យ៉ូប 28:1-22
យ៉ូប 28:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានអណ្ដូងរ៉ែសម្រាប់ជីកយកប្រាក់ ហើយក៏មានកន្លែងបន្សុទ្ធមាសដែរ។ គេយកដែកចេញពីដី ហើយយកលង្ហិនចេញពីថ្ម។ មនុស្សចុះរហូតទៅដល់ទីងងឹត ជីករកថ្ម ដែលកប់នៅបាតដីក្នុងទីងងឹតអន្ធការ។ គេជីកអណ្ដូងរ៉ែឆ្ងាយពីកន្លែងមនុស្សរស់នៅ មនុស្សដើរខាងលើក៏មិនដឹង គេសម្រូតខ្លួនចុះទៅក្នុងអណ្ដូងរ៉ែ ហើយយោលចុះយោលឡើងនៅទីនោះ ឆ្ងាយពីស្រុកភូមិ។ ដីតែងតែផ្ដល់អាហារដល់មនុស្ស តែនៅខាងក្រោម ដូចជាត្រូវភ្លើងឆេះបំផ្លាញអស់។ គេរកឃើញត្បូងនៅជាមួយថ្មក្នុងដី ហើយរកបានមាសក្នុងធូលីដី។ សត្វត្មាតមិនស្គាល់ច្រកចូលទៅ ក្នុងអណ្ដូងរ៉ែនោះទេ ហើយសត្វរអាតក៏មើលមិនឃើញដែរ។ សត្វដ៏ខ្លាំងពូកែមិនដែលចូលទៅក្នុងនោះទេ សត្វសិង្ហក៏មិនដែលដើរកាត់តាមនោះដែរ។ មនុស្សជីកយកថ្មដ៏រឹង ហើយរម្លើងភ្នំរហូតដល់ឫសរបស់វា។ គេចោះរូងនៅក្នុងថ្មដា ហើយឃើញវត្ថុធាតុទាំងប៉ុន្មានដ៏មានតម្លៃ។ គេទប់ប្រភពទឹកឲ្យរីងស្ងួត ហើយនាំយកអ្វីៗដែលលាក់កំបាំង មកដាក់ក្រោមពន្លឺ។ រីឯប្រាជ្ញាវិញ តើគេអាចរកបាននៅឯណា? តើការយល់ដឹងស្ថិតនៅកន្លែងណា? មនុស្សលោកមិនស្គាល់តម្លៃរបស់ប្រាជ្ញាទេ ហើយប្រាជ្ញាក៏មិនស្ថិតនៅលើផែនដីដែរ។ ទីជម្រៅពោលថា “ប្រាជ្ញាមិននៅក្នុងខ្ញុំទេ” មហាសមុទ្រពោលថា “ប្រាជ្ញាក៏មិននៅជាមួយខ្ញុំដែរ” គេមិនអាចយកមាសសុទ្ធទៅដូរយកប្រាជ្ញា ហើយយកប្រាក់ទៅទិញប្រាជ្ញាបានទេ។ គេមិនអាចយកប្រាជ្ញាទៅថ្លឹងជាមួយ កែវមរកត ពេជ្រ ឬត្បូងកណ្ដៀងបានឡើយ។ គ្មានមាស ឬពេជ្រណាផ្ទឹមស្មើនឹងប្រាជ្ញាទេ ហើយគេក៏មិនអាចយកប្រាជ្ញាទៅដូរជាមួយ ភាជន៍ដែលធ្វើពីមាសសុទ្ធដែរ។ ផ្កាថ្ម និងគជ់ រឹតតែផ្ទឹមនឹងប្រាជ្ញាមិនបាន ហើយមានប្រាជ្ញាប្រសើរជាងមាន កែវមុក្ដាទៅទៀត។ ត្បូងជម្ពូរ័ត្នពីស្រុកអេត្យូពីក៏មិនអាចប្រដូច ទៅនឹងប្រាជ្ញា ហើយប្រាជ្ញាមិនអាចយកទៅថ្លឹង ជាមួយមាសបានទេ។ ដូច្នេះ តើប្រាជ្ញាមានប្រភពនៅឯណា តើការយល់ដឹងស្ថិតនៅកន្លែងណា? មនុស្សលោកមិនអាចមើលឃើញប្រាជ្ញាទេ រីឯសត្វដែលហើរនៅលើមេឃ ក៏មិនអាចមើលឃើញដែរ។ រណ្ដៅនៃសេចក្ដីវិនាស និងមច្ចុរាជពោលថា “យើងបានឮគេនិយាយពីប្រាជ្ញា”។
យ៉ូប 28:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពិតប្រាកដជាមានកន្លែងជីករកប្រាក់បាន ក៏មានកន្លែងដែលរកបានមាស សម្រាប់យកទៅសម្រង់ ឯដែកគេយកពីដីមក។ ហើយទង់ដែង គេរំលាយមកពីថ្ម ពួកអ្នកជីករ៉ែ កម្ចាត់សេចក្ដីងងឹតចេញ ហើយស្វែងរកថ្មលាក់កំបាំងក្នុងទីងងឹតសូន្យសុង រហូតដល់ទីជ្រៅបំផុត គេជីករន្ធនៅឆ្ងាយពីទីលំនៅរបស់មនុស្ស ជើងមនុស្សដើរពីលើឥតមានដឹងឡើយ គេត្រូវសម្រូតចុះទៅនៅឆ្ងាយពីមនុស្សជាតិ ហើយក៏រត់ទៅរត់មកនៅទីនោះ។ ពីក្នុងដីនោះ ក៏កើតមានជាអាហារ ហើយនៅខាងក្រោម ក៏ត្រឡប់ដូចជាត្រូវភ្លើងឆេះ។ ក្នុងថ្មទាំងនោះជាកន្លែងមានត្បូងកណ្តៀង ហើយក៏មានផង់មាសដែរ។ ផ្លូវច្រកនោះគ្មានសត្វហើរណា ដែលចាប់រំពាបានស្គាល់ទេ ឯភ្នែករអាតក៏មើលមិនឃើញផង។ អស់ទាំងសត្វដ៏ខ្លាំងពូកែមិនដែលបានចូល ឯសិង្ហកំណាចក៏មិនបានដើរនៅទីនោះដែរ។ មនុស្សលូកដៃទៅក្នុងថ្មរឹង ក៏គាស់ភ្នំឲ្យបាតត្រឡប់ឡើងទៅលើ។ គេចោះរូងទៅក្នុងថ្មដា ហើយភ្នែកគេក៏ឃើញគ្រប់ទាំងអស់ ដែលមានតម្លៃ គេទប់ប្រភពទឹកមិនឲ្យហូរចូល ឯរបស់ដែលនៅកំបាំង គេនាំយកចេញមកដាក់នៅពន្លឺ។ ប៉ុន្តែ ចំណែកប្រាជ្ញា តើនឹងរកនៅឯណាបាន? ហើយ តើការយល់ដឹងនៅកន្លែងណា? មនុស្សលោកមិនស្គាល់តម្លៃនៃប្រាជ្ញាទេ ក៏រកមិនឃើញនៅក្នុង ស្ថានរបស់មនុស្សរស់ដែរ។ ទីជម្រៅពោលថា "មិនមែននៅក្នុងខ្ញុំទេ" ហើយសមុទ្រក៏ថា "មិនមែននៅនឹងខ្ញុំដែរ"។ មិនអាចទិញដោយមាសបាន គេក៏មិនថ្លឹងប្រាក់ចេញថ្លៃឲ្យបានដែរ។ មិនអាចយកមាសពីស្រុកអូភារ ឬត្បូងអូនីក្ស ត្បូងកណ្តៀងមករាប់តម្លៃនៃប្រាជ្ញាបានឡើយ។ មាស និងពេជ្រ មិនអាចផ្ទឹមស្មើបាន ឬប្តូរដោយគ្រឿងមាសសុទ្ធក៏មិនបានដែរ។ មិនបាច់និយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេ ដ្បិតប្រាជ្ញាមានតម្លៃច្រើន លើសជាងត្បូងទទឹមទៅទៀត។ ត្បូងទោបុ័តពីស្រុកអេធីយ៉ូពី ក៏មិនស្មើផង ហើយតម្លៃនោះក៏រាប់ដោយមាសមិនបាន។ ដូច្នេះ តើប្រាជ្ញាមកពីណា? ហើយទីកន្លែងរបស់យោបល់នៅឯណា? ដ្បិតទីនោះកំបាំងនឹងភ្នែករបស់មនុស្ស ហើយបិទទុកមិនឲ្យ សត្វហើរលើអាកាសឃើញឡើយ។ ស្ថានវិនាស និងស្ថានស្លាប់ពោលថា "ត្រចៀករបស់យើង បានគ្រាន់តែឮនិយាយប៉ុណ្ណោះ"។
យ៉ូប 28:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពិតប្រាកដជាមានកន្លែងជីករកប្រាក់បាន ក៏មានទីដែលរកបានមាស សំរាប់យកទៅសំរង ឯដែកគេយកពីដីមក ហើយទង់ដែង គេរំលាយមកពីថ្ម មនុស្សគេកំចាត់សេចក្ដីងងឹតចេញ គេស្វែងរកថ្មលាក់កំបាំងក្នុងទីងងឹតសូន្យសុង រហូតដល់ទីជ្រៅបំផុត គេជីករន្ធនៅឆ្ងាយពីទីលំនៅរបស់មនុស្ស ជើងមនុស្សដើរពីលើឥតមានដឹងឡើយ គេត្រូវសំរូតចុះទៅនៅឆ្ងាយពីមនុស្សជាតិ ហើយក៏រត់ទៅរត់មកនៅទីនោះ ពីក្នុងដីនោះ មានចេញជាអាហារ ហើយនៅខាងក្រោមក៏ត្រឡប់ត្រឡិន ដូចជាត្រូវភ្លើងឆេះ ក្នុងថ្មទាំងនោះជាកន្លែងមានត្បូងកណ្តៀង ហើយក៏មានផង់មាសដែរ ផ្លូវច្រកនោះគ្មានសត្វហើរណាដែលចាប់រំពាបានស្គាល់ទេ ឯភ្នែករអាតក៏មើលមិនឃើញផង អស់ទាំងសត្វហានក្លាមិនដែលបានជាន់ ឯសិង្ហកំណាចក៏មិនបានដើរនៅទីនោះឡើយ មនុស្សគេលូកដៃទៅឯថ្មរឹង ក៏គាស់ភ្នំឲ្យបាតត្រឡប់ឡើងទៅលើវិញ គេចោះរូងទៅក្នុងថ្មដា ហើយភ្នែកគេក៏ឃើញគ្រប់ទាំងអស់ដែលមានដំឡៃ គេទប់រន្ធទឹក មិនឲ្យហូរចូល ឯរបស់ដែលនៅកំបាំង គេនាំយកចេញមកដាក់នៅពន្លឺ។ ប៉ុន្តែចំណែកប្រាជ្ញា តើនឹងរកឯណាបាន ហើយយោបល់ តើមានកន្លែងនៅឯណា មនុស្សលោកមិនស្គាល់ដំឡៃនៃប្រាជ្ញាទេ ក៏រកមិនឃើញនៅក្នុងស្ថានរបស់មនុស្សរស់ដែរ ទីជំរៅពោលថា មិនមែននៅក្នុងខ្ញុំទេ ហើយសមុទ្រក៏ថា មិនមែននៅនឹងខ្ញុំដែរ នឹងទិញយកដោយមាសមិនបាន គេក៏មិនថ្លឹងប្រាក់ចេញថ្លៃឲ្យបានដែរ នឹងយកមាសពីស្រុកអូភារ ឬត្បូងអូនីក្ស ត្បូងកណ្តៀងមករាប់ដំឡៃនៃប្រាជ្ញាមិនបាន មាស ហើយនឹងពេជ្រនឹងផ្ទឹមស្មើមិនបាន ឬនឹងប្តូរដោយគ្រឿងមាសសុទ្ធក៏មិនបានដែរ មិនបាច់នឹងនិយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេ ដ្បិតប្រាជ្ញាមានដំឡៃច្រើន លើសជាងត្បូងទទឹមទៅទៀត ត្បូងទោបុ័តពីស្រុកអេធីយ៉ូពីក៏មិនស្មើផង ហើយដំឡៃនោះនឹងរាប់ដោយមាសមិនបាន ដូច្នេះ តើប្រាជ្ញាមកពីណា ហើយទីកន្លែងរបស់យោបល់នៅឯណា ដ្បិតទីនោះកំបាំងនឹងភ្នែករបស់មនុស្ស ហើយបិទទុកមិនឲ្យសត្វហើរលើអាកាសឃើញឡើយ ស្ថានវិនាស នឹងស្ថានស្លាប់ពោលថា ត្រចៀករបស់យើងបានគ្រាន់តែឮនិយាយប៉ុណ្ណោះ។