យ៉ាកុប 2:14-26
យ៉ាកុប 2:14-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនខ្ញុំអើយ បើអ្នកណាពោលថាខ្លួនមានជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី? តើជំនឿបែបនោះអាចសង្គ្រោះអ្នកនោះបានឬ? ប្រសិនបើមានបងប្អូនប្រុសស្រីណាម្នាក់នៅអាក្រាត ហើយខ្វះអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាពោលទៅអ្នកនោះថា «សូមអញ្ជើញទៅឲ្យបានសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឲ្យបានឆ្អែតចុះ!» តែមិនឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបកាយនោះសោះ នោះតើមានប្រយោជន៍អ្វី? រីឯជំនឿវិញក៏ដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះឈ្មោះថាស្លាប់ហើយ។ ប៉ុន្តែ អ្នកខ្លះនឹងពោលថា៖ «អ្នកឯងមានជំនឿ រីឯខ្ញុំវិញមានការប្រព្រឹត្ត» ដូច្នេះ ចូរអ្នកបង្ហាញជំនឿរបស់អ្នក ដោយឥតមានការប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញជំនឿរបស់ខ្ញុំ ដោយសារការប្រព្រឹត្តរបស់ខ្ញុំដែរ។ អ្នកជឿថាមានព្រះតែមួយ នោះត្រូវហើយ សូម្បីតែពួកអារក្សក៏ជឿដូច្នេះដែរ ព្រមទាំងព្រឺខ្លាចទៀតផង។ ឱមនុស្សកម្លៅអើយ តើអ្នកចង់ឲ្យខ្ញុំបង្ហាញថា ជំនឿដែលគ្មានការប្រព្រឹត្ត នោះឥតប្រយោជន៍ឬទេ? ចុះលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង តើមិនបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត នៅពេលលោកបានថ្វាយអ៊ីសាកជាកូន នៅលើអាសនាទេឬ? អ្នកឃើញហើយថា ជំនឿបានរួមជាមួយអំពើដែលលោកប្រព្រឹត្ត ហើយអំពើដែលលោកប្រព្រឹត្ត ធ្វើឲ្យជំនឿបានគ្រប់លក្ខណ៍។ យ៉ាងនោះក៏សម្រេចតាមបទគម្ពីរដែលចែងថា៖ «លោកអ័ប្រាហាំបានជឿដល់ព្រះ ហើយព្រះអង្គបានរាប់សេចក្តីនោះជាសុចរិតដល់លោក» ដូច្នេះ ព្រះក៏ហៅលោកថាជាមិត្តសម្លាញ់របស់ព្រះអង្គ។ អ្នករាល់គ្នាឃើញហើយថា មនុស្សបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត មិនមែនដោយសារតែជំនឿប៉ុណ្ណោះទេ។ នាងរ៉ាហាប ជាស្ត្រីពេស្យា ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តទេឬ? គឺនៅពេលដែលនាងទទួលពួកអ្នកនាំសារ ហើយឲ្យគេចេញទៅវិញតាមផ្លូវមួយផ្សេងទៀត។ ដ្បិតដូចជារូបកាយដែលគ្មានវិញ្ញាណ ជារូបកាយដែលស្លាប់យ៉ាងណា នោះជំនឿដែលគ្មានការប្រព្រឹត្ត ក៏ស្លាប់យ៉ាងនោះដែរ។
យ៉ាកុប 2:14-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ប្រសិនបើមានម្នាក់ពោលថាខ្លួនមានជំនឿ តែមិនប្រព្រឹត្តអំពើល្អទេ តើមានប្រយោជន៍អ្វី? តើជំនឿនេះអាចធ្វើឲ្យគេទទួលការសង្គ្រោះបានឬ? ប្រសិនបើបងប្អូនប្រុស ឬស្រីណាម្នាក់ គ្មានសម្លៀកបំពាក់បិទបាំងខ្លួន និងគ្មានម្ហូបអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ក្នុងចំណោមបងប្អូនពោលទៅគាត់ថា «សូមអញ្ជើញទៅដោយសុខសាន្ត សូមឲ្យបានក្ដៅស្រួល សូមបរិភោគឲ្យឆ្អែត!» តែមិនឲ្យអ្វីៗដែលគេត្រូវការ តើពាក្យទាំងនេះមានប្រយោជន៍អ្វី? រីឯជំនឿវិញក៏ដូច្នោះដែរ ប្រសិនបើគ្មានការប្រព្រឹត្តអំពើល្អទេ ជំនឿនោះស្លាប់តែម្ដង!។ ប្រសិនបើមានម្នាក់ពោលថា: អ្នកឯងមានជំនឿ រីឯខ្ញុំ ខ្ញុំប្រព្រឹត្តអំពើល្អ។ សូមបង្ហាញជំនឿរបស់អ្នកដែលឥតមានការប្រព្រឹត្តអំពើល្អឲ្យខ្ញុំមើលមើល៍ នោះខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញជំនឿរបស់ខ្ញុំ ដោយអំពើល្អដែលខ្ញុំបានប្រព្រឹត្ត។ អ្នកជឿថាព្រះជាម្ចាស់មានតែមួយព្រះអង្គ ត្រឹមត្រូវហើយ ក៏ប៉ុន្តែ ពួកអារក្សក៏ជឿដូច្នេះដែរ ហើយថែមទាំងភ័យញាប់ញ័រទៀតផង។ ឱមនុស្សឥតប្រាជ្ញាអើយ! ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ ជាជំនឿឥតបានការអ្វីទាំងអស់ តើអ្នកចង់យល់ទេ! លោកអប្រាហាំជាបុព្វបុរសរបស់យើងបានសុចរិត ដោយសារអំពើដែលលោកប្រព្រឹត្ត គឺលោកបានយកអ៊ីសាកជាកូនទៅដាក់នៅលើអាសនៈ ដើម្បីថ្វាយជាយញ្ញបូជា។ អ្នកឃើញទេ ជំនឿរបស់លោកបានរួមជាមួយអំពើដែលលោកប្រព្រឹត្ត ហើយអំពើដែលលោកប្រព្រឹត្ត ធ្វើឲ្យជំនឿបានពេញលក្ខណៈ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យសុចរិត* ដោយយល់ដល់ជំនឿនេះ» លោកក៏មានឈ្មោះថាជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ដែរ។ ដូច្នេះ បងប្អូនឃើញថា ព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិត ដោយសារអំពើល្អដែលគេប្រព្រឹត្ត គឺមិនត្រឹមតែដោយសារជំនឿប៉ុណ្ណោះទេ។ នាងរ៉ាហាបជាស្ត្រីពេស្យាក៏បានសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តដែរ ព្រោះនាងបានទទួលពួកអ្នកនាំសារ ឲ្យស្នាក់នៅ ហើយឲ្យគេចាកចេញទៅវិញ តាមផ្លូវមួយផ្សេងទៀត។ រូបកាយដែលគ្មានវិញ្ញាណ ជារូបកាយស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ ក៏ជាជំនឿស្លាប់យ៉ាងនោះដែរ។
យ៉ាកុប 2:14-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ បើអ្នកណាថាខ្លួនមានសេចក្ដីជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី តើសេចក្ដីជំនឿអាចនឹងជួយសង្គ្រោះអ្នកនោះបានដែរឬ ចុះបើមានបងប្អូនប្រុសស្រីណានៅអាក្រាត ព្រមទាំងខ្វះអាហារបរិភោគរាល់តែថ្ងៃ ហើយអ្នករាល់គ្នាណាមួយនិយាយទៅអ្នកនោះថា អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឆ្អែតចុះ តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី ឯសេចក្ដីជំនឿក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់នៅតែឯង តែអ្នកខ្លះនឹងនិយាយថា អ្នកមានសេចក្ដីជំនឿ ហើយខ្ញុំមានការប្រព្រឹត្ត ដូច្នេះ ចូរអ្នកបង្ហាញសេចក្ដីជំនឿរបស់អ្នក ក្រៅពីការដែលអ្នកប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញសេចក្ដីជំនឿខ្ញុំ ដោយសារការដែលខ្ញុំប្រព្រឹត្តដែរ អ្នកជឿថា មានព្រះតែ១ នោះត្រូវហើយ ទោះទាំងពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ ឱមនុស្សកំឡៅអើយ អ្នកចង់ដឹងពិតឬទេថា សេចក្ដីជំនឿដែលឥតមានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ចុះលោកអ័ប្រាហាំ ជាឰយុកោយើង តើមិនបានរាប់ជាសុចរិត ដោយការលោកប្រព្រឹត្ត ក្នុងកាលដែលលោកបានថ្វាយអ៊ីសាក ជាកូនលោក នៅលើអាសនាទេឬអី ដូច្នេះ អ្នកឃើញថា សេចក្ដីជំនឿបានរួមជាមួយនឹងការដែលលោកប្រព្រឹត្ត ហើយសេចក្ដីជំនឿបានគ្រប់លក្ខណ៍ ដោយសារការនោះឯង នោះទើបបានសំរេចបទគម្ពីរ ដែលថា «អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក» ព្រះក៏ហៅលោកជាសំឡាញ់របស់ទ្រង់ដែរ ដូច្នេះ អ្នករាល់គ្នាឃើញថា មនុស្សបានរាប់ជាសុចរិត មិនមែនដោយសារតែសេចក្ដីជំនឿប៉ុណ្ណោះទេ គឺដោយសារការប្រព្រឹត្តដែរ ឯនាងរ៉ាហាប ជាស្រីសំផឹង ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារការនាងប្រព្រឹត្តទេឬអី គឺក្នុងកាលដែលនាងទទួលពួកអ្នក ដែលគេចាត់មកនោះ ហើយនាងបានឲ្យគេចេញទៅវិញតាមផ្លូវ១ទៀត ពីព្រោះសេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ប្រៀបដូចជារូបកាយ បើឥតមានព្រលឹងវិញ្ញាណទេ នោះក៏ស្លាប់ហើយដែរ។