យ៉ូហាន 5:24-30

យ៉ូហាន 5:24-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច ហើយ​មិន​ត្រូវ​ជំនុំ‌ជម្រះ​ឡើយ គឺ​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់​ទៅ​ដល់​ជីវិត​វិញ។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពេល​វេលា​នោះ​នឹង​មក​ដល់ គឺ​ឥឡូវ​នេះ​ហើយ ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ឮ​នឹង​បាន​រស់។ ដ្បិត​ដែល​ព្រះ‌វរបិតា​មាន​ជីវិត​ក្នុង​អង្គ​ទ្រង់​យ៉ាង​ណា ព្រះ‌អង្គ​ក៏​បាន​ប្រទាន​ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​ជីវិត ក្នុង​អង្គ​ទ្រង់​យ៉ាង​នោះ​ដែរ ហើយ​ព្រះ‌វរបិតា​បាន​ប្រទាន​ឲ្យ​ព្រះ‌រាជ‌បុត្រា មាន​អំណាច​ជំនុំ‌ជម្រះ ព្រោះ​ព្រះ‌អង្គ​ជា​កូន​មនុស្ស។ កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្តី​នេះ​ឡើយ ដ្បិត​ពេល​វេលា​នោះ​នឹង​មក​ដល់ ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ព្រះ‌អង្គ ហើយ​ចេញ​មក។ អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ហើយ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​ជាប់​មាន​ទោស»។ «ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​ខ្លួន​ខ្ញុំ​បាន​ទេ ខ្ញុំ​ជំនុំ‌ជម្រះ​តាម​ដែល​ខ្ញុំ​ឮ ហើយ​ការ​ជំនុំ‌ជម្រះ​របស់​ខ្ញុំ​សុចរិត ព្រោះ​ខ្ញុំ​មិន​ធ្វើ​តាម​បំណង​ចិត្ត​ខ្ញុំ​ទ្បើយ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក។

ចែក​រំលែក
អាន យ៉ូហាន 5

យ៉ូហាន 5:24-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ ហើយ​ជឿ​លើ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច គេ​មិន​ត្រូវ​ទទួល​ទោស​ឡើយ គឺ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​រក​ជីវិត។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ដល់​ពេល​កំណត់ គឺ​ឥឡូវ​នេះ​ហើយ មនុស្ស​ស្លាប់​នឹង​ឮ​ព្រះ‌សូរសៀង​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​អស់​អ្នក​ដែល​ឮ​ព្រះ‌សូរសៀង​នោះ​នឹង​មាន​ជីវិត​រស់​នៅ ដ្បិត​ព្រះ‌បិតា​ជា​ប្រភព​នៃ​ជីវិត​យ៉ាង​ណា ព្រះអង្គ​ក៏​ប្រទាន​ឲ្យ​ព្រះ‌បុត្រា​ធ្វើ​ជា​ប្រភព​នៃ​ជីវិត​យ៉ាង​នោះ​ដែរ ហើយ​ព្រះ‌បិតា​ក៏​ប្រទាន​ឲ្យ​ព្រះ‌បុត្រា​មាន​អំណាច​ដាក់​ទោស​ថែម​ទៀត​ផង ព្រោះ​ព្រះ‌បុត្រា​ជា​បុត្រ​មនុស្ស*។ សុំ​កុំ​ងឿង‌ឆ្ងល់​ឡើយ ដ្បិត​ដល់​ពេល​កំណត់ មនុស្ស​ស្លាប់​ទាំង​ប៉ុន្មាន​នឹង​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌បុត្រា ហើយ​ចេញ​ពី​ផ្នូរ​មក។ អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ​នឹង​រស់​ឡើង​វិញ ដើម្បី​ទទួល​ជីវិត រីឯ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នឹង​រស់​ឡើង​វិញ ដើម្បី​ទទួល​ទោស»។ «ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​អំណាច​ខ្ញុំ​ផ្ទាល់​ឡើយ ខ្ញុំ​វិនិច្ឆ័យ​គ្រប់​ការ​ទាំង​អស់​តាម​សេចក្ដី​ដែល​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ត្រឹម​ត្រូវ ព្រោះ​ខ្ញុំ​មិន​ប្រាថ្នា​ធ្វើ​តាម​បំណង​ចិត្ត​ខ្ញុំ​ឡើយ គឺ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ។

ចែក​រំលែក
អាន យ៉ូហាន 5

យ៉ូហាន 5:24-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក អ្នក​នោះ​មាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​មិន​ដែល​ត្រូវ​ជំនុំ‌ជំរះ​ឡើយ គឺ​បាន​កន្លង​ហួស​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​វិញ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ឮ​នឹង​បាន​រស់​វិញ ពី​ព្រោះ​ដែល​ព្រះវរ‌បិតា​មាន​ជីវិត​ក្នុង​ព្រះ‌អង្គ​ទ្រង់​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​ប្រទាន​ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​ជីវិត ក្នុង​ព្រះ‌អង្គ​ទ្រង់​យ៉ាង​នោះ​ដែរ ហើយ​បាន​ប្រទាន​អំណាច​មក​ទ្រង់ ឲ្យ​ជំនុំ‌ជំរះ​ផង ពី​ព្រោះ​ទ្រង់​ជា​កូន​មនុស្ស កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្ដី​នេះ​ឡើយ ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក គឺ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ឯ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​វិញ គេ​នឹង​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស ខ្ញុំ​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ខ្លួន​ខ្ញុំ​បាន​ទេ ខ្ញុំ​ជំនុំ‌ជំរះ​តាម​ដែល​ខ្ញុំ​ឮ ហើយ​សេចក្ដី​ជំនុំ‌ជំរះ​របស់​ខ្ញុំ​ក៏​សុចរិត ពី​ព្រោះ​ខ្ញុំ​មិន​រក​តាម​តែ​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក។

ចែក​រំលែក
អាន យ៉ូហាន 5