យេរេមា 25:15-38

យេរេមា 25:15-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា៖ ចូរ​យក​ពែង​ស្រា ជា​សេចក្ដី​ឃោរ‌ឃៅ​ពី​ដៃ​យើង ទៅ​បង្អក​សាសន៍​ទាំង​ប៉ុន្មាន​ដែល​យើង​ចាត់​អ្នក​ឲ្យ​ទៅ​នោះ​ចុះ។ គេ​នឹង​ផឹក ហើយ​ដើរ​វិល​វល់​ទៅ​មក ទៅ​ជា​ឆ្កួត​ដោយ​ព្រោះ​ដាវ ដែល​យើង​នឹង​ចាត់​ទៅ​កណ្ដាល​ពួក​គេ។ ដូច្នេះ ខ្ញុំ​ក៏​យក​ពែង​នោះ​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ទៅ​បង្អក​សាសន៍​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ គឺ​ក្រុង​យេរូ‌សាឡិម និង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្ដេច និង​ពួក​ចៅ‌ហ្វាយ​របស់​គេ​ផង ដើម្បី​ឲ្យ​គេ​ទៅ​ជា​ទី​ខូច‌បង់ ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​ជា​ទី​ផ្ដាសា​ដូច​ជា​សព្វ​ថ្ងៃ​នេះ ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ពួក​មហាតលិក ពួក​ចៅ‌ហ្វាយ និង​ប្រជា​ជន​ទាំង​អស់​របស់​ស្ដេច ហើយ​កុលសម្ព័ននានា​ទាំង​អស់​ក្នុង​ចំណោម​ពួក​គេ ស្តេច​ទាំងអស់​នៅ​ស្រុក​អ៊ូស និង​ស្តេច​ទាំង​អស់​នៅ​ស្រុក​ភីលី‌ស្ទីន (គឺ​ក្រុង​អាស‌កា‌ឡូន ក្រុង​កាសា ក្រុង​អេក្រុន និង​សំណល់​នៃ​ក្រុង​អាសដូឌ) សាសន៍​អេដុម សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន ស្តេចទាំង​អស់​នៅ​ក្រុង​ទីរ៉ុស ស្តេច​នៅ​ក្រុង​ស៊ីដូន និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​កោះ​ខាង​នាយ​សមុទ្រ ពួក​ដេដាន់ ពួក​ថេម៉ា និង​ពួក​ប៊ូស ហើយ​អស់​ពួក​អ្នក​ដែល​កាត់​ជ្រុង​ពុក​ចង្កា ស្តេច​ទាំង​អស់​នៅ​ស្រុក​អារ៉ាប់ និង​អស់​ទាំង​ស្តេច​នៃ​កុលសម្ព័ន្ធ​នានា ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន ពួក​ស្តេច​ស៊ីមរី ស្តេច​អេឡាំ និង​អស់​ទាំង​ស្តេច​សាសន៍​មេឌី ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ខាង​ជើង ទាំង​ជិត​ទាំង​ឆ្ងាយ​ជា‌មួយ​គ្នា ព្រម​ទាំង​នគរ​ទាំង​អស់​នៅ​ក្នុង​លោកីយ៍ ដែល​នៅ​លើ​ផែនដី​ផង បន្ទាប់​មក ស្តេច​សេសាក នឹង​ត្រូវ​ផឹក​ក្រោយ​គេ​បង្អស់។ អ្នក​ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ផឹក​ចុះ ហើយ​ឲ្យ​ស្រវឹងទៅ ចូរ​ក្អួត​ចេញ ហើយ​ដួល​ចុះ ឥត​ក្រោក​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ដាវ​ដែល​យើង​នឹង​ចាត់​ទៅ​កណ្ដាល​ពួក​អ្នក​រាល់​គ្នា។ បើ​កាល​ណា​គេ​មិន​ព្រម​ផឹក​ពី​ពែង​នៅ​ដៃ​អ្នក​ទេ នោះ​អ្នក​ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ផឹក! ដ្បិត​មើល៍! យើង​ចាប់​ផ្ដើម​ធ្វើ​ទោស​ដល់​ទី​ក្រុង ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​រួច​ខ្លួន​ឥត​មាន​ទោស​សោះ​បាន​ឬ? យើង​នឹង​ហៅ​ឲ្យ​មាន​ដាវ​មក​លើ​មនុស្ស​គ្នា​នៅ​ផែនដី នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ដូច្នេះ ចូរ​ថ្លែងទំនាយ​តាម​ពាក្យ​ទាំង​នេះ​ទាស់​នឹង​គេ ហើយ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​នឹង​គ្រហឹម​ពី​ខាង​លើ ហើយ​បព្ចោញ​ព្រះ‌សូរ‌សៀង ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​គ្រហឹម​ជា​ខ្លាំង​ក្រៃ‌លែង​ទាស់​នឹង​ក្រោល​ព្រះ‌អង្គ ក៏​ស្រែក​ឡើង​ទាស់​នឹង​ពួក​អ្នក​នៅ​ផែនដី​ទាំង​អស់ ដូច​ជា​សម្រែក​នៃ​ពួក​អ្នក​ដែល​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ ព្រះ​សូរ​សៀង​នឹង​ឮ​រហូត​ដល់​ចុង​បំផុត​ផែនដី ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ការណ៍​ទាស់​ទទឹង នឹង​សាសន៍​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​នឹង​កាត់​ក្ដី​មនុស្ស​គ្នា ឯ​ពួក​មនុស្ស​អាក្រក់ ព្រះ‌អង្គ​នឹង​ប្រគល់​ដល់​ដាវ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍ សេចក្ដី​អាក្រក់​នឹង​ចេញ​ពី​នគរ​មួយ​ដល់​នគរ​មួយ ហើយ​កើត​មាន​ព្យុះ​សង្ឃរា​យ៉ាង​សម្បើម មក​ពី​ចុង​ផែនដី​បំផុត។ នៅ​ថ្ងៃ​នោះ សាក‌សព​របស់​មនុស្ស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រហារ នឹង​នៅ​រាយ​ពេញ​ពី​ចុង​ផែនដី​ម្ខាង ទៅ​ដល់​ចុង​ផែនដី​ម្ខាង ឥត​មាន​អ្នក​ណា​សោក​ស្តាយ​គេ ឬ​ប្រមូល​ខ្មោច​គេ​ទៅ​កប់​ឡើយ គឺ​គេ​នឹង​ទៅ​ជា​ជី​នៅ​លើ​ដី។ ឱ​ពួក​គង្វាល​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ឱ​ពួក​ម្ចាស់​ហ្វូង​ចៀម​អើយ ចូរ​ដេក​ននៀល​ក្នុង​ផេះ​ទៅ ដ្បិត​គ្រា​ដែល​ត្រូវ​សម្លេះ និង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​បាន​មក​ដល់​ហើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ធ្លាក់​បែក​ដូច​ជា​ភាជនៈ​មាន​តម្លៃ។ ពួក​គង្វាល​នឹង​គ្មាន​ផ្លូវ​រត់​រួច​ឡើយ ហើយ​ពួក​ម្ចាស់​ហ្វូង​ចៀម​ក៏​គ្មាន​ផ្លូវ​រួច​បាន​ដែរ។ មាន​ឮ​សម្រែក​ពួក​គង្វាល និង​សូរ​ទ្រហោ​យំ​របស់​ពួក​ម្ចាស់​ហ្វូង​ចៀម ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​កន្លែង​ឃ្វាល​របស់​គេ ហើយ​ក្រោល​សុខ‌សាន្ត​ទាំង​ប៉ុន្មាន ត្រឡប់​ជា​ស្ងាត់​ច្រៀប ដោយ​ព្រោះ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​នៃ​ព្រះ‌យេហូវ៉ា។ ព្រះ‌អង្គ​បាន​ចេញ​ពី​ទី​លំនៅ​របស់​ព្រះ‌អង្គ ដូច​ជា​សិង្ហ ដ្បិត​ស្រុក​របស់​គេ​ក្លាយ​ជា​ទី​ស្ងាត់​ជ្រងំ ដោយ​ព្រោះ​សេចក្ដី​ច្រឡោត​នៃ​ពួក​ជិះ​ជាន់ និង​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន យេរេមា 25

យេរេមា 25:15-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​យក​ពែង​នេះ ដែល​ពេញ​ដោយ​ស្រា​នៃ​កំហឹង ពី​ដៃ​របស់​យើង ទៅ​បង្អក​ប្រជា‌ជាតិ​ទាំង​អស់ ដែល​យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក។ ចូរ​ឲ្យ​ពួក​គេ​ផឹក ហើយ​ធីង‌ធោង វង្វេង​ស្មារតី ដោយ​ឃើញ​ដាវ​ដែល​យើង​ចាត់​ឲ្យ​ទៅ​ប្រហារ​ពួក​គេ»។ ខ្ញុំ​ទទួល​យក​ពែង​ពី​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ហើយ​បង្អក​ប្រជា‌ជាតិ​ទាំង​អស់ ដែល​ព្រះអង្គ​ចាត់​ខ្ញុំ​ឲ្យ​ទៅ​រក​នោះ គឺ​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា ទាំង​ស្ដេច ទាំង​មន្ត្រី ដើម្បី​ឲ្យ​ស្រុក​នេះ​វិនាស​សូន្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​មនុស្ស‌ម្នា​ឃើញ​គេ​ស្រឡាំង‌កាំង ហើយ​ប្រើ​ឈ្មោះ​ស្រុក​នេះ​ដាក់​បណ្ដាសា​គ្នា។ នេះ​ជា​សភាព‌ការណ៍​ដែល​កើត​មាន​សព្វ​ថ្ងៃ។ ខ្ញុំ​ក៏​បង្អក​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​នាម៉ឺន មន្ត្រី និង​ប្រជា‌ជន​ទាំង​មូល​របស់​ស្ដេច​នោះ ប្រជា‌ជន​ភាគ​តិច​នៅ​ស្រុក​អេស៊ីប។ ស្ដេច​ទាំង​អស់​នៅ​ស្រុក​អ៊ូស ស្ដេច​ទាំង​អស់​នៅ​ស្រុក​ភីលីស្ទីន គឺ​ស្ដេច​នៅ​ក្រុង​អាស្កា‌ឡូន ក្រុង​កាសា ក្រុង​អេក្រូន និង​ក្រុង​អាស្តូឌ​ដែល​នៅ​សេស‌សល់។ ស្រុក​អេដុម ស្រុក​ម៉ូអាប់ និង​ជន‌ជាតិ​អាំម៉ូន។ ស្ដេច​ទាំង​អស់​នៅ​ក្រុង​ទីរ៉ុស ស្ដេច​ទាំង​អស់​នៅ​ក្រុង​ស៊ីដូន និង​ស្ដេច​ទាំង‌ឡាយ​នៅ​តាម​កោះ ដែល​នៅ​ខាង​នាយ​សមុទ្រ។ ស្រុក​ដេដាន់ ស្រុក​ថេម៉ា ស្រុក​ប៊ូស និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​កោរ​ជើង​សក់។ ស្ដេច​ទាំង​អស់​នៃ​ស្រុក​អារ៉ាប់ ស្ដេច​របស់​ប្រជា‌ជន​ភាគ​តិច​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន។ ស្ដេច​ទាំង​អស់​របស់​ស្រុក​ស៊ីមរី ស្ដេច​ទាំង​អស់​របស់​ស្រុក​អេឡាំ និង​ស្ដេច​ទាំង​អស់​របស់​ស្រុក​មេឌី ស្ដេច​ទាំង​អស់​នៅ​ស្រុក​ខាង​ជើង ទោះ​បី​នៅ​ជិត ឬ​ឆ្ងាយ​ក្ដី ឥត​មាន​ខ្វះ​នរណា​ឡើយ ព្រម​ទាំង​នគរ​ទាំង​អស់​នៅ​លើ​ផែនដី គឺ​អស់​អ្នក​ដែល​រស់​ក្នុង​លោក​នេះ​ទាំង​មូល។ នៅ​ទី​បំផុត ស្ដេច​ក្រុង​សេសាក់ នឹង​សោយ​ស្រា​ពី​ពែង​នេះ​ក្រោយ​គេ​បង្អស់។ «អ្នក​ត្រូវ​ប្រកាស​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា ចូរ​ផឹក​ឲ្យ​ស្រវឹង​រហូត​ដល់​ក្អួត។ ពេល​ឃើញ​ដាវ​ដែល​យើង​ចាត់​ឲ្យ​មក​ប្រហារ​អ្នក​រាល់​គ្នា​អ្នក​រាល់​គ្នា​នឹង​ដួល ក្រោក​ពុំ​រួច​ឡើយ!” ប្រសិន​បើ​ពួក​គេ​ពុំ​ព្រម​ទទួល​ពែង​ពី​ដៃ​អ្នក​យក​ទៅ​ផឹក​ទេ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​តែ​ផឹក! ត្រូវ​តែ​ផឹក! ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចាប់​ពី​ទីក្រុង​របស់​យើង​ផ្ទាល់។ អ្នក​រាល់​គ្នា​ពុំ​អាច​រួច​ខ្លួន​បាន​ឡើយ យើង​មិន​អត់‌ឱន​ឲ្យ​អ្នក​រាល់​គ្នា​ទេ យើង​នឹង​ប្រើ​គេ​ឲ្យ​ទៅ​ប្រហារ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​ដោយ​មុខ​ដាវ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល”។ រីឯ​អ្នក​វិញ ចូរ​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ថ្លែង​ប្រាប់​ពួក​គេ​ថា: “ព្រះ‌អម្ចាស់​គំរាម​ពី​លើ​មេឃ​មក ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ពី​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ ព្រះអង្គ​គំរាម​កំហែង​មក​លើ​ទឹក​ដី​របស់​ព្រះអង្គ ព្រះអង្គ​ស្រែក​ដាក់​ទោស ប្រជា‌ជន​នៅ​លើ​ផែនដី​ទាំង​មូល ដូច​គេ​ស្រែក​ហ៊ោ នៅ​ពេល​គាប​ផ្លែ​ទំពាំង‌បាយជូរ។ ព្រះ‌សូរសៀង​របស់​ព្រះអង្គ​លាន់​ឮ រហូត​ដល់​ចុង​ផែនដី ដ្បិត​ព្រះ‌អម្ចាស់​មាន​សំណុំ​រឿង​ចោទ​ប្រកាន់ ប្រជា‌ជាតិ​ទាំង​អស់ ព្រះអង្គ​កាត់​ក្ដី​មនុស្ស​លោក​ទាំង​មូល។ ព្រះអង្គ​ប្រគល់​មនុស្ស​មាន​ទោស ទៅ​ឲ្យ​គេ​ប្រហារ​ដោយ​មុខ​ដាវ”» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល ទៀត​ថា គ្រោះ​កាច​នឹង​ឆ្លង​ពី​ប្រជា‌ជាតិ​មួយ ទៅ​ប្រជា‌ជាតិ​មួយ​ទៀត។ ព្យុះ​សង្ឃរា​មួយ​នឹង​បក់​បោក​មក​ពី ទី​ដាច់​ស្រយាល​នៃ​ផែនដី។ នៅ​ថ្ងៃ​នោះ សាក‌សព​របស់​អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រហារ​នឹង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផែនដី គ្មាន​នរណា​កាន់​ទុក្ខ គ្មាន​នរណា​ប្រមូល​សព​ពួក​គេ​យក​ទៅ​បញ្ចុះ​ឡើយ គឺ​សាក‌សព​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ជី​នៅ​លើ​ដី។ ពួក​គង្វាល​អើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ! អ្នក​ដឹក​នាំ​ហ្វូង​ចៀម​អើយ ចូរ​ននៀល​នៅ​លើ​ដី ដ្បិត​ថ្ងៃ​ដែល​ត្រូវ​ពិឃាត​អ្នក​រាល់​គ្នា មក​ដល់​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ប្រៀប​បាន នឹង​ថូ​ដ៏​មាន​តម្លៃ​ដែល​ធ្លាក់​បែក។ គ្មាន​ជម្រក​សម្រាប់​ពួក​គង្វាល​ទៀត​ទេ! គ្មាន​កន្លែង​ពួន សម្រាប់​អ្នក​ដឹក​នាំ ហ្វូង​ចៀម​ទៀត​ឡើយ! សំឡេង​យំ​សោក​របស់​ពួក​គង្វាល និង​សម្រែក​របស់​អ្នក​ដឹក​នាំ​ហ្វូង​ចៀម បាន​លាន់​ឮ​ឡើង ដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​វាល​ស្មៅ​របស់​ពួក​គេ។ ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ក្រោល​ដែល​ធ្លាប់​តែ​សុខ‌សាន្ត ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។ ព្រះអង្គ​បោះ​បង់​ចោល​ស្រុក​របស់​ព្រះអង្គ ដូច​សិង្ហ​បោះ​បង់​ចោល​រូង​របស់​វា ដ្បិត​ព្រះ‌អម្ចាស់​បាន​កម្ទេច​ស្រុក​នេះ ឲ្យ​វិនាស​អន្តរាយ ដោយ‌សារ​ព្រះ‌ពិរោធ ដ៏​ខ្លាំង​របស់​ព្រះអង្គ ឥត​ត្រា​ប្រណី​ឡើយ។

ចែក​រំលែក
អាន យេរេមា 25

យេរេមា 25:15-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​យក​ពែង​ស្រា​ជា​សេចក្ដី​ឃោរ‌ឃៅ​នេះ​ពី​ដៃ​អញ​ទៅ ហើយ​បំផឹក​អស់​ទាំង​សាសន៍​ដែល​អញ​ចាត់​ឯង​ឲ្យ​ទៅ​នោះ​ចុះ គេ​នឹង​ផឹក ហើយ​នឹង​ដើរ​វិល​វង់​ទៅ​មក ហើយ​ទៅ​ជា​ឆ្កួត​ដោយ​ព្រោះ​ដាវ ដែល​អញ​នឹង​ចាត់​ទៅ​កណ្តាល​ពួក​គេ ដូច្នេះ ខ្ញុំ​ក៏​យក​ពែង​នោះ​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ទៅ​បំផឹក​អស់​ទាំង​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​ខ្ញុំ​ទៅ​នោះ គឺ​ក្រុង​យេរូ‌សាឡិម នឹង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្តេច នឹង​ពួក​ចៅហ្វាយ​របស់​គេ​ផង ដើម្បី​ឲ្យ​គេ​ទៅ​ជា​ទី​ខូច​បង់ ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ហើយ​ជា​ទី​ផ្តាសា​ដូច​ជា​សព្វ​ថ្ងៃ​នេះ នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ពួក​មហា‌តលិក នឹង​ពួក​ចៅហ្វាយ ហើយ​ជន‌ជាតិ​របស់​គេ​ផង អស់​ទាំង​សាសន៍​លាយ​គ្នា ពួក​ស្តេច​នៅ​ស្រុក​អ៊ូស នឹង​អស់​ទាំង​ស្តេច​របស់​ស្រុក​ភីលីស្ទីន គឺ​ក្រុង​អាស‌កា‌ឡូន ក្រុង​កាសា ក្រុង​អេក្រុន នឹង​សំណល់​នៃ​ក្រុង​អាសដូឌ សាសន៍​អេដំម សាសន៍​ម៉ូអាប់ នឹង​ពួក​កូន​ចៅ​អាំម៉ូន អស់​ទាំង​ស្តេច​ក្រុង​ទីរ៉ុស ស្តេច​ក្រុង​ស៊ីដូន នឹង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​កោះ​ខាង​នាយ​សមុទ្រ ពួក​ដេដាន់ ពួក​ថេម៉ា នឹង​ពួក​ប៊ូស ហើយ​អស់​ពួក​អ្នក​ដែល​កាត់​ជ្រុង​ពុក‌ចង្កា អស់​ទាំង​ស្តេច​សាសន៍​អារ៉ាប់ នឹង​ស្តេច​នៃ​សាសន៍​លាយ​គ្នា ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន ពួក​ស្តេច​ស៊ីមរី ស្តេច​អេឡាំ នឹង​អស់​ទាំង​ស្តេច​សាសន៍​មេឌី ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ខាង​ជើង ទាំង​ជិត​ទាំង​ឆ្ងាយ​ជា​មួយ​គ្នា ព្រម​ទាំង​នគរ​ទាំង​អស់​នៅ​ក្នុង​លោកីយ ដែល​នៅ​លើ​ផែនដី​ផង រួច​ស្តេច​សេសាក​នឹង​ត្រូវ​ផឹក​ជា​ខាង​ក្រោយ​បង្អស់។ ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ផឹក​ចុះ ហើយ​ឲ្យ​ស្រវឹង​ផង ចូរ​ក្អួត​ចេញ ហើយ​ដួល​ចុះ​ឥត​ដែល​ក្រោក​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ដាវ​ដែល​អញ​នឹង​ចាត់​ទៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា បើ​កាល​ណា​គេ​មិន​ព្រម​ផឹក​ពី​ពែង​នៅ​ដៃ​ឯង​ទេ នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ផឹក​ជា​ពិត ដ្បិត​មើល អញ​ចាប់​តាំង​ធ្វើ​ទោស​ដល់​ទី​ក្រុង ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ ដូច្នេះ​តើ​ឯង​រាល់​គ្នា​នឹង​រួច​ខ្លួន​ឥត​មាន​ទោស​សោះ​បាន​ឬ អញ​នឹង​ហៅ​ឲ្យ​មាន​ដាវ​មក​លើ​គ្រប់​ទាំង​មនុស្ស​នៅ​ផែនដី នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ដូច្នេះ ចូរ​ទាយ​អស់​ទាំង​ពាក្យ​នេះ ទាស់​នឹង​គេ​ហើយ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ទ្រង់​នឹង​គ្រហឹម​ពី​ខាង​លើ ហើយ​នឹង​បព្ចោញ​ព្រះ‌សូរ‌សៀង​ទ្រង់ ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់ ទ្រង់​នឹង​គ្រហឹម​ជា​ខ្លាំង​ក្រៃ‌លែង​ទាស់​នឹង​ក្រោល​ទ្រង់ ក៏​នឹង​ស្រែក​ឡើង​ទាស់​នឹង​ពួក​អ្នក​នៅ​ផែនដី​ទាំង​អស់ ដូច​ជា​សំរែក​នៃ​ពួក​អ្នក​ដែល​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​ឮ​សូរ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ការណ៍​ទាស់​ទទឹង​នឹង​សាសន៍​ទាំង​ប៉ុន្មាន ទ្រង់​នឹង​កើត​ក្តី​នឹង​គ្រប់​ទាំង​មនុស្ស ឯ​ពួក​មនុស្ស​អាក្រក់ នោះ​ទ្រង់​នឹង​ប្រគល់​ដល់​ដាវ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា មើល សេចក្ដី​អាក្រក់​នឹង​ចេញ​ពី​នគរ​១​ដល់​នគរ​១ ហើយ​នឹង​កើត​មាន​ព្យុះ​សង្ឃរា​យ៉ាង​សំបើម មក​ពី​ចុង​ផែនដី​បំផុត នៅ​ថ្ងៃ​នោះ សាក‌សព​នៃ​មនុស្ស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រហារ នឹង​នៅ​រាយ​ពេញ ពី​ចុង​ផែនដី​ម្ខាង ទៅ​ដល់​ចុង​ផែនដី​ម្ខាង ឥត​មាន​អ្នក​ណា​សោក​ស្តាយ​គេ ឬ​ប្រមូល​ខ្មោច​គេ​ទៅ​កប់​ឡើយ គឺ​គេ​នឹង​ទៅ​ជា​ជី​នៅ​លើ​ដី ឱ​ពួក​អ្នក​គង្វាល​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ឱ​ពួក​ជា​ប្រធាន​ក្នុង​ហ្វូង​អើយ ចូរ​ដេក​ននៀល​ក្នុង​ផេះ​ចុះ ដ្បិត​គ្រា​ដែល​សំឡេះ​ឯង ហើយ​កំចាត់‌កំចាយ​ឯង បាន​មក​ដល់​ហើយ ឯង​រាល់​គ្នា​នឹង​ត្រូវ​ធ្លាក់​ចុះ ដូច​ជា​ភាជនៈ​មាន​ដំឡៃ ឯ​ពួក​អ្នក​គង្វាល នឹង​គ្មាន​ផ្លូវ​ណា​រត់​ឲ្យ​រួច​ឡើយ ហើយ​ពួក​ដែល​ជា​ប្រធាន​ក្នុង​ហ្វូង ក៏​ឥត​មាន​ផ្លូវ​នឹង​រួច​បាន​ដែរ មាន​ឮ​សំរែក​នៃ​ពួក​អ្នក​គង្វាល នឹង​សូរ​ទ្រហោ​យំ របស់​ពួក​ជា​ប្រធាន​ក្នុង​ហ្វូង ពី​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​បំផ្លាញ​ទី​ឃ្វាល​របស់​គេ ហើយ​ក្រោល​សុខ‌សាន្ត​ទាំង​ប៉ុន្មាន​បាន​ត្រឡប់​ជា​ស្ងាត់​ច្រៀប ដោយ​ព្រោះ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​នៃ​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ចេញ​ពី​ទី​លំនៅ​របស់​ទ្រង់ ដូច​ជា​សិង្ហ ដ្បិត​ស្រុក​របស់​គេ បាន​ត្រឡប់​ជា​ស្ងាត់‌ជ្រងំ ដោយ​ព្រោះ​សេចក្ដី​ច្រឡោត​នៃ​ពួក​រឹប​ជាន់ នឹង​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​នៃ​ទ្រង់។

ចែក​រំលែក
អាន យេរេមា 25