លេវីវិន័យ 4:13-35

លេវីវិន័យ 4:13-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រសិន​បើ​ក្រុម​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​ប្រព្រឹត្ត​ការ​កំហុស​អ្វី​ដោយ​ឥត​ដឹង ហើយ​ការ​នោះ​បាន​កំបាំង​នឹង​ភ្នែក​ក្រុម​ជំនុំ ដែល​រំលង​ចំពោះ​បញ្ញត្តិ​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ កាល​ណា​គេ​ដឹង​ពី​អំពើ​បាប​ដែល​បាន​ប្រព្រឹត្ត​រំលង​ហើយ នោះ​ត្រូវ​ឲ្យ​ក្រុម​ជំនុំ​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​មួយ​ទុក​ជា​តង្វាយ​លោះ​បាប ត្រូវ​នាំ​ទៅ​ឯ​មុខ​ត្រសាល‌ជំនុំ។ ពួក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​សម្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ។ នោះ​ត្រូវ​ឲ្យ​សង្ឃ ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ យក​ឈាម​គោ​នោះ​ទៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ជ្រលក់​ម្រាម​ដៃ​ចុះ​ក្នុង​ឈាម​រលាស់​ប្រាំពីរ​ដង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មុខ​វាំង‌នន។ រួច​យក​ឈាម​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ខាង​ក្នុង​ត្រសាល​ជំនុំ ហើយ​ត្រូវ​ចាក់​ឈាម​ទាំង​អស់ នា​ជើង​អាសនា​តង្វាយ​ដុត ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។ ឯ​ខ្លាញ់​គោ​នោះ​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ​ទៅ​ដុត​នៅ​លើ​អាសនា។ ត្រូវ​ឲ្យ​ធ្វើ​នឹង​គោ​នេះ​ដូច​ជា​បាន​ធ្វើ​ចំពោះ​គោ​ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​ដែរ គឺ​ត្រូវ​ធ្វើ​ដូច​គ្នា​ទាំង​ពីរ ហើយ​សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ទាំង​អស់​គ្នា នោះ​នឹង​រួច​ពី​ទោស​ហើយ។ បន្ទាប់​មក សង្ឃ​ត្រូវ​យក​គោ​នោះ​ទៅ​ដុត​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ដូច​ជា​បាន​ដុត​គោ​មុន​ដែរ នេះ​គឺ​ជា​តង្វាយ​លោះ​បាប​សម្រាប់​ក្រុម​ជំនុំ។ បើ​នាម៉ឺន​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ ប្រសិន‌បើ​អ្នក​ណា​ប្រាប់​ឲ្យ​លោក​ជ្រាប​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​លោក​ត្រូវ​នាំ​យក​ពពែ​ឈ្មោល​មួយ ដែល​ឥត​ខ្ចោះ មក​សម្រាប់​ជា​តង្វាយ​របស់​ខ្លួន រួច​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ ហើយ​សម្លាប់​នៅ​កន្លែង​ដែល​គេ​តែង​សម្លាប់​សត្វ សម្រាប់​ជា​តង្វាយ​ដុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ នេះ​ហើយ​ជា​តង្វាយ​លោះ​បាប។ សង្ឃ​ត្រូវ​យក​ឈាម​នៃ​តង្វាយ​លោះ​បាប​នោះ​ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​តង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​នៅ​ត្រង់​ជើង​អាសនា​តង្វាយ​ដុត​នោះ។ ខ្លាញ់​ទាំង​ប៉ុន្មាន ត្រូវ​ដុត​នៅ​លើ​អាសនា ដូច​ជា​ខ្លាញ់​របស់​យញ្ញ‌បូជា​ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​ដែរ ហើយ​សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​ចំពោះ​បាប​ដែល​លោក​បាន​ធ្វើ នោះ​លោក​នឹង​បាន​រួច​ពី​ទោស​ហើយ។ បើ​អ្នក​ស្រុក​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា​ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ ប្រសិន‌បើ​អ្នក​ណា​ប្រាប់​ឲ្យ​គេ​ដឹង​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​ត្រូវ​នាំ​ពពែ​ញី​មួយ​ដែល​ឥត​ខ្ចោះ​មក សម្រាប់​ជា​តង្វាយ ដោយ​ព្រោះ​បាប​ដែល​ខ្លួន​បាន​ធ្វើ រួច​ដាក់​ដៃ​លើ​ក្បាល​នៃ​តង្វាយ​លោះ​បាប​នោះ ហើយ​សម្លាប់​ត្រង់​កន្លែង​តង្វាយ​ដុត។ សង្ឃ​ត្រូវ​យក​ឈាម​ដោយ​ម្រាម​ដៃ​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​តង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​ត្រង់​ជើង​អាសនា។ ខ្លាញ់​ទាំង​ប៉ុន្មាន​ត្រូវ​យក​ចេញ ដូច​ជា​យក​ចេញ​ពី​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​ដែរ រួច​សង្ឃ​ត្រូវ​ដុត​នៅ​លើ​អាសនា ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ដូច្នេះ អ្នក​នោះ​នឹង​រួច​ចាក​ទោស​ហើយ ។ ប្រសិន‌បើ​អ្នក​នោះ​យក​ចៀម​មក​ថ្វាយ សម្រាប់​ជា​តង្វាយ​លោះ​បាប​ខ្លួន​វិញ នោះ​ត្រូវ​យក​ញី​មួយ​ដែល​ល្អ​ឥត​ខ្ចោះ ហើយ​ដាក់​ដៃ​លើ​ក្បាល​នៃ​តង្វាយ​នោះ រួច​សម្លាប់​ទុក​ជា​តង្វាយ​លោះ​បាប ត្រង់​កន្លែង​ដែល​គេ​តែង​សម្លាប់​សត្វ​សម្រាប់​ជា​តង្វាយ​ដុត។ សង្ឃ​ត្រូវ​ឲ្យ​ម្នាក់​យក​ឈាម​នៃ​តង្វាយ​លោះ​បាប​នោះ​ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​តង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​ត្រង់​ជើង​អាសនា។ ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ ដូច​ជា​យក​ខ្លាញ់​ចេញ​ពី​កូន​ចៀម​នៃ​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​ដែរ ហើយ​សង្ឃ​ត្រូវ​ដុត​នៅ​លើ​អាសនា តាម​របៀប​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ក៏​ត្រូវ​ឲ្យ​ធួន​នឹង​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ដូច្នេះ អ្នក​នោះ​នឹង​រួច​ពី​ទោស​ហើយ»។

ចែក​រំលែក
អាន លេវីវិន័យ 4

លេវីវិន័យ 4:13-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ប្រសិន​បើ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា ហើយ​ក្រុម‌ជំនុំ​មិន​បាន​ដឹង គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ដែល​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស នៅ​ពេល​សហគមន៍​ដឹង​ពី​កំហុស​របស់​ខ្លួន ពួក​គេ​ត្រូវ​យក​គោ​បា​មួយ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​រំដោះ​បាប​នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ អស់​លោក​ព្រឹទ្ធា‌ចារ្យ*​របស់​សហគមន៍​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ព្រឹទ្ធា‌ចារ្យ​មួយ​រូប​ចាក់​ក​វា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ លោក​មហា​បូជា‌ចារ្យ*​យក​ឈាម​គោ​បា​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ លោក​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ខាង​មុខ​វាំងនន។ លោក​យក​ឈាម​នោះ​លាប​លើ​ស្នែង​អាសនៈ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ បន្ទាប់​មក លោក​យក​ឈាម​ដែល​នៅ​សល់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​ធ្វើ​យញ្ញ‌បូជា ដែល​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ លោក​យក​ខ្លាញ់​ទាំង​អស់​របស់​គោ​បា​ដុត​នៅ​លើ​អាសនៈ។ លោក​ធ្វើ​ពិធី​ថ្វាយ​យញ្ញ‌បូជា​គោ​បា​នេះ ដូច​លោក​ធ្វើ​ចំពោះ​គោ​បា​សម្រាប់​រំដោះ​បាប​ដែរ គឺ​ធ្វើ​តាម​របៀប​ដូច​គ្នា។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ប្រជា‌ជន ហើយ​ពួក​គេ​ក៏​បាន​រួច​ពី​បាប។ បន្ទាប់​មក លោក​យក​គោ​បា​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ រួច​ដុត​វា ដូច​ដុត​គោ​សម្រាប់​រំដោះ​បាប​ដែរ។ នេះ​ជា​យញ្ញ‌បូជា​រំដោះ​បាប​របស់​សហគមន៍​អ៊ីស្រា‌អែល»។ «ប្រសិន​បើ​មេ​ដឹក​នាំ​ណា​មួយ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គាត់ ដែល​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់។ គាត់​ដាក់​ដៃ​លើ​ក្បាល​ពពែ​ឈ្មោល​នោះ ហើយ​ចាក់​ក​វា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ នេះ​ជា​យញ្ញ‌បូជា​រំដោះ​បាប។ លោក​បូជា‌ចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួច​លោក​យក​ឈាម​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។ លោក​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​អាសនៈ ដូច​លោក​ដុត​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​មេ​ដឹក​នាំ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប»។ ប្រសិន​បើ​ប្រជា‌ជន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ដែល​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ញី​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សូម​ឲ្យ​រួច​ពី​បាប។ គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​ចាក់​ក​វា នៅ​ត្រង់​កន្លែង​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ លោក​បូជា‌ចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួច​លោក​យក​ឈាម​ទាំង​អស់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។ លោក​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ពពែ​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។ ប្រសិន​បើ​អ្នក​នោះ​ចង់​ថ្វាយ​ចៀម​ជា​តង្វាយ​រំដោះ​បាប គេ​ត្រូវ​ថ្វាយ​ចៀម​ញី​ល្អ​ឥត​ខ្ចោះ។ គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​ចាក់​ក​វា​នៅ​ត្រង់​កន្លែង​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ លោក​បូជា‌ចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ហើយ​លោក​យក​ឈាម​ទាំង​អស់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។ លោក​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ចៀម​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​កូន​ចៀម ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។

ចែក​រំលែក
អាន លេវីវិន័យ 4

លេវីវិន័យ 4:13-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឬ​បើ​ជា​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ដែល​ប្រព្រឹត្ត​ការ​កំហុស​អ្វី​ដោយ​ឥត​ដឹង ហើយ​ការ​នោះ​បាន​កំបាំង​នឹង​ភ្នែក​ពួក​ជំនុំ ដែល​រំលង​ចំពោះ​បញ្ញត្ត​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ កាល​ណា​គេ​ដឹង​ពី​អំពើ​បាប​ដែល​បាន​ប្រព្រឹត្ត​រំលង​ហើយ នោះ​ត្រូវ​ឲ្យ​ពួក​ជំនុំ​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​១​ទុក​ជា​ដង្វាយ​លោះ​បាប ត្រូវ​នាំ​ទៅ​ឯ​មុខ​ត្រសាល​ជំនុំ ហើយ​ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ ដាក់​ដៃ​លើ​ក្បាល​គោ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​សំឡាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ នោះ​ត្រូវ​ឲ្យ​សង្ឃ​ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ យក​ឈាម​គោ​នោះ​ទៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ជ្រលក់​ម្រាម​ដៃ​ចុះ​ក្នុង​ឈាម រលាស់​៧​ដង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មុខ​វាំង‌នន រួច​យក​ឈាម​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ខាង​ក្នុង​ត្រសាល​ជំនុំ ហើយ​ត្រូវ​ចាក់​ឈាម​ទាំង​អស់​នា​ជើង​អាសនា​ដង្វាយ​ដុត ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ឯ​ខ្លាញ់​គោ​នោះ​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ​ទៅ​ដុត​នៅ​លើ​អាសនា ត្រូវ​ឲ្យ​ធ្វើ​នឹង​គោ​នេះ​ដូច​ជា​បាន​ធ្វើ​ចំពោះ​គោ​ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​ដែរ គឺ​ត្រូវ​ធ្វើ​ដូច​គ្នា​ទាំង​២ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ទាំង​អស់​គ្នា នោះ​នឹង​រួច​ចាក​ទោស​ហើយ រួច​ត្រូវ​ឲ្យ​សង្ឃ​នាំ​យក​គោ​នោះ ទៅ​ដុត​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ដូច​ជា​បាន​ដុត​គោ​មុន​ដែរ នេះ​គឺ​ជា​ដង្វាយ​លោះ​បាប​សំរាប់​ពួក​ជំនុំ។ បើ​នាម៉ឺន​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ទ្រង់​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ បើ​សិន​ជា​អ្នក​ណា​ប្រាប់​ឲ្យ​លោក​ជ្រាប​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​លោក​ត្រូវ​នាំ​យក​ពពែ​ឈ្មោល​១ ដែល​ឥត​ខ្ចោះ មក​សំរាប់​ជា​ដង្វាយ​របស់​ខ្លួន រួច​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ ហើយ​សំឡាប់​នៅ​កន្លែង​ដែល​គេ​តែង​សំឡាប់​សត្វ សំរាប់​ជា​ដង្វាយ​ដុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ នេះ​ហើយ​ជា​ដង្វាយ​លោះ​បាប ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម​នៃ​ដង្វាយ​លោះ​បាប​នោះ ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ដង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​នៅ​ត្រង់​ជើង​អាសនា​ដង្វាយ​ដុត​នោះ ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ដុត​នៅ​លើ​អាសនា ដូច​ជា​ខ្លាញ់​របស់​យញ្ញ‌បូជា​ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​ដែរ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​ចំពោះ​បាប​ដែល​លោក​បាន​ធ្វើ នោះ​លោក​នឹង​បាន​រួច​ចាក​ទោស​ហើយ។ ឬ​បើ​អ្នក​ស្រុក​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ បើ​សិន​ជា​អ្នក​ណា​ប្រាប់​ឲ្យ​គេ​ដឹង​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​ត្រូវ​នាំ​ពពែ​ញី​១​ដែល​ឥត​ខ្ចោះ​មក សំរាប់​ជា​ដង្វាយ ដោយ​ព្រោះ​បាប​ដែល​ខ្លួន​បាន​ធ្វើ រួច​ដាក់​ដៃ​លើ​ក្បាល​នៃ​ដង្វាយ​លោះ​បាប​នោះ ហើយ​សំឡាប់​ត្រង់​កន្លែង​ដង្វាយ​ដុត នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ដង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​ត្រង់​ជើង​អាសនា ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ ដូច​ជា​យក​ចេញ​ពី​យញ្ញ‌បូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​ដែរ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​នៅ​លើ​អាសនា ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ដូច្នេះ អ្នក​នោះ​នឹង​រួច​ចាក​ទោស​ហើយ។ តែ​បើ​សិន​ជា​អ្នក​នោះ​នាំ​ចៀម​មក​ថ្វាយ សំរាប់​ជា​ដង្វាយ​លោះ​បាប​ខ្លួន​វិញ នោះ​ត្រូវ​យក​ញី​១​ដែល​ឥត​ខ្ចោះ​មក ហើយ​ដាក់​ដៃ​លើ​ក្បាល​នៃ​ដង្វាយ​នោះ រួច​សំឡាប់​ទុក​ជា​ដង្វាយ​លោះ​បាប ត្រង់​កន្លែង​ដែល​គេ​តែង​សំឡាប់​សត្វ​សំរាប់​ជា​ដង្វាយ​ដុត ត្រូវ​ឲ្យ​សង្ឃ​ម្នាក់​យក​ឈាម​នៃ​ដង្វាយ​លោះ​បាប​នោះ​ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ដង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​ត្រង់​ជើង​អាសនា ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ ដូច​ជា​យក​ខ្លាញ់​ចេញ​ពី​កូន​ចៀម​នៃ​យញ្ញ‌បូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​ដែរ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ដុត​នៅ​លើ​អាសនា តាម​របៀប​ដង្វាយ​ទាំង​ប៉ុន្មាន​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ក៏​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ដូច្នេះ​អ្នក​នោះ​នឹង​រួច​ចាក​ទោស​ហើយ។

ចែក​រំលែក
អាន លេវីវិន័យ 4