រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

លេវីវិន័យ 2:1-10 - ប្រៀបធៀបគ្រប់កំណែ

លេវីវិន័យ 2:1-10 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

«ប្រសិន​បើ​នរណា​ម្នាក់​ចង់​យក​ម្សៅ​មក​ថ្វាយ​ជា​តង្វាយ ចំពោះ​ព្រះ‌អម្ចាស់ គេ​ត្រូវ​យក​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង ហើយ​យក​តង្វាយ​នោះ​មក​ជូន​ពួក​បូជា‌ចារ្យ* ជា​កូន​លោក​អើរ៉ុន។ គេ​ត្រូវ​យក​ម្សៅ​ពេញ​មួយ​ក្ដាប់ ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់​មក រួច​បូជា‌ចារ្យ​ម្នាក់​យក​តង្វាយ​នេះ​ទៅ​ដុត​នៅ​លើ​អាសនៈ ដើម្បី​ទុក​ជា​ទី​រំឭក*។ នេះ​ជា​តង្វាយ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ រីឯ​តង្វាយ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូន​របស់​លោក គឺ​ជា​ចំណែក​ដ៏វិសុទ្ធ​បំផុត​នៃ​យញ្ញ‌បូជា​ដែល​គេ​ថ្វាយ​ចំពោះ​ព្រះ‌អម្ចាស់។ ប្រសិន​បើ​តង្វាយ​ដែល​អ្នក​យក​មក​ថ្វាយ​នោះ ជា​នំ​ដុត​ចម្អិន​ក្នុង​ឡ ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ដ លាយ​ជា​មួយ​ប្រេង ឥត​មាន​មេ ឬ​ធ្វើ​នំ​ក្រៀប​ពី​ម្សៅ​ឥត​មាន​មេ ហើយ​ច្រួច​ប្រេង​ពី​លើ។ ប្រសិន​បើ​តង្វាយ​ដែល​អ្នក​យក​មក​ថ្វាយ​នោះ ជា​នំ​ចម្អិន​ដោយ​ប្រើ​ពុម្ព ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ដ លាយ​ជា​មួយ​ប្រេង ឥត​មាន​មេ។ ត្រូវ​កាត់​នំ​នោះ​ជា​ដុំៗ ហើយ​ច្រួច​ប្រេង​ពី​លើ។ នេះ​ជា​តង្វាយ​ធញ្ញជាតិ។ ប្រសិន​បើ​តង្វាយ​ដែល​អ្នក​យក​មក​ថ្វាយ​នោះ ជា​នំ​ចៀន ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ដ លាយ​ជា​មួយ​ប្រេង។ អ្នក​ត្រូវ​នាំ​យក​តង្វាយ​ជា​ធញ្ញជាតិ​ដែល​ចម្អិន​ហើយ​នោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​លើក​ជូន​បូជា‌ចារ្យ ហើយ​បូជា‌ចារ្យ​យក​តង្វាយ​នោះ​ឆ្ពោះ​ទៅ​អាសនៈ។ លោក​បូជា‌ចារ្យ​យក​តង្វាយ​មួយ​ចំណែក​ដុត​នៅ​លើ​អាសនៈ ទុក​ជា​ទី​រំឭក*។ នេះ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ រីឯ​តង្វាយ​នៅ​សល់​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូន​របស់​លោក គឺ​ជា​ចំណែក​ដ៏វិសុទ្ធ​បំផុត​នៃ​យញ្ញ‌បូជា ដែល​គេ​ថ្វាយ​ចំពោះ​ព្រះ‌អម្ចាស់។

ចែក​រំលែក
លេវីវិន័យ 2 គខប

លេវីវិន័យ 2:1-10 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

បើ​អ្នក​ណា​ចង់​ថ្វាយ​ជា ដង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត ហើយ​ចាក់​ប្រេង ព្រម​ទាំង​ដាក់​កំញាន​ផង ត្រូវ​ឲ្យ​យក​ទៅ​ឯ​ពួក​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ​១​ក្តាប់​ជា​មួយ​នឹង​ប្រេង​ខ្លះ ព្រម​ទាំង​កំញាន​ទាំង​អស់​ទៅ​ដុត ទុក​ជា​ទី​រំឭក​នៅ​លើ​អាសនា គឺ​ជា​ដង្វាយ​ដែល​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ឯ​ចំណែក​ដង្វាយ​ម្សៅ​ដែល​សល់​នៅ នោះ​គឺ​សំរាប់​អើរ៉ុន នឹង​ពួក​កូន​លោក ជា​របស់​បរិសុទ្ធ​បំផុត ក្នុង​អស់​ទាំង​ដង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។ ហើយ​បើ​ថ្វាយ​ដង្វាយ​ម្សៅ ដែល​ចំអិន​នៅ​ក្នុង​ឡ នោះ​ត្រូវ​ថ្វាយ​ជា​នំ​ឥត​ដំបែ ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​នឹង​ប្រេង ឬ​ជា​នំ​ក្រៀប​ឥត​ដំបែ​លាប​ដោយ​ប្រេង​ក៏​បាន។ ឬ​បើ​ថ្វាយ​ដង្វាយ​ម្សៅ​ដែល​បាន​ចំអិន​ក្នុង​ពុម្ព នោះ​ត្រូវ​ឲ្យ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​ឥត​ដំបែ​លាយ​ដោយ​ប្រេង ត្រូវ​បេះ​នំ​នោះ​ជា​ដុំៗ ហើយ​ចាក់​ប្រេង​ពី​លើ នេះ​ហើយ​ជា​ដង្វាយ​ម្សៅ។ បើ​ថ្វាយ​ដង្វាយ​ម្សៅ​ដែល​ចៀន​នឹង​ខ្ទះ នោះ​ត្រូវ​ឲ្យ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង ឯ​ដង្វាយ​ម្សៅ​ដែល​បាន​ធ្វើ​បែប​យ៉ាង​នេះ នោះ​ត្រូវ​នាំ​យក​ទៅ​ឯ​ព្រះ‌យេហូវ៉ា ត្រូវ​ប្រគល់​ដល់​សង្ឃ​ម្នាក់ ហើយ​ត្រូវ​ឲ្យ​សង្ឃ​នោះ​យក​ទៅ​ឯ​អាសនា រួច​ត្រូវ​យក​១​ចំណែក​នៃ​ដង្វាយ​ម្សៅ​នោះ​ទុក​ជា​ទី​រំឭក ទៅ​ដុត​លើ​អាសនា គឺ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ឯ​ចំណែក​ដង្វាយ​ម្សៅ​ដែល​នៅ​សល់ នោះ​នឹង​បាន​ជា​របស់​សំរាប់​អើរ៉ុន នឹង​ពួក​កូន​លោក​វិញ ជា​របស់​បរិសុទ្ធ​បំផុត ក្នុង​អស់​ទាំង​ដង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
លេវីវិន័យ 2 ពគប

លេវីវិន័យ 2:1-10 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

បើ​អ្នក​ណា​ចង់​ថ្វាយ​ជា​តង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ប្រេង ព្រម​ទាំង​ដាក់​កំញាន​ផង ត្រូវ​យក​ទៅ​ជូន​ពួក​កូន​លោក​អើរ៉ុន​ជា​សង្ឃ ហើយ​សង្ឃ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ​មួយ​ក្តាប់​ជា​មួយ​ប្រេង​ខ្លះ ព្រម​ទាំង​កំញាន​ទាំង​អស់​ទៅ​ដុត ទុក​ជា​ទី​រំឭក​នៅ​លើ​អាសនា គឺ​ជា​តង្វាយ​ដែល​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ ចំណែក​តង្វាយ​ម្សៅ​ដែល​នៅ​សល់ នោះ​គឺ​សម្រាប់​អើរ៉ុន និង​កូន​របស់​លោក ជា​របស់​បរិសុទ្ធ​បំផុត ក្នុងចំណោម​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។ ប្រសិន​បើ​ថ្វាយ​តង្វាយ​ម្សៅ​ដែល​ចម្អិន​នៅ​ក្នុង​ឡ ត្រូវ​ថ្វាយ​ជា​នំ​ឥត​ដំបែ ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ប្រេង ឬ​ជា​នំ​ក្រៀប​ឥត​ដំបែ លាប​ប្រេង។ បើ​ថ្វាយ​តង្វាយ​ម្សៅ​ដែល​បាន​ចម្អិន​ក្នុង​ពុម្ព ត្រូវ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​ឥត​ដំបែ​លាយ​ដោយ​ប្រេង។ ត្រូវ​បេះ​នំ​នោះ​ជា​ដុំៗ ហើយ​ចាក់​ប្រេង​ពី​លើ នេះ​ហើយ​ជា​តង្វាយ​ម្សៅ។ បើ​ថ្វាយ​ម្សៅ​ដែល​ចៀន​ក្នុង​ខ្ទះ ត្រូវ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង។ តង្វាយ​ម្សៅ​ដែល​បាន​ធ្វើ​បែប​យ៉ាង​នេះ នោះ​ត្រូវ​នាំ​យក​ទៅ​ព្រះ‌យេហូវ៉ា ត្រូវ​ប្រគល់​ដល់​សង្ឃ​ម្នាក់ ហើយ​សង្ឃ​នោះ​ត្រូវ​យក​ទៅ​អាសនា។ សង្ឃ​ត្រូវ​យក​មួយ​ចំណែក​នៃ​តង្វាយ​ម្សៅ​នោះ​ទុក​ជា​ទី​រំឭក ទៅ​ដុត​លើ​អាសនា គឺ​ជា​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ ឯ​តង្វាយ​ម្សៅ​ដែល​នៅ​សល់ នោះ​នឹង​បាន​ជា​របស់​សម្រាប់​លោក​អើរ៉ុន និង​ពួក​កូន​លោក​វិញ ជា​របស់​បរិសុទ្ធ​បំផុត ក្នុង​អស់​ទាំង​តង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។