ហេប្រឺ 11:1-40
ហេប្រឺ 11:1-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ។ ដ្បិតមនុស្សពីចាស់បុរាណមានជំនឿហ្នឹងហើយ បានជាគេទទួលបានការសរសើរ។ ដោយសារជំនឿ យើងយល់ថា ពិភពលោកបានកើតមកដោយសារព្រះបន្ទូលរបស់ព្រះ ដូច្នេះ អ្វីៗដែលមើលឃើញ មិនមែនកើតចេញពីរបស់ដែលមើលឃើញនោះឡើយ។ ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងតង្វាយរបស់លោកកាអ៊ីន ហើយដោយសារយញ្ញបូជានោះ មានការសរសើរពីគាត់ថា គាត់ជាមនុស្សសុចរិត ទាំងមានព្រះសរសើរពីតង្វាយរបស់គាត់ ហើយដោយសារជំនឿរបស់គាត់ ទោះបើគាត់ស្លាប់ក៏ដោយ ក៏គាត់នៅតែនិយាយ ។ ដោយសារជំនឿ លោកហេណុកត្រូវព្រះលើកឡើងទៅស្ថានសួគ៌ មិនឲ្យគាត់ជួបសេចក្តីស្លាប់ ហើយគេរកគាត់មិនឃើញទៀតឡើយ ព្រោះព្រះបានយកគាត់ទៅ ។ មុនពេលព្រះលើកយកគាត់ទៅ មានគេសរសើរពីគាត់ថា ព្រះសព្វព្រះហឫទ័យនឹងគាត់។ ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។ ដោយសារជំនឿ លោកណូអេបានទទួលការទូន្មានពីព្រះ អំពីហេតុការណ៍ដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកគោរពកោតខ្លាច លោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដោយសារជំនឿនេះឯង ដែលលោកបានកាត់ទោសលោកីយ៍ ហើយត្រឡប់ជាអ្នកស្នងមត៌កនៃសេចក្ដីសុចរិត ដោយសារជំនឿ។ ដោយសារជំនឿ លោកអ័ប្រាហាំបានស្តាប់បង្គាប់ កាលព្រះបានត្រាស់ហៅលោកឲ្យបានចេញទៅកន្លែងមួយ ដែលលោកត្រូវទទួលជាមត៌ក។ លោកបានចេញទៅ ដោយមិនដឹងថាត្រូវទៅទីណាទេ។ ដោយសារជំនឿ លោកបានស្នាក់នៅក្នុងស្រុកដែលព្រះអង្គបានសន្យា ទុកដូចជានៅប្រទេសដទៃ ក៏រស់នៅក្នុងជំរំជាមួយអ៊ីសាក និងយ៉ាកុប ជាអ្នកស្នងសេចក្ដីសន្យារួមជាមួយលោក ទុកជាមត៌ក។ ដ្បិតលោកទន្ទឹងរង់ចាំក្រុងមួយ ដែលមានគ្រឹះរឹងមាំ ដែលព្រះជាអ្នកគូរប្លង់ និងជាជាងសង់។ ដោយសារជំនឿ លោកស្រីសារ៉ាបានទទួលអំណាចនឹងមានគភ៌បាន ទោះជាគាត់ហួសអាយុនឹងមានកូនក៏ដោយ ព្រោះគាត់បានរាប់ព្រះអង្គដែលបានសន្យានោះថា ទ្រង់ស្មោះត្រង់។ ហេតុនេះហើយបានជាមានមនុស្សជាច្រើន ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ ដែលរាប់មិនអស់ បានកើតចេញមកពីមនុស្សតែម្នាក់ ដែលលោកទុកដូចជាស្លាប់ទៅហើយ។ អ្នកទាំងអស់នេះបានស្លាប់ទៅ ទាំងមានជំនឿ ឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែអ្នកទាំងនោះបានឃើញ និងបានអបអរចំពោះអ្វីៗទាំងនោះពីចម្ងាយ ទាំងបានទទួលស្គាល់ថា ខ្លួនគេជាអ្នកដទៃ និងជាអ្នកស្នាក់នៅ លើផែនដីនេះប៉ុណ្ណោះ។ ដ្បិតមនុស្សដែលនិយាយដូច្នេះ បង្ហាញឲ្យឃើញច្បាស់ថា គេកំពុងតែស្វែងរកស្រុកកំណើតមួយ។ ប្រសិនបើគេរឭកស្រុកដែលគេទើបនឹងចេញមក គេមុខជាមានឱកាសត្រឡប់ទៅវិញបាន។ ប៉ុន្ដែ តាមពិត គេប្រាថ្នាចង់បានស្រុកមួយដ៏ប្រសើរជាង គឺជាស្រុកមួយនៅស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះទ្រង់មិនខ្មាសនឹងឲ្យគេហៅព្រះអង្គថាជាព្រះរបស់គេនោះឡើយ ដ្បិតព្រះអង្គបានរៀបចំទីក្រុងមួយសម្រាប់គេរួចហើយ។ ដោយសារជំនឿ នៅពេលព្រះល្បងល លោកអ័ប្រាហាំបានថ្វាយអ៊ីសាក គឺអ្នកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មាននោះ លោកបានថ្វាយកូនតែមួយរបស់លោក ដែលព្រះទ្រង់មានព្រះបន្ទូលពីដំណើរកូននោះថា «ពូជពង្សរបស់អ្នកនឹងមានឈ្មោះតាមរយៈអ៊ីសាក» ។ លោកបានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូននោះឲ្យរស់ពីស្លាប់ឡើងវិញបាន ហើយលោកក៏បានទទួលកូនមកវិញមែន ធៀបដូចជារស់ពីស្លាប់ឡើងវិញ។ ដោយសារជំនឿ លោកអ៊ីសាកបានឲ្យពរដល់យ៉ាកុប និងអេសាវ អំពីដំណើរអនាគត ។ ដោយសារជំនឿ កាលលោកយ៉ាកុបហៀបនឹងស្លាប់ លោកបានឲ្យពរដល់កូនទាំងពីររបស់លោកយ៉ូសែប ហើយលោកថ្វាយបង្គំព្រះ ដោយបន្ទន់ខ្លួនលើឈើច្រត់ ។ ដោយសារជំនឿ កាលលោកយ៉ូសែបហៀបនឹងផុតដង្ហើម លោកបានថ្លែងប្រាប់ពីដំណើរចាកចេញរបស់ពួកកូនចៅអ៊ីស្រាអែល ហើយបានផ្តាំអំពីឆ្អឹងរបស់លោក។ ដោយសារជំនឿ កាលលោកម៉ូសេកើតមក ឪពុកម្តាយរបស់លោកបានលាក់ទុកអស់បីខែ ព្រោះពួកគាត់ឃើញថាកូននោះស្អាត ហើយពួកគាត់មិនខ្លាចបញ្ញត្តិរបស់ស្តេចឡើយ។ ដោយសារជំនឿ ពេលលោកធំហើយ លោកមិនព្រមឲ្យគេហៅលោកថា ជាកូនរបស់បុត្រីផារ៉ោនទេ លោកស៊ូរងទុក្ខលំបាកជាមួយប្រជារាស្ត្ររបស់ព្រះ ជាជាងមានអំណរខាងអំពើបាប ដែលនៅតែមួយភ្លែត ។ លោកបានរាប់ពាក្យត្មះតិះដៀលដោយព្រោះព្រះគ្រីស្ទ ថាជាសម្បត្តិដែលប្រសើរជាងទ្រព្យសម្បិត្តដ៏វិសេសនៅស្រុកអេស៊ីព្ទទៅទៀត ដ្បិតលោកសម្លឹងទៅឯរង្វាន់ដែលនៅខាងមុខ។ ដោយសារជំនឿ លោកបានចាកចេញពីស្រុកអេស៊ីព្ទ ដោយមិនខ្លាចស្តេចខ្ញាល់ឡើយ ដ្បិតលោកសុខចិត្តស៊ូទ្រាំ ហាក់ដូចជាឃើញព្រះ ដែលមនុស្សពុំអាចមើលឃើញ។ ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យរំលង ហើយប្រោះឈាម ដើម្បីកុំឲ្យមេបំផ្លាញពួកកូនច្បង មកពាល់ពួកគេឡើយ។ ដោយសារជំនឿ ប្រជាជនបានឆ្លងកាត់សមុទ្រក្រហម ដូចជាដើរលើដីគោក តែកាលពួកសាសន៍អេស៊ីព្ទប៉ុនប៉ងឆ្លងដូចគេដែរ គេក៏ត្រូវទឹកលេបអស់ទៅ ។ ដោយសារជំនឿ កំផែងក្រុងយេរីខូរបានដួលរលំ ក្រោយពីពួកកូនចៅអ៊ីស្រាអែលបានដើរព័ទ្ធជុំវិញអស់ប្រាំពីរថ្ងៃ ។ ដោយសារជំនឿ នាងរ៉ាហាបជាស្ត្រីពេស្យា មិនបានវិនាសជាមួយពួកអ្នកមិនស្ដាប់បង្គាប់ឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព ។ តើខ្ញុំត្រូវនិយាយអ្វីទៀត? ដ្បិតគ្មានពេលនឹងថ្លែងប្រាប់ពីរឿងលោកគេឌាន លោកបារ៉ាក លោកសាំសុន លោកយែបថា ព្រះបាទដាវីឌ លោកសាំយូអែល និងពួកហោរាទេ ដោយសារជំនឿ អ្នកទាំងនោះបានច្បាំងឈ្នះនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលសេចក្ដីសន្យា បានបិទមាត់សិង្ហ បានពន្លត់ភ្លើងដែលឆេះពេញអំណាច បានគេចផុតពីមុខដាវ មានកម្លាំងនៅពេលកំពុងតែទន់ខ្សោយ ត្រឡប់ជាពូកែក្នុងចម្បាំង កម្ចាត់ពលទ័ពសាសន៍ដទៃ។ ស្ត្រីៗបានជួបមនុស្សរបស់ខ្លួនដែលស្លាប់ទៅហើយនោះឡើងវិញ ដោយបានរស់ពីស្លាប់។ ខ្លះត្រូវទទួលរងទារុណកម្ម មិនព្រមទទួលការដោះលែង ដើម្បីឲ្យគេបានរស់ឡើងវិញ ជាជីវិតមួយដែលប្រសើរជាង។ ខ្លះទៀតទទួលរងការចំអកឡកឡើយ ការវាយដំ ហើយថែមទាំងជាប់ច្រវាក់ និងជាប់ឃុំឃាំងទៀតផង។ ត្រូវគេចោលសម្លាប់នឹងដុំថ្ម ត្រូវគេអារផ្ដាច់ជាពីរ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវដើររសាត់អណ្ដែតទាំងស្លៀកស្បែកចៀម ស្បែកពពែ ត្រូវខ្វះខាតសព្វគ្រប់ ត្រូវគេសង្កត់សង្កិន ហើយធ្វើបាប។ គេដើររសាត់អណ្ដែតតាមទីរហោស្ថាន តាមភ្នំ តាមរអាង និងតាមរូងភ្នំ។ លោកីយ៍មិនស័ក្ដិសមនឹងអ្នកទាំងនោះទេ។ អ្នកទាំងអស់នោះ ទោះបើមានគេសរសើរ ដោយព្រោះជំនឿរបស់គេក៏ដោយ តែគេមិនបានទទួលអ្វីៗដែលព្រះបានសន្យានោះទេ ដោយព្រះបានផ្គត់ផ្គង់អ្វីមួយដែលប្រសើរជាងដល់យើង ដើម្បីឲ្យអ្នកទាំងនោះបានគ្រប់លក្ខណ៍រួមជាមួយយើងដែរ ។
ហេប្រឺ 11:1-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជំនឿធ្វើឲ្យយើងមានអ្វីៗដែលយើងសង្ឃឹមថានឹងបាន និងធ្វើឲ្យស្គាល់ជាក់ច្បាស់នូវអ្វីៗដែលយើងមើលពុំឃើញ។ ដូច្នេះ ព្រោះតែជំនឿហ្នឹងហើយបានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្តិ៍ឈ្មោះល្អ។ ដោយសារជំនឿ យើងយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញ មិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។ ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាមួយទៅព្រះជាម្ចាស់ ជាយញ្ញបូជាប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន។ ដោយសារជំនឿហ្នឹងហើយបានជាព្រះជាម្ចាស់ផ្ដល់សក្ខីភាពថា លោកជាមនុស្សសុចរិត។ ព្រះអង្គគាប់ព្រះហឫទ័យ នឹងតង្វាយរបស់លោក ហើយដោយសារជំនឿ ទោះបីលោកអេបិលស្លាប់បាត់ទៅហើយក្ដី ក៏លោកនៅតែមានប្រសាសន៍នៅឡើយ។ ដោយសារជំនឿ លោកហេណុកត្រូវព្រះជាម្ចាស់លើកឡើងទៅស្ថានបរមសុខ រួចផុតពីសេចក្ដីស្លាប់ ហើយគ្មាននរណារកលោកឃើញទៀតឡើយ ព្រោះព្រះអង្គបានលើកលោកឡើងទៅ។ មុនពេលព្រះអង្គលើកលោកឡើងទៅនោះ លោកបានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោក។ បើគ្មានជំនឿ គ្មាននរណាអាចគាប់ព្រះហឫទ័យព្រះអង្គបានឡើយ។ អ្នកចូលមកជិតព្រះជាម្ចាស់ត្រូវតែជឿថា ពិតជាមានព្រះជាម្ចាស់មែន ហើយជឿថាព្រះអង្គនឹងប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។ ដោយសារជំនឿ លោកណូអេបានទទួលដំណឹងពីព្រះជាម្ចាស់អំពីហេតុការណ៍ ដែលពុំទាន់ឃើញមាននៅឡើយ លោកក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺលោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដូច្នេះ ដោយសារជំនឿ លោកបានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។ ដោយសារជំនឿ លោកអប្រាហាំស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលបានត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែលលោកនឹងទទួលទុកជាមត៌ក។ លោកចេញដំណើរទៅ ទាំងពុំដឹងថាត្រូវទៅណាផង។ ដោយសារជំនឿ លោកបានមករស់នៅជាអាណិកជន ក្នុងស្រុក ដែលព្រះជាម្ចាស់បានសន្យាថានឹងប្រទានឲ្យ គឺលោកបានបោះជំរំនៅជាមួយលោកអ៊ីសាក និងលោកយ៉ាកុប ដែលត្រូវទទួលទឹកដីនោះជាមត៌ករួមជាមួយលោក តាមព្រះបន្ទូលសន្យាដដែល។ លោកអប្រាហាំទន្ទឹងរង់ចាំទទួលក្រុងមួយដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលព្រះជាម្ចាស់បានធ្វើគម្រោង និងសង់ឡើង។ ដោយសារជំនឿ លោកស្រីសារ៉ាអាចទទួលសមត្ថភាពនឹងមានកូនបន្ដពូជពង្សបាន ថ្វីដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថា បើព្រះជាម្ចាស់សន្យាយ៉ាងណា ព្រះអង្គមុខជាធ្វើតាមយ៉ាងនោះដែរ។ ហេតុនេះហើយបានជាមានមនុស្សច្រើន ឥតគណនា ដូចផ្កាយនៅលើមេឃ និងគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ កើតចេញមកពីមនុស្សតែម្នាក់ ដែលចាស់ជិតស្លាប់ទៅហើយនោះផង។ បុព្វបុរសទាំងនេះបានស្លាប់ទៅ ទាំងនៅមានជំនឿដដែល ពួកលោកឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែបានឃើញ និងអបអរទទួលពីចម្ងាយ ហើយប្រកាសទទួលស្គាល់ថា ពួកលោកគ្រាន់តែជាជនបរទេស ដែលធ្វើដំណើរ លើផែនដីនេះប៉ុណ្ណោះ។ អ្នកណានិយាយដូច្នេះបង្ហាញឲ្យឃើញច្បាស់ថា គេស្វែងរកមាតុភូមិមួយ។ ប្រសិនបើបុព្វបុរសទាំងនោះនឹកស្រុកដែលលោកបានចាកចេញមក លោកមុខជាមានឱកាសវិលត្រឡប់ទៅវិញពុំខាន។ តាមពិត ពួកលោកចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅស្ថានបរមសុខ*ឯណោះ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ មិនខ្មាសនឹងឲ្យគេហៅព្រះអង្គថា ជាព្រះរបស់បុព្វបុរសទាំងនោះឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយ សម្រាប់ពួកលោករួចទៅហើយ។ ដោយសារជំនឿ លោកអប្រាហាំបានយកអ៊ីសាកទៅថ្វាយជាយញ្ញបូជា នៅពេលព្រះជាម្ចាស់ល្បងលមើលចិត្តលោក។ លោកថ្វាយកូនតែមួយគត់របស់លោក ថ្វីដ្បិតតែលោកបានទទួលព្រះបន្ទូលសន្យា ហើយថ្វីដ្បិតតែព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកថា «អ៊ីសាកនឹងបន្ដពូជពង្សឲ្យអ្នក»ក៏ដោយ។ លោកយល់ឃើញថា ព្រះជាម្ចាស់មានឫទ្ធានុភាពអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបាន។ ហេតុនេះ លោកក៏បានទទួលកូនមកវិញ ដែលជានិមិត្តរូបមួយ។ ដោយសារជំនឿ លោកអ៊ីសាកបានឲ្យពរលោកយ៉ាកុប និងលោកអេសាវ ទុកសម្រាប់អនាគត។ ដោយសារជំនឿ ពេលលោកយ៉ាកុបហៀបនឹងទទួលមរណភាព លោកបានឲ្យពរដល់កូនៗរបស់លោកយ៉ូសែប ហើយលោកថ្វាយបង្គំព្រះជាម្ចាស់ ដោយបន្ទន់ខ្លួនលើឈើច្រត់។ ដោយសារជំនឿ ពេលលោកយ៉ូសែបជិតលាចាកលោកនេះទៅ លោកបានថ្លែងទុកថា កូនចៅអ៊ីស្រាអែលនឹងចាកចេញពីស្រុកអេស៊ីប ហើយលោកផ្ដាំគេឲ្យធ្វើយ៉ាងណាៗចំពោះធាតុរបស់លោក។ ដោយសារជំនឿ ពេលលោកម៉ូសេកើតមក ឪពុកម្ដាយបានលាក់លោកទុកចំនួនបីខែ ព្រោះឃើញទារកស្អាត ហើយគាត់មិនកោតខ្លាចបញ្ជារបស់ស្ដេចទេ។ ដោយសារជំនឿ លុះដល់ម៉ូសេធំពេញវ័យហើយ លោកមិនព្រមឲ្យគេហៅលោកថាជាកូនរបស់បុត្រីព្រះចៅផារ៉ោនទេ។ លោកសុខចិត្តស៊ូទ្រាំរងទុក្ខលំបាករួមជាមួយប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ជាជាងសប្បាយនឹងអំពើបាបតែមួយភ្លែត ។ លោកយល់ឃើញថា លោករងការប្រមាថមើលងាយដូចព្រះគ្រិស្ត ប្រសើរជាងបានទ្រព្យសម្បត្តិនានានៅស្រុកអេស៊ីប ដ្បិតលោកជាប់ចិត្តនឹងរង្វាន់ដែលនៅខាងមុខ។ ដោយសារជំនឿ លោកបានចាកចេញពីស្រុកអេស៊ីបឥតខ្លាចស្ដេចខ្ញាល់ឡើយ ដ្បិតលោកកាន់ចិត្តរឹងប៉ឹងហាក់បីដូចជាឃើញព្រះជាម្ចាស់ ដែលមនុស្សពុំអាចមើលឃើញ។ ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យចម្លង* និងប្រោះឈាម ដើម្បីកុំឲ្យមច្ចុរាជ បៀតបៀនកូនច្បងរបស់ជនជាតិអ៊ីស្រាអែលឡើយ។ ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលបានឆ្លងសមុទ្រក្រហមដូចដើរលើដីគោក រីឯជនជាតិអេស៊ីបដែលខំឆ្លងមកដែរ ត្រូវទឹកសមុទ្រគ្របពីលើ ស្លាប់អស់ទៅ។ ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលនាំគ្នាដើរជុំវិញក្រុងយេរីខូចំនួនប្រាំពីរថ្ងៃ ហើយកំពែងក្រុងក៏រលំអស់។ ដោយសារជំនឿ នាងរ៉ាហាប ជាស្ត្រីពេស្យា ពុំបានវិនាសអន្តរាយជាមួយពួកអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។ តើខ្ញុំអាចនិយាយអ្វីទៀត? ខ្ញុំគ្មានពេលនឹងនិយាយអំពីរឿងលោកគេឌាន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ព្រះបាទដាវីឌ លោកសាំយូអែល និងព្យាការីនានាទេ។ ដោយសារជំនឿ លោកទាំងនោះបានច្បាំងនឹងនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលអ្វីៗដែលព្រះជាម្ចាស់សន្យាប្រទានឲ្យ បានបិទមាត់សិង្ហ បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព។ ស្ត្រីៗបានឃើញក្រុមគ្រួសាររបស់ខ្លួនដែលស្លាប់ទៅហើយនោះ មានជីវិតរស់ឡើងវិញ។ អ្នកខ្លះសុខចិត្តឲ្យគេធ្វើទារុណកម្ម មិនព្រមឲ្យនរណាដោះលែងឡើយ ដើម្បីឲ្យបានជីវិតរស់ឡើងវិញដ៏ប្រសើរជាង។ អ្នកខ្លះទៀតសុខចិត្តឲ្យគេចំអកឡកឡឺយ ឲ្យគេវាយដំ ហើយថែមទាំងឲ្យគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផង។ អ្នកខ្លះត្រូវគេយកដុំថ្មគប់សម្លាប់ ត្រូវគេសម្លាប់ដោយអារនឹងរណារ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ មានតែស្បែកចៀម និងស្បែកពពែបិទបាំងខ្លួន ខ្វះខាតសព្វគ្រប់ទាំងអស់ ហើយត្រូវគេជិះជាន់សង្កត់សង្កិនធ្វើបាបថែមទៀតផង។ លោកីយ៍ពុំស័ក្ដិសមនឹងឲ្យអ្នកនោះរស់នៅជាមួយឡើយ ដូច្នេះ គេទៅរស់នៅតែលតោលតាមវាលរហោស្ថាន តាមភ្នំ តាមរូងភ្នំ និងតាមរអាងភ្នំ។ ទោះបីអ្នកទាំងនោះទទួលសក្ខីភាពល្អ ព្រោះតែជំនឿរបស់ខ្លួនក្ដី ក៏គេពុំបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាដែរ។ ដោយព្រះជាម្ចាស់គ្រោងទុកថានឹងប្រទានអ្វីៗដ៏ល្អប្រសើរមកយើង ព្រះអង្គពុំបានប្រោសអ្នកទាំងនោះឲ្យបានគ្រប់លក្ខណៈមុនយើងឡើយ។
ហេប្រឺ 11:1-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯសេចក្ដីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថា នឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ ព្រះទ្រង់បានធ្វើបន្ទាល់ពីមនុស្សចាស់បុរាណ ដោយព្រោះគេមានសេចក្ដីជំនឿនោះឯង យើងរាល់គ្នាក៏យល់ដោយសារសេចក្ដីជំនឿនោះថា លោកីយបានកើតមក ដោយសារបន្ទូលនៃព្រះ បានជារបស់ដែលមើលឃើញទាំងប៉ុន្មាន នោះមិនមែនកើតអំពីរបស់ដែលមើលឃើញទេ។ ដោយសារសេចក្ដីជំនឿ នោះអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងដង្វាយរបស់កាអ៊ីន ហើយមានសេចក្ដីបន្ទាល់ពីគាត់ ដោយព្រោះយញ្ញបូជានោះថា គាត់សុចរិត ទាំងមានព្រះធ្វើបន្ទាល់ពីដង្វាយគាត់ផង បានជាទោះបើគាត់ស្លាប់ក៏ដោយ គង់តែនៅមាននិយាយទៅទៀត ដោយសារដង្វាយនោះឯង។ ដោយសារសេចក្ដីជំនឿ នោះហេណុកបានឡើងទៅលើ មិនបានឃើញសេចក្ដីស្លាប់ឡើយ ហើយគេរកគាត់មិនឃើញទៀត ពីព្រោះព្រះបានយកគាត់ទៅ ដ្បិតកាលមុនដែលលើកយកគាត់ទៅ នោះមានសេចក្ដីបន្ទាល់ពីគាត់ថា ព្រះទ្រង់សព្វព្រះហឫទ័យនឹងគាត់ណាស់ តែបើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់។ ដោយសារសេចក្ដីជំនឿ នោះព្រះបានមានបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្ដីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក ហើយលោកបានកាត់ទោសលោកីយដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្ដីសុចរិត ដែលត្រូវខាងសេចក្ដីជំនឿ ទុកជាមរដកដែរ។ ដោយសារសេចក្ដីជំនឿ កាលព្រះបានហៅលោកអ័ប្រាហាំ នោះលោកក៏បានស្តាប់បង្គាប់ លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ ដោយសារសេចក្ដីជំនឿ នោះលោកបានស្នាក់នៅក្នុងស្រុក ដែលទ្រង់សន្យាឲ្យ ដូចជានៅប្រទេសដទៃ ក៏នៅតែក្នុងត្រសាល ជាមួយនឹងអ៊ីសាក ហើយនឹងយ៉ាកុប ជាអ្នកគ្រងសេចក្ដីសន្យាដដែល ទុកជាមរដកជាមួយគ្នា ពីព្រោះលោករង់ចាំក្រុង១ ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់។ ដោយសារសេចក្ដីជំនឿ នោះនាងសារ៉ាក៏ទទួលអំណាច ឲ្យមានគភ៌បង្កើតកូនបាន ហើយនាងបង្កើតកូនមក ក្នុងកាលដែលហួសអាយុហើយ ពីព្រោះនាងបានរាប់ព្រះដែលសន្យានោះ ទុកជាស្មោះត្រង់ ដូច្នេះ ក៏មានមនុស្ស១ហ្វូង ដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ដែលរាប់មិនចេះអស់ បានកើតមកអំពីមនុស្សតែម្នាក់ ដែលអ្នកនោះក៏ទុកដូចជាស្លាប់ហើយដែរ។ ពួកអ្នកទាំងនោះបានស្លាប់ក្នុងសេចក្ដីជំនឿ ឥតទទួលសេចក្ដីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចំងាយ ហើយក៏ទទួលគំនាប់ដែរ ទាំងយល់ព្រមថា ខ្លួនគេជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ ពួកអ្នកដែលនិយាយដូច្នោះ នោះសំដែងច្បាស់ថា គេជាអ្នករកស្រុកសំរាប់ខ្លួនគេពិត ហើយបើសិនជាគេរឭកស្រុក ដែលគេទើបនឹងចេញមកនោះ នោះគេនឹងមានឱកាសត្រឡប់ទៅវិញបាន តែឥឡូវនេះ គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ បានជាព្រះទ្រង់គ្មានសេចក្ដីខ្មាស ដោយគេហៅទ្រង់ជាព្រះនៃគេនោះឡើយ ដ្បិតទ្រង់បានរៀបចំទីក្រុង១ឲ្យគេហើយ។ ដោយសារសេចក្ដីជំនឿ នោះអ័ប្រាហាំបានថ្វាយអ៊ីសាក ក្នុងកាលដែលទ្រង់ល្បងលលោក គឺអ្នកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មាន លោកបានថ្វាយកូនលោកតែមួយ ដែលមានសេចក្ដីចែងទុកពីដំណើរកូននោះថា «ពូជឯងនឹងបានរាប់តាមអ៊ីសាក» លោកបានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូន ឲ្យរស់ពីស្លាប់ឡើងវិញបានផង ហើយលោកបានទទួលវាមកវិញមែន ធៀបដូចជារស់ពីស្លាប់ឡើងវិញ។ ដោយសារសេចក្ដីជំនឿ នោះអ៊ីសាកបានឲ្យពរដល់យ៉ាកុប នឹងអេសាវ ពីដំណើរការទៅខាងមុខ។ ដោយសារសេចក្ដីជំនឿ នោះយ៉ាកុបបានឲ្យពរដល់កូនយ៉ូសែបទាំង២ ហើយក៏ថ្វាយបង្គំព្រះ ទាំងច្រត់លើចុងឈើច្រត់ ក្នុងកាលដែលលោកហៀបនឹងស្លាប់។ ដោយសារសេចក្ដីជំនឿ នោះយ៉ូសែបបានប្រាប់ពីដំណើរពួកជនជាតិអ៊ីស្រាអែល ដើរចេញពីស្រុកអេស៊ីព្ទ ក៏ផ្តាំពីដំណើរសពរបស់ខ្លួន ក្នុងកាលដែលហៀបនឹងផុតដង្ហើមទៅផង។ ដោយសារសេចក្ដីជំនឿ កាលម៉ូសេបានកើតមក នោះឪពុកម្តាយបានលាក់លោកទុក៣ខែ ឥតមាននឹកខ្លាចដល់បញ្ញត្តរបស់ស្តេចឡើយ ពីព្រោះបានឃើញថាជាកូនថ្លោសល្អ ដោយសារសេចក្ដីជំនឿ លុះលោកធំហើយ នោះលោកមិនព្រមឲ្យគេហៅខ្លួន ជាកូនរបស់បុត្រីផារ៉ោនទេ លោកស៊ូរងទុក្ខលំបាកជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងមានសេចក្ដីអំណរខាងអំពើបាប ដែលនៅតែ១ភ្លែតនោះវិញ ដោយបានរាប់សេចក្ដីដំនៀលដែលគេតិះដៀលដល់ព្រះគ្រីស្ទ ទុកជាទ្រព្យសម្បត្តិប្រសើរជាងអស់ទាំងរបស់ថ្លៃវិសេសនៅស្រុកអេស៊ីព្ទ ដ្បិតលោកសំឡឹងចំទៅឯរង្វាន់វិញ ដោយសារសេចក្ដីជំនឿ នោះលោកក៏ចេញពីស្រុកអេស៊ីព្ទទៅ ឥតកោតខ្លាចដល់សេចក្ដីកំហឹងនៃស្តេចឡើយ ដ្បិតលោកបានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ ដោយសារសេចក្ដីជំនឿ នោះលោកបានធ្វើបុណ្យរំលង ទាំងរលាស់ឈាម ដើម្បីកុំឲ្យមេបំផ្លាញពួកកូនច្បង បានមកពាល់ដល់គេឡើយ។ ដោយសារសេចក្ដីជំនឿ នោះគេបានដើរកាត់សមុទ្រក្រហម ដូចជាដើរលើដីគោក តែកាលពួកសាសន៍អេស៊ីព្ទបានល្បងល នោះគេក៏ត្រូវលេបបាត់ទៅ ដោយសារសេចក្ដីជំនឿ លុះគេដើរព័ទ្ធជុំវិញក្រុងយេរីខូរ អស់៧ថ្ងៃហើយ នោះកំផែងទីក្រុងក៏រលំទៅ ដោយសារសេចក្ដីជំនឿ នោះនាងរ៉ាហាប ជាស្រីសំផឹង មិនបានវិនាសទៅ ជាមួយនឹងពួកអ្នករឹងចចេសឡើយ ពីព្រោះនាងបានទទួលពួកឈ្លបលប ដោយមេត្រីចិត្ត។ តើត្រូវឲ្យខ្ញុំនិយាយអ្វីទៀត ដ្បិតគ្មានពេលវេលានឹងថ្លែងប្រាប់រឿងពីគេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូអែល នឹងពួកហោរាទេ ដែលដោយសារសេចក្ដីជំនឿ នោះគេបានឈ្នះនគរដទៃ បានសំរេចការសុចរិត បានទទួលសេចក្ដីសន្យា បានបិទមាត់សិង្ហ បានពន្លត់អំណាចភ្លើង បានរួចពីមុខដាវ បានមានកំឡាំងក្នុងកាលដែលកំពុងតែខ្សោយ ក៏ត្រឡប់ជាពូកែក្នុងចំបាំង ទាំងកំចាត់ពលទ័ពសាសន៍ដទៃផង ពួកស្រីៗ បានទទួលមនុស្សស្លាប់របស់ខ្លួនមក ដោយរស់ពីស្លាប់ឡើងវិញ ខ្លះត្រូវគេធ្វើទុក្ខវេទនា ឥតទទួលការប្រោសលោះឲ្យរួចឡើយ គឺដើម្បីឲ្យបានរស់ឡើងវិញបែបប្រសើរជាង ខ្លះទៀតត្រូវសេចក្ដីល្បង ដោយមានគេចំអកឲ្យ ទាំងវាយនឹងរំពាត់ ក៏ទ្រាំទាំងជាប់ចំណង នឹងជាប់គុកផង ត្រូវគេចោលនឹងថ្ម ល្បួង ហើយអារបណ្តាច់ ក៏ត្រូវស្លាប់នឹងដាវ ត្រូវដើរវីមវាម ទាំងស្លៀកស្បែកចៀម នឹងស្បែកពពែ ត្រូវកំសត់ទុគ៌ត ត្រូវគេសង្កត់សង្កិន ហើយធ្វើបាប ក៏ដើរសាត់ព្រាត់នៅក្នុងទីរហោស្ថាន ហើយនៅទីភ្នំ ទាំងនៅក្នុងរអាង ហើយនឹងរូងក្នុងដី លោកីយមិនគួរនឹងពួកអ្នកទាំងនោះទេ ពួកអ្នកទាំងនោះ ទោះបើមានសេចក្ដីបន្ទាល់ពីគេថា គេមានសេចក្ដីជំនឿក៏ដោយ គង់តែគេមិនបានទទួលសេចក្ដី ដែលបានសន្យានោះទេ ដ្បិតព្រះបានផ្គត់ផ្គង់សេចក្ដីប្រសើរជាងសំរាប់យើងរាល់គ្នា ដើម្បីមិនឲ្យអ្នកទាំងនោះបានគ្រប់លក្ខណ៍ ក្រៅពីយើងឡើយ។