យ៉ូហាន 21:15-19
យ៉ូហាន 21:15-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលគេបរិភោគរួចហើយ ព្រះយេស៊ូវមានព្រះបន្ទូលទៅស៊ីម៉ូន-ពេត្រុសថា៖ «ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះឬទេ?» គាត់ទូលឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរឲ្យចំណីកូនចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» គាត់ទូលឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើស្រឡាញ់ខ្ញុំមែនឬទេ?» ពេត្រុសមានចិត្តព្រួយ ព្រោះព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបគ្រប់ការទាំងអស់ គឺព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!។ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅក្មេងនៅឡើយ អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយដើរទៅណាតាមតែចិត្តអ្នកចង់។ លុះពេលអ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតនឹងក្រវាត់ចង្កេះឲ្យអ្នកវិញ ទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅទៀត»។ (ព្រះយេស៊ូវមានព្រះបន្ទូលដូច្នេះ បង្ហាញពីបែបយ៉ាងណាដែលគាត់ត្រូវស្លាប់ ដើម្បីលើកតម្កើងព្រះ)។ កាលព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំចុះ!»។
យ៉ូហាន 21:15-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះគេបានបរិភោគរួចរាល់ហើយ ព្រះយេស៊ូមានព្រះបន្ទូលសួរលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ទូលព្រះអង្គថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកពេត្រុសទូលថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ លោកពេត្រុសព្រួយចិត្តណាស់ ព្រោះព្រះអង្គសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។ ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា កាលអ្នកនៅក្មេង អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយអ្នកទៅណាតាមតែចិត្តអ្នកចង់។ លុះដល់អ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតក្រវាត់ចង្កេះឲ្យអ្នក ទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅថែមទៀតផង»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ បង្ហាញអំពីរបៀបដែលលោកពេត្រុសស្លាប់ ដើម្បីសម្តែងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ!»។
យ៉ូហាន 21:15-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលគេបានបរិភោគរួចហើយ នោះព្រះយេស៊ូវមានបន្ទូលនឹងស៊ីម៉ូន-ពេត្រុសថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានបន្ទូលថា ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង រួចទ្រង់មានបន្ទូលទៅគាត់ម្តងទៀតថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើស្រឡាញ់ខ្ញុំឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានបន្ទូលទៅគាត់ថា ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ រួចទ្រង់មានបន្ទូលជាគំរប់៣ដងថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើពេញចិត្តនឹងខ្ញុំមែនឬអី ពេត្រុសមានចិត្តព្រួយ ដោយទ្រង់មានបន្ទូលជាគំរប់៣ដងថា តើពេញចិត្តនឹងខ្ញុំឬអីដូច្នេះ បានជាគាត់ទូលឆ្លើយថា ព្រះអម្ចាស់អើយ ទ្រង់ជ្រាបគ្រប់ការទាំងអស់ គឺទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅពីក្មេងនៅឡើយ នោះបានក្រវាត់ខ្លួនឯង ទាំងដើរទៅមកតាមតែចិត្ត តែកាលណាចាស់ហើយ នោះអ្នកនឹងសន្ធឹងដៃទៅ ហើយម្នាក់ទៀតនឹងក្រវាត់ឲ្យអ្នកវិញ ទាំងនាំអ្នកទៅឯកន្លែង ដែលអ្នកមិនចង់ទៅផង ទ្រង់មានបន្ទូលដូច្នេះ ដើម្បីនឹងបង្ហាញពីបែបយ៉ាងណា ដែលគាត់ត្រូវស្លាប់ ប្រយោជន៍ដើម្បីនឹងលើកដំកើងព្រះ កាលទ្រង់មានបន្ទូលដូច្នោះរួចហើយ នោះក៏ប្រាប់គាត់ថា ចូរមកតាមខ្ញុំចុះ