យ៉ូស្វេ 14:1-15

យ៉ូស្វេ 14:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ទទួល​ទឹក​ដី​ស្រុក​កាណាន ដែល​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ក្រុម​គ្រួសារ​របស់​កុល‌សម្ព័ន្ធ​នានា បែង​ចែក​ឲ្យ​ជា​មត៌ក​ដូច​ត​ទៅ​នេះ គឺ​កុល‌សម្ព័ន្ធ​ទាំង​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត​បាន​ទទួល​ទឹក​ដី​ជា​មត៌ក​ដោយ​ចាប់​ឆ្នោត ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ ដ្បិត​កាល​ពី​មុន លោក​ម៉ូសេ​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​ពីរ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​រួច​មក​ហើយ តែ​លោក​ពុំ​បាន​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​លេវី ដូច​កុល‌សម្ព័ន្ធ​ឯ​ទៀតៗ​ទេ។ គេ​ចាត់​ទុក​កូន​ចៅ​លោក​យ៉ូសែប​ជា​កុល‌សម្ព័ន្ធ​ពីរ គឺ​ម៉ាណា‌សេ និង​អេប្រាអ៊ីម។ រីឯ​កុល‌សម្ព័ន្ធ​លេវី​ពុំ​បាន​ទទួល​ទឹក​ដី​ទេ គឺ​ពួក​គេ​ទទួល​តែ​កន្លែង​សម្រាប់​ស្នាក់​អាស្រ័យ​នៅ​តាម​ក្រុង​នានា ព្រម​ទាំង​ដី‌ធ្លី​សម្រាប់​សត្វ​ពាហនៈ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​បែង​ចែក​ស្រុក​នោះ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ បង្គាប់​មក​លោក​ម៉ូសេ។ កូន​ចៅ​យូដា​បាន​នាំ​គ្នា​មក​ជួប​លោក​យ៉ូស្វេ នៅ​គីល‌កាល់។ ពេល​នោះ លោក​កាលែប ជា​កូន​របស់​លោក​យេ‌ភូនេ ក្នុង​អំបូរ​កេណាស មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «លោក​ជ្រាប​ស្រាប់​ហើយ​នូវ​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ នៅ​ស្រុក​កាដេស-‌បារនា ស្ដី​អំពី​យើង​ទាំង​ពីរ គឺ​លោក និង​ខ្ញុំ។ កាល​នោះ ខ្ញុំ​មាន​អាយុ​សែ‌សិប​ឆ្នាំ លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ចាត់​ខ្ញុំ​ពី​កាដេស-‌បារនា​ឲ្យ​មក​ស៊ើប‌ការណ៍​នៅ​ស្រុក​នេះ។ ខ្ញុំ​ក៏​បាន​ធ្វើ​សេចក្ដី​រាយ‌ការណ៍​ជូន​ទៅ​លោក​វិញ ដោយ​ស្មោះ​ត្រង់។ បងប្អូន​ដែល​បាន​ឡើង​មក​ស៊ើប‌ការណ៍​ជា​មួយ​ខ្ញុំ នាំ​គ្នា​ធ្វើ​ឲ្យ​ប្រជា‌ជន​បាក់​ទឹក​ចិត្ត។ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ នៅ​ថ្ងៃ​នោះ លោក​ម៉ូសេ​បាន​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់​ជា​មួយ​ខ្ញុំ​ថា កូន​ចៅ​របស់​ខ្ញុំ ព្រម​ទាំង​ខ្ញុំ នឹង​ទទួល​ទឹក​ដី​ដែល​ខ្ញុំ​ឈាន​ជើង​ជាន់​នេះ​ទុក​ជា​មត៌ក​រហូត​ត​ទៅ ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​នេះ​មក​លោក​ម៉ូសេ​កាល​ពី​សែ‌សិប​ប្រាំ​ឆ្នាំ​មុន គឺ​នៅ​គ្រា​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ឆ្លង​កាត់​វាល​រហោ‌ស្ថាន។ ព្រះ‌អម្ចាស់​បាន​ទុក​ជីវិត​ឲ្យ​ខ្ញុំ​នៅ​រស់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​ប៉ែត‌សិប​ប្រាំ​ឆ្នាំ​ហើយ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​ថ្ងៃ ដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​ដែរ។ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​មុន ល្មម​នឹង​ចេញ​ទៅ​ប្រយុទ្ធ ឬ​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត។ សូម​ប្រគល់​ស្រុក​ភ្នំ​មក​ឲ្យ​ខ្ញុំ ដ្បិត​នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន​មក​ខ្ញុំ។ នៅ​ថ្ងៃ​ដដែល​នោះ ខ្ញុំ​បាន​ជម្រាប​លោក​ស្រាប់​ហើយ​ថា មាន​ជន‌ជាតិ​អា‌ណាក់​រស់​នៅ​ទី​នោះ ក្រុង​របស់​គេ​ជា​ក្រុង​ធំៗ ដែល​មាន​កំពែង​យ៉ាង​មាំ។ ប្រសិន​បើ​ព្រះ‌អម្ចាស់​គង់​ជា​មួយ​ខ្ញុំ ខ្ញុំ​មុខ​ជា​វាយ​យក​ក្រុង​ទាំង​នោះ​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​មិន​ខាន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់»។ លោក​យ៉ូស្វេ​ក៏​ជូន​ពរ​លោក​កាលែប ជា​កូន​របស់​លោក​យេ‌ភូនេ រួច​ប្រគល់​ក្រុង​ហេប្រូន​ជូន​លោក ទុក​ជា​មត៌ក។ ក្រុង​ហេប្រូន​នៅ​ជា​កម្មសិទ្ធិ​របស់​កូន​ចៅ​កាលែប ជា​កូន​លោក​យេ‌ភូនេ ក្នុង​អំបូរ​កេណាស រហូត​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះ​លោក​បាន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ស្មោះ​អស់​ពី​ចិត្ត។ កាល​ពី​ដើម ក្រុង​ហេប្រូន​មាន​ឈ្មោះ​ថា គារ‌យ៉ាត-‌អើបា។ លោក​អើបា​ជា​បុរស​ម្នាក់​ដែល​មាន​មាឌ​ធំ​ជាង​គេ ក្នុង​ចំណោម​ជន‌ជាតិ​អា‌ណាក់។ ចាប់​ពី​ពេល​នោះ​មក ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ គ្មាន​សង្គ្រាម​ទៀត​ឡើយ។

ចែក​រំលែក
អាន យ៉ូស្វេ 14

យ៉ូស្វេ 14:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​មត៌ក​ដែលប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ទទួល​នៅ​ស្រុក​កាណាន ដែល​សង្ឃ​អេលា‌សារ និង​លោក​យ៉ូស្វេ​ជា​កូន​លោក​នុន និង​ពួក​មេ​លើ​វង្សា‌នុវង្ស​របស់​កុល‌សម្ព័ន្ធ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ចែក​ឲ្យ។ មត៌ក​ទាំង​នោះ​ត្រូវ​បាន​ចែក​ឲ្យ​កុល‌សម្ព័ន្ធប្រាំ​បួន និង​កុល‌សម្ព័ន្ធ​មួយ​ចំហៀង ដោយ​ចាប់​ឆ្នោត ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ ដ្បិត​លោក​ម៉ូសេ​បាន​ចែក​មត៌ក​ឲ្យ​កុល‌សម្ព័ន្ធ​ទាំង​ពីរ និង​មួយ​ចំហៀង​ទៀត នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​ហើយ តែ​មិន​បាន​ចែក​ឲ្យ​ពួក​លេវី​ទេ ព្រោះ​ពួក​កូន​ចៅ​លោក​យ៉ូសែប​ចែកចេញ​ជា​កុល‌សម្ព័ន្ធ​ពីរ គឺ​ម៉ាណា‌សេ និង​អេប្រាអិម។ រីឯ​កុល‌សម្ព័ន្ធ​លេវី​មិន​បាន​ទទួល​ចំណែក​នៅ​ក្នុង​ស្រុក​នោះ​ទេ គឺ​បានទទួល​តែ​ទី​ក្រុង​សម្រាប់​រស់​នៅ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន​សម្រាប់​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​បែង​ចែក​ស្រុក​នោះ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ គ្រា​នោះ ពួក​កូន​ចៅ​យូដា​នាំ​គ្នា​ចូល​មក​ជួប​លោក​យ៉ូស្វេ​នៅ​គីល‌កាល។ លោក​កាលែប​ជា​កូន​លោក​យេភូនេ ជា​ពួក​កេណាស មាន​ប្រសាសន៍មកកាន់​លោកយ៉ូស្វេ​ថា៖ «លោក​ជ្រាប​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ ពី​ដំណើរ​ខ្ញុំ និង​លោក នៅ​កាដេស-បារនា​ហើយ ។ កាល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា បាន​ចាត់​ខ្ញុំ​ពី​កា‌ដេស-បារ‌នា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ខ្ញុំ​មាន​អាយុ​សែសិប​ឆ្នាំ ហើយ​ខ្ញុំ​បាន​ត្រឡប់​មក​វិញ រាយការណ៍​ជូន​លោក​ដោយ​ស្មោះ​ត្រង់។ ប៉ុន្តែ បង​ប្អូន​ដែល​ឡើង​ទៅ​ជា​មួយ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ប្រជា‌ជនបាក់​ទឹក​ចិត្ត តែ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ នៅ​ថ្ងៃ​នោះ លោក​ម៉ូសេ​បាន​ស្បថ​ថា "ដី​ដែល​ជើង​របស់​អ្នក​បាន​ជាន់ នោះ​នឹង​ត្រូវ​បាន​ជា​មត៌ក​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក​រហូត​ត​ទៅ ព្រោះ​អ្នក​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត"។ ឥឡូវ​នេះ មើល៍ ព្រះ‌យេហូវ៉ា​បាន​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ ដូច​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល គឺ​សែសិប​ប្រាំ​ឆ្នាំ​ហើយ តាំង​ពី​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សេចក្ដី​នោះមក​កាន់​លោក​ម៉ូសេ កាល​ពួក​អ៊ីស្រា‌អែល​កំពុង​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​នៅ​ឡើយ ហើយ​មើល៍ នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អាយុ​ប៉ែត​សិប​ប្រាំ​ឆ្នាំ​ហើយ។ ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​កាល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​ដែរ គឺ​ឥឡូវ​នេះ ខ្ញុំ​នៅ​មាន​កម្លាំង ដូច​នៅ​ពេល​នោះដែរ ល្មម​នឹង​ច្បាំង ទាំង​ចេញ​ទៅ ហើយ​ចូល​មក​វិញ​ផង។ ដូច្នេះ សូម​ប្រគល់​ស្រុក​ភ្នំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នៅ​គ្រា​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​លោក​បាន​ឮ​នៅ​ថ្ងៃ​នោះ​ហើយ​ថា មាន​សាសន៍​អ័ណាក់​នៅ​ស្រុក​នោះ ទាំង​មាន​ទាំង​ទី​ក្រុង​ធំៗ​ដែល​មាន​កំផែង​រឹង​មាំ។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ខ្ញុំ នោះ​ខ្ញុំ​នឹង​បណ្តេញ​ពួក​គេ​ចេញ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មិន​ខាន»។ ពេល​នោះ លោក​យ៉ូស្វេ​ឲ្យ​ពរ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ហើយ​ប្រគល់​ក្រុង​ហេប្រុន​ឲ្យ​លោក​ទុក​ជា​មត៌ក។ ដូច្នេះ ក្រុង​ហេប្រុន​បាន​ត្រឡប់​ជា​មត៌ក​របស់​លោក​កាលែប ជា​កូន​លោក​យេភូនេ ដែល​ជា​ពួក​កេណាស រហូត​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះលោក​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ រីឯ​ក្រុង​ហេប្រុន​នេះ ពី​ដើម​មាន​ឈ្មោះ​ថា គារ‌យ៉ាត់-អើបា (អើបា​នេះ​ជា​មនុស្ស​មាន​មាឌ​ធំ​ជាង​គេ​ក្នុង​ចំណោមពួក​សាសន៍​អ័ណាក់)។ ចាប់​ពី​នោះ​មក ស្រុកទេស​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចម្បាំង។

ចែក​រំលែក
អាន យ៉ូស្វេ 14

យ៉ូស្វេ 14:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​នេះ​ជា​មរដក​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ទទួល​នៅ​ក្នុង​ស្រុក​កាណាន គឺ​ដែល​អេលាសារដ៏​ជា​សង្ឃ នឹង​យ៉ូស្វេ​ជា​កូន​នុន ហើយ​នឹង​ពួក​មេ​លើ​វង្សា‌នុវង្ស របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​បាន​ចែក​ឲ្យ មរដក​ទាំង​នោះ​គេ​បាន​ចែក​ឲ្យ​ពូជ​អំបូរ​៩ នឹង​ពូជ​អំបូរ​១​ចំហៀង​នោះ ដោយ​ចាប់​ឆ្នោត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ ដ្បិត​លោក​ម៉ូសេ​បាន​ចែក​មរដក​ដល់​ពូជ​អំបូរ​ទាំង​២ នឹង​១​ចំហៀង​ទៀត នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​ហើយ តែ​មិន​បាន​ចែក​ឲ្យ​ដល់​ពួក​លេវី​ទេ ពី​ព្រោះ​ពួក​កូន​ចៅ​យ៉ូសែប​បាន​ចែក​ជា​ពូជ​អំបូរ​២​ផ្នែក​ទៅ​ហើយ គឺ​ម៉ាន៉ាសេ នឹង​អេប្រា‌អិម ដូច្នេះ​គេ​មិន​បាន​ចែក​ចំណែក​ណា​ដល់​ពួក​លេវី​នៅ​ក្នុង​ស្រុក​នោះ​ទេ លើក​តែ​ទី​ក្រុង​សំរាប់​ឲ្យ​គេ​នៅ​ប៉ុណ្ណោះ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន​សំរាប់​ហ្វូង​សត្វ នឹង​ទ្រព្យ​សម្បត្តិ​គេ​ផង ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ចែក​ស្រុក​គ្នា តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​លោក​ម៉ូសេ។ គ្រា​នោះ ពួក​កូន​ចៅ​យូដា​ក៏​ចូល​មក​ឯ​យ៉ូស្វេ​ត្រង់​គីល‌កាល រួច​កាលែប ជា​កូន​យេភូនេ ជា​ពួក​កេណាស​ក៏​និយាយ​នឹង​លោក​ថា លោក​ជ្រាប​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ ពី​ដំណើរ​ខ្ញុំ នឹង​លោក នៅ​ត្រង់​កាដេស-បារនា​ហើយ កាល​លោក​ម៉ូសេ​ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា បាន​ចាត់​ខ្ញុំ​ពី​កាដេស-បារនា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក នោះ​ខ្ញុំ​មាន​អាយុ​៤០​ឆ្នាំ​ហើយ ខ្ញុំ​ក៏​បាន​ត្រឡប់​មក​វិញ ជំរាប​លោក​តាម​គំនិត​ខ្ញុំ ប៉ុន្តែ​ពួក​បង​ប្អូន​ដែល​ឡើង​ទៅ​ជា​មួយ​នឹង​ខ្ញុំ គេ​បាន​រំសាយ​ចិត្ត​ពួក​បណ្តាជន​វិញ ឯ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​គ្រប់​ជំពូក ហើយ​នៅ​ថ្ងៃ​នោះ​ឯង លោក​ម៉ូសេ​ក៏​ស្បថ​ថា ដី​ដែល​ជើង​ឯង​បាន​ជាន់ នោះ​នឹង​ត្រូវ​បាន​ជា​មរដក​ដល់​ឯង នឹង​កូន​ចៅ​ឯង​ត​រៀង​ទៅ ដោយ​ព្រោះ​ឯង​បាន​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អញ​គ្រប់​ជំពូក ឥឡូវ​នេះ មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ​ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល គឺ​មាន​៤៥​ឆ្នាំ​នេះ​ហើយ តាំង​ពី​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​សេចក្ដី​នោះ​នឹង​លោក​ម៉ូសេ ក្នុង​កាល​ដែល​ពួក​អ៊ីស្រាអែល​កំពុង​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​នៅ​ឡើយ ហើយ​មើល នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អាយុ​៨៥​ឆ្នាំ​ហើយ សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​កំឡាំង ដូច​ក្នុង​កាល​ដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​នៅ​ឡើយ កំឡាំង​ខ្ញុំ​ឥឡូវ​នេះ​ក៏​ដូច​ជា​កាល​ពី​ដើម​ដែរ សំរាប់​នឹង​ទៅ​ច្បាំង​ទាំង​ចេញ​ទៅ​ហើយ​ចូល​មក​វិញ​ផង ដូច្នេះ​សូម​ឲ្យ​ស្រុក​ភ្នំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នៅ​គ្រា​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​លោក​បាន​ឮ​នៅ​វេលា​នោះ ហើយ​ថា មាន​សាសន៍​អ័ណាក់​នៅ​ស្រុក​នោះ ហើយ​មាន​ទាំង​ទី​ក្រុង​ធំៗ​ដែល​មាន​កំផែង​ផង ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​ជា​មួយ​នឹង​ខ្ញុំ​ទេ​ដឹង ឲ្យ​ខ្ញុំ​បាន​បណ្តេញ​គេ​ចេញ​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ។ នោះ​យ៉ូស្វេ​ឲ្យ​ពរ​ដល់​កាលែប ជា​កូន​យេភូនេ ហើយ​ក៏​ឲ្យ​ក្រុង​ហេប្រុន​ទៅ​គាត់​ទុក​ជា​មរដក ដូច្នេះ ក្រុង​ហេប្រុន​បាន​ត្រឡប់​ជា​មរដក​របស់​កាលែប ជា​កូន​យេភូនេ ដែល​ជា​ពួក​កេណាស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ពី​ព្រោះ​គាត់​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​គ្រប់​ជំពូក រីឯ​ក្រុង​ហេប្រុន​នេះ ពី​ដើម មាន​ឈ្មោះ​ជា​គារ‌យ៉ាត់-អើបា ដែល​អើបា​នោះ​ជា​មនុស្ស​មាន​មាឌ​ធំ​ជាង​គេ​ក្នុង​ពួក​សាសន៍​អ័ណាក់ ត​ពី​នោះ​មក ស្រុក​នោះ​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចំបាំង​ទៅ។

ចែក​រំលែក
អាន យ៉ូស្វេ 14