កាឡាទី 5:1-4
កាឡាទី 5:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះគ្រិស្ត*បានរំដោះយើងឲ្យមានសេរីភាពពិតប្រាកដ ហេតុនេះ ចូររក្សាសេរីភាពនេះឲ្យបានខ្ជាប់ខ្ជួន កុំបណ្ដោយខ្លួនធ្លាក់ទៅជាខ្ញុំបម្រើទៀតឡើយ។ រីឯខ្ញុំ ប៉ូល ខ្ញុំសូមជម្រាបបងប្អូនថា ប្រសិនបើបងប្អូនទទួលពិធីកាត់ស្បែក*នោះ ព្រះគ្រិស្តលែងមានប្រយោជន៍អ្វីដល់បងប្អូនទៀតហើយ។ ចំពោះអស់អ្នកដែលចង់ទទួលពិធីកាត់ស្បែក ខ្ញុំសូមបញ្ជាក់ប្រាប់ម្ដងទៀតថា ត្រូវតែកាន់តាមក្រឹត្យវិន័យទាំងស្រុងផងទៅ។ ប្រសិនបើបងប្អូនណាចង់បានសុចរិតដោយពឹងផ្អែកលើក្រឹត្យវិន័យ បងប្អូននោះបែកចេញពីព្រះគ្រិស្ត ហើយក៏ដាច់ចេញពីព្រះគុណរបស់ព្រះជាម្ចាស់ដែរ។
កាឡាទី 5:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។ មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ខ្ញុំសូមធ្វើបន្ទាល់ម្តងទៀតប្រាប់អស់អ្នកដែលទទួលពិធីកាត់ស្បែកថា អ្នកនោះមានកាតព្វកិច្ចតម្រូវឲ្យប្រតិបត្តិតាមក្រឹត្យវិន័យគ្រប់ជំពូក។ អ្នករាល់គ្នាដែលចង់ពឹងលើក្រឹត្យវិន័យ ដើម្បីឲ្យបានរាប់ជាសុចរិត អ្នកបានផ្ដាច់ខ្លួនចេញពីព្រះគ្រីស្ទហើយ ក៏បានធ្លាក់ចេញពីព្រះគុណដែរ។
កាឡាទី 5:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួន ក្នុងសេរីភាពនោះចុះ កុំឲ្យត្រូវជាប់ចំណងជាបាវបំរើទៀតឡើយ នែ ប៉ុលខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាសោះ ហើយខ្ញុំធ្វើបន្ទាល់ម្តងទៀត ដល់អស់មនុស្សដែលកាត់ស្បែកហើយ ថាអ្នកនោះឯងជាអ្នកជំពាក់ក្រិត្យវិន័យ នឹងត្រូវធ្វើតាមគ្រប់ជំពូក អ្នករាល់គ្នាណាដែលពឹងដល់ក្រិត្យវិន័យ ឲ្យបានរាប់ជាសុចរិត នោះត្រូវកាត់ចេញពីព្រះគ្រីស្ទ អ្នកបានធ្លាក់ចេញពីព្រះគុណហើយ