លេវីវិន័យ 13:4-59

លេវីវិន័យ 13:4-59 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ប្រសិន‌បើ​ស្នាម​ដែល​នៅ​ស្បែក​នោះ​ស មើល​ទៅ​មិន​មែន​ខូង​ទាប​ជាង​ស្បែក​ទេ ហើយ​បើ​រោម​មិន​បាន​ទៅ​ជា​ស នោះ​សង្ឃ​ត្រូវ​បង្ខាំង​អ្នក​ដែល​មាន​រោគ​នោះ​ទុក​នៅ​ប្រាំពីរ​ថ្ងៃ រួច​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​មើល​ទៅ​ស្មាន​ថា រោគ​នៅ​តែ​ដដែល​មិន​បាន​រាល​ទៅ​ក្នុង​ស្បែក​ទេ នោះ​ត្រូវ​បង្ខាំង​អ្នក​នោះ​នៅ​ប្រាំពីរ​ថ្ងៃ​ទៀត។ ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ឲ្យ​ពិនិត្យ​មើល​ម្តង​ទៀត បើ​រោគ​អន់​ថយ​ហើយ មិន​បាន​រាល​ក្នុង​ស្បែក​ទេ នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្អាត​វិញ គ្រាន់​តែ​ជា​ស្រែង​ប៉ុណ្ណោះ រួច​អ្នក​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត​ហើយ។ ប៉ុន្តេ បើ​ដំបៅ​រាល​ធំ​ឡើង​នៅ​ក្នុង​ស្បែក ក្រោយ​ដែល​សង្ឃ​បាន​ពិនិត្យ​មើល ព្រម​ទាំង​ប្រកាស​ថា ជា​ស្អាត​ហើយ នោះ​ត្រូវ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​ឲ្យ​មើល​ម្តង​ទៀត សង្ឃ​ត្រូវ​ពិនិត្យ​មើល បើ​ឃើញ​ថា ដំបៅ​នោះ​បាន​រាល​ជា​ខ្លាំង​ឡើង នៅ​ក្នុង​ស្បែក នោះ​ត្រូវ​ប្រកាស​ថា​ជា​ស្មោក‌គ្រោក​វិញ គឺ​កើត​ឃ្លង់​ហើយ។ ពេល​ណា​មាន​រោគ​ឃ្លង់​កើត​ឡើង​ដល់​មនុស្ស​ណា នោះ​ត្រូវ​តែ​នាំ​ទៅ​ជួប​សង្ឃ។ សង្ឃ​ត្រូវ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​មាន​ពក​សៗ​នៅ​នា​ស្បែក ដែល​បាន​ធ្វើ​រោម​ឲ្យ​ទៅ​ជា​ស ហើយ​មាន​សាច់​ស្រស់​នៅ​ក្នុង​ពក​នោះ នោះ​គឺ​ជា​ឃ្លង់​ចាស់​នៅ​ក្នុង​សាច់​ហើយ សង្ឃ​ត្រូវ​ប្រាប់​ថា​ជា​ស្មោក‌គ្រោក មិន​បាច់​បង្ខាំង​ទុក​ទេ ព្រោះ​ស្មោក‌គ្រោក​ហើយ។ បើ​កាល​ណា​រោគ​ឃ្លង់​នោះ​ចេញ​មក​ពេញ​លើ​ស្បែក ហើយ​បាន​រាល​ពេញ​ខ្លួន​អ្នក​ដែល​មាន​រោគ​នោះ ចាប់​តាំង​ពី​ក្បាល​រហូត​ដល់​ជើង នៅ​សព្វ​កន្លែង​ដែល​សង្ឃ​មើល​ឃើញ នោះ​ត្រូវ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​ថា​រោគ​ឃ្លង់​បាន​រាល​ពេញ​ខ្លួន​ហើយ នោះ​ត្រូវ​ប្រកាស​ថា អ្នក​ដែល​មាន​រោគ​នោះ​ជា​ស្អាត​វិញ ដ្បិត​បាន​ត្រឡប់​ជា​ស​ទាំង​អស់​ហើយ គឺ​ស្អាត​ទេ។ ប៉ុន្តែ បើ​កាល​ណា​ឃើញ​មាន​សាច់​ស្រស់ នោះ​ស្មោក‌គ្រោក​វិញ សង្ឃ​ត្រូវ​ពិនិត្យ​មើល​សាច់​ស្រស់​នោះ រួច​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត សាច់​ស្រស់​នោះ​ស្មោក‌គ្រោក​ហើយ គឺ​ជា​ឃ្លង់។ ឬ​បើ​សាច់​ស្រស់​នោះ​ទៅ​ជា​ស អ្នក​នោះ​ត្រូវ​មក​ជួប​សង្ឃ​ម្តង​ទៀត សង្ឃ​ត្រូវ​ពិនិត្យ​មើល បើ​ឃើញ​ថា រោគ​នោះ​បាន​ត្រឡប់​ជា​ស​មែន នោះ​ត្រូវ​ប្រកាស​ថា អ្នក​ដែល​មាន​រោគ​បាន​ជា​ស្អាត​វិញ គឺ​ជា​ស្អាត​ទេ។ កាល​ណា​កើត​មាន​បូស​នៅ​លើ​ស្បែក ហើយ​បាន​សះ​ទៅ រួច​នៅ​ត្រង់​កន្លែង​បូស​នោះ​កើត​មាន​ពក​ស ឬ​ស្នាម​ក្រហម​ព្រឿងៗ នោះ​ត្រូវ​បង្ហាញ​ឲ្យ​សង្ឃ​មើល។ ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ស្នាម​នោះ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក ហើយ​រោម​ត្រឡប់​ទៅ​ជា​ស នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ដែល​លេច​ពី​បូស​នោះ​មក​ហើយ តែ​បើ​សង្ឃ​ពិនិត្យ​មើល​ទៅ​មិន​ឃើញ​មាន​រោម​ស​សោះ ហើយ​ស្នាម​នោះ​ក៏​មិន​ខូង​ទាប​ជាង​ស្បែក​ដែរ គឺ​ចង់​ក្រៀម​ហើយ នោះ​ត្រូវ​បង្ខាំង​អ្នក​នោះ​ទុក​នៅ​ប្រាំពីរ​ថ្ងៃ បើ​រោគ​នោះ​រាល‌ដាល​ធំ​ឡើង​នៅ​លើ​ស្បែក នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​កើត​ឃ្លង់​ហើយ។ តែ​បើ​ស្នាម​ក្រហម​នោះ​នៅ​តែ​ដដែល មិន​បាន​រាល‌ដាល​ទេ គឺ​គ្រាន់​តែ​ជា​ស្នាម​បូស​ប៉ុណ្ណោះ នោះ​សង្ឃ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្អាត​ទេ។ បើ​កាល​ណា​ស្បែក​បាន​ត្រូវ​រលាក​ភ្លើង ហើយ​សាច់​ស្រស់​ត្រង់​រលាក​នោះ​កើត​មាន​សម្បុរ​ក្រហម​ព្រឿងៗ ឬ​ស​ក្តី នោះ​សង្ឃ​ត្រូវ​ពិនិត្យ​មើល បើ​ឃើញ​ថា រោម​ដែល​នៅ​ត្រង់​ស្នាម​នោះ​បាន​ទៅ​ជា​ស​ហើយ មើល​ទៅ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក​ដែរ នោះ​គឺ​ជា​ឃ្លង់​ដែល​បាន​លេច​មក​ត្រង់​ស្នាម​រលាក​នោះ សង្ឃ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ពិត​ជា​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ហើយ តែ​សង្ឃ​ពិនិត្យ​មើល​ទៅ​មិន​ឃើញ​មាន​រោម​ស​នៅ​ត្រង់​ស្នាម​ក្រហម​នោះ​ទេ ក៏​មិន​ខូង​ទាប​ជាង​ស្បែក​ដែរ គឺ​បាន​ក្រៀម​ហើយ នោះ​ត្រូវ​បង្ខាំង​អ្នក​នោះ​ទុក​នៅ​ប្រាំពីរ​ថ្ងៃ រួច​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​រោគ​នោះ​បាន​រាល​ដាល​ធំ​ឡើង​នៅ​នា​ស្បែក នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ហើយ តែ​បើ​ស្នាម​ក្រហម​នោះ​នៅ​នឹង​ដដែល មិន​បាន​រាល‌ដាល​ទៅ​ទៀត​ទេ គឺ​បាន​ក្រៀម​ហើយ នោះ​គឺ​ជា​ស្នាម​ផ្តួច​ឡើង​ត្រង់​កន្លែង​រលាក​ទេ សង្ឃ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​ស្អាត​វិញ នោះ​គ្រាន់​តែ​ជា​កម្លាំង​ដរ​ប៉ុណ្ណោះ។ បើ​កាល​ណា​ប្រុស ឬ​ស្រី​ណា កើត​មាន​រោគ​នៅ​ក្បាល ឬ​ចង្កា នោះ​សង្ឃ​ត្រូវ​ពិនិត្យ​មើល បើ​ឃើញ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក មាន​ទាំង​រោម​ឆ្មារ​លឿង​ស្លាំង នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​រមាស់ ជា​ឃ្លង់​នៅ​ក្បាល ឬ​នៅ​ចង្កា តែ​បើ​សង្ឃ​មើល​ទៅ​រោគ​រមាស់​នោះ​ឃើញ​ថា មិន​ខូង​ទាប​ជាង​ស្បែក​ទេ ក៏​គ្មាន​រោម​ខ្មៅ​ផង នោះ​ត្រូវ​បង្ខាំង​អ្នក​ដែល​មាន​រោគ​នោះ​ទុក​នៅ​ប្រាំពីរ​ថ្ងៃ រួច​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​ឃើញ​ថា រោគ​នោះ​មិន​បាន​រាល‌ដាល​ទៅ​ទៀត​ទេ ហើយ​គ្មាន​រោម​ដែល​លឿង​ស្លាំង​ផង ក៏​មិន​ឃើញ​មាន​ភាព​ខូង​ទាប​ជាង​ស្បែក​ដែរ នោះ​ត្រូវ​កោរ​ឲ្យ​អ្នក​នោះ​ចេញ តែ​ត្រង់​កន្លែង​ដែល​កើត​រោគ នោះ​មិន​ត្រូវ​កោរ​ទេ ហើយ​សង្ឃ​ត្រូវ​បង្ខាំង​អ្នក​ដែល​កើត​រោគ​នោះ​ទុក​នៅ​ប្រាំពីរ​ថ្ងៃ រួច​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​រោគ​នោះ​មិន​បាន​រាល‌ដាល​នៅ​ស្បែក ហើយ​មើល​ទៅ​ដូច​ជា​មិន​ខូង​ទាប​ជាង​ស្បែក​ទេ នោះ​សង្ឃ​ត្រូវ​ប្រកាស​ថា ជា​ស្អាត​វិញ ហើយ​អ្នក​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត​ហើយ តែ​បើ​រោគ​នោះ​រាល‌ដាល​ធំ​ឡើង​នៅ​នា​ស្បែក ក្នុង​ពេល​ក្រោយ​ដែល​អ្នក​នោះ​បាន​ស្អាត​ហើយ នោះ​សង្ឃ​ត្រូវ​ពិនិត្យ​មើល បើ​ឃើញ​ថា បាន​រាល‌ដាល​នៅ​នា​ស្បែក​មែន នោះ​មិន​បាច់​រក​រោម​ដែល​លឿង​ស្លាំង​ទេ ដ្បិត​ជា​មនុស្ស​ស្មោក‌គ្រោក​ហើយ បើ​សង្ឃ​មើល​ទៅ​ស្មាន​ថា រោគ​នៅ​ជា​នឹង​ដដែល ហើយ​មាន​រោម​ខ្មៅ​ដុះ​នៅ​ត្រង់​កន្លែង​ដំបៅ នោះ​រោគ​រមាស់​បាន​ជា​ហើយ គឺ​ជា​ស្អាត​ទេ សង្ឃ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្អាត​ពិត។ បើ​កាល​ណា​មនុស្ស​ប្រុស ឬ​ស្រី​ណា កើត​មាន​ស្នាម​ភ្លឺៗ គឺ​ជា​ស្នាម​ស​ភ្លឺ នោះ​សង្ឃ​ត្រូវ​ពិនិត្យ​មើល បើ​ឃើញ​ថា​ស្នាម​ភ្លឺៗ​នៅ​ក្នុង​ស្បែក​អ្នក​នោះ​បែប​សៗ នោះ​គឺ​ជា​ស្រែង​ដែល​បាន​កើត​មក​នៅ​ស្បែក អ្នក​នោះ​ស្អាត​ទេ។ បើ​អ្នក​ណា​ជ្រុះ​សក់​ក្បាល​អស់ អ្នក​នោះ​តម្ពែក​ហើយ តែ​ស្អាត​ទេ បើ​បាន​ជ្រុះ​សក់​ក្បាល​ត្រង់​ចំហៀង​ខាង​មុខ អ្នក​នោះ​ឆក​ហើយ តែ​ស្អាត​ទេ ប៉ុន្តែ បើ​មាន​ដំបៅ​ក្រហម​ព្រឿងៗ​នៅ​កន្លែង​តម្ពែក​ខាង​លើ ឬ​ខាង​មុខ នោះ​គឺ​ជា​ឃ្លង់​ដែល​ចេញ​មក​នៅ​កន្លែង​តម្ពែក​នោះ ទោះ​ខាង​លើ ឬ​ពី​មុខ​ក្តី សង្ឃ​ត្រូវ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​ថា ពក​ដំបៅ​នោះ​មាន​សម្បុរ​ក្រហម​ព្រឿងៗ​នៅ​កន្លែង​ដែល​តម្ពែក​ត្រង់​ខាង​លើ ឬ​ពី​មុខ មើល​ទៅ​ដូច​ជា​ឃ្លង់​ដែល​កើត​នៅ​នា​ស្បែក​ឯ​ទៀត​ដែរ នោះ​គឺ​ជា​ឃ្លង់​ហើយ ជា​មនុស្ស​ស្មោក‌គ្រោក សង្ឃ​ត្រូវ​ប្រកាស​ជា​កុំ​ខាន​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត ដ្បិត​មាន​រោគ​នៅ​លើ​ក្បាល​ហើយ។ ឯ​មនុស្ស​ណា​ដែល​កើត​ឃ្លង់ ត្រូវ​ស្លៀក‌ពាក់​កណ្តាច ហើយ​នៅ​ក្បាល​ទទេ ត្រូវ​គ្រប​បបូរ‌មាត់​ខាង​លើ ហើយ ស្រែក​ថា "ខ្ញុំ​ស្មោក‌គ្រោក ខ្ញុំ​ស្មោក‌គ្រោក"។ អ្នក​នោះ​នឹង​នៅ​តែ​ស្មោក‌គ្រោក​ជា‌និច្ច គ្រប់​វេលា​ដែល​នៅ​មាន​រោគ​នៅ​ឡើយ អ្នក​នោះ​ជា​មនុស្ស​ស្មោក‌គ្រោក​ពិត ត្រូវ​ឲ្យ​នៅ​តែ​ឯង ហើយ​មាន​លំ​នៅ​ជា​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ផង។ សម្លៀក‌បំពាក់​ដែល​មាន​រោគ​ឃ្លង់ ទោះ​បើ​ធ្វើ​ពី​រោម​ចៀម ឬ​ពី​ខ្លូត‌ទេស ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់ ពី​អំបោះ​ខ្លូត‌ទេស និង​ពី​រោម​ចៀម​ក្តី ឬ​កើត​នៅ​ស្បែក ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី បើ​រោគ​នោះ​មាន​សម្បុរ​បៃតង​ខ្ចី ឬ​ក្រហម​ព្រឿង​នៅ​ក្នុង​សម្លៀក‌បំពាក់​នោះ ទោះ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​ស្បែក​នោះ ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី នោះ​គឺ​ជា​រោគ​ឃ្លង់​ហើយ ត្រូវ​ឲ្យ​បង្ហាញ​ដល់​សង្ឃ។ សង្ឃ​ត្រូវ​ពិនិត្យ​មើល រួច​យក​របស់​ដែល​មាន​រោគ​នោះ ទៅ​បង្ខាំង​ទុក​គ្រប់​ប្រាំពីរ​ថ្ងៃ។ ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​ឃើញ​ថា​រាល‌ដាល​ធំ​ឡើង​នៅ​សម្លៀក‌បំពាក់​នោះ ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់ ឬ​នៅ​ស្បែក​នោះ ដែល​ជា​ស្បែក​ប្រើ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​គឺ​ជា​រោគ​ដែល​ស៊ី​បង្ខូច​របស់​នោះ​ស្មោក‌គ្រោក​ហើយ ត្រូវ​ដុត​សម្លៀក‌បំពាក់​នោះ​ចោល ទោះ​បើ​ធ្វើ​ពី​រោម​ចៀម ឬ​ពី​ខ្លូត‌ទេស ដែល​កើត​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់​ក្តី ព្រម​ទាំង​របស់​អ្វី​ធ្វើ​ពី​ស្បែក​ដែល​មាន​រោគ​នោះ​ផង ដ្បិត​រោគ​នោះ គឺ​ជា​ឃ្លង់​ដែល​ស៊ី​បង្ខូច ត្រូវ​ដុត​ក្នុង​ភ្លើង​ទៅ។ តែ​បើ​សង្ឃ​ពិនិត្យ​មើល​ទៅ​ឃើញ​ថា រោគ​នោះ​មិន​បាន​រាល‌ដាល​ឡើង​នៅ​សម្លៀក‌បំពាក់​នោះ​ទេ ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់​ក្តី ឬ​នៅ​របស់​អ្វី​ដែល​ធ្វើ​ពី​ស្បែក​នោះ​ដែរ នោះ​សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​លាង​របស់​ដែល​មាន​រោគ​នោះ​ចេញ រួច​ត្រូវ​យក​ទៅ​បង្ខាំង​ទុក​ប្រាំពីរ​ថ្ងៃ​ទៀត។ ក្រោយ​ដែល​បាន​លាង​រួច​ហើយ នោះ​សង្ឃ​ត្រូវ​ពិនិត្យ​មើល​ទៀត បើ​ឃើញ​ថា រោគ​នោះ​មិន​បាន​ប្រែ​សម្បុរ​ទេ ក៏​មិន​បាន​រាល‌ដាល​ឡើង​ផង របស់​នោះ​ស្មោក‌គ្រោក​ហើយ ត្រូវ​ដុត​ចោល​ក្នុង​ភ្លើង​ទៅ ដ្បិត​រោគ​ស៊ី​បង្ខូច​ពិត ទោះ​បើ​ខាង​ក្នុង ឬ​ខាង​ក្រៅ​ក្តី។ ប្រសិន‌បើ​សង្ឃ​ពិនិត្យ​ឃើញ​ថា រោគ​នោះ​ចង់​ស្រអាប់​ហើយ ក្រោយ​ដែល​បាន​លាង​ចេញ នោះ​ត្រូវ​ហែក​ត្រង់​ដុំ​នោះ​ពី​សម្លៀក‌បំពាក់ ឬ​ពី​ស្បែក​នោះ ពី​អំបោះ​អន្ទង ឬ​ពី​អំបោះ​ចាក់​យក​ចេញ បើ​ចេះ​តែ​ឃើញ​នៅ​ជាប់​នឹង​សម្លៀក‌បំពាក់​នោះ​ទៀត ទោះ​តាម​អំបោះ​អន្ទង អំបោះ​ចាក់ ឬ​នៅ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី នោះ​គឺ​ជា​ដំណួច​រោគ​ឃ្លង់​ហើយ ត្រូវ​តែ​យក​របស់​ដែល​មាន​រោគ​នោះ​ទៅ​ដុត​ក្នុង​ភ្លើង​ទៅ។ តែ​សម្លៀក‌បំពាក់​ណា ទោះ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់​ក្តី ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ដែល​បាន​លាង​ហើយ ប្រសិន‌បើ​រោគ​នោះ​ចេញ​ជ្រះ​ស្រឡះ នោះ​ត្រូវ​លាង​ម្តង​ទៀត នោះ​នឹង​បាន​ស្អាត។ នេះ​ហើយ​ជា​ច្បាប់​ខាង​រោគ​ឃ្លង់ នៅ​ក្នុង​សម្លៀក‌បំពាក់ ដែល​ធ្វើ​ពី​រោម​ចៀម ឬ​ខ្លូត‌ទេស ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី ដើម្បី​ឲ្យ​ចេះ​សម្រេច​ថា នេះ​ស្អាត នេះ​មិន​ស្អាត»។

ចែក​រំលែក
អាន លេវីវិន័យ 13

លេវីវិន័យ 13:4-59 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​ជំងឺ​នោះ​គ្រាន់​តែ​ជា​ស្នាម​ភ្លឺ​ពណ៌​ស ស្បែក​មិន​ស្រុត ហើយ​រោម​ក៏​មិន​ប្រែ​ទៅ​ជា​ពណ៌​ស​ដែរ​នោះ បូជា‌ចារ្យ​ត្រូវ​នាំ​អ្នក​ជំងឺ​ឲ្យ​ទៅ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ លុះ​គម្រប់​ប្រាំ‌ពីរ​ថ្ងៃ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​ម្ដង​ទៀត ប្រសិន​បើ​សង្កេត​ឃើញ​ថា ស្នាម​ដែល​កើត​ឡើង​នោះ​ពុំ​បាន​ប្រែ‌ប្រួល ហើយ​មិន​រាល​ធំ​ទៅ​លើ​ស្បែក​ថែម​ទៀត​នោះ បូជា‌ចារ្យ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ទៀត។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​សា​ជា​ថ្មី​ម្ដង​ទៀត ប្រសិន​បើ​ស្នាម​នោះ​ប្រែ​ជា​ស្រអាប់ ហើយ​មិន​រាល​ទៅ​លើ​ស្បែក​ទេ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​បរិសុទ្ធ គឺ​គ្រាន់​តែ​កើត​ស្រែង​ប៉ុណ្ណោះ។ គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​គាត់​បាន​បរិសុទ្ធ។ ប៉ុន្តែ ក្រោយ​ពេល​បូជា‌ចារ្យ​ប្រកាស​ថា​គាត់​បាន​បរិសុទ្ធ​ហើយ ស្រាប់​តែ​ស្រែង​រាល​ធំ​ឡើង​ថែម​ទៀត អ្នក​នោះ​ត្រូវ​ត្រឡប់​មក​ជួប​បូជា‌ចារ្យ​វិញ។ បូជា‌ចារ្យ​ពិនិត្យ​ជំងឺ​របស់​គេ​សា​ជា​ថ្មី ហើយ​ពេល​គាត់​សង្កេត​ឃើញ​ស្រែង​បាន​រាល​ធំ​នៅ​លើ​ស្បែក លោក​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​កើត​ឃ្លង់។ កាល​ណា​មនុស្ស​ម្នាក់​កើត​ឃ្លង់ គេ​ត្រូវ​នាំ​អ្នក​នោះ​ទៅ​ជួប​បូជា‌ចារ្យ ហើយ​បូជា‌ចារ្យ​ពិនិត្យ​អ្នក​ជំងឺ​នោះ។ ប្រសិន​បើ​លោក​សង្កេត​ឃើញ​មាន​កន្ទួល​ពណ៌​ស​នៅ​លើ​ស្បែក ហើយ​កន្ទួល​នោះ​ធ្វើ​ឲ្យ​រោម​ប្រែ​ជា​មាន​ពណ៌​ស និង​មាន​សាច់​ខ្ចី​ដុះ​ចេញ​ពី​កន្ទួល នោះ​បាន​សេចក្ដី​ថា​អ្នក​ជំងឺ​កើត​រោគ​ឃ្លង់​រ៉ាំរ៉ៃ។ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ។ ក្នុង​ករណី​នេះ បូជា‌ចារ្យ​មិន​ចាំបាច់​ឲ្យ​គាត់​នៅ​ដាច់​តែ​ឯង​ទេ ដ្បិត​គាត់​មិន​បរិសុទ្ធ​រួច​ទៅ​ហើយ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជា‌ចារ្យ​ឃើញ​ថា រោគ​ឃ្លង់​កើត​ពេញ​នៅ​លើ​ស្បែក ហើយ​រាល‌ដាល​ពេញ​ខ្លួន​អ្នក​ជំងឺ តាំង​ពី​ក្បាល​ដល់​ជើង​នោះ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​ដោយ​ហ្មត់‌ចត់។ បើ​លោក​សង្កេត​ឃើញ​ថា​រោគ​ឃ្លង់​កើត​ពេញ​ខ្លួន​អ្នក​ជំងឺ លោក​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​នេះ​ជា​មនុស្ស​បរិសុទ្ធ ដ្បិត​រូប​កាយ​របស់​គាត់​ប្រែ​ជា​មាន​ពណ៌​ស​ទាំង​អស់ ដូច្នេះ​បាន​សេចក្ដី​ថា​គាត់​បរិសុទ្ធ។ ប៉ុន្តែ នៅ​ថ្ងៃ​ណា គេ​សង្កេត​ឃើញ​មាន​សាច់​ខ្ចី​ដុះ​ចេញ​ពី​ខ្លួន​គាត់ នោះ​គាត់​នឹង​ទៅ​ជា​មិន​បរិសុទ្ធ។ បូជា‌ចារ្យ​ឃើញ​សាច់​ខ្ចី លោក​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ ដ្បិត​សាច់​ខ្ចី​បញ្ជាក់​ពី​ភាព​មិន​បរិសុទ្ធ​ទេ ដូច្នេះ អ្នក​នោះ​កើត​ឃ្លង់​ហើយ។ ប្រសិន​បើ​សាច់​ខ្ចី​នោះ​ប្រែ​ជា​មាន​ពណ៌​ស​វិញ អ្នក​ជំងឺ​ត្រូវ​ទៅ​ជួប​បូជា‌ចារ្យ។ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​គាត់ ប្រសិន​បើ​ឃើញ​ថា​ដំបៅ​ប្រែ​ជា​មាន​ពណ៌​ស បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​នោះ​ជា​មនុស្ស​បរិសុទ្ធ។ ពេល​មនុស្ស​ម្នាក់​កើត​ដំបៅ​នៅ​លើ​ស្បែក រួច​បាន​ជា​វិញ ហើយ​ប្រសិន​បើ​ឃើញ​មាន​កន្ទួល​ពណ៌​ស ឬ​ស្នាម​ក្រហម​ព្រឿងៗ លេច​ឡើង​ត្រង់​កន្លែង​ដែល​កើត​ដំបៅ​នោះ អ្នក​ជំងឺ​ត្រូវ​តែ​ទៅ​ជួប​បូជា‌ចារ្យ។ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​អ្នក​ជំងឺ ប្រសិន​បើ​ស្នាម​នោះ​ខូង​ចូល​ទៅ​ក្នុង​ស្បែក ហើយ​រោម​ប្រែ​ជា​មាន​ពណ៌​ស បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ ព្រោះ​មាន​រោគ​ឃ្លង់​កើត​នៅ​កន្លែង​ដែល​មាន​ដំបៅ។ ប៉ុន្តែ បើ​បូជា‌ចារ្យ​មិន​ឃើញ​មាន​រោម​ពណ៌​ស​នៅ​កន្លែង​ដែល​មាន​ស្នាម ហើយ​ដំបៅ​មិន​ខូង​ចូល​ទៅ​ក្នុង​ស្បែក រីឯ​ស្នាម​នៅ​លើ​ស្បែក​ក៏​មិន​ស្រអាប់​ទេ​នោះ បូជា‌ចារ្យ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ប្រសិន​បើ​ស្នាម​នោះ​រាល​នៅ​លើ​ស្បែក បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​គេ​កើត​រោគ​ឃ្លង់។ ផ្ទុយ​ទៅ​វិញ បើ​ស្នាម​នោះ​នៅ​ដដែល គឺ​មិន​រាល‌ដាល​ទេ បាន​សេចក្ដី​ថា​គ្រាន់​តែ​ជា​ស្នាម​ដំបៅ​ប៉ុណ្ណោះ។ បូជា‌ចារ្យ​ត្រូវ​តែ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។ ពេល​មនុស្ស​ម្នាក់​រលាក​ស្បែក​ដោយ‌សារ​ភ្លើង ហើយ​ត្រង់​កន្លែង​រលាក​នោះ​ប្រែ​ជា​មាន​ស្នាម​ពណ៌​ស ឬ​ពណ៌​ក្រហម​ព្រឿង បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​អ្នក​ជំងឺ ប្រសិន​បើ​រោម​ប្រែ​ជា​មាន​ពណ៌​ស ហើយ​មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក នោះ​ជា​រោគ​ឃ្លង់​កើត​ត្រង់​កន្លែង​រលាក។ ដូច្នេះ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។ ប៉ុន្តែ បើ​បូជា‌ចារ្យ​មិន​ឃើញ​មាន​រោម​ពណ៌​ស​នៅ​កន្លែង​មាន​ស្នាម ហើយ​ដំបៅ​មិន​ខូង​ចូល​ទៅ​ក្នុង​ស្បែក រីឯ​ស្នាម​នៅ​លើ​ស្បែក​ក៏​មិន​ស្រអាប់​ទេ​នោះ បូជា‌ចារ្យ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ពេល​បូជា‌ចារ្យ​ពិនិត្យ​អ្នក​ជំងឺ ប្រសិន​បើ​ស្នាម​នោះ​រាល​នៅ​លើ​ស្បែក បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​គេ​កើត​រោគ​ឃ្លង់។ ផ្ទុយ​ទៅ​វិញ បើ​ស្នាម​នោះ​នៅ​ដដែល គឺ​មិន​រាល‌ដាល​នៅ​លើ​ស្បែក ហើយ​ប្រែ​ទៅ​ជា​ស្រអាប់ បាន​សេចក្ដី​ថា​ជា​ស្នាម​រលាក។ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ ព្រោះ​គ្រាន់​តែ​ជា​ស្នាម​រលាក​ប៉ុណ្ណោះ។ ពេល​បុរស ឬ​ស្ត្រី​ម្នាក់ កើត​ជំងឺ​សើ‌ស្បែក​នៅ​លើ​ក្បាល ឬ​នៅ​ត្រង់​ចង្កា បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​ត្រង់​កន្លែង​ដែល​ឈឺ ប្រសិន​បើ​មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក រោម​ប្រែ​ជា​មាន​ពណ៌​លឿង ហើយ​ជ្រុះ​នៅ​សល់​រង្វើលៗ នោះ​បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​កើត​អង្គែ ដែល​ជា​រោគ​ឃ្លង់​ម្យ៉ាង​នៅ​លើ​ក្បាល ឬ​នៅ​ត្រង់​ចង្កា។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជា‌ចារ្យ​សង្កេត​ឃើញ​ថា រោគ​អង្គែ​នោះ​គ្មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក ហើយ​ក៏​គ្មាន​រោម​ពណ៌​ខ្មៅ​ទេ​នោះ លោក​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​អ្នក​ជំងឺ ប្រសិន​បើ​លោក​សង្កេត​ឃើញ​ថា​ស្នាម​អង្គែ​ពុំ​បាន​រាល‌ដាល ព្រម​ទាំង​គ្មាន​រោម​ពណ៌​លឿង ហើយ​គ្មាន​ស្នាម​ខូង​ទៅ​ចូល​ទៅ​ក្នុង​ស្បែក​ទេ​នោះ អ្នក​ជំងឺ​ត្រូវ​កោរ​សក់​របស់​ខ្លួន តែ​មិន​ត្រូវ​កោរ​ត្រង់​កន្លែង​កើត​អង្គែ​ឡើយ។ បូជា‌ចារ្យ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ទៀត។ លុះ​គម្រប់​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ហើយ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​កន្លែង​កើត​អង្គែ​ម្ដង​ទៀត បើ​អង្គែ​មិន​រាល‌ដាល​ទៅ​លើ​ស្បែក ហើយ​គ្មាន​ស្នាម​ខូង​ទេ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ។ គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​គាត់​នឹង​បាន​បរិសុទ្ធ។ ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​ពេល​បូជា‌ចារ្យ​ប្រកាស​ថា​អ្នក​នោះ​ជា​មនុស្ស​បរិសុទ្ធ ស្រាប់​តែ​រោគ​អង្គែ​រាល‌ដាល នោះ​បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​ឡើង​វិញ។ ប្រសិន​បើ​អង្គែ​នោះ​ពិត​ជា​រាល‌ដាល​នៅ​លើ​ស្បែក​មែន បូជា‌ចារ្យ​មិន​ចាំបាច់​រក​មើល​រោម​ពណ៌​លឿង​ទេ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។ ប្រសិន​បើ​ស្នាម​អង្គែ​នៅ​ដដែល​ឥត​ប្រែ‌ប្រួល ហើយ​បើ​មាន​រោម​ពណ៌​ខ្មៅ​ដុះ​ឡើង នោះ​បាន​សេចក្ដី​ថា​រោគ​អង្គែ​ជា​សះ‌ស្បើយ​ហើយ រីឯ​អ្នក​ជំងឺ​ក៏​បរិសុទ្ធ​ដែរ។ ដូច្នេះ បូជា‌ចារ្យ​ត្រូវ​តែ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។ ពេល​បុរស ឬ​ស្ត្រី​ម្នាក់ មាន​ស្នាម​ពណ៌​ស​នៅ​លើ​ស្បែក បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​គាត់។ ប្រសិន​បើ​ស្នាម​ស​នៅ​លើ​ស្បែក​ប្រែ​ជា​ស្រអាប់​វិញ នោះ​គ្រាន់​តែ​ជា​រោគ​សើ‌ស្បែក​ធម្មតា​ប៉ុណ្ណោះ។ គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។ កាល​ណា​បុរស​ម្នាក់​ជ្រុះ​សក់​ទៅ​ជា​តម្ពែក នោះ​គេ​នៅ​ជា​មនុស្ស​បរិសុទ្ធ​ដដែល។ ប្រសិន​បើ​គេ​ជ្រុះ​សក់​ផ្នែក​ខាង​មុខ គេ​មាន​ក្បាល​ឆក ហើយ​គេ​ក៏​នៅ​បរិសុទ្ធ​ដែរ។ ប៉ុន្តែ បើ​ត្រង់​កន្លែង​ដែល​តម្ពែក ទោះ​បី​នៅ​កណ្ដាល​ក្បាល ឬ​នៅ​ផ្នែក​ខាង​មុខ​ក្ដី គេ​ឃើញ​មាន​ស្បែក​ឡើង​ពណ៌​ក្រហម​ព្រឿងៗ នោះ​បាន​សេចក្ដី​ថា​គាត់​កើត​រោគ​ឃ្លង់​ហើយ។ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​អ្នក​នោះ ប្រសិន​បើ​មាន​កន្ទួល​ពណ៌​ក្រហម​ព្រឿងៗ​ដូច​ជា​រោគ​ឃ្លង់ នៅ​ត្រង់​កន្លែង​តម្ពែក ទោះ​បី​នៅ​កណ្ដាល​ក្បាល ឬ​នៅ​ផ្នែក​ខាង​មុខ​ក្ដី បាន​សេចក្ដី​ថា​គាត់​កើត​ឃ្លង់​ហើយ គាត់​ក្លាយ​ទៅ​ជា​មនុស្ស​មិន​បរិសុទ្ធ។ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ ព្រោះ​គាត់​កើត​ឃ្លង់​នៅ​លើ​ក្បាល។ អ្នក​ដែល​កើត​ឃ្លង់​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​រហែក ទុក​ក្បាល​ឲ្យ​នៅ​ទទេ ឃ្លុំ​មុខ​នៅ​ត្រង់​កន្លែង​ដែល​មាន​ពុក​មាត់ ហើយ​ស្រែក​ថា “ខ្ញុំ​ជា​មនុស្ស​មិន​បរិសុទ្ធ! ខ្ញុំ​ជា​មនុស្ស​មិន​បរិសុទ្ធ!”។ ក្នុង​ពេល​ដែល​គាត់​កើត​រោគ​ឃ្លង់​នោះ គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ ដូច្នេះ គាត់​ត្រូវ​រស់​នៅ​ដាច់​ឡែក​ពី​គេ គឺ​នៅ​ខាង​ក្រៅ​ជំរំ»។ «ប្រសិន​បើ​មាន​ស្នាម​ដុះ​ផ្សិត ​កើត​ឡើង​នៅ​លើ​សម្លៀក‌បំពាក់ ទោះ​បី​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​រោម​ចៀម​ក្ដី សំពត់​ទេស‌ឯក​ក្ដី ឬ​ស្នាម​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម អំបោះ​ឆៅ សម្លៀក‌បំពាក់ និង​វត្ថុ​ធ្វើ​អំពី​ស្បែក ហើយ​ប្រសិន​បើ​ស្នាម​ទាំង​នោះ​ឡើង​ពណ៌​បៃតង ឬ​ពណ៌​ក្រហម​ព្រឿងៗ នោះ​ជា​ស្នាម​ដុះ​ផ្សិត​ហើយ។ គេ​ត្រូវ​តែ​យក​សម្លៀក‌បំពាក់ និង​វត្ថុ​ទាំង​នោះ​ទៅ​ជូន​បូជា‌ចារ្យ​ពិនិត្យ។ ក្រោយ​ពី​បាន​ពិនិត្យ​ហើយ បូជា‌ចារ្យ​ត្រូវ​យក​វត្ថុ​ទាំង​នោះ​ទៅ​ទុក ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ លោក​ត្រូវ​ពិនិត្យ​ម្ដង​ទៀត ប្រសិន​បើ​មាន​ស្នាម​រាល‌ដាល​លើ​សម្លៀក‌បំពាក់ ឬ​វត្ថុ​នោះ បាន​សេចក្ដី​ថា​មាន​ដុះ​ផ្សិត​ហើយ ដូច្នេះ របស់​ទាំង​នោះ​ជា​វត្ថុ​មិន​បរិសុទ្ធ។ បូជា‌ចារ្យ​ត្រូវ​ដុត​សម្លៀក‌បំពាក់ ក្រណាត់ អំបោះ​រោម​ចៀម អំបោះ​ឆៅ និង​វត្ថុ​ធ្វើ​អំពី​ស្បែក ដែល​មាន​ដុះ​ផ្សិត​នោះ​ចោល ព្រោះ​ជា​វត្ថុ​ដុះ​ផ្សិត​មិន​អាច​បំបាត់​ឡើយ គឺ​ត្រូវ​តែ​ដុត​ចោល។ ក៏​ប៉ុន្តែ ប្រសិន​បើ​បូជា‌ចារ្យ​ពិនិត្យ​មើល​ឃើញ​ថា ផ្សិត​នោះ​មិន​រាល‌ដាល​នៅ​លើ​សម្លៀក‌បំពាក់ និង​លើ​វត្ថុ​ទាំង​នោះ​ទេ លោក​ត្រូវ​បញ្ជា​ឲ្យ​គេ​លាង​សម្អាត​វត្ថុ​ដែល​ដុះ​ផ្សិត​នោះ រួច​យក​វា​ទៅ​ទុក​ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ទៀត។ ក្រោយ​ពី​លាង​សម្អាត​ហើយ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​វត្ថុ​ទាំង​នោះ​សា​ជា​ថ្មី។ ប្រសិន​បើ​ស្នាម​ដុះ​ផ្សិត​នៅ​តែ​ដដែល ទោះ​បី​មិន​រាល‌ដាល​ក៏​ដោយ វត្ថុ​ទាំង​នោះ​ជា​របស់​មិន​បរិសុទ្ធ ហើយ​ត្រូវ​តែ​ដុត​វា​ចោល ព្រោះ​មាន​ដុះ​ផ្សិត​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជា‌ចារ្យ​ពិនិត្យ​មើល​ក្រោយ​ពេល​លាង​សម្អាត ហើយ​ឃើញ​ថា​ស្នាម​ដុះ​ផ្សិត​នោះ​បាន​រលុប នោះ​លោក​ត្រូវ​កាត់​ត្រង់​កន្លែង​ដែល​មាន​ស្នាម​ចេញ​ពី​សម្លៀក‌បំពាក់ ស្បែក ឬ​អំបោះ​នោះ។ ក្រោយ​មក ប្រសិន​បើ​មាន​ស្នាម​ដុះ​ផ្សិត​លេច​ឡើង​វិញ នៅ​លើ​សម្លៀក‌បំពាក់​ក្រណាត់​អំបោះ ឬ​លើ​វត្ថុ​អំពី​ស្បែក នោះ​មាន​ផ្សិត​បាន​កើត​ឡើង​ជា​ថ្មី​ទៀត​ហើយ។ ដូច្នេះ ត្រូវ​តែ​ដុត​វត្ថុ​ទាំង​នោះ​ចោល។ ពេល​ណា​គេ​បោក​សម្លៀក‌បំពាក់ ក្រណាត់ អំបោះ ឬ​វត្ថុ​ធ្វើ​អំពី​ស្បែក​ដែល​មាន​ដុះ​ផ្សិត ហើយ​ស្នាម​ដុះ​ផ្សិត​នោះ​រលុប​បាត់ គេ​ត្រូវ​យក​វត្ថុ​នោះ​ទៅ​បោក​ម្ដង​ទៀត ទើប​វត្ថុ​នោះ​ទៅ​ជា​បរិសុទ្ធ។ នេះ​ជា​ច្បាប់​ស្ដី​អំពី​ស្នាម​ដុះ​ផ្សិត​នៅ​លើ​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​ចៀម ឬ​ពី​អំបោះ​ធ្មៃ នៅ​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម ឬ​លើ​វត្ថុ​ធ្វើ​អំពី​ស្បែក។ ច្បាប់​នេះ​អាច​ជួយ​ឲ្យ​គេ​សន្មត​បាន​ថា វត្ថុ​ដែល​ដុះ​ផ្សិត​នោះ​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ»។

ចែក​រំលែក
អាន លេវីវិន័យ 13

លេវីវិន័យ 13:4-59 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​បើ​សិន​ជា​ស្នាម​ដែល​នៅ​ស្បែក​នោះ​ស​វិញ មើល​ទៅ​មិន​មែន​ខូង​ទាប​ជាង​ស្បែក​ទេ ហើយ​បើ​រោម​មិន​បាន​ទៅ​ជា​ស នោះ​ត្រូវ​ឲ្យ​សង្ឃ​បង្ខាំង​អ្នក​ដែល​មាន​រោគ​នោះ​ទុក​នៅ​៧​ថ្ងៃ រួច​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​មើល​ទៅ​ស្មាន​ថា រោគ​នៅ​តែ​ដដែល​មិន​បាន​រាល​ទៅ​ក្នុង​ស្បែក​ទេ នោះ​ត្រូវ​បង្ខាំង​អ្នក​នោះ​នៅ​៧​ថ្ងៃ​ទៀត រួច​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​ម្តង​ទៀត បើ​រោគ​អន់​ថយ​ហើយ មិន​បាន​រាល​ក្នុង​ស្បែក​ទេ នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្អាត​វិញ គ្រាន់​តែ​ជា​ស្រែង​ប៉ុណ្ណោះ រួច​អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត​ហើយ តែ​បើ​ដំបៅ​រាល​ធំ​ឡើង​នៅ​ក្នុង​ស្បែក ក្រោយ​ដែល​សង្ឃ​បាន​ពិនិត្យ​មើល ព្រម​ទាំង​ប្រកាស​ថា ជា​ស្អាត​ហើយ នោះ​ត្រូវ​ឲ្យ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​ឲ្យ​មើល​ម្តង​ទៀត ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា ដំបៅ​នោះ​បាន​រាល​ជា​ខ្លាំង​ឡើង​នៅ​ក្នុង​ស្បែក នោះ​ត្រូវ​ប្រកាស​ថា​ជា​ស្មោក‌គ្រោក​វិញ គឺ​ជា​ឃ្លង់​ហើយ។ កាល​ណា​មាន​រោគ​ឃ្លង់​កើត​ឡើង​ដល់​មនុស្ស​ណា នោះ​ត្រូវ​តែ​នាំ​ទៅ​ឯ​សង្ឃ ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​មាន​ពក​សៗ​នៅ​នា​ស្បែក ដែល​បាន​ធ្វើ​រោម​ឲ្យ​ទៅ​ជា​ស ហើយ​មាន​សាច់​ស្រស់​នៅ​ក្នុង​ពក​នោះ នោះ​គឺ​ជា​ឃ្លង់​ចាស់​នៅ​ក្នុង​សាច់​ហើយ ត្រូវ​ឲ្យ​សង្ឃ​ប្រាប់​ថា​ជា​ស្មោក‌គ្រោក មិន​បាច់​នឹង​បង្ខាំង​ទុក​ទេ ព្រោះ​ជា​ស្មោក‌គ្រោក​ហើយ បើ​កាល​ណា​រោគ​ឃ្លង់​នោះ​ចេញ​មក​គ្រប់​នៅ​នា​ស្បែក ហើយ​បាន​រាល​ពេញ​ខ្លួន​អ្នក​ដែល​មាន​រោគ​នោះ ចាប់​តាំង​ពី ក្បាល​រហូត​ដល់​ជើង នៅ​សព្វ​កន្លែង​ដែល​សង្ឃ​មើល​ឃើញ នោះ​ត្រូវ​ឲ្យ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​ថា រោគ​ឃ្លង់​បាន​រាល​ពេញ​ខ្លួន​ហើយ នោះ​ត្រូវ​ប្រកាស​ថា អ្នក​ដែល​មាន​រោគ​នោះ​ជា​ស្អាត​វិញ ដ្បិត​បាន​ត្រឡប់​ជា​ស​ទាំង​អស់​ហើយ គឺ​ស្អាត​ទេ តែ​បើ​កាល​ណា​ឃើញ​មាន​សាច់​ស្រស់ នោះ​ស្មោក‌គ្រោក​វិញ ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​សាច់​ស្រស់​នោះ រួច​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត សាច់​ស្រស់​នោះ​ស្មោក‌គ្រោក​ហើយ គឺ​ជា​ឃ្លង់ ឬ​បើ​សាច់​ស្រស់​នោះ​ទៅ​ជា​ស​ទៅ​វិញ អ្នក​នោះ​ត្រូវ​មក​ឯ​សង្ឃ​ម្តង​ទៀត ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា រោគ​នោះ​បាន​ត្រឡប់​ជា​ស​មែន នោះ​ត្រូវ​ប្រកាស​ថា អ្នក​ដែល​មាន​រោគ​បាន​ជា​ស្អាត​វិញ គឺ​ជា​ស្អាត​ទេ។ កាល​ណា​កើត​មាន​បូស​នៅ​នា​ស្បែក ហើយ​បាន​សះ​ទៅ រួច​នៅ​ត្រង់​កន្លែង​បូស​នោះ​កើត​មាន​ពក​ស ឬ​ស្នាម​ក្រហម​ប្រឿងៗ នោះ​ត្រូវ​បង្ហាញ​ឲ្យ​សង្ឃ​មើល ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ស្នាម​នោះ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក ហើយ​រោម​ត្រឡប់​ទៅ​ជា​ស នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ដែល​លេច​ពី​បូស​នោះ​មក​ហើយ តែ​បើ​សង្ឃ​ពិនិត្យ​មើល​ទៅ​មិន​ឃើញ​មាន​រោម​ស​សោះ ហើយ​ស្នាម​នោះ​ក៏​មិន​ខូង​ទាប​ជាង​ស្បែក​ដែរ គឺ​ចង់​ក្រៀម​ហើយ នោះ​ត្រូវ​បង្ខាំង​អ្នក​នោះ​ទុក​នៅ​៧​ថ្ងៃ បើ​រោគ​នោះ​រាល‌ដាល​ធំ​ឡើង​នៅ​នា​ស្បែក នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ហើយ តែ​បើ​ស្នាម​ក្រហម​នោះ​នៅ​នឹង​ដដែល មិន​បាន​រាល‌ដាល​ទេ គឺ​គ្រាន់​តែ​ជា​ស្នាម​បូស​ប៉ុណ្ណោះ នោះ​ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ថា អ្នក​នោះ​ស្អាត​ទេ។ បើ​កាល​ណា​ស្បែក​បាន​ត្រូវ​រលាក​ភ្លើង ហើយ​សាច់​ស្រស់​ត្រង់​រលាក​នោះ​កើត​មាន​សម្បុរ​ក្រហម​ប្រឿងៗ​ឬ​ស​ក្តី នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា រោម​ដែល​នៅ​ត្រង់​ស្នាម​នោះ​បាន​ទៅ​ជា​ស​ហើយ មើល​ទៅ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក​ដែរ នោះ​គឺ​ជា​ឃ្លង់​ដែល​បាន​លេច​មក​ត្រង់​ស្នាម​រលាក​នោះ ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ហើយ តែ​បើ​សង្ឃ​ពិនិត្យ​មើល​ទៅ​មិន​ឃើញ​មាន​រោម​ស​នៅ​ត្រង់​ស្នាម​ក្រហម​នោះ​ទេ ក៏​មិន​ខូង​ទាប​ជាង​ស្បែក​ដែរ គឺ​បាន​ក្រៀម​ហើយ នោះ​ត្រូវ​បង្ខាំង​អ្នក​នោះ​ទុក​នៅ​៧​ថ្ងៃ រួច​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​រោគ​នោះ​បាន​រាល‌ដាល​ធំ​ឡើង​នៅ​នា​ស្បែក នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ហើយ តែ​បើ​ស្នាម​ក្រហម​នោះ​នៅ​នឹង​ដដែល មិន​បាន​រាល‌ដាល​ទៅ​ទៀត​ទេ គឺ​បាន​ក្រៀម​ហើយ នោះ​គឺ​ជា​ស្នាម​ផ្តួច​ឡើង​ត្រង់​កន្លែង​រលាក​ទេ ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ថា អ្នក​នោះ​ជា​ស្អាត​វិញ នោះ​គ្រាន់​តែ​ជា​កំឡាំង​ដរ​ប៉ុណ្ណោះ។ បើ​កាល​ណា​ប្រុស ឬ​ស្រី ណា​កើត​មាន​រោគ​នៅ​ក្បាល ឬ​ចង្កា នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក មាន​ទាំង​រោម​ឆ្មារ​លឿង​ស្លាំង នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ទឹលម៉ូវ ជា​ឃ្លង់​នៅ​ក្បាល ឬ​នៅ​ចង្កា តែ​បើ​សង្ឃ​មើល​ទៅ​រោគ​ទឹលម៉ូវ​នោះ​ឃើញ​ថា មិន​ខូង​ទាប​ជាង​ស្បែក​ទេ ក៏​គ្មាន​រោម​ខ្មៅ​ផង នោះ​ត្រូវ​បង្ខាំង​អ្នក​ដែល​មាន​រោគ​នោះ​ទុក​នៅ​៧​ថ្ងៃ រួច​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​ឃើញ​ថា រោគ​នោះ​មិន​បាន​រាល‌ដាល​ទៅ​ទៀត​ទេ ហើយ​គ្មាន​រោម​ដែល​លឿង​ស្លាំង​ផង ក៏​មិន​ឃើញ​មាន​ភាព​ខូង​ទាប​ជាង​ស្បែក​ដែរ នោះ​ត្រូវ​កោរ​ឲ្យ​អ្នក​នោះ​ចេញ តែ​ត្រង់​កន្លែង​ដែល​កើត​រោគ នោះ​មិន​ត្រូវ​កោរ​ទេ ហើយ​ត្រូវ​ឲ្យ​សង្ឃ​បង្ខាំង​អ្នក​ដែល​កើត​រោគ​នោះ​ទុក​នៅ​៧​ថ្ងៃ រួច​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​រោគ​នោះ​មិន​បាន​រាល‌ដាល​នៅ​ស្បែក ហើយ​មើល​ទៅ​ដូច​ជា​មិន​ខូង​ទាប​ជាង​ស្បែក​ទេ នោះ​ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ថា ជា​ស្អាត​វិញ ហើយ​អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត​ហើយ តែ​បើ​រោគ​នោះ​រាល‌ដាល​ធំ​ឡើង​នៅ​នា​ស្បែក ក្នុង​ពេល​ក្រោយ​ដែល​អ្នក​នោះ​បាន​ស្អាត​ហើយ នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា បាន​រាល‌ដាល​នៅ​នា​ស្បែក​មែន នោះ​មិន​បាច់​រក​រោម​ដែល​លឿង​ស្លាំង​ទេ ដ្បិត​ជា​មនុស្ស​ស្មោក‌គ្រោក​ហើយ បើ​សង្ឃ​មើល​ទៅ​ស្មាន​ថា រោគ​នៅ​ជា​នឹង​ដដែល ហើយ​មាន​រោម​ខ្មៅ​ដុះ​នៅ​ត្រង់​កន្លែង​ដំបៅ នោះ​រោគ​ទឹលម៉ូវ​បាន​ជា​ហើយ គឺ​ជា​ស្អាត​ទេ ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ថា អ្នក​នោះ​ស្អាត​ពិត។ បើ​កាល​ណា​មនុស្ស​ប្រុស ឬ​ស្រី​ណា កើត​មាន​ស្នាម​ភ្លឺៗ គឺ​ជា​ស្នាម​ស​ភ្លឺ នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា​ស្នាម​ភ្លឺៗ​នៅ​ក្នុង​ស្បែក​អ្នក​នោះ​បែប​សៗ នោះ​គឺ​ជា​ស្រែង​ដែល​បាន​កើត​មក​នៅ​ស្បែក អ្នក​នោះ​ស្អាត​ទេ។ បើ​អ្នក​ណា​ជ្រុះ​សក់​ក្បាល​អស់ អ្នក​នោះ​ទំពែក​ហើយ តែ​ស្អាត​ទេ បើ​បាន​ជ្រុះ​សក់​ក្បាល​ត្រង់​ចំហៀង​ខាង​មុខ អ្នក​នោះ​ឆក​ហើយ តែ​ស្អាត​ទេ ប៉ុន្តែ បើ​មាន​ដំបៅ​ក្រហម​ប្រឿងៗ​នៅ​កន្លែង​ទំពែក​ខាង​លើ ឬ​ខាង​មុខ នោះ​គឺ​ជា​ឃ្លង់​ដែល​ចេញ​មក​នៅ​កន្លែង​ទំពែក​នោះ ទោះ​ខាង​លើ ឬ​ពី​មុខ​ក្តី ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​ថា ពក​ដំបៅ​នោះ​មាន​សម្បុរ​ក្រហម​ប្រឿងៗ​នៅ​កន្លែង​ដែល​ទំពែក​ត្រង់​ខាង​លើ ឬ​ពី​មុខ មើល​ទៅ​ដូច​ជា​ឃ្លង់​ដែល​កើត​នៅ​នា​ស្បែក​ឯ​ទៀត​ដែរ នោះ​គឺ​ជា​ឃ្លង់​ហើយ ជា​មនុស្ស​ស្មោក‌គ្រោក ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ជា​កុំ​ខាន​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត ដ្បិត​មាន​រោគ​នៅ​លើ​ក្បាល​ហើយ។ ឯ​មនុស្ស​ណា​ដែល​កើត​ឃ្លង់ នោះ​ត្រូវ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច ហើយ​នៅ​ក្បាល​ទទេ ត្រូវ​គ្រប​បបូរ‌មាត់​ខាង​លើ ហើយ​ស្រែក​ថា ខ្ញុំ​ស្មោក‌គ្រោកៗ អ្នក​នោះ​នឹង​នៅ​តែ​ស្មោក‌គ្រោក​ជានិច្ច គ្រប់​វេលា​ដែល​នៅ​មាន​រោគ​នៅ​ឡើយ អ្នក​នោះ​ជា​មនុស្ស​ស្មោក‌គ្រោក​ពិត ត្រូវ​ឲ្យ​នៅ​តែ​ឯង ហើយ​មាន​លំនៅ​ជា​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ផង។ ឯ​សំលៀក‌បំពាក់​ដែល​មាន​រោគ​ឃ្លង់ ទោះ​បើ​ធ្វើ​ពី​រោម​ចៀម​ឬ​ពី​ខ្លូត‌ទេស ទោះ​បើ​តាម​អំបោះ​អន្ទង​ឬ​អំបោះ​ចាក់ ពី​អំបោះ​ខ្លូត‌ទេស នឹង​ពី​រោម​ចៀម​ក្តី ឬ​កើត​នៅ​ស្បែក ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី បើ​រោគ​នោះ​មាន​សម្បុរ​បៃតង​ខ្ចី ឬ​ក្រហម​ប្រឿង​នៅ​ក្នុង​សំលៀក‌បំពាក់​នោះ ទោះ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​ស្បែក​នោះ ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី នោះ​គឺ​ជា​រោគ​ឃ្លង់​ហើយ ត្រូវ​ឲ្យ​បង្ហាញ​ដល់​សង្ឃ ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល រួច​យក​របស់​ដែល​មាន​រោគ​នោះ ទៅ​បង្ខាំង​ទុក​គ្រប់​៧​ថ្ងៃ ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​ឃើញ​ថា បាន​រាល‌ដាល​ធំ​ឡើង​នៅ​សំលៀក‌បំពាក់​នោះ ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់ ឬ​នៅ​ស្បែក​នោះ ដែល​ជា​ស្បែក​ប្រើ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​គឺ​ជា​រោគ​ដែល​ស៊ី​បង្ខូច​របស់​នោះ​ស្មោក‌គ្រោក​ហើយ ត្រូវ​ដុត​សំលៀក‌បំពាក់​នោះ​ចោល ទោះ​បើ​ធ្វើ​ពី​រោម​ចៀម ឬ​ពី​ខ្លូត‌ទេស ដែល​កើត​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់​ក្តី ព្រម​ទាំង​របស់​អ្វី​ធ្វើ​ពី​ស្បែក​ដែល​មាន​រោគ​នោះ​ផង ដ្បិត​រោគ​នោះ គឺ​ជា​ឃ្លង់​ដែល​ស៊ី​បង្ខូច ត្រូវ​ដុត​នឹង​ភ្លើង​ទៅ។ តែ​បើ​សង្ឃ​ពិនិត្យ​មើល​ទៅ​ឃើញ​ថា រោគ​នោះ​មិន​បាន​រាល‌ដាល​ឡើង​នៅ​សំលៀក‌បំពាក់​នោះ​ទេ ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់​ក្តី ឬ​នៅ​របស់​អ្វី​ដែល​ធ្វើ​ពី​ស្បែក​នោះ​ដែរ នោះ​ត្រូវ​ឲ្យ​សង្ឃ​បង្គាប់​ឲ្យ​លាង​របស់​ដែល​មាន​រោគ​នោះ​ចេញ រួច​ត្រូវ​យក​ទៅ​បង្ខាំង​ទុក​៧​ថ្ងៃ​ទៀត ក្រោយ​ដែល​បាន​លាង​រួច​ហើយ នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​ទៀត បើ​ឃើញ​ថា រោគ​នោះ​មិន​បាន​ប្រែ​សម្បុរ​ទេ ក៏​មិន​បាន​រាល‌ដាល​ឡើង​ផង របស់​នោះ​ស្មោក‌គ្រោក​ហើយ ត្រូវ​ដុត​ចោល​ក្នុង​ភ្លើង​ទៅ ដ្បិត​ជា​រោគ​ស៊ី​បង្ខូច​ពិត ទោះ​បើ​ខាង​ក្នុង ឬ​ខាង​ក្រៅ​ក្តី បើ​សង្ឃ​ពិនិត្យ​មើល​ឃើញ​ថា រោគ​នោះ​ចង់​ស្រអាប់​ហើយ ក្នុង​ពេល​ក្រោយ​ដែល​បាន​លាង​ចេញ នោះ​ត្រូវ​ហែក​ត្រង់​ដុំ​នោះ​ពី​សំលៀក‌បំពាក់ ឬ​ពី​ស្បែក​នោះ ពី​អំបោះ​អន្ទង ឬ​ពី​អំបោះ​ចាក់​យក​ចេញ រួច​បើ​ចេះ​តែ​លេច​មក​នៅ​សំលៀក‌បំពាក់​នោះ​ទៀត ទោះ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី នោះ​គឺ​ជា​ដំណួច​រោគ​ឃ្លង់​ហើយ ត្រូវ​តែ​យក​របស់​ដែល​មាន​រោគ​នោះ​ទៅ​ដុត​នឹង​ភ្លើង​ទៅ តែ​សំលៀក‌បំពាក់​ណា ទោះ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់​ក្តី ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ដែល​បាន​លាង​ហើយ បើ​សិន​ជា​រោគ​នោះ​ចេញ​ជ្រះ​ស្រឡះ នោះ​ត្រូវ​លាង​ម្តង​ទៀត រួច​នឹង​បាន​ស្អាត នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​រោគ​ឃ្លង់ នៅ​ក្នុង​សំលៀក‌បំពាក់​ដែល​ធ្វើ​ពី​រោម​ចៀម ឬ​ខ្លូត‌ទេស ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី ដើម្បី​ឲ្យ​ចេះ​សំរេច​ថា នេះ​ស្អាត នេះ​មិន​ស្អាត។

ចែក​រំលែក
អាន លេវីវិន័យ 13