លោកុប្បត្តិ 6:1-4

លោកុប្បត្តិ 6:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ពួក​មនុស្ស​ចាប់​តាំង​មាន​គ្នា​ច្រើន​នៅ​លើ​ផែនដី​ឡើង ហើយ​បង្កើត​បាន​កូន​ស្រីៗ នោះ​ពួក​កូន​ប្រុស​របស់​ព្រះ គេ​ឃើញ​កូន​ស្រី​របស់​មនុស្ស​ថា​ជា​ស្រស់​ល្អ ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​គេ​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា វិញ្ញាណ​អញ​នឹង​មិន​តវ៉ា​នឹង​មនុស្ស​ជា​ដរាប​ទេ ពី​ព្រោះ​គេ​ជា​សាច់​ឈាម​ប៉ុណ្ណោះ អាយុ​គេ​នឹង​បាន​ត្រឹម​តែ​១២០​ឆ្នាំ​វិញ នៅ​ជំនាន់​នោះ មាន​មនុស្ស​រូប​ធំ​សំបើម​នៅ​ផែនដី ក្រោយ​នោះ​មក កាល​ពួក​កូន​ប្រុស​របស់​ព្រះ​បាន​ចូល​ទៅ​ឯ​កូន​ស្រី​របស់​មនុស្ស ហើយ​នាង​ទាំង​នោះ​បាន​បង្កើត​កូន​ឲ្យ​គេ នោះ​បាន​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពី​ដើម ជា​មនុស្ស​មាន​ល្បី​ឈ្មោះ។

លោកុប្បត្តិ 6:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​មនុស្ស​ចាប់​ផ្តើម​មាន​គ្នា​ច្រើន​ឡើង​នៅ​លើ​ផែន‌ដី ហើយ​គេ​បង្កើត​បាន​កូន​ស្រីៗ នោះ​កូន​ប្រុសៗ​របស់​ព្រះ ឃើញ​ថា កូន​ស្រីៗ​របស់​មនុស្ស​ស្រស់​ល្អ គេ​ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​រប​ស់​គេ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «វិញ្ញាណ​របស់​យើង​នឹង​មិន​នៅ​ក្នុង​មនុស្ស​ជា​រៀង​រហូត​ឡើយ ដ្បិត​គេ​ជា​សាច់​ឈាម អាយុ​របស់​គេ​នឹង​បាន​ត្រឹម​តែ​មួយ​រយ​ម្ភៃ​ឆ្នាំ​ប៉ុណ្ណោះ»។ នៅ​សម័យ​នោះ មាន​មនុស្ស​មាឌ​ធំ​សម្បើម​នៅ​លើ​ផែន‌ដី ហើយ​ក្រោយ​មកក៏​នៅ​តែ​មាន​ដែរ កាល​កូន​ប្រុស​ៗ​របស់​ព្រះ​បានចូល​ទៅ​ឯ​កូន​ស្រី​ៗ​របស់​មនុស្ស នាង​ទាំង​នោះ​ក៏​បាន​បង្កើត​កូន​ឲ្យពួក​គេ។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពី​សម័យ​បុរាណ ជា​មនុស្ស​មាន​ឈ្មោះ​ល្បី។

លោកុប្បត្តិ 6:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​លោក​ចាប់​ផ្ដើម​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ពាស‌ពេញ​លើ​ផែនដី ហើយ​គេ​ក៏​បង្កើត​កូន​ស្រីៗ។ កូន​ប្រុសៗ​របស់​ព្រះ‌ជាម្ចាស់ ​ឃើញ​ថា​កូន​ស្រីៗ​របស់​មនុស្ស​មាន​រូប​ឆោម​ល្អ​ស្អាត គេ​ក៏​នាំ​គ្នា​ជ្រើស‌រើស​ប្រពន្ធ​ពី​ចំណោម​ស្ត្រីៗ​ទាំង​នោះ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «វិញ្ញាណ​របស់​យើង​នឹង​មិន​នៅ​ក្នុង​មនុស្ស​ជា​រៀង​រហូត​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍ ដូច្នេះ អាយុ​ជីវិត​គេ​នឹង​ត្រូវ​កម្រិត​មក​នៅ​ត្រឹម​តែ​មួយ​រយ​ម្ភៃ​ឆ្នាំ​ប៉ុណ្ណោះ»។ សម័យ​នោះ មាន​មនុស្ស​មាឌ​ធំៗ​រស់​នៅ​លើ​ផែនដី ហើយ​ក្រោយ​មក​ក៏​នៅ​តែ​មាន​ដែរ។ អ្នក​ទាំង​នោះ​កើត​នៅ​ជំនាន់​ដែល​កូន​ប្រុសៗ​របស់​ព្រះ‌ជាម្ចាស់ នាំ​គ្នា​មក​យក​កូន​ស្រីៗ​របស់​មនុស្ស​ធ្វើ​ជា​ប្រពន្ធ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​វីរ‌ជន​ដ៏​មាន​ឈ្មោះ​ល្បី​នៅ​សម័យ​បុរាណ។