យ៉ូហាន 21:15-17

យ៉ូហាន 21:15-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​គេ​បរិ‌ភោគ​រួច​ហើយ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន‌-ពេត្រុស​ថា៖ «ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​អ្នក​ទាំង​នេះ​ឬ​ទេ?» គាត់​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ចំណី​កូន​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?» គាត់​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ តើ​ស្រឡាញ់​ខ្ញុំ​មែន​ឬ​ទេ?» ពេត្រុស​មាន​ចិត្ត​ព្រួយ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​លើក​ទី​បី​ថា «តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?» ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ព្រះ‌អង្គ​ជ្រាប​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ចំណី​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!។

ចែក​រំលែក
អាន យ៉ូហាន 21

យ៉ូហាន 21:15-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​គេ​បាន​បរិភោគ​រួច​រាល់​ហើយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ ជាង​អ្នក​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ឬ?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែ‌រក្សា​កូន​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?»។ លោក​ពេត្រុស​ទូល​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ លោក​ពេត្រុស​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ព្រះអង្គ​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។

ចែក​រំលែក
អាន យ៉ូហាន 21

យ៉ូហាន 21:15-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង រួច​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ម្តង​ទៀត​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ស្រឡាញ់​ខ្ញុំ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ចុះ រួច​ទ្រង់​មាន​បន្ទូល​ជា​គំរប់​៣​ដង​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន​ឬ​អី ពេត្រុស​មាន​ចិត្ត​ព្រួយ ដោយ​ទ្រង់​មាន​បន្ទូល​ជា​គំរប់​៣​ដង​ថា តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​ឬ​អី​ដូច្នេះ បាន​ជា​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង

ចែក​រំលែក
អាន យ៉ូហាន 21