និក្ខមនំ 30:1-9
និក្ខមនំ 30:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ត្រូវធ្វើអាសនាមួយពីឈើនាងនួនសម្រាប់ដុតគ្រឿងក្រអូប។ អាសនានោះត្រូវមានបណ្តោយមួយហត្ថ ទទឹងមួយហត្ថ បួនជ្រុងស្មើ ហើយកម្ពស់ពីរហត្ថ ឯស្នែងអាសនាក៏ត្រូវធ្វើភ្ជាប់នឹងតួអាសនា។ ត្រូវស្រោបដោយមាសសុទ្ធខាងលើ ហើយនៅចំហៀងជុំវិញ ព្រមទាំងស្នែងផង។ ត្រូវធ្វើគែមដោយមាសព័ទ្ធជុំវិញដែរ។ នៅពីក្រោមគែមនោះ ត្រូវធ្វើកងមាសពីរដាក់ភ្ជាប់នៅសងខាង សម្រាប់ស៊កឈើស្នែងសែងអាសនា។ ត្រូវធ្វើឈើស្នែងពីឈើនាងនួន ស្រោបដោយមាសដែរ។ ត្រូវដាក់អាសនានោះនៅមុខវាំងនន ដែលនៅខាងមុខហិបនៃសេចក្ដីសញ្ញា គឺនៅមុខទីសន្តោសប្រោស ដែលនៅលើសេចក្ដីសញ្ញានោះ ជាកន្លែងដែលយើងមកជួបជាមួយអ្នក។ អើរ៉ុនត្រូវដុតគ្រឿងក្រអូបលើអាសនានោះ ពេលគាត់រៀបចំចង្កៀងរាល់ព្រឹក គាត់ត្រូវដុតចង្កៀងដែរ ហើយរាល់ល្ងាច ពេលគាត់ដុតចង្កៀង នោះត្រូវដុតគ្រឿងក្រអូបទៀត នេះជាគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ា នៅគ្រប់ជំនាន់របស់អ្នករាល់គ្នាតទៅ។ មិនត្រូវថ្វាយគ្រឿងក្រអូបដទៃ ឬយញ្ញបូជាដុត ឬតង្វាយម្សៅណានៅលើអាសនានេះឡើយ ក៏មិនត្រូវច្រួចតង្វាយអ្វីលើអាសនានេះដែរ។
និក្ខមនំ 30:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ត្រូវធ្វើអាសនៈមួយពីឈើនាងនួន សម្រាប់ដុតគ្រឿងក្រអូប។ អាសនៈត្រូវមានរាងបួនជ្រុងស្មើ ដែលជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកម្ពស់ពីរហត្ថ។ ចូរធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ។ អាសនៈទាំងមូលត្រូវស្រោបដោយមាសសុទ្ធ គឺទាំងផ្នែកខាងលើ ទាំងជញ្ជាំងដែលនៅព័ទ្ធជុំវិញ ទាំងស្នែង។ រីឯគែមដែលនៅជុំវិញត្រូវធ្វើពីមាស។ ត្រូវធ្វើកងមាសម្ខាងពីរៗ ភ្ជាប់ពីក្រោមគែមអាសនៈ ដើម្បីស៊កឈើស្នែងសែងអាសនៈ។ ត្រូវធ្វើឈើស្នែងពីរពីឈើនាងនួន ហើយស្រោបមាសផង។ ត្រូវដាក់អាសនៈនេះនៅខាងមុខវាំងននបាំងហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា គឺចំពីមុខកន្លែងដែលយើងនឹងមកជួបអ្នក នៅលើគម្របហិប ដែលគ្របបន្ទះថ្មនៃសន្ធិសញ្ញា។ រៀងរាល់ព្រឹក ពេលអើរ៉ុនចូលមកថែចង្កៀង គាត់ត្រូវដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ រៀងរាល់ល្ងាច ក្នុងពេលដែលគាត់អុជចង្កៀង គាត់ក៏ត្រូវដុតគ្រឿងក្រអូបដែរ។ គ្រឿងក្រអូបនេះត្រូវតែដុតថ្វាយព្រះអម្ចាស់ជានិច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។ កុំថ្វាយគ្រឿងក្រអូបដែលមិនសក្ការៈ ឬថ្វាយតង្វាយដុតទាំងមូល តង្វាយម្សៅ និងច្រួចស្រាទំពាំងបាយជូរលើអាសនៈនេះឡើយ។
និក្ខមនំ 30:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ត្រូវឲ្យធ្វើអាសនា១ពីឈើនាងនួនសំរាប់ដុតគ្រឿងក្រអូប ឲ្យមានបណ្តោយ១ហត្ថ ទទឹង១ហត្ថ ៤ជ្រុងស្មើ ហើយកំពស់២ហត្ថ ឯស្នែងអាសនាក៏ត្រូវធ្វើភ្ជាប់នឹងតួអាសនា ត្រូវស្រោបដោយមាសសុទ្ធខាងលើ ហើយនៅចំហៀងជុំវិញ ព្រមទាំងស្នែងផង ហើយត្រូវធ្វើកែមដោយមាសព័ទ្ធជុំវិញដែរ នៅពីក្រោមកែមនោះត្រូវធ្វើកងមាស២ដាក់ភ្ជាប់នៅសងខាង សំរាប់នឹងប្រហកឈើស្នែងសែងទៅ ឯឈើស្នែងសោត ក៏ត្រូវធ្វើពីឈើនាងនួនស្រោបដោយមាសដែរ ត្រូវដាក់អាសនានោះនៅមុខវាំងនន ដែលនៅខាងមុខហឹបនៃសេចក្ដីបន្ទាល់ គឺនៅមុខទីសន្តោសប្រោស ដែលនៅលើសេចក្ដីបន្ទាល់នោះជាកន្លែងដែលអញមកជួបនឹងឯង អើរ៉ុនត្រូវដុតគ្រឿងក្រអូបលើអាសនានោះរាល់តែព្រឹក នៅវេលាដែលកំពុងរៀបចង្កៀង ហើយរាល់តែល្ងាច ក្នុងកាលតែលោកអុជចង្កៀង នោះត្រូវដុតគ្រឿងក្រអូបទៀត នេះគឺជាគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ា សំរាប់ថ្វាយនៅអស់កល្បជានិច្ច ដល់អស់ទាំងពូជដំណឯងតទៅ មិនត្រូវថ្វាយគ្រឿងក្រអូបដទៃ ឬយញ្ញបូជាដុត ឬដង្វាយម្សៅណានៅលើអាសនានេះឡើយ ក៏មិនត្រូវច្រួចដង្វាយអ្វីលើអាសនានេះដែរ