កាឡាទី 3:9-17

កាឡាទី 3:9-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​នេះ អស់​អ្នក​ដែល​មាន​ជំនឿ នឹង​មាន​ពរ​ជា​មួយ​លោក​អ័ប្រា‌ហាំ ដែល​ជា​អ្នក​មាន​ជំនឿ​ដែរ។ រីឯ​អស់​អ្នក​ដែល​អាង​លើការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ គេ​ត្រូវ​បណ្ដាសា​ហើយ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អស់​អ្នក​ដែល​មិន​កាន់​ខ្ជាប់ និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ» ។ ឥឡូវ​នេះ ច្បាស់​ហើយ​ថា គ្មាន​អ្នក​ណា​ម្នាក់​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះ ដោយ‌សារ​ក្រឹត្យ‌វិន័យ​ឡើយ ដ្បិត «មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ» ។ ប៉ុន្តែ ក្រឹត្យ‌វិន័យ​មិន​អាង​លើ​ជំនឿ​ទេ ផ្ទុយ​ទៅ​វិញ «អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ អ្នក​នោះ​នឹង​រស់​នៅ​ដោយ‌សារ​សេចក្ដី​ទាំង​នោះ» ។ ព្រះ‌គ្រីស្ទ​បាន​លោះ​យើង​ឲ្យ​រួច​ពី​បណ្ដាសា​របស់​ក្រឹត្យ‌វិន័យ ដោយ​ទ្រង់​ត្រឡប់​ជា​ត្រូវ​បណ្ដាសា​ជំនួស​យើង (ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​នៅ​លើ​ឈើ») ដើម្បី​ឲ្យ​ពរ​របស់​លោក​អ័ប្រា‌ហាំ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​បាន​ទៅ​ដល់​សាសន៍​ដទៃ ហើយ​ឲ្យ​យើង​អាច​ទទួល​ព្រះ‌វិញ្ញាណ​ជា​សេចក្តី​សន្យា​ដោយ‌សារ​ជំនឿ។ បង‌ប្អូន​អើយ ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ​អំពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ថា កាល​បើ​កិច្ច​ព្រម​ព្រៀង​របស់​មនុស្ស​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ហើយ គ្មាន​អ្នក​ណា​អាច​លុប​បំបាត់ ឬ​បន្ថែម​អ្វី​បាន​ឡើយ។ ឥឡូវ​នេះ សេចក្ដី​សន្យា​ដែល​ព្រះ​បាន​តាំង​ដល់​លោក​អ័ប្រា‌ហាំ និង​ដល់​ពូជ​របស់​លោក មិន​មាន​ចែង​ថា «ដល់​ពូជ​ទាំង​ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ​ជា​ច្រើន​នោះ​ឡើយ គឺ​សំដៅទៅ​លើ​ម្នាក់​វិញ ដោយ​ថា «និង​ដល់​ពូជ​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រីស្ទ។ ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា ក្រឹត្យ‌វិន័យ​ដែល​មក​ដល់​បួនរយ​សាមសិប​ឆ្នាំ​ក្រោយ មិន​មែន​លុប​ចោល​សេចក្តី​សញ្ញា ដែល​ព្រះ​បាន​ទទួល​ស្គាល់​ពី​មុន​នោះ​ឡើយ ពុំ​នោះ​ទេ​សេចក្តី​សន្យា​នឹង​ទៅ​ជា​អសា​ឥត​ការ។

ចែក​រំលែក
អាន កាឡាទី 3

កាឡាទី 3:9-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ អស់​អ្នក​ដែល​មាន​ជំនឿ​ក៏​បាន​ទទួល​ព្រះ‌ពរ​រួម​ជា​មួយ​លោក​អប្រាហាំ ដែល​ជា​អ្នក​មាន​ជំនឿ​នោះ​ដែរ។ រីឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​ទេ​នោះ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ» ។ មួយ​វិញ​ទៀត យើង​ដឹង​ច្បាស់​ថា គ្មាន​នរណា​ម្នាក់​បាន​សុចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ដោយ​ពឹង​លើ​ក្រឹត្យ‌វិន័យ​នោះ​ឡើយ ដ្បិត «មនុស្ស​សុចរិត​នឹង​មាន​ជីវិត​ដោយ‌សារ​ជំនឿ» ។ រីឯ​ក្រឹត្យ‌វិន័យ​ប្លែក​ពី​ជំនឿ​ទាំង​ស្រុង ព្រោះ​មាន​ចែង​ថា «អ្នក​ណា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ» ។ ដោយ​ព្រះ‌គ្រិស្ត​បាន​ទទួល​បណ្ដា‌សា​សម្រាប់​យើង ព្រះអង្គ​លោះ​យើង​ឲ្យ​រួច​ផុត​ពី​បណ្ដា‌សា​ដែល​មក​ពី​ក្រឹត្យ‌វិន័យ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​ជាប់​នឹង​ឈើ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ!» ។ ហេតុ‌ការណ៍​នេះ​កើត​មាន​ដូច្នេះ ដើម្បី​ឲ្យ​ព្រះ‌ពរ​ដែល​លោក​អប្រាហាំ​ទទួល បាន​ហូរ​ទៅ​ដល់​សាសន៍​ដទៃ តាម​រយៈ​ព្រះគ្រិស្ត‌យេស៊ូ​ដែរ ហើយ​ឲ្យ​យើង​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ប្រទាន​មក ដោយ​យើង​មាន​ជំនឿ។ បងប្អូន​អើយ ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​មួយ​មក​ជម្រាប​ថា ប្រសិន​បើ​ពាក្យ​បណ្ដាំ​របស់​មនុស្ស​មាន​ចែង​ទុក​ត្រឹម​ត្រូវ​ហើយ គ្មាន​នរណា​ម្នាក់​លុប​បំបាត់ ឬ​បន្ថែម​បន្ថយ​អ្វី​បាន​ទេ។ យ៉ាង​ណា‌មិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ដល់​លោក​អប្រាហាំ និង​ដល់​ពូជ‌ពង្ស​របស់​លោក។ ក្នុង​គម្ពីរ​ពុំ​មាន​ចែង​ថា «ដល់​ពូជ‌ពង្ស​ទាំង‌ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​ដ៏​ច្រើន​ឡើយ គឺ​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​តែ​ម្នាក់​ប៉ុណ្ណោះ: «ដល់​ពូជ‌ពង្ស​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រិស្ត។ ខ្ញុំ​និយាយ​ដូច្នេះ ចង់​ពន្យល់​ថា ព្រះ‌ជាម្ចាស់​បាន​ទុក​ពាក្យ​បណ្ដាំ​មួយ​យ៉ាង​ត្រឹម​ត្រូវ​រួច​ស្រេច​ហើយ។ រីឯ​ក្រឹត្យ‌វិន័យ​ដែល​មក​ដល់​បួន​រយ​សាម‌សិប​ឆ្នាំ​ក្រោយ​មក​ទៀត​នោះ ពុំ​បាន​លុប​បំបាត់​ពាក្យ​បណ្ដាំ​របស់​ព្រះអង្គ​ឡើយ បើ​ពុំ​នោះ​ទេ ព្រះ‌បន្ទូល​សន្យា​មុខ​ជា​បាត់​ខ្លឹម‌សារ​មិន​ខាន។

ចែក​រំលែក
អាន កាឡាទី 3

កាឡាទី 3:9-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ អស់​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ នោះ​ឈ្មោះ​ថា​បាន​ពរ​ជា​មួយ​នឹង​លោក​អ័ប្រា‌ហាំ ដែល​ជា​អ្នក​ជឿ​ដែរ តែ​អស់​អ្នក​ដែល​អាង​ដល់​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ នោះ​ត្រូវ​បណ្តាសា​វិញ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អស់​អ្នក​ណា​ដែល​មិន​កាន់​ខ្ជាប់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​កត់​ទុក​ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ ដើម្បី​នឹង​ប្រព្រឹត្ត​តាម» ហើយ​ច្បាស់​ជា​គ្មាន​អ្នក​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ ដោយ‌សារ​ក្រិត្យ‌វិន័យ​ឡើយ ពី​ព្រោះ«មនុស្ស​សុចរិត​នឹង​រស់ ដោយ​អាង​សេចក្ដី​ជំនឿ» ឯ​ក្រិត្យ‌វិន័យ មិន​អាង​សេចក្ដី​ជំនឿ​ទេ គឺ​អ្នក​ណា​ដែល​អាច​នឹង​ប្រព្រឹត្ត តាម​សេចក្ដី​ទាំង​នោះ​បាន អ្នក​នោះ​នឹង​រស់​នៅ ដោយ‌សារ​សេចក្ដី​ទាំង​នោះ ព្រះ‌គ្រីស្ទ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​សេចក្ដី​បណ្តាសា​របស់​ក្រិត្យ‌វិន័យ ដោយ​ទ្រង់​ត្រូវ​បណ្តាសា​ជំនួស​យើង​រាល់​គ្នា (ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ត្រូវ​ព្យួរ​នៅ​លើ​ឈើ») ដើម្បី​ឲ្យ​ពរ​របស់​លោក​អ័ប្រា‌ហាំ បាន​មក​ដល់​អស់​ទាំង​សាសន៍​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សេចក្ដី​សន្យា គឺ​ជា​ព្រះ‌វិញ្ញាណ ដោយ‌សារ​សេចក្ដី​ជំនឿ។ បង​ប្អូន​អើយ ខ្ញុំ​និយាយ​តាម​បែប​ភាព​មនុស្ស​ថា សូម្បី​តែ​សេចក្ដី​សញ្ញា​របស់​មនុស្ស បើ​គេ​យល់​ព្រម​តាំង​នឹង​គ្នា​ជា​ស្រេច​ហើយ នោះ​គ្មាន​អ្នក​ណា​នឹង​លើក​ចោល ឬ​បន្ថែម​បញ្ចូល​អ្វី​ឡើយ រីឯ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​នឹង​លោក​អ័ប្រា‌ហាំ ហើយ​នឹង​ពូជ​លោក តែ​ទ្រង់​មិន​បាន​មាន​បន្ទូល​ថា «នឹង​ពូជ​ទាំង​ប៉ុន្មាន» ដូច​ជា​មាន​ពូជ​ជា​ច្រើន​នោះ​ទេ គឺ​ចំពោះ​ពូជ​តែ​១​វិញ ដោយ​ថា «នឹង​ពូជ​លោក​១​នោះ​ឯង» គឺ​ជា​ព្រះ‌គ្រីស្ទ ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា សេចក្ដី​សញ្ញា​ដែល​ព្រះ​បាន​យល់​ព្រម​ជា​មុន នោះ​ក្រិត្យ‌វិន័យ ដែល​កើត​ឡើង​៤៣០​ឆ្នាំ​ជា​ក្រោយ​នឹង​លើក​ចោល ឲ្យ​សេចក្ដី​សញ្ញា​នោះ​ទៅ​ជា​ឥត​ប្រយោជន៍​មិន​បាន

ចែក​រំលែក
អាន កាឡាទី 3