យ៉ូប 2:2-13

យ៉ូប 2:2-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​សាតាំង​ថា៖ «តើ​ឯង​មក​ពី​ណា?» សាតាំង​ទូល​ឆ្លើយ​ថា៖ «មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​សាតាំង​ថា៖ «តើ​ឯង​បាន​សង្កេត​មើល​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? គ្មាន​អ្នក​ណា​ម្នាក់​នៅ​ផែនដី​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍ ហើយ​ទៀត​ត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ផង មួយ​ទៀត ទោះ​បើ​ឯង​បណ្ដាល​ឲ្យ​យើង​ទាស់​នឹង​គាត់ ដើម្បី​នឹង​បំផ្លាញ​គាត់ ដោយ​ឥត​ហេតុ​ក៏​ដោយ គង់​តែ​គាត់​នៅ​រក្សា​លក្ខណៈ​ដដែល»។ សាតាំង​ទូល​តប​ថា៖ «ស្បែក​ឲ្យ​ធួន​នឹង​ស្បែក​ចុះ មនុស្ស​សុខ​ចិត្ត​លះ‌បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ ប៉ុន្តែ បើ​ព្រះ‌អង្គ​គ្រាន់​តែ​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​ដល់​ឆ្អឹង និង​សាច់​គាត់ នោះ​គាត់​នឹង​ប្រមាថ​ដល់​ព្រះ‌អង្គ នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​មិន​ខាន»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​ប្រគល់​គាត់​ទៅ​ក្នុង​អំណាច​ឯង​ហើយ ចូរ​ប្រណី​ដល់​តែ​ជីវិត​គាត់​ប៉ុណ្ណោះ»។ ដូច្នេះ សាតាំង​ក៏​ចេញ​ពី​ព្រះ‌យេហូវ៉ា​ទៅ ហើយ​ធ្វើ​ឲ្យ​លោក​យ៉ូប​កើត​ដំបៅ​ដ៏​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​ក្រយៅ​ក្បាល។ លោក​យក​អំបែង​ឆ្នាំង​សម្រាប់​កោស​ខ្លួន ទៅ​អង្គុយ​នៅ​ក្នុង​ផេះ។ ឯ​ប្រពន្ធ​របស់​លោក​ពោល​ថា៖ «តើ​បង​នៅ​តែ​រក្សា​សេចក្ដី​ទៀង​ត្រង់​ដល់​កាល​ណា​ទៀត? សូម​ដាក់​បណ្ដាសា ព្រះ ហើយ​ស្លាប់​ទៅ​ចុះ!»។ ប៉ុន្តែ លោក​ឆ្លើយ​ថា៖ «ឯង​និយាយ​ដូច​ជា​ស្រី​ឆោត​ល្ងង់ យើង​អាច​ទទួល​សេចក្ដី​ល្អ​មក​ពី​ព្រះ​បាន ម្ដេច​ក៏​មិន​អាច​ទទួល​សេចក្ដី​អាក្រក់​ផង?» ក្នុង​ស្ថានភាព​យ៉ាង​នោះ លោក​យ៉ូប​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​បបូរ​មាត់​ទេ។ ពេល​មិត្ត​ភក្ដិ​បី​នាក់​របស់​លោក​យ៉ូប បាន​ឮ​និយាយ​ពី​សេចក្ដី​អាក្រក់ ដែល​កើត​ដល់​លោក​នោះ គេ​ក៏​មក​ពី​លំនៅ​របស់​គេ​រៀង​ខ្លួន គឺ​អេលី‌ផាស ជា​សាសន៍​ថេម៉ាន ប៊ីល‌ដាឌ ជា​សាសន៍​ស៊ូអា និង​សូផារ ជា​សាសន៍​ណាអា‌ម៉ា គេ​សន្មត​គ្នា​មក​រួម​ទុក្ខ​ជា‌មួយ ហើយ​ជួយ​ឲ្យ​លោក​ក្សាន្ត​ចាក​ទុក្ខ។ ពេល​គេ​ឃើញ​លោក​ពី​ចម្ងាយ គេ​មើល​លោក​មិន​ស្គាល់​ទេ ពួក​គេ​ស្រែក​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ។ គេ​អង្គុយ​នៅ​ដី ជា‌មួយ​លោក​អស់​រយៈ​ពេល​ប្រាំពីរ​យប់​ប្រាំពីរ​ថ្ងៃ ឥត​មាន​អ្នក​ណា​និយាយ​ទៅ​លោក​មួយ​ម៉ាត់​សោះ ដោយ​ឃើញ​ថា លោក​មាន​ទុក្ខ​ធ្ងន់​ណាស់។

ចែក​រំលែក
អាន យ៉ូប 2

យ៉ូប 2:2-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​មារ​សាតាំង​ថា៖ «តើ​អ្នក​មក​ពី​ណា?»។ សាតាំង​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​ទើប​នឹង​ដើរ​កម្សាន្ត​ជុំ‌វិញ​ផែនដី»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​មារ​សាតាំង​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែនដី​នេះ គ្មាន​នរណា​ម្នាក់​ដូច​យ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត គេ​គោរព​កោត​ខ្លាច​យើង ហើយ​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់។ យ៉ូប​នៅ​តែ​ទៀង​ត្រង់​ជានិច្ច អ្នក​ចង់​ឲ្យ​យើង​បំផ្លាញ​គេ ដោយ​ឥត​ហេតុ​ផល»។ មារ​សាតាំង​ទូល​ព្រះ‌អម្ចាស់​ថា៖ «ស្បែក​សង​ស្បែក! មនុស្ស​សុខ​ចិត្ត​ប្រគល់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន ដើម្បី​ឲ្យ​រួច​ជីវិត។ សូម​ព្រះអង្គ​ធ្វើ​ឲ្យ​រូប​កាយ​គាត់​ឈឺ​ចាប់​មើល៍ នោះ​គាត់​មុខ​ជា​ដាក់​បណ្ដាសា​ព្រះអង្គ​មិន​ខាន»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​មារ​សាតាំង​ថា៖ «យ៉ូប​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ស្រាប់​ហើយ តែ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ កុំ​ប៉ះ‌ពាល់​ដល់​ជីវិត​គេ​ឲ្យ​សោះ»។ ពេល​នោះ មារ​សាតាំង​ចាក​ចេញ​ពី​ព្រះ‌អម្ចាស់​ទៅ ហើយ​ធ្វើ​ឲ្យ​លោក​យ៉ូប​កើត​ដំបៅ​រីក​ពេញ​ខ្លួន គឺ​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។ លោក​យ៉ូប​អង្គុយ​នៅ​ក្នុង​ផេះ ហើយ​យក​អំបែង​ឆ្នាំង​មក​កោស​ខ្លួន។ ភរិយា​របស់​លោក​ពោល​ថា៖ «តើ​បង​នៅ​តាំង​ខ្លួន​ជា​មនុស្ស​ទៀង​ត្រង់​ដូច្នេះ ដល់​កាល​ណា​ទៀត សូម​ដាក់​បណ្ដាសា​ព្រះ‌ជាម្ចាស់ ហើយ​ស្លាប់​ទៅ​ចុះ!»។ លោក​យ៉ូប​តប​ថា៖ «អូន​និយាយ​ដូច​ជា​ស្រី​មិន​ដឹង​ខុស​ត្រូវ! យើង​ទទួល​សុភមង្គល​ពី​ព្រះ‌ជាម្ចាស់​យ៉ាង​ណា យើង​ក៏​ត្រូវ​តែ​ទទួល​ទុក្ខ​វេទនា​ពី​ព្រះអង្គ​យ៉ាង​នោះ​ដែរ!»។ ក្នុង​ស្ថាន‌ភាព​ទាំង​នេះ លោក​យ៉ូប​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពាក្យ​សម្ដី​ឡើយ។ មិត្ត‌ភក្ដិ​បី​នាក់​របស់​លោក​យ៉ូប បាន​ឮ​ដំណឹង​ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ចំពោះ​លោក ពួក​គេ​ចាក​ចេញ​ពី​ស្រុក​រៀងៗ​ខ្លួន ដោយ​មូល​មតិ​គ្នា​ទៅ​រំលែក​ទុក្ខ និង​ជួយ​លើក​ទឹក​ចិត្ត​លោក។ អ្នក​ទាំង​នោះ គឺ​លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណា‌អាម៉ា។ ពេល​ក្រឡេក​ពី​ចម្ងាយ អ្នក​ទាំង​បី​មើល​លោក​យ៉ូប​លែង​ស្គាល់​ទៀត​ហើយ។ ដូច្នេះ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហែក​អាវ​ធំ​របស់​ខ្លួន និង​យក​ធូលី​ដី​បាច​នៅ​លើ​ក្បាល។ អ្នក​ទាំង​បី​អង្គុយ​ផ្ទាល់​នឹង​ដី​ជា​មួយ​លោក អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ប្រាំ‌ពីរ​យប់ ឥត​និយាយ​អ្វី​មួយ​ម៉ាត់​ទៅ​កាន់​លោក​ឡើយ ព្រោះ​ពួក​គេ​ឃើញ​លោក​ឈឺ​ចាប់​ឥត​ឧបមា។

ចែក​រំលែក
អាន យ៉ូប 2

យ៉ូប 2:2-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​សាតាំង​ថា ឯង​មក​ពី​ណា សាតាំង​ទូល​ឆ្លើយ​ថា មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី រួច​ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ថា ឯង​បាន​សង្កេត​មើល​យ៉ូប ជា​អ្នក​បំរើ​អញ​ឬ​ទេ ដ្បិត​គ្មាន​អ្នក​ណា​មួយ​នៅ​ផែនដី​ឲ្យ​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ក៏​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ផង មួយ​ទៀត ទោះ​បើ​ឯង​បណ្តាល​ឲ្យ​អញ​ទាស់​នឹង​គាត់ ដើម្បី​នឹង​បំផ្លាញ​ចេញ ដោយ​ឥត​ហេតុ​ក៏​ដោយ គង់​តែ​គាត់​នៅ​រក្សា​លក្ខណៈ​ខ្លួន​ដដែល សាតាំង​ទូល​តប​ថា ស្បែក​ឲ្យ​ធួន​នឹង​ស្បែក​ចុះ មនុស្ស​នឹង​សុខ​ចិត្ត​លះ‌បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​ដល់​ឆ្អឹង នឹង​សាច់​គាត់​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌ភក្ត្រ ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ថា មើល អញ​ប្រគល់​គាត់​ទៅ​ក្នុង​អំណាច​ឯង​ទៀត ចូរ​ប្រណី​ដល់​តែ​ជីវិត​គាត់​ប៉ុណ្ណោះ។ ដូច្នេះ សាតាំង​ក៏​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​វាយ​យ៉ូប​ឲ្យ​កើត​ដំបៅ​ដ៏​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​ក្រយៅ​ក្បាល នោះ​លោក​យក​អំបែង​ឆ្នាំង​សំរាប់​កោស​ខ្លួន ទៅ​អង្គុយ​នៅ​ក្នុង​ផេះ ឯ​ប្រពន្ធ​លោក នាង​និយាយ​ថា អ្នក​នៅ​តែ​រក្សា​លក្ខណៈ​ខ្លួន​ទៀត​ឬ ចូរ​ប្រមាថ​ដល់​ព្រះ ហើយ​ស្លាប់​ទៅ​ចុះ តែ​លោក​ឆ្លើយ​ថា ឯង​និយាយ​ដូច​ជា​ស្រី​ឆោត​ល្ងង់​ទេ ម៉េច យើង​ទទួល​សេចក្ដី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្ដី​អាក្រក់​ដែរ​ទេ​ឬ ក្នុង​គ្រប់​ទាំង​សេចក្ដី​ទាំង​នោះ យ៉ូប​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​បបូរ​មាត់​ទេ។ រីឯ​មិត្រ​សំឡាញ់​របស់​យ៉ូប​ទាំង​៣​នាក់ កាល​បាន​ឮ​និយាយ​ពី​សេចក្ដី​អាក្រក់​ទាំង​នោះ ដែល​កើត​ដល់​លោក នោះ​គេ​ក៏​មក​ពី​លំនៅ​របស់​គេ​រៀង​ខ្លួន គឺ​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​១ ប៊ីល‌ដាឌ ជា​សាសន៍​ស៊ូអា​១ នឹង​សូផារ ជា​សាសន៍​ន៉ាអាម៉ា​១ គេ​សន្មត​គ្នា​នឹង​មក​រួម​ទុក្ខ​ជា​មួយ ហើយ​ជួយ​ឲ្យ​លោក​ក្សាន្ត​ចាក​ទុក្ខ កាល​គេ​ងើប​ភ្នែក​មើល​ពី​ចំងាយ​ទៅ​ឃើញ តែ​មិន​បាន​ស្គាល់​លោក នោះ​ក៏​ឡើង​សំឡេង​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ រួច​គេ​អង្គុយ​នៅ​ដី ជា​មួយ​នឹង​លោក​អស់​៧​យប់​៧​ថ្ងៃ ឥត​មាន​អ្នក​ណា​និយាយ​ទៅ​លោក​១​ម៉ាត់​សោះ ដោយ​ឃើញ​ថា លោក​មាន​សេចក្ដី​ទុក្ខ​ជា​ទំងន់​ណាស់។

ចែក​រំលែក
អាន យ៉ូប 2