យ៉ូស្វេ 2:1-9

យ៉ូស្វេ 2:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន បាន​ចាត់​បុរស​ពីរ​នាក់​យ៉ាង​សម្ងាត់ ឲ្យ​ចេញ​ពី​ស៊ីទីម ទៅ​ស៊ើប​ការណ៍ ដោយ​ប្រាប់​ថា៖ «ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូរ​ផង»។ គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រីពេស្យា​ម្នាក់ ឈ្មោះ​រ៉ាហាប ។ មាន​គេ​ទូល​ដល់​ស្តេច​ក្រុង​យេរីខូរ​ថា៖ «មើល៍ នៅ​យប់​នេះ មាន​ពួក​អ៊ីស្រា‌អែល​ខ្លះ​បាន​ចូល​មក ដើម្បី​សង្កេត​មើល​ស្រុក​នេះ»។ ពេល​នោះ ស្តេច​ក្រុង​យេរីខូរ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ជួប​នាង​រ៉ាហាប ប្រាប់​ថា៖ «ចូរ​នាំ​មនុស្ស​ដែល​បាន​ចូល​មក​ឯ​នាង គឺ​អ្នក​ដែល​ចូល​មក​ក្នុង​ផ្ទះ​នាង​ចេញ​មក ដ្បិត​គេ​បាន​មក​សង្កេត​មើល​ស្រុក​នេះទាំង​មូល»។ ប៉ុន្ដែ ស្ត្រី​នោះ​បាន​នាំបុរស​ពីរ​នាក់​នោះ​ទៅ​លាក់​ទុក រួច​ប្រាប់​ថា៖ «មាន​មនុស្ស​មក​ឯនាង​ខ្ញុំ​មែន តែ​នាង​ខ្ញុំ​មិន​បាន​ដឹងថា​គេ​មក​ពី​ណា​ទេ។ លុះ​ជិត​ដល់​ពេល​បិទ​ទ្វារ​ក្រុង​នៅ​ពេល​ព្រលប់ បុរស​នោះ​បាន​ចេញទៅ​បាត់។ នាង​ខ្ញុំមិន​ដឹង​ថា​បុរស​នោះ​ទៅទីណា​ទេ។ សូម​ដេញ​តាម​គេ​ឲ្យ​លឿន​ទៅ ដ្បិត​អស់​លោក​នឹង​ដេញ​តាម​គេ​ទាន់មិន​ខាន»។ ប៉ុន្ដែ នាង​បាន​នាំ​អ្នក​ទាំង​ពីរ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ហើយ​លាក់​នៅ​ក្នុង​គំនរ​ដើម​ខ្លូត‌ទេស ដែល​នាង​បាន​បញ្ឈរ​នៅ​លើ​ដំបូល។ ដូច្នេះ បុរស​ទាំង​នោះ​ក៏​ដេញ​តាម​អ្នក​ទាំង​ពីរ តាម​ផ្លូវ​ទៅ​កាន់​ទន្លេ​យ័រដាន់ រហូត​ដល់​កន្លែង​ឆ្លង។ កាល​ពួក​អ្នក​ដេញ​តាម​បាន​ចេញ​ទៅ​ផុត​ហើយ នោះ​គេ​ក៏​បិទ​ទ្វារ​ក្រុង។ កាល​អ្នក​ទាំង​ពីរ​មិន​ទាន់​ដេក​នៅ​ឡើយ នាង​ក៏​ឡើង​ទៅ​ជួប​គេ​នៅ​លើ​ដំបូល ហើយ​និយាយ​ទៅ​កាន់​បុរស​នោះ​ថា៖ «ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ស្រុក​នេះ​ដល់​ពួក​លោក ហើយ​ថា យើង​មាន​ការ​ភ័យ‌ខ្លាច​ចំពោះ​ពួក​លោកជា​ខ្លាំង ឯ​អ្នក​ស្រុក​ទាំង​ប៉ុន្មាន​ញ័​រន្ធត់​នៅ​មុខ​ពួក​លោក។

ចែក​រំលែក
អាន យ៉ូស្វេ 2

យ៉ូស្វេ 2:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ចាត់​បុរស​ពីរ​នាក់​យ៉ាង​សម្ងាត់ ឲ្យ​ចេញ​ពី​ជំរំ​ស៊ីទីម ទៅ​ស៊ើប‌ការណ៍។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ពិនិត្យ​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូ​ផង!»។ អ្នក​ទាំង​ពីរ​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរីខូ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​ស្រី​ពេស្យា​ម្នាក់​ឈ្មោះ​នាង​រ៉ាហាប ។ មាន​គេ​ទូល​ស្ដេច​ក្រុង​យេរីខូ​ថា៖ «យប់​នេះ មាន​ពួក​អ៊ីស្រា‌អែល​ចូល​មក​ក្នុង​ទីក្រុង ដើម្បី​ស៊ើប‌ការណ៍»។ ស្ដេច​ក្រុង​យេរីខូ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​នាង​រ៉ាហាប​ថា៖ «ចូរ​នាំ​ពួក​ដែល​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​ផ្ទះ​នាង​ចេញ​មក ដ្បិត​គេ​មក​ស៊ើប‌ការណ៍​នៅ​ស្រុក​ទាំង​មូល»។ ប៉ុន្តែ ស្ត្រី​នោះ​បាន​នាំ​បុរស​ទាំង​ពីរ​ទៅ​លាក់ រួច​ពោល​ថា៖ «ចា៎ស​លោក! ពួក​នោះ​បាន​មក​ផ្ទះ​នាង​ខ្ញុំ​មែន តែ​នាង​ខ្ញុំ​មិន​ដឹង​ថា​ពួក​គេ​មក​ពី​ណា​ឡើយ។ លុះ​ដល់​ពេល​ព្រលប់ គឺ​ពេល​ដែល​គេ​បិទ​ទ្វារ​ក្រុង បុរស​នោះ​បាន​ចេញ​ទៅ​បាត់ នាង​ខ្ញុំ​ពុំ​ដឹង​ថា​ពួក​គេ​ទៅ​ទី​ណា​ទេ។ សូម​ដេញ​តាម​ឲ្យ​លឿន អស់​លោក​មុខ​ជា​ទាន់​ពួក​គេ​ពុំ‌ខាន!»។ តាម​ពិត នាង​នាំ​ពួក​គេ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ លាក់​ក្នុង​គំនរ​ដើម​ធ្មៃ​ដែល​នាង​ទុក​នៅ​ទី​នោះ។ អ្នក​ទាំង​នោះ​ដេញ​តាម​រក​ពួក​គេ ឆ្ពោះ​ទៅ​កាន់​ទន្លេ​យ័រដាន់ គឺ​នៅ​កន្លែង​ទឹក​រាក់ៗ​ដែល​អាច​ឆ្លង​បាន។ កាល​ពួក​អ្នក​ដេញ​តាម​ចេញ​ផុត​អស់​ទៅ គេ​ក៏​បិទ​ទ្វារ​ទីក្រុង។ នាង​បាន​ឡើង​ទៅ​ជួប​អ្នក​ស៊ើប‌ការណ៍​ទាំង​ពីរ​នៅ​លើ​ដំបូល​ផ្ទះ មុន​ពួក​គេ​ចូល​ដំណេក ហើយ​ក៏​និយាយ​ទៅ​កាន់​គេ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌អម្ចាស់​ប្រគល់​ស្រុក​នេះ​ដល់​ពួក​លោក។ ពួក​លោក​ធ្វើ​ឲ្យ​យើង​ខ្ញុំ​តក់‌ស្លុត​ជា​ខ្លាំង ហើយ​អ្នក​ស្រុក​ទាំង​មូល​បាក់​ទឹក​ចិត្ត​នៅ​ចំពោះ​មុខ​ពួក​លោក

ចែក​រំលែក
អាន យ៉ូស្វេ 2

យ៉ូស្វេ 2:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ូស្វេ ជា​កូន​នុន លោក​ចាត់​អ្នក​ស៊ើប​ការ​សំងាត់​២​នាក់ ឲ្យ​ចេញ​ពី​ស៊ីទីម​ទៅ ដោយ​ប្រាប់​ថា ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ នឹង​ក្រុង​យេរីខូរ​ផង គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រី​សំផឹង​ម្នាក់ ឈ្មោះ​រ៉ាហាប ខណៈ​នោះ មាន​គេ​ទូល​ដល់​ស្តេច​ក្រុង​យេរីខូរ​ថា មើល នៅ​យប់​នេះ មាន​មនុស្ស​សាសន៍​អ៊ីស្រាអែល​ខ្លះ​បាន​ចូល​មក ដើម្បី​នឹង​សង្កេត​មើល​ស្រុក​នេះ នោះ​ស្តេច​ក្រុង​យេរីខូរ​ក៏​ចាត់​គេ​ឲ្យ​ទៅ​បង្គាប់​រ៉ាហាប​ថា ចូរ​នាំ​មនុស្ស​ដែល​ចូល​មក​ស្នាក់​នៅ​ផ្ទះ​ឯង​នោះ​ចេញ​មក ដ្បិត​គេ​បាន​មក ដើម្បី​នឹង​ដើរ​សង្កេត​មើល​ពេញ​ក្នុង​ស្រុក​នេះ តែ​នាង​បាន​នាំ​យក​មនុស្ស​២​នាក់​នោះ​ទៅ​លាក់​ទុក រួច​ប្រាប់​ថា មាន​មនុស្ស​មក​ឯ​ខ្ញុំ​មែន តែ​ខ្ញុំ​ឥត​បាន​ដឹង​ជា​មក​ពី​ណា​ទេ លុះ​ជិត​ដល់​ពេល​បិទ​ទ្វារ​ក្រុង កាល​ងងឹត​ហើយ នោះ​ស្រាប់​តែ​គេ​ចេញ​បាត់​ទៅ ខ្ញុំ​ឥត​បាន​ដឹង​ជា​គេ​ទៅ​ឯ​ណា​ទេ ដូច្នេះ​ចូរ​ដេញ​តាម​គេ​ជា​ប្រញាប់​ទៅ ដ្បិត​មុខ​ជា​នឹង​តាម​គេ​ទាន់ តែ​នាង​បាន​នាំ​យក​អ្នក​ទាំង​២​នោះ​ឡើង​ទៅ​ឯ​លើ​ដំបូល​ផ្ទះ​វិញ ហើយ​លាក់​ទុក​នៅ​ក្នុង​គំនរ​ដើម​ខ្លូត‌ទេស ដែល​នាង​បាន​បញ្ឈរ​នៅ​លើ​ដំបូល​នោះ ដូច្នេះ​គេ​ក៏​ដេញ​តាម​រក​អ្នក​ទាំង​២​តាម​ផ្លូវ​ទៅ​ឯ​ទន្លេ​យ័រដាន់ រហូត​ដល់​កន្លែង​ឆ្លង កាល​ពួក​អ្នក​ដែល​ដេញ​តាម បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ក៏​បិទ​ទ្វារ​ក្រុង។ រួច​កាល​អ្នក​ទាំង​២​មិន​ទាន់​ដេក​នៅ​ឡើយ នោះ​នាង​ក៏​ឡើង​ទៅ​ឯ​គេ​នៅ​លើ​ដំបូល និយាយ​ថា ខ្ញុំ​ដឹង​ថា​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ស្រុក​នេះ​ដល់​អ្នក​រាល់​គ្នា​ហើយ ១​ទៀត​សេចក្ដី​ស្ញែង‌ខ្លាច​របស់​អ្នក​រាល់​គ្នា បាន​ធ្លាក់​មក​លើ​យើង​ដែរ ឯ​អ្នក​ស្រុក​ទាំង​ប៉ុន្មាន គេ​នឹង​រលាយ​បាត់​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៅ

ចែក​រំលែក
អាន យ៉ូស្វេ 2