អេសាយ 61:1-3
អេសាយ 61:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ និងពីថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹក ហើយឲ្យកម្សាន្តចិត្តនៃអស់អ្នកណាដែលសោយសោក ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
អេសាយ 61:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះវិញ្ញាណរបស់ព្រះជាអម្ចាស់ សណ្ឋិតលើខ្ញុំ ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំឃាំងថា ពួកគេនឹងមានសេរីភាព ព្រមទាំងប្រកាសពីឆ្នាំដែលព្រះអម្ចាស់សម្តែង ព្រះហឫទ័យមេត្តាករុណា និងពីថ្ងៃកំណត់ដែលព្រះរបស់យើង ដាក់ទោសមនុស្សអាក្រក់ ហើយសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសម្តែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃព្រះដ៏សុចរិត ជាសួនឧទ្យានរបស់ព្រះអម្ចាស់ ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ព្រះអង្គ។
អេសាយ 61:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង នឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង ព្រមទាំងប្រកាសប្រាប់ពីឆ្នាំដែលព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ នឹងពីថ្ងៃ ដែលព្រះនៃយើងខ្ញុំនឹងសងសឹកផង ហើយឲ្យកំសាន្តចិត្តនៃអស់អ្នកណាដែលសោយសោក នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលំអជំនួសផេះ ហើយប្រេងនៃសេចក្ដីអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យទ្រង់បានថ្កើងឡើង។