លោកុប្បត្តិ 7:1-24

លោកុប្បត្តិ 7:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «អ្នក និង​គ្រួសារ​របស់​អ្នក​ទាំង​មូល ត្រូវ​ចូល​ទៅ​ក្នុង​ទូក ដ្បិត​យើង​ឃើញ​ថា ក្នុង​ចំណោម​មនុស្ស​ជំនាន់​នេះ មាន​តែ​អ្នក​ប៉ុណ្ណោះ ដែល​សុចរិត​នៅ​ចំពោះ​យើង។ ត្រូវ​យក​សត្វ​ប្រាំពីរ​គូ​ពី​ចំណោម​សត្វ​ជើង​បួន​ទាំង​ប៉ុន្មាន​ដែល​ស្អាត គឺ​ទាំង​ឈ្មោល​ទាំង​ញី ហើយ​សត្វ​ជើង​បួន​ដែល​មិន​ស្អាត ត្រូវ​យក​តែ​មួយ​គូ​វិញ គឺ​ទាំង​ឈ្មោល​ទាំង​ញី។ ត្រូវ​យក​សត្វ​ហើរ​លើ​អាកាស​ប្រាំពីរ​គូ​ដែរ ទាំង​ឈ្មោល​ទាំង​ញី ដើម្បី​ទុក​ពូជ​វា​ឲ្យ​រស់​នៅ​គ្រប់​លើ​ផែន‌ដី។ ដ្បិត​ប្រាំពីរ​ថ្ងៃ​ទៀត យើង​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែន‌ដី សែសិប​ថ្ងៃ​សែសិប​យប់ ហើយ​យើង​នឹង​លុប​បំបាត់​ជីវិត​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​បង្កើត​មក ឲ្យ​សូន្យ​បាត់​ពី​ផែន‌ដី»។ លោក​ណូអេ​បាន​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។ នៅ​គ្រា​ទឹក​ជន់​ឡើង​លិច​ផែន‌ដី​នោះ លោក​ណូអេ​មាន​អាយុ​ប្រាំមួយ​រយ​ឆ្នាំ។ លោក​ណូអេ កូន​ប្រុសៗ និង​ប្រពន្ធ ព្រម​ទាំង​កូន​ប្រសា​ស្រី​របស់​លោក ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក ដើម្បី​ឲ្យ​បាន​រួច​ផុត​ពី​ទឹក​ជំនន់។ មាន​សត្វ​ជើង​បួន​ក្នុង​ចំណោម​សត្វ​ដែល​ស្អាត និង​សត្វ​ដែល​មិន​ស្អាត ហើយ​សត្វ​ស្លាប និង​សត្វ​លូន​វារ​គ្រប់​ប្រភេទ​នៅ​លើ​ដី ទាំង​គូៗ មាន​ឈ្មោល​មាន​ញី នាំ​គ្នា​ចូលទៅ​ក្នុង​ទូក​ជា‌មួយ​លោក​ណូ​អេ ដូច​ព្រះ‌ទ្រង់​បាន​បង្គាប់​មក​លោក​ណូអេ។ ប្រាំ​ពីរ​ថ្ងៃ​ក្រោយ​មក ទឹក​ជំនន់​ក៏​ជន់​ឡើង​លិច​ផែន‌ដី។ នៅ​ឆ្នាំ​ទី​ប្រាំ​មួយ​រយ​នៃ​អាយុ​របស់​លោក​ណូអេ ក្នុង​ខែ​ទី​ពីរ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ពីរ​ក្នុង​ខែ​នោះ គឺ​នៅ​ថ្ងៃ​នោះ​ឯង អស់​ទាំង​រន្ធ​ទឹក​ផុស​ចេញ​ពី​ជម្រៅ​ធំ​មក ហើយ​ទ្វារ​មេឃ​ក៏​បាន​បើក​ចំហ​ដែរ។ ភ្លៀង​ធ្លាក់​មក​លើ​ផែន‌ដី​រយៈ​ពេល​សែ​សិប​ថ្ងៃ​សែ​សិប​យប់។ នៅ​ថ្ងៃ​ដដែល​នោះ លោក​ណូអេ និង​កូន​ប្រុស​ៗ​របស់​លោក គឺ​សិម ហាំ និង​យ៉ាផែត ព្រម​ទាំង​ប្រពន្ធ​លោក​ណូអេ និង​កូន​ប្រសា​ស្រី​ទាំង​បី បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក ទាំង​ខ្លួន​គេ និង​គ្រប់​ទាំង​សត្វ​ព្រៃ​តាម​ពូជ គ្រប់​ទាំង​សត្វ​ស្រុក​តាម​ពូជ និង​អស់​ទាំង​សត្វ​លូន​វារ​លើ​ដី​តាម​ពូជ ហើយ​គ្រប់​សត្វ​ហើរ​តាម​ពូជ​ដែរ គឺ​សត្វ​ស្លាប​គ្រប់​មុខ​ទាំង​អស់។ សត្វ​ទាំង​នោះ​នាំ​គ្នា​ចូល​ទាំង​គូៗ​ទៅ​ក្នុង​ទូកជា‌មួយ​លោក​ណូ​អេ គឺសាច់​ដែល​មាន​ដង្ហើម​ជីវិត​ទាំង​អស់។ ឯ​សត្វ​ទាំង​អស់​ដែល​ចូល​ទៅ​នោះ ក៏​ចូល​ទាំង​ឈ្មោល​ទាំង​ញី​គ្រប់​ពូជ​សត្វ ដូច​ព្រះ​បាន​បង្គាប់​មក​លោក​ណូអេ រួច​ព្រះ‌យេហូវ៉ា​ក៏​បិទ​ទ្វារ​ទូក​ជិត។ ទឹក​ជំនន់​បាន​លិច​ផែន‌ដី​អស់​រយៈ​ពេល​សែសិប​ថ្ងៃ។ ទឹក​កាន់​តែ​ជន់​ឡើង ហើយ​លើក​ទូក​ធំ​ឲ្យ​អណ្តែត​ឡើង​ផុត​ពី​ដី។ ជំនន់​នោះ​មាន​កម្លាំង​ក្រៃ​លែង ក៏​កាន់​តែ​ចម្រើន​ឡើង​លើស​លុប​នៅ​លើ​ផែន‌ដី ហើយ​ទូក​នោះ​បាន​អណ្តែត​នៅ​លើ​ផ្ទៃ​ទឹក។ ជំនន់​នោះ​ធំ​យ៉ាង​អស្ចារ្យ​នៅ​លើ​ផែន‌ដី ដល់​ម៉្លេះ​បាន​ជា​ភ្នំ​ខ្ពស់ៗ​ទាំង​ប៉ុន្មាន​នៅ​ក្រោម​មេឃ​លិច​បាត់​ទាំង​អស់។ ទឹក​ឡើង​លិច​ភ្នំ​ទាំង​អស់ ហើយ​ឡើង​ហួស​ភ្នំ​ទាំង​នោះ​ដប់​ប្រាំ​ហត្ថ។ គ្រប់​ទាំង​សាច់​ដែល​កម្រើក​នៅ​ផែន‌ដី ទោះ​ទាំង​សត្វ​ហើរ សត្វ​ស្រុក សត្វ​ព្រៃ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី និង​មនុស្ស​លោក​ក៏​ស្លាប់​ទាំង​អស់ គឺ​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ជីវិត​នៅ​ក្នុង​រន្ធ​ច្រមុះ​នៅ​លើ​គោក​ស្លាប់​ទាំង​អស់។ ព្រះ‌អម្ចាស់​បាន​លុប​បំបាត់​ជីវិត​ទាំង‌ប៉ុន្មាន​អស់​ពី​ផែន‌ដី ចាប់​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​បួន សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស គឺ​ទាំង​អស់​ត្រូវ​វិនាស​បាត់​ពី​ផែន‌ដី នៅ​សល់​តែ​លោក​ណូអេ និង​អស់​អ្នក​ដែល​នៅ​ក្នុង​ទូក​ជា‌មួយ​លោក​ប៉ុណ្ណោះ។ ទឹក​ធំ​នោះ​នៅ​ទ្រឹង​លើ​ផែន‌ដី​អស់​រយៈ​ពេល​មួយ​រយ​ហាសិប​ថ្ងៃ។

លោកុប្បត្តិ 7:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «ចូរ​អ្នក​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​ក្រុម​គ្រួសារ​ទាំង​មូល​របស់​អ្នក​ទៅ ដ្បិត​យើង​បាន​ឃើញ​ថា ក្នុង​ចំណោម​មនុស្ស​ជំនាន់​នេះ មាន​តែ​អ្នក​ទេ​ដែល​សុចរិត។ ចូរ​នាំ​សត្វ​ប្រាំ‌ពីរ​គូ​ពី​ចំណោម​សត្វ​ទាំង​ប៉ុន្មាន​ដែល​បរិសុទ្ធ មក គឺ​យក​ឈ្មោល និង​ញី ចំពោះ​សត្វ​មិន​បរិសុទ្ធ​វិញ ចូរ​នាំ​តែ​មួយ​គូ​មក គឺ​ឈ្មោល និង​ញី។ ត្រូវ​នាំ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ​ប្រាំ‌ពីរ​គូ​មក​ដែរ គឺ​យក​ឈ្មោល និង​ញី ដើម្បី​រក្សា​ពូជ​វា​ទុក​នៅ​លើ​ផែនដី​ទាំង​មូល ដ្បិត​ប្រាំ‌ពីរ​ថ្ងៃ​ទៀត យើង​នឹង​ធ្វើ​ឲ្យ​ភ្លៀង​បង្អុរ​ចុះ​មក​លើ​ផែនដី ក្នុង​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ហើយ​យើង​នឹង​លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្កើត​មក​ឲ្យ​អស់​ពី​ផែនដី»។ លោក​ណូអេ​បាន​ធ្វើ​តាម​សព្វ​គ្រប់​ទាំង​អស់ ដូច​ព្រះ‌អម្ចាស់​បង្គាប់។ នៅ​គ្រា​ទឹក​ជំនន់​ធំ​លិច​ផែនដី​នោះ លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ​ឆ្នាំ។ លោក​ណូអេ​បាន​ចូល​ទៅ​ក្នុង​ទូក​ជា​មួយ​កូន​ប្រុស​ទាំង​បី ភរិយា និង​កូន​ប្រសា​ស្រី​របស់​លោក ដើម្បី​ឲ្យ​បាន​រួច​ខ្លួន​ពី​ទឹក​ជំនន់​ធំ។ មាន​សត្វ​ទាំង‌ឡាយ​ពី​ចំណោម​សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ ហើយ​ពី​ចំណោម​បក្សា‌បក្សី និង​សត្វ​លូន​វារ​នៅ​លើ​ដី ទាំង​គូៗ មាន​ឈ្មោល មាន​ញី​នាំ​គ្នា​ចូល​មក​ក្នុង​ទូក​ធំ​ជា​មួយ​លោក​ណូអេ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​មក​លោក​ណូអេ។ ប្រាំ‌ពីរ​ថ្ងៃ​ក្រោយ​មក ទឹក​ជំនន់​ធំ​ក៏​ជន់​ឡើង​លិច​ផែនដី។ ឆ្នាំ​ដែល​លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ ក្នុង​ខែ​ទី​ពីរ ថ្ងៃ​ទី​ដប់​ប្រាំ‌ពីរ គឺ​នៅ​ថ្ងៃ​នោះ​ហើយ​ដែល​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​បាន​ផុស​ចេញ​ពី​ទី​ជម្រៅ​ទឹក​មក ហើយ​ទ្វារ​មេឃ​ក៏​បើក​ចំហ​ដែរ។ ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់។ នៅ​ថ្ងៃ​ដដែល​នោះ លោក​ណូអេ កូន​ប្រុស​របស់​លោក គឺ​សិម ហាំ និង​យ៉ាផេត ព្រម​ទាំង​ភរិយា និង​កូន​ប្រសា​ស្រី​ទាំង​បី​របស់​លោក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក​ធំ។ សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​តាម​ពូជ​របស់​វា សត្វ​ស្រុក​ទាំង​អស់​តាម​ពូជ​របស់​វា​នីមួយៗ សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី​តាម​ពូជ​របស់​វា បក្សា‌បក្សី​ទាំង​ប៉ុន្មាន​តាម​ពូជ​របស់​វា ព្រម​ទាំង​សត្វ​ទាំង​អស់​ដែល​ហើរ និង​មាន​ស្លាប​ក៏​ចូល​ជា​មួយ​ដែរ។ សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន​នាំ​គ្នា​ទាំង​គូៗ មក​រក​លោក​ណូអេ​នៅ​ក្នុង​ទូក​ធំ គឺ​មាន​សត្វ​ទាំង​ឈ្មោល ទាំង​ញី ពី​គ្រប់​ពូជ ចូល​មក​ក្នុង​ទូក​ធំ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​មក​លោក​ណូអេ រួច​ហើយ​ព្រះ‌អម្ចាស់​ក៏​បិទ​ទ្វារ​ទូក​នោះ​ទៅ។ ទឹក​ជំនន់​ធំ​បាន​លិច​ផែនដី អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ទឹក​បាន​ជន់​ឡើង ហើយ​លើក​ទូក​ធំ​ឲ្យ​អណ្ដែត​ឡើង​ផុត​ពី​ដី។ ទឹក​ជន់​កាន់​តែ​ខ្លាំង​ឡើងៗ កម្ពស់​ទឹក​កើន​ឡើង​យ៉ាង​ខ្ពស់ ហើយ​ទូក​ធំ​នៅ​អណ្ដែត​ពី​លើ​ផ្ទៃ​ទឹក។ ទឹក​ជន់​ឡើង​កាន់​តែ​ខ្លាំង​នៅ​លើ​ផែនដី ធ្វើ​ឲ្យ​លិច​ភ្នំ​ខ្ពស់ៗ​ទាំង​ប៉ុន្មាន​នៅ​ក្រោម​មេឃ​នេះ។ ទឹក​ជន់​លិច​ភ្នំ​ទាំង‌ឡាយ ហើយ​ឡើង​ហួស​ភ្នំ​ទាំង​នោះ​ដប់​ប្រាំ​ហត្ថ។ សត្វ​លោក​ទាំង‌ឡាយ​ដែល​មាន​ចលនា​នៅ​លើ​ផែនដី​ក៏​វិនាស​សូន្យ​អស់​ទៅ គឺ​ទាំង​បក្សា‌បក្សី សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​រវើក‌រវ័ណ្ឌ​ពាស‌ពេញ​លើ​ផែនដី និង​មនុស្ស​លោក​ទាំង​អស់​ដែរ។ អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ជីវិត និង​រស់​នៅ​លើ​ដី​គោក​ក៏​ស្លាប់​អស់​ទៅ។ ព្រះ‌អម្ចាស់​បាន​លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន​អស់​ពី​ផែនដី គឺ​ចាប់​ពី​មនុស្ស សត្វ​ស្រុក សត្វ​លូន​វារ រហូត​ដល់​បក្សា‌បក្សី​នៅ​លើ​មេឃ ត្រូវ​លុប​បំបាត់​ទាំង​អស់ នៅ​សល់​តែ​លោក​ណូអេ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទូក​ធំ​ជា​មួយ​លោក​ប៉ុណ្ណោះ។ ទឹក​ជន់​នៅ​នឹង​ថ្កល់​លើ​ផែនដី អស់​រយៈ​ពេល​មួយ​រយ​ហា‌សិប​ថ្ងៃ។

លោកុប្បត្តិ 7:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​ណូអេ​ថា ត្រូវ​ឲ្យ​ឯង​នឹង​ពួក​គ្រួ​ឯង​ចូល​ទាំង​អស់​ទៅ​ក្នុង​ទូក ពី​ព្រោះ​ក្នុង​ពួក​មនុស្ស​ជាន់​នេះ អញ​ឃើញ​មាន​តែ​ឯង​ទេ ដែល​សុចរិត​នៅ​ចំពោះ​អញ ខាង​ឯ​សត្វ​ជើង​៤​ដែល​ស្អាត នោះ​ឯង​ត្រូវ​យក​៧​គូ ហើយ​សត្វ​ជើង​៤​ដែល​មិន​ស្អាត នោះ​ឲ្យ​យក​តែ​១​គូ​វិញ គឺ​ទាំង​ឈ្មោល​ទាំង​ញី​ផង ឯ​សត្វ​ហើរ​លើ​អាកាស នោះ​ត្រូវ​យក​៧​គូ​ដែរ ព្រម​ទាំង​ឈ្មោល​ទាំង​ញី ដើម្បី​ទុក​ពូជ​វា​ឲ្យ​រស់​នៅ​គ្រប់​លើ​ផែនដី ដ្បិត​នៅ​៧​ថ្ងៃ​ទៀត អញ​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី​៤០​ថ្ងៃ​៤០​យប់ ហើយ​អញ​នឹង​លុប​គ្រប់​ទាំង​ជីវិត​ដែល​អញ​បាន​បង្កើត​មក ឲ្យ​សូន្យ​បាត់​ពី​ផែនដី​ចេញ នោះ​ណូអេ​ក៏​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។ ណូអេ​អាយុ​បាន​៦០០​ឆ្នាំ ក្នុង​កាល​ដែល​ទឹក​ជន់​ឡើង​លិច​ផែនដី ហើយ​ណូអេ ព្រម​ទាំង​ប្រពន្ធ​កូន នឹង​កូន​ប្រសា​ស្រី​គាត់ ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក ដោយ​ព្រោះ​ទឹក​ជន់ ឯ​សត្វ​ជើង​៤​ទាំង​ស្អាត​ទាំង​មិន​ស្អាត នឹង​សត្វ​ស្លាប ហើយ​សត្វ​លូន​វារ​នៅ​ដី​គ្រប់​មុខ ក៏​ចូល​១​គូៗ​ទាំង​ឈ្មោល​ទាំង​ញី​ទៅ​ឯ​ណូអេ​ក្នុង​ទូក ដូច​ជា​ព្រះ‌ទ្រង់​បាន​បង្គាប់​មក​ណូអេ រួច​ដល់​ផុត​ពី​៧​ថ្ងៃ​នោះ​មក ជំនន់​ក៏​ឡើង​លើ​ផែនដី គឺ​នៅ​ឆ្នាំ​៦០០​ក្នុង​អាយុ​ណូអេ ក្នុង​ថ្ងៃ​១៧​ខែ​ទី​២ ថ្ងៃ​នោះ​ឯង​គ្រប់​អស់​ទាំង​រន្ធ​ទឹក​នៅ​ទី​ជំរៅ​ធំ​ក៏​ធ្លាយ ហើយ​ទ្វារ​ទំនប់​នៅ​លើ​មេឃ​ក៏​ត្រូវ​បើក​ចេញ មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​៤០​ថ្ងៃ​៤០​យប់ គឺ​នៅ​ថ្ងៃ​នោះ​ឯង​ដែល​ណូអេ សិម ហាំ នឹង​យ៉ាផែត ជា​កូន​គាត់ ហើយ​ប្រពន្ធ​ណូអេ នឹង​កូន​ប្រសា​ស្រី​ទាំង​៣​បាន​ចូល​ទៅ​ក្នុង​ទូក​ទាំង​អស់​គ្នា ទាំង​ខ្លួន​គេ​ហើយ​គ្រប់​ទាំង​សត្វ​ព្រៃ​តាម​ពូជ គ្រប់​ទាំង​សត្វ​ស្រុក​តាម​ពូជ នឹង​អស់​សត្វ​លូន​វារ​នៅ​ដី​តាម​ពូជ ហើយ​គ្រប់​ទាំង​សត្វ​ហើរ​តាម​ពូជ​ដែរ គឺ​សត្វ​ស្លាប​គ្រប់​មុខ​ទាំង​អស់ ក៏​នាំ​គ្នា​ចូល​ទាំង​គូៗ​ទៅ​ឯ​ណូអេ​ក្នុង​ទូក ពី​គ្រប់​ទាំង​ពូជ​សត្វ​ដែល​មាន​ដង្ហើម​ជីវិត ឯ​អស់​ទាំង​សត្វ​ដែល​ចូល​ទៅ នោះ​ក៏​ចូល​ទាំង​ឈ្មោល​ទាំង​ញី​ពី​គ្រប់​ទាំង​ពូជ​សត្វ ដូច​ជា​ព្រះ​បាន​បង្គាប់​ដល់​ណូអេ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បិទ​ទ្វារ​ទូក​ជិត លុះ​ទឹក​ជន់​លិច​ផែនដី​បាន​៤០​ថ្ងៃ ហើយ​បាន​កាន់​តែ​ធំ​ឡើង នោះ​ទូក​ធំ​ក៏​អណ្តែត​ផុត​ពី​ដី​ឡើង ជំនន់​នោះ​បាន​មាន​កំឡាំង​ក្រៃ‌លែង ក៏​កាន់​តែ​ចំរើន​ឡើង​ជា​លើស‌លប់​នៅ​លើ​ផែនដី ហើយ​ទូក​នោះ​បាន​អណ្តែត​នៅ​លើ​ទឹក ជំនន់​នោះ​ជា​ធំ​យ៉ាង​អស្ចារ្យ​នៅ​លើ​ផែនដី ទាល់​តែ​អស់​ទាំង​ភ្នំ​ខ្ពស់ៗ​នៅ​ក្រោម​មេឃ បាន​លិច​បាត់​អស់​រលីង​ទៅ រួច​ទឹក​ក៏​ឡើង​១៥​ហត្ថ​ទៀត​លិច​ភ្នំ​ទាំង​អស់ គ្រប់​ទាំង​សាច់​ដែល​កំរើក​នៅ​ផែនដី ទោះ​ទាំង​សត្វ​ហើរ សត្វ​ស្រុក សត្វ​ព្រៃ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី នឹង​មនុស្ស​ក៏​ស្លាប់​ទាំង​អស់​ដែរ គឺ​គ្រប់​ទាំង​អស់​ដែល​មាន​ខ្យល់​ដង្ហើម​ជីវិត​នៅ​ក្នុង​រន្ធ​ច្រមុះ​នៅ​លើ​គោក​ក៏​ស្លាប់​ទាំង​អស់ គ្រប់​ទាំង​ជីវិត​ទាំង‌ឡាយ​នៅ​លើ​ផែនដី ក៏​ត្រូវ​ផ្លាញ​លាញ​ទាំង​អស់​ទៅ តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​៤ សត្វ​លូន​វារ នឹង​សត្វ​ហើរ​លើ​អាកាស នោះ​ត្រូវ​វិនាស​ចេញ​ពី​ផែនដី​ទាំង​អស់ នៅ​សល់​តែ​ណូអេ នឹង​ពួក​អ្នក​ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​គាត់​ប៉ុណ្ណោះ ទឹក​ធំ​នោះ​ក៏​ទ្រឹង​នៅ​លើ​ផែនដី​អស់​១៥០​ថ្ងៃ។