ហេប្រឺ 10:19-25
ហេប្រឺ 10:19-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះ បងប្អូនអើយ ដោយយើងមានចិត្តជឿជាក់នឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ តាមផ្លូវដែលព្រះអង្គបានបើកឲ្យយើង ជាផ្លូវថ្មី ហើយរស់ ឆ្លងកាត់វាំងនន គឺជារូបសាច់ព្រះអង្គ ហើយដោយយើងមានសម្តេចសង្ឃដ៏ធំមួយអង្គត្រួតលើដំណាក់ព្រះ នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ ប្រោះញែកជាស្អាតពីមនសិការសៅហ្មង ហើយរូបកាយរបស់យើងបានលាងដោយទឹកដ៏បរិសុទ្ធ។ ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។ ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
ហេប្រឺ 10:19-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ បងប្អូនអើយ យើងមានចិត្តរឹងប៉ឹង ចូលមកក្នុងទីសក្ការៈ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូ ព្រោះព្រះអង្គបានបើកមាគ៌ាមួយថ្មី ជាមាគ៌ាដែលមានជីវិត ដោយព្រះអង្គឆ្លងកាត់វាំងនន ពោលគឺរូបកាយរបស់ព្រះអង្គ ដែលកើតមកជាមនុស្ស។ ដោយយើងមានមហាបូជាចារ្យ*មួយរូប ដែលគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ យើងត្រូវនាំគ្នាចូលទៅជិតព្រះអង្គដោយចិត្តទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និងមានចិត្តបរិសុទ្ធ ជ្រះស្រឡះពីគំនិតសៅហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកដ៏បរិសុទ្ធផង។ ត្រូវរក្សាសេចក្ដីសង្ឃឹម ដែលយើងប្រកាសនោះឲ្យខ្ជាប់ខ្ជួន កុំឲ្យរង្គើឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាយ៉ាងណា ព្រះអង្គក៏នឹងធ្វើតាមយ៉ាងនោះដែរ ។ តោងយើងមើលថែរក្សាគ្នាទៅវិញទៅមក ដើម្បីជួយដាស់តឿនគ្នាឲ្យមានចិត្តស្រឡាញ់ និងប្រព្រឹត្តអំពើល្អ។ មិនត្រូវលះបង់ការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ផ្ទុយទៅវិញ យើងត្រូវលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យរឹតតែខ្លាំងឡើង ដោយឃើញថា ថ្ងៃនៃព្រះអម្ចាស់កាន់តែជិតមកដល់ហើយ។
ហេប្រឺ 10:19-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ បងប្អូនអើយ ដែលយើងមានសេចក្ដីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ តាមផ្លូវដែលទ្រង់បានតាំងសំរាប់យើងរាល់គ្នា ជាផ្លូវថ្មី ហើយរស់ ដែលចូលកាត់វាំងនន គឺជារូបសាច់របស់ទ្រង់ ហើយដែលមានសំដេចសង្ឃដ៏ធំ១អង្គត្រួតលើដំណាក់ព្រះ នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ នឹងចិត្តដឹងពិតប្រាកដ ហើយសេចក្ដីជំនឿ ព្រមទាំងមានចិត្តប្រោះញែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មងផង ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីបន្ទាល់របស់សេចក្ដីសង្ឃឹមនោះ ឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់ ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ