតែមានត្បូង១២ តាមឈ្មោះនៃពួកកូនអ៊ីស្រាអែលទាំងប៉ុន្មាន ហើយត្រូវឆ្លាក់ទាំងអស់បែបដូចជាឆ្លាក់ត្រា ឯគ្រប់តែត្បូង ត្រូវចារឹកឈ្មោះមួយៗ ក្នុងឈ្មោះពូជអំបូរទាំង១២នោះ ហើយត្រូវឲ្យធ្វើខ្សែមាសសុទ្ធវេញដូចជាខ្សែពួរដាក់ភ្ជាប់នឹងប្រដាប់បាំងទ្រូង ត្រូវធ្វើក្រវិលមាស២ ដាក់ភ្ជាប់នៅចុងសងខាងដែរ ហើយត្រូវបញ្ចូលខ្សែមាស២ក្នុងក្រវិលដែលនៅជាប់ចុងសងខាងនៃប្រដាប់បាំងទ្រូង ហើយចុងខ្សែទាំង២ ត្រូវឲ្យភ្ជាប់នឹងគ្រោងមាសដាំត្បូងនៅខ្សែស្មារបស់អេផូឌខាងមុខ ឯងត្រូវធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅជាយខាងក្នុងត្រង់ចុងសងខាងនៃប្រដាប់បាំងទ្រូង ដែលនៅផ្ទាប់នឹងអេផូឌ ហើយត្រូវធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅក្រោម ហើយខាងមុខតួគ្រោងនៃខ្សែស្មាអេផូឌ ជិតកន្លែងដែលខ្សែស្មាភ្ជាប់គ្នា ហើយខាងលើខ្សែអេផូឌដែរ ត្រូវយកខ្សែខៀវចងក្រវិលនៃប្រដាប់បាំងទ្រូង ភ្ជាប់នឹងក្រវិលអេផូឌ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែអេផូឌ កុំឲ្យរបូតចេញពីអេផូឌឡើយ ដូច្នេះកាលណាអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធ នោះនឹងពាក់អស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែល ដែលឆ្លាក់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យនោះនៅលើទ្រូង សំរាប់ជាសេចក្ដីរំឭកនៅចំពោះព្រះយេហូវ៉ាជានិច្ច ត្រូវដាក់យូរីមនឹងធូមីមភ្ជាប់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យដែរ ដូច្នេះអើរ៉ុននឹងពាក់លើទ្រូង ក្នុងកាលដែលចូលទៅនៅចំពោះព្រះយេហូវ៉ា ហើយការវិនិច្ឆ័យនៃពួកកូនចៅអ៊ីស្រាអែល នឹងនៅជាប់លើទ្រូងអើរ៉ុននៅចំពោះព្រះយេហូវ៉ាជានិច្ច។ ឯអាវវែងផងអេផូឌ នោះត្រូវឲ្យធ្វើពីសំពត់ពណ៌ផ្ទៃមេឃទាំងអស់ នៅកណ្តាលអាវ នោះត្រូវវៀលជាក ហើយត្រូវមានសំពត់ចំនៅជុំវិញកអាវនោះ បែបដូចជាកនៃអាវសឹក ដើម្បីកុំឲ្យអាវនោះរហែកចេញ នៅជុំវិញជាយអាវខាងក្រោម នោះត្រូវធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម លាយឆ្លាស់នឹងចង្ក្រង់មាស គឺចង្ក្រង់មាស១ ផ្លែទទឹម១ ចង្ក្រង់មាស១ ផ្លែទទឹម១ តាមជុំវិញជាយអាវវែងនោះ អើរ៉ុនត្រូវពាក់អាវវែងនោះ សំរាប់ធ្វើការងាររបស់ខ្លួន ដូច្នេះកាលណាចូលទៅក្នុងទីបរិសុទ្ធនៅចំពោះព្រះយេហូវ៉ា ឬចេញមកវិញក្តី នោះនឹងឮសូរចង្ក្រង់ ហើយលោកមិនត្រូវស្លាប់ទេ។ ត្រូវធ្វើស្លាកមាសសុទ្ធ១ ហើយឆ្លាក់បែបដូចជាឆ្លាក់ត្រាថា «បរិសុទ្ធដល់ព្រះយេហូវ៉ា» ត្រូវចងស្លាកនោះនឹងខ្សែពណ៌ខៀវភ្ជាប់នៅត្រង់មុខមួក នៅលើថ្ងាសអើរ៉ុន នោះអើរ៉ុននឹងទទួលអស់ទាំងការកំហុសខាងឯរបស់បរិសុទ្ធទាំងប៉ុន្មាន ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ ហើយស្លាកនោះនឹងនៅលើថ្ងាសអើរ៉ុន ជាដរាបនៅចំពោះព្រះយេហូវ៉ា ដើម្បីទ្រង់បានទទួលគេ។ ត្រូវឲ្យធ្វើអាវខ្លីពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត នឹងមួកពីសំពត់ខ្លូតទេសដែរ ហើយខ្សែក្រវាត់ប៉ាក់ផង។ ឯពួកកូនរបស់អើរ៉ុន នោះត្រូវឲ្យឯងធ្វើអាវខ្លី នឹងខ្សែក្រវាត់ ព្រមទាំងឈ្នួតសំរាប់គេដែរ ដើម្បីជាកិត្តិយស នឹងជាភាពលំអដល់គេ ត្រូវបំពាក់ឲ្យអើរ៉ុនបងឯង នឹងកូនលោកផង រួចត្រូវចាក់ប្រេងតាំងគេឡើង ហើយញែកចេញជាបរិសុទ្ធ ដើម្បីឲ្យបានធ្វើការងារជាសង្ឃដល់អញ ត្រូវឲ្យធ្វើខោស្នាប់ភ្លៅពីសំពត់ខ្លូតទេសឲ្យគេ ពីត្រឹមចង្កេះ ដល់ពាក់កណ្តាលភ្លៅ សំរាប់បាំងកេរខ្មាសគេ អើរ៉ុន នឹងកូនលោកត្រូវស្លៀកខោនោះ ក្នុងកាលដែលចូលទៅក្នុងត្រសាលជំនុំ ឬកាលណាចូលទៅឯអាសនា នឹងធ្វើការងារក្នុងទីបរិសុទ្ធ ដូច្នេះគេនឹងគ្មានទោស ហើយមិនត្រូវស្លាប់ទេ នេះឯងជាច្បាប់សំរាប់នៅអស់កល្បជានិច្ច ដល់អើរ៉ុននឹងពូជដំណរបស់លោកតរៀងទៅ។