ចៅហ្វាយ 10:3-18
ចៅហ្វាយ 10:3-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយពីថូឡាមក មានយ៉ាអ៊ារ ជាពួកកាឡាត បានងើបឡើង លោកបានគ្រប់គ្រងលើពួកអ៊ីស្រាអែល អស់រយៈពេលម្ភៃពីរឆ្នាំ។ លោកមានកូនប្រុសសាមសិបនាក់ ដែលមានកូនលាមួយម្នាក់សម្រាប់ជិះ ហើយពួកគេមានទីក្រុងសាមសិប ដែលហៅថា ហាវ៉ុត-យ៉ាអ៊ារ រហូតដល់សព្វថ្ងៃ ក្រុងទាំងនោះនៅក្នុងស្រុកកាឡាត។ បន្ទាប់មក យ៉ាអ៊ារក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅក្រុងកាម៉ូន។ គ្រានោះ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត គេបានគោរពប្រតិបត្តិដល់ព្រះបាល និងព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់សាសន៍ស៊ីរី ព្រះរបស់សាសន៍ស៊ីដូន ព្រះរបស់សាសន៍ម៉ូអាប់ ព្រះរបស់ពួកអាំម៉ូន និងព្រះរបស់ពួកភីលីស្ទីនទៀតផង។ គេបានបោះបង់ចោលព្រះយេហូវ៉ា ហើយមិនបានគោរពប្រតិបត្តិដល់ព្រះអង្គទៀតឡើយ។ ដូច្នេះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា ក៏ឆួលឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយព្រះអង្គលក់គេទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន និងទៅក្នុងកណ្ដាប់នៃរបស់ពួកអាំម៉ូន ពួកសាសន៍ទាំងនោះក៏ធ្វើបាប ហើយសង្កត់សង្កិនប្រជាជនអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុករបស់ពួកអាម៉ូរី គឺស្រុកកាឡាត ចាប់ពីឆ្នាំនោះ រហូតអស់រយៈពេលដប់ប្រាំបីឆ្នាំ។ ពួកអាំម៉ូនបានឆ្លងទន្លេយ័រដាន់ ទៅច្បាំងនឹងពួកយូដា ពួកបេនយ៉ាមីន និងពួកវង្សអេប្រាអិមថែមទៀត ដល់ម៉្លេះបានជាពួកអ៊ីស្រាអែលមានសេចក្ដីវេទនាជាខ្លាំង។ ដូច្នេះ ប្រជាជនអ៊ីស្រាអែលក៏ស្រែកអំពាវនាវរកព្រះយេហូវ៉ាថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាបនឹងព្រះអង្គហើយ ព្រោះយើងខ្ញុំបានបោះបង់ចោលព្រះនៃយើងខ្ញុំ ហើយទៅគោរពប្រតិបត្តិដល់ព្រះបាល»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ប្រជាជនអ៊ីស្រាអែលថា៖ «តើយើងមិនបានសង្គ្រោះអ្នករាល់គ្នា ឲ្យរួចពីពួកអេស៊ីព្ទ និងពួកអាម៉ូរី ពីពួកអាំម៉ូន និងពីពួកភីលីស្ទីនទេឬ? មួយទៀត ពួកស៊ីដូន ពួកអាម៉ាឡេក និងពួកម៉ាអូន ក៏បានសង្កត់សង្កិនអ្នករាល់គ្នាដែរ តែកាលអ្នករាល់គ្នាបានស្រែកអំពាវនាវរកយើង នោះយើងក៏បានសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់គេដែរ។ ប៉ុន្តែ អ្នករាល់គ្នាបានបោះបង់ចោលយើង ទៅគោរពប្រតិបត្តិដល់ព្រះដទៃ ដូច្នេះ យើងនឹងមិនសង្គ្រោះអ្នករាល់គ្នាទៀតឡើយ។ ចូរទៅហៅរកព្រះទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានជ្រើសរើសនោះទៅ ទុកឲ្យព្រះទាំងនោះសង្គ្រោះអ្នករាល់គ្នា ក្នុងពេលដែលអ្នករាល់គ្នាមានសេចក្ដីវេទនានេះទៅ!»។ ប៉ុន្ដែ ប្រជាជនអ៊ីស្រាអែលទូលទៅព្រះយេហូវ៉ាថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាបហើយ សូមប្រព្រឹត្តនឹងយើងខ្ញុំតាមតែព្រះហឫទ័យរបស់ព្រះអង្គចុះ តែសូមព្រះអង្គមេត្តារំដោះយើងខ្ញុំឲ្យរួចនៅថ្ងៃនេះផង!»។ ដូច្នេះ គេយកព្រះនានារបស់សាសន៍ដទៃ ចេញពីក្នុងចំណោមពួកគេ ហើយនាំគ្នាមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាវិញ ព្រះអង្គក៏មានព្រះហឫទ័យរំជួល ដោយឃើញសេចក្ដីវេទនារបស់ពួកអ៊ីស្រាអែល។ គ្រានោះ ពួកអាំម៉ូនបានមូលផ្ដុំគ្នា ហើយបោះទ័ពនៅស្រុកកាឡាត ឯប្រជាជនអ៊ីស្រាអែលក៏ប្រមូលផ្ដុំគ្នា ហើយបោះទ័ពនៅមីសប៉ាដែរ។ ប្រជាជន និងមេដឹកនាំរបស់ពួកកាឡាត សួរគ្នាទៅវិញទៅមកថា៖ «តើអ្នកណាហ៊ាននាំមុខច្បាំងនឹងពួកអាំម៉ូនមុនគេ? អ្នកណាហ៊ាន អ្នកនោះនឹងធ្វើជាមេដឹកនាំលើប្រជាជនកាឡាតទាំងមូល»។
ចៅហ្វាយ 10:3-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពេលលោកថូឡាទទួលមរណភាពទៅ លោកយ៉ាអៀរ ជាអ្នកស្រុកកាឡាដ បានងើបឡើងគ្រប់គ្រងលើស្រុកអ៊ីស្រាអែលអស់រយៈពេលម្ភៃពីរឆ្នាំ។ លោកមានកូនប្រុសសាមសិបនាក់ ដែលមានលាសាមសិបជាជំនិះ និងគ្រប់គ្រងលើក្រុងសាមសិបនៅតំបន់កាឡាដ ដែលមានឈ្មោះថាបុរីយ៉ាអៀរ រហូតដល់សព្វថ្ងៃ។ បន្ទាប់មក លោកយ៉ាអៀរក៏ទទួលមរណភាព គេបញ្ចុះសពរបស់លោកនៅក្រុងកាម៉ូន។ គ្រានោះ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មី ដោយនាំគ្នាគោរពបម្រើព្រះបាល ព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់ជនជាតិស៊ីរី ព្រះរបស់ជនជាតិស៊ីដូន ព្រះរបស់ជនជាតិម៉ូអាប់ ព្រះរបស់ជនជាតិអាំម៉ូន និងព្រះរបស់ជនជាតិភីលីស្ទីនទៀតផង។ គេបោះបង់ចោលព្រះអម្ចាស់ ហើយមិនគោរពថ្វាយបង្គំព្រះអង្គទៀតឡើយ។ ដូច្នេះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធជាមួយជនជាតិអ៊ីស្រាអែល ហើយប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងជនជាតិអាំម៉ូន។ ចាប់តាំងពីឆ្នាំនោះមក រហូតអស់រយៈពេលដប់ប្រាំបីឆ្នាំ ជនជាតិទាំងពីរបានសង្កត់សង្កិន និងធ្វើបាបជនជាតិអ៊ីស្រាអែលដែលរស់នៅស្រុកកាឡាដ ក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ខាងកើតទន្លេយ័រដាន់។ រីឯជនជាតិអាំម៉ូនក៏បានឆ្លងទន្លេយ័រដាន់ មកវាយកុលសម្ព័ន្ធយូដា បេនយ៉ាមីន និងអេប្រាអ៊ីមដែរ ធ្វើឲ្យជនជាតិអ៊ីស្រាអែលរងទុក្ខលំបាកយ៉ាងខ្លាំង។ ដូច្នេះ ជនជាតិអ៊ីស្រាអែលនាំគ្នាស្រែកអង្វរព្រះអម្ចាស់ ដោយពោលថា៖ «យើងខ្ញុំប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ ដ្បិតយើងខ្ញុំបានបោះបង់ចោលព្រះអង្គដែលជាព្រះនៃយើងខ្ញុំ ទៅគោរពបម្រើព្រះបាល»។ ព្រះអម្ចាស់មានព្រះបន្ទូលតបមកជនជាតិអ៊ីស្រាអែលវិញថា៖ «ពេលជនជាតិអេស៊ីប ជនជាតិអាម៉ូរី ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន ជនជាតិស៊ីដូន ជនជាតិអាម៉ាឡេក និងជនជាតិម៉ាអូន បានជិះជាន់សង្កត់សង្កិនអ្នករាល់គ្នា នោះអ្នករាល់គ្នាស្រែកអង្វរយើង តើយើងមិនបានសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃគេទេឬអី? ប៉ុន្តែ ដោយអ្នករាល់គ្នាបានបោះបង់ចោលយើង ទៅគោរពបម្រើព្រះផ្សេងៗទៀត យើងនឹងមិនសង្គ្រោះអ្នករាល់គ្នាទៀតឡើយ។ ដូច្នេះ ចូរនាំគ្នាហៅរកព្រះ ដែលអ្នករាល់គ្នាបានជ្រើសរើសនោះឲ្យជួយទៅ! ឲ្យព្រះទាំងនោះសង្គ្រោះអ្នករាល់គ្នាក្នុងពេលមានទុក្ខលំបាកនេះទៅ!»។ ជនជាតិអ៊ីស្រាអែលទូលព្រះអង្គវិញថា៖ «ឱព្រះអម្ចាស់អើយ យើងខ្ញុំធ្វើខុសហើយ សូមដាក់ទោសយើងខ្ញុំ តាមព្រះហឫទ័យរបស់ព្រះអង្គចុះ តែថ្ងៃនេះ សូមទ្រង់មេត្តារំដោះយើងខ្ញុំផង!»។ ពួកគេយកព្រះនានារបស់សាសន៍ដទៃចេញពីក្នុងចំណោមពួកគេ ហើយនាំគ្នាគោរពបម្រើព្រះអម្ចាស់វិញ ធ្វើឲ្យព្រះអង្គរំជួលព្រះហឫទ័យ ដោយឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រាអែល។ គ្រានោះ ជនជាតិអាំម៉ូនប្រមូលផ្ដុំគ្នា បោះទ័ពនៅស្រុកកាឡាដ ហើយជនជាតិអ៊ីស្រាអែលក៏ប្រមូលគ្នាបោះទ័ពនៅមីសប៉ាដែរ។ ប្រជាជននៅស្រុកកាឡាដ ព្រមទាំងអ្នកដឹកនាំរបស់ពួកគេពិភាក្សាគ្នាទៅវិញទៅមក ហើយសម្រេចថា អ្នកណាហ៊ានប្រយុទ្ធតទល់នឹងជនជាតិអាំម៉ូនមុនគេ អ្នកនោះនឹងធ្វើជាមេដឹកនាំលើប្រជាជនកាឡាដទាំងមូល។
ចៅហ្វាយ 10:3-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយពីនោះមកមានយ៉ាអ៊ារ ជាពួកកាឡាត បានតាំងឡើង លោកបានគ្រប់គ្រងលើពួកអ៊ីស្រាអែល អស់២២ឆ្នាំ លោកមានកូនប្រុស៣០នាក់ ដែលមានកូនលា១ម្នាក់សំរាប់ជិះ គេក៏មានទីក្រុង៣០ដែលហៅថា ហាវ៉ុត-យ៉ាអ៊ារ ដរាបដល់សព្វថ្ងៃនេះ ក្រុងទាំងនោះនៅស្រុកកាឡាត ឯយ៉ាអ៊ារក៏ស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់កាម៉ូន។ គ្រានោះ ពួកកូនចៅអ៊ីស្រាអែលក៏ប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត គេបានគោរពប្រតិបត្តិដល់អស់ទាំងព្រះបាល ហើយនឹងព្រះអាសថារ៉ូត ព្រមទាំងព្រះរបស់សាសន៍ស៊ីរី សាសន៍ស៊ីដូន សាសន៍ម៉ូអាប់ សាសន៍អាំម៉ូន នឹងសាសន៍ភីលីស្ទីនផង គេបោះបង់ព្រះយេហូវ៉ាចោល ក៏លែងគោរពប្រតិបត្តិដល់ទ្រង់ទៅ នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់លក់គេទៅក្នុងកណ្តាប់ដៃពួកភីលីស្ទីន នឹងពួកកូនចៅអាំម៉ូន ពួកទាំងនោះក៏ធ្វើទុក្ខ ហើយសង្កត់សង្កិនពួកកូនចៅអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុករបស់ពួកសាសន៍អាម៉ូរី គឺជាស្រុកកាឡាត ចាប់តាំងពីឆ្នាំនោះ រហូតដល់អស់១៨ឆ្នាំតទៅមុខ រួចពួកកូនចៅអាំម៉ូនក៏ឆ្លងទន្លេយ័រដាន់ ទៅច្បាំងនឹងពួកយូដា ពួកបេនយ៉ាមីន នឹងពួកវង្សអេប្រាអិមថែមទៀត បានជាពួកអ៊ីស្រាអែលមានសេចក្ដីវេទនាជាខ្លាំង។ គ្រានោះ ពួកកូនចៅអ៊ីស្រាអែលក៏អំពាវនាវដល់ព្រះយេហូវ៉ាថា យើងខ្ញុំរាល់គ្នាបានធ្វើបាបនឹងទ្រង់ហើយ គឺយើងខ្ញុំបានលះចោលព្រះនៃយើងខ្ញុំ ទៅគោរពប្រតិបត្តិដល់អស់ទាំងព្រះបាលវិញ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលតបទៅពួកកូនចៅអ៊ីស្រាអែលថា តើអញមិនបានជួយឯងរាល់គ្នា ឲ្យរួចពីពួកសាសន៍អេស៊ីព្ទ សាសន៍អាម៉ូរី នឹងពួកកូនចៅអាំម៉ូន ហើយនឹងសាសន៍ភីលីស្ទីនទេឬអី មួយទៀត ពួកសាសន៍ស៊ីដូន សាសន៍អាម៉ាលេក នឹងពួកម៉ាអូន បានធ្វើទុក្ខដល់ឯងរាល់គ្នាដែរ តែកាលឯងរាល់គ្នាបានអំពាវនាវដល់អញ នោះអញបានជួយសង្គ្រោះឯងឲ្យរួចពីកណ្តាប់ដៃរបស់គេទៅ ប៉ុន្តែ ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ដូច្នេះ អញមិនជួយសង្គ្រោះឯងរាល់គ្នាទៀតឡើយ ចូរទៅអំពាវនាវដល់ព្រះទាំងប៉ុន្មាន ដែលឯងរាល់គ្នាបានរើសនោះវិញ ត្រូវឲ្យព្រះទាំងនោះជួយសង្គ្រោះឯងក្នុងវេលាដែលមានសេចក្ដីវេទនាចុះ តែពួកកូនចៅអ៊ីស្រាអែលទូលតបនឹងព្រះយេហូវ៉ាថា យើងខ្ញុំរាល់គ្នាមានបាបហើយ ដូច្នេះសូមប្រព្រឹត្តនឹងយើងខ្ញុំ តាមតែទ្រង់សព្វព្រះហឫទ័យចុះ សូមតែជួយយើងខ្ញុំឲ្យរួចនៅថ្ងៃនេះកុំខាន រួចគេយកអស់ទាំងព្រះដទៃរបស់គេចោលចេញ ក៏បែរមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាវិញ ទ្រង់ក៏មានសេចក្ដីរំជួល ដោយព្រោះសេចក្ដីវេទនានៃពួកអ៊ីស្រាអែល។ គ្រានោះ ពួកកូនចៅអាំម៉ូន គេមូលគ្នាទៅបោះទ័ពនៅស្រុកកាឡាត ឯពួកកូនចៅអ៊ីស្រាអែលក៏មូលគ្នាទៅបោះទ័ពនៅមីសប៉ា នោះពួកបណ្តាជន នឹងពួកអ្នកជាកំពូលរបស់ពួកកាឡាត គេសួរគ្នាទៅវិញទៅមកថា តើអ្នកណាហ៊ានចាប់ផ្តើមច្បាំងនឹងពួកកូនចៅអាំម៉ូន អ្នកណាដែលហ៊ាន នោះនឹងបានធ្វើជាមេលើពួកមនុស្សនៅស្រុកកាឡាតទាំងអស់។