បរិទេវ 1:1-12

បរិទេវ 1:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទី​ក្រុង​ដែល​ធ្លាប់​មាន មនុស្សច្រើនកុះករ ម្ដេច​ឥឡូវ​បែរ​ជានៅឯកោ ដូច​ជា​ស្ត្រី​មេម៉ាយ​ទៅ​វិញ ពី​ដើម​ជា​បុត្រី​នៅ​កណ្ដាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ ទៅ​ចំណុះ​គេ​វិញ។ នាង​យំ​អណ្តឺត‌អណ្តក​នៅ​ពេល​យប់ ទឹក​ភ្នែក​រហាម​នៅ​លើ​ថ្ពាល់​ផង ក្នុង​ពួក​អ្នក​ដែល​ស្រឡាញ់​នាង នោះ​ឥត​មាន​អ្នក​ណា​ជួយ​ដោះ​ទុក្ខ​ឡើយ ពួក​មិត្ត​សម្លាញ់​ទាំង​អស់​បាន​ក្បត់​នាង​ហើយ គេ​ត្រឡប់​ជា​ខ្មាំង​សត្រូវ​វិញ។ ពួក​យូដា​បាន​ទៅ​ជា​ឈ្លើយ​ហើយ ក៏ត្រូវ​រង​ទុក្ខ ហើយ​បម្រើ​យ៉ាង​ធ្ងន់ នាង​អា‌ស្រ័យ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ឥត​បាន​សម្រាក​ឡើយ ពួក​អ្នក​បៀត‌បៀន​នាង​បាន​តាម​នាង​ទាន់ នៅ​ច្រក​ចង្អៀត។ ផ្លូវ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន​យំ​ទួញ ដ្បិត​គ្មាន​អ្នក​ណា​មក​ចូលរួម​ពិធីបុណ្យ​សោះ ទ្វារ​ទី​ក្រុងទាំងប៉ុន្មាន​នៅ​ស្ងាត់​ច្រៀប ហើយ​ពួក​សង្ឃ​ក៏​ថ្ងូរ ពួក​ក្រមុំៗ​មាន​ទុក្ខ​ក្រៀម​ក្រំ ហើយ​ទី​ក្រុង​ទាំង​មូល​មាន​ពេញដោយភាព​ជូរ​ចត់។ ពួក​អ្នក​ដែល​តតាំង​នឹង​នាង​បាន​ឡើង​ជា​កំពូល ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​ចម្រើន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ទុក្ខ​នាង ដោយ​ព្រោះ​អំពើ​រំលង​ដ៏​បរិបូរ ពួក​ក្មេងៗ​ត្រូវ​បំបរ​ទៅ​ជា​ឈ្លើយ នៅ​មុខ​ពួក​ដែល​តតាំង។ សម្រស់​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​បានបាត់​បង់​អស់​ហើយ ពួក​ចៅ‌ហ្វាយ​របស់​នាង​បាន​ត្រ​ឡប់​ដូច​ជា​ប្រើស ដែល​រក​ស្មៅ​មិន​បាន ហើយ​គេ​រត់​ពី​មុខ​អ្នក​ដែល​ដេញ​តាម ដោយ​ល្វើយ​កម្លាំង។ នៅ​គ្រា​រង​ទុក្ខ​វេទនា ហើយ​លំបាក ក្រុង​យេរូ‌សាឡិម​នឹក​ចាំ​ពី​សេចក្ដី​ល្អ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​កាល​ពី​ដើម ក្នុង​គ្រា​ដែល​ជន​ទាំង‌ឡាយ​បាន​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឥត​មាន​អ្នក​ណា​ជួយ​សោះ នោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឃើញ​នាង ហើយ​បាន​ចំអក​ឲ្យ​ពី​ដំណើរ​ដែល​នាង ឈប់​ផ្អាក​នៅ ក្រុង​យេរូ‌សាឡិម​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់ ហេតុ​នោះ​បាន​ជា​ត្រូវ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក អស់​អ្នក​ដែល​ធ្លាប់​លើក​មុខ​នាង ឥឡូវ​គេ​មើល​ងាយ​វិញ ពី​ព្រោះ​គេ​បាន​ឃើញ​កេរ‌ខ្មាស​នាង​ហើយ នាង​កំពុង​តែ​ថ្ងូរ ហើយ​បែរ​ថយ​ក្រោយ សេចក្ដី​ស្មោក‌គ្រោក​របស់​នាង​នៅ​ត្រង់​ជាយ​សំពត់ នាង​មិន​នឹក​ពី​ចុង​បំផុត​របស់​ខ្លួន​សោះ ហេតុ​នោះ​បាន​ជា​នាង​ត្រូវ​ចុះ​មក​យ៉ាង​អស្ចារ្យ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទត​សេចក្ដី​វេទនា របស់​ខ្ញុំ​ម្ចាស់​ចុះ ដ្បិត​ខ្មាំង​សត្រូវ​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ ពួក​សង្កត់‌សង្កិន​បាន​លូក​ដៃ​មក​លើ​របស់​ទាំង​ប៉ុន្មាន ដែល​គាប់​ចិត្ត​នាង នាង​បាន​ឃើញ​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ របស់​នាង ជា​ពួក​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​ផ្តាំ​ទុក មិន​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ជំនុំ​របស់​ព្រះ‌អង្គ​ឡើយ បណ្ដា‌ជន​របស់​នាង​កំពុង​តែ​ថ្ងូរ គេ​រក​អាហារ គេ​បាន​ឲ្យ​របស់ ដែល​គាប់​ចិត្ត​ខ្លួន​ទាំង​ប៉ុន្មាន ប្ដូរ​នឹង​អាហារ សម្រាប់​ចម្រើន​កម្លាំង​ឡើង​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល ដ្បិត​ខ្ញុំ​ម្ចាស់​បាន​ត្រឡប់​ជា​ទាប​ថោក​ហើយ។ ឱ​អ្នក​រាល់​គ្នា​ដែល​ដើរ​បង្ហួស​អើយ តើ​មិន​អំពល់​ដល់​អ្នក​រាល់​គ្នា​ទេ​ឬ? សូម​ពិចា‌រណា​មើល បើ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ណា ដូច​យ៉ាង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​នាំ​មក​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន បរិទេវ 1

បរិទេវ 1:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ម្ដេច​ក៏​ក្រុង​ដែល​ធ្លាប់​តែ​មាន ប្រជា‌ជន​ច្រើន​កុះ‌ករ បែរ​ជា​នៅ​ឯកោ​ដូច​ស្ត្រី​មេម៉ាយ​បែប​នេះ! ក្រុង​ដ៏​រុងរឿង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ក្រុង​ដែល​ជា​ម្ចាស់‌ក្សត្រិយ៍​លើ​អាណា‌ខេត្ត​នានា ធ្លាក់​ខ្លួន​ទៅ​ជា​ទាសី! នៅ​ពេល​យប់ នាង​យំ​ឥត​ស្រាក‌ស្រាន្ត ទឹក​ភ្នែក​ហូរ​ចុះ​មក​លើ​ថ្ពាល់​ទាំង​ពីរ។ ក្នុង​ចំណោម​គូ​ស្នេហ៍​របស់​នាង​ទាំង​ប៉ុន្មាន គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​នាង​ឡើយ មិត្ត‌ភក្ដិ​របស់​នាង​នាំ​គ្នា​ក្បត់​នាង ហើយ​ក្លាយ​ទៅ​ជា​សត្រូវ​របស់​នាង​វិញ។ កុល‌សម្ព័ន្ធ​យូដា​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ ហើយ​ត្រូវ​អាម៉ាស់ និង​ធ្លាក់​ខ្លួន​ជា​ទាសី នាង​តែល‌តោល​នៅ​ក្នុង​ចំណោម ប្រជា‌ជាតិ​ទាំង‌ឡាយ រក​កន្លែង​ស្នាក់​អាស្រ័យ​ពុំ​បាន។ ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​នាង ធ្វើ​ឲ្យ​នាង​រក​ច្រក​ចេញ​ពុំ​រួច។ ផ្លូវ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន​ប្រែ​ជា​ស្ងាត់​ជ្រងំ ដ្បិត​គ្មាន​នរណា​ឡើង​ទៅ ប្រារព្ធ​ពិធី​បុណ្យ​ទៀត​ទេ។ ទ្វារ​ក្រុង​បាក់​បែក​អស់ បូជា‌ចារ្យ​របស់​ក្រុង​នេះ​នាំ​គ្នា​យំ​ថ្ងូរ ស្រី​ក្រមុំ​នៅ​ក្រុង​នេះ​ត្រូវ​កើត​ទុក្ខ​ក្រៀម‌ក្រំ ហើយ​ក្រុង​នេះ​ផ្ទាល់​ត្រូវ​វេទនា​ឥត​ឧបមា។ បច្ចា‌មិត្ត​មាន​ប្រៀប​លើ​នាង ខ្មាំង​សត្រូវ​របស់​នាង​រស់​នៅ​យ៉ាង​សុខ‌សាន្ត ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​វេទនា ព្រោះ​តែ​អំពើ​បាប​ដ៏​ច្រើន​របស់​នាង កូន​ចៅ​របស់​នាង​ត្រូវ​បច្ចា‌មិត្ត​ចាប់​យក ទៅ​ជា​ឈ្លើយ។ ក្រុង​ស៊ីយ៉ូន​បាន​បាត់​បង់​ភាព​រុងរឿង​របស់​ខ្លួន ពួក​មន្ត្រី​របស់​នាង​ប្រៀប​បាន​នឹង​ប្រើស ដែល​រក​វាល​ស្មៅ​ស៊ី​លែង​បាន​ទៀត។ ពួក​គេ​ចាក​ចេញ​ទៅ ទាំង​បាក់​កម្លាំង នៅ​មុខ​សត្រូវ​ដែល​ដេញ​តាម។ នៅ​គ្រា​មាន​ទុក្ខ​វេទនា តែល‌តោល យេរូ‌សាឡឹម​នឹក​ឃើញ​អ្វីៗ​ដ៏​ថ្លៃ‌ថ្នូរ ដែល​នាង​ធ្លាប់​មាន​កាល​ពី​មុន។ ពេល​ប្រជា‌ជន​របស់​នាង​ធ្លាក់ ក្នុង​កណ្ដាប់​ដៃ​សត្រូវ គ្មាន​នរណា​មក​ជួយ​ទេ បច្ចា‌មិត្ត​បាន​ឃើញ ហើយ​នាំ​គ្នា​សើច​ចំអក ព្រោះ​នាង​ត្រូវ​វិនាស​បាត់​បង់។ យេរូ‌សាឡឹម​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន ហេតុ​នេះ​ហើយ​បាន​ជា​នាង​ក្លាយ​ទៅ ជា​មិន​បរិសុទ្ធ* អស់​អ្នក​ដែល​ធ្លាប់​តែ​សរសើរ​នាង​កាល​ពី​មុន បែរ​ជា​នាំ​គ្នា​មើល‌ងាយ​នាង ដោយ​ឃើញ​នាង​នៅ​ខ្លួន​ទទេ នាង​យំ​ថ្ងូរ ហើយ​ដក​ខ្លួន​ថយ។ ភាព​ស្មោក‌គ្រោក​ស្ថិត​នៅ​ជាប់​នឹង សំពត់​របស់​នាង នាង​ពុំ​បាន​គិត​ដល់​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​ចំពោះ​នាង នាង​ផុង​ខ្លួន​ជ្រៅ​ពេក គ្មាន​នរណា​អាច​សម្រាល​ទុក្ខ​នាង​ឡើយ។ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​ទុក្ខ​វេទនា របស់​ខ្ញុំ​ម្ចាស់​ផង សត្រូវ​មាន​ជ័យ‌ជម្នះ​លើ​ខ្ញុំ​ម្ចាស់​ហើយ!» សត្រូវ​រឹប​អូស​យក​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​នាង នាង​ឃើញ​ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់ គឺ​ប្រជា‌ជាតិ​ដែល​ព្រះអង្គ​បាន​ហាម​មិន​ឲ្យ ចូល​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះអង្គ​ឡើយ។ ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​យំ​ថ្ងូរ គេ​ចង់​បាន​អាហារ​បរិភោគ គេ​យក​អ្វីៗ​ដ៏​មាន​តម្លៃ​ទៅ​ដូរ​អាហារ​បរិភោគ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។ ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​ខ្ញុំ​ម្ចាស់​ផង ខ្ញុំ​ម្ចាស់​អាម៉ាស់​មុខ​ខ្លាំង​ណាស់! អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ​អើយ សូម​មើល​មក​ចុះ! តើ​មាន​នរណា​ម្នាក់​ឈឺ​ចុក​ចាប់​ដូច​ខ្ញុំ​ទេ! នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ដ៏​ខ្លាំង ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​ឥត​ឧបមា!

ចែក​រំលែក
អាន បរិទេវ 1

បរិទេវ 1:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទី​ក្រុង​ដែល​ពី​ដើម​មាន​ពេញ​ដោយ​មនុស្ស ឥឡូវ​បាន​ត្រមោច​នៅ​យ៉ាង​ណា​ហ្ន៎ នាង​ដែល​ពី​ដើម​ជា​ប្រធាន​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ឥឡូវ​នេះ​បាន​ត្រឡប់​ជា​មេម៉ាយ​វិញ​យ៉ាង​ណា​ហ្ន៎ ពី​ដើម​ជា​បុត្រី​នៅ​កណ្តាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ បាន​ទៅ​ចំណុះ​គេ​វិញ​យ៉ាង​ណា​ហ្ន៎ នាង​យំ​អណ្តឺត‌អណ្តក​នៅ​ពេល​យប់ ទឹក​ភ្នែក​រហាម​នៅ​លើ​ថ្ពាល់​ផង ក្នុង​ពួក​អ្នក​ដែល​ស្រឡាញ់​នាង នោះ​ឥត​មាន​ណា​មួយ​ជួយ​ដោះ​ទុក្ខ​ឡើយ ពួក​ភឿន‌មិត្រ​ទាំង​អស់​បាន​ក្បត់​នាង​ហើយ គេ​បាន​ត្រឡប់​ទៅ​ជា​ខ្មាំង​សត្រូវ​វិញ ពួក​យូដា​បាន​ទៅ​ជា​ឈ្លើយ​ហើយ ក៏​ត្រូវ​រង​ទុក្ខ ហើយ​បំរើ​យ៉ាង​ធ្ងន់ នាង​អាស្រ័យ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ឥត​មាន​សេចក្ដី​សំរាក​ឡើយ ពួក​អ្នក​ដែល​បៀត‌បៀន​នាង​បាន​តាម​នាង​ទាន់ នៅ​ច្រក​ចង្អៀត អស់​ទាំង​ផ្លូវ​នៃ​ក្រុង​ស៊ីយ៉ូន​កំពុង​តែ​យំ​ទួញ ពី​ព្រោះ​គ្មាន​អ្នក​ណា​មក​ឯ​ជំនុំ​មុត‌មាំ​សោះ អស់​ទាំង​ទ្វារ​ទី​ក្រុង​នៅ​ស្ងាត់​ច្រៀប ហើយ​ពួក​សង្ឃ​ក៏​ថ្ងូរ ពួក​ក្រមុំៗ​មាន​សេចក្ដី​ទុក្ខ ហើយ​តួ​ទី​ក្រុង​ក៏​មាន​សេចក្ដី​ជូរ​ចត់​ដែរ ពួក​អ្នក​ដែល​តតាំង​នឹង​នាង​បាន​ឡើង​ជា​កំពូល ហើយ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​ចំរើន ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ធ្វើ​ទុក្ខ​នាង ដោយ​ព្រោះ​អំពើ​រំលង​ដ៏​បរិបូរ ពួក​ក្មេងៗ​ត្រូវ​បំបរ​ទៅ​ជា​ឈ្លើយ នៅ​ពី​មុខ​ពួក​ដែល​តតាំង គ្រប់​ទាំង​សេចក្ដី​លំអ​បាន​បាត់​ពី​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ចេញ ពួក​ចៅហ្វាយ​របស់​នាង​បាន​ត្រឡប់​ដូច​ជា​ប្រើស ដែល​រក​ទី​ស្មៅ​មិន​បាន ហើយ​គេ​រត់​ពី​មុខ​អ្នក​ដែល​ដេញ​តាម ដោយ​ល្វើយ​កំឡាំង។ នៅ​គ្រា​រង​ទុក្ខ​វេទនា ហើយ​លំបាក នោះ​ក្រុង​យេរូ‌សាឡិម​នឹក​ចាំ​ពី​សេចក្ដី​ដ៏​ល្អ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​ពី​កាល​ដើម ក្នុង​កាល​ដែល​ជន​ទាំង‌ឡាយ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឥត​មាន​អ្នក​ណា​ជួយ​សោះ នោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឃើញ​នាង ហើយ​បាន​ចំអក​ឲ្យ​ពី​ដំណើរ​ដែល​នាង​ឈប់​ផ្អាក​នៅ ក្រុង​យេរូ‌សាឡិម​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់ ហេតុ​នោះ​បាន​ជា​ត្រូវ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក អស់​អ្នក​ដែល​ធ្លាប់​លើក​មុខ​នាង ឥឡូវ​គេ​មើល‌ងាយ​វិញ ពី​ព្រោះ​គេ​បាន​ឃើញ​កេរ‌ខ្មាស​នាង​ហើយ អើ នាង​កំពុង​តែ​ថ្ងូរ ហើយ​បែរ​ថយ​ក្រោយ សេចក្ដី​ស្មោក‌គ្រោក​របស់​នាង​នៅ​ត្រង់​ជាយ​សំពត់ នាង​មិន​នឹក​ពី​ចុង​បំផុត​របស់​ខ្លួន​សោះ ហេតុ​នោះ​បាន​ជា​នាង​ត្រូវ​ចុះ​មក​យ៉ាង​អស្ចារ្យ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ទត​សេចក្ដី​វេទនា​របស់​ខ្ញុំ​ម្ចាស់​ចុះ ដ្បិត​ខ្មាំង​សត្រូវ​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ ពួក​សង្កត់‌សង្កិន​បាន​លូក​ដៃ​មក​លើ​របស់​ទាំង​ប៉ុន្មាន ដែល​គាប់​ចិត្ត​នាង នាង​បាន​ឃើញ​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​នាង ជា​ពួក​មនុស្ស​ដែល​ទ្រង់​បាន​ផ្តាំ​ទុក មិន​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ជំនុំ​របស់​ទ្រង់​ឡើយ បណ្តាជន​របស់​នាង​កំពុង​តែ​ថ្ងូរ គេ​រក​អាហារ គេ​បាន​ឲ្យ​របស់​ដែល​គាប់​ចិត្ត​ខ្លួន​ទាំង​ប៉ុន្មាន ផ្តូរ​នឹង​អាហារ សំរាប់​ចំរើន​កំឡាំង​ឡើង​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល ដ្បិត​ខ្ញុំ​ម្ចាស់​បាន​ត្រឡប់​ជា​ទាប​ថោក​ហើយ។ ឱ​អ្នក​រាល់​គ្នា ដែល​ដើរ​បង្ហួស​អើយ តើ​មិន​អំពល់​ដល់​អ្នក​រាល់​គ្នា​ទេ​ឬ សូម​ពិចារណា​មើល បើ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ណា ដូច​យ៉ាង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​នាំ​មក​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ នៅ​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់

ចែក​រំលែក
អាន បរិទេវ 1