លូកា 1:39-55

លូកា 1:39-55 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ ម៉ារា​ក្រោក​ឡើង ហើយ​ប្រញាប់​ប្រញាល់​ធ្វើ​ដំណើ​ទៅ​ភូមិ​មួយ នៅ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា នាង​ចូល​ទៅ​ក្នុង​ផ្ទះ​សាការី ហើយ​ជម្រាប​សួរ​អេលី‌សាបិត។ កាល​អេលី‌សាបិត​បាន​ឮ​ពាក្យ​ម៉ារា​ជម្រាប​សួរ នោះ​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ក៏​បង្រះ​ឡើង ហើយ​អេលី‌សាបិត​ក៏​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ រួច​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ក្នុង​ចំណោម​ពួក​ស្រីៗ នាង​ជា​ស្ត្រី​មាន​ពរ និង​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ដែរ។ ដូច​ម្តេច​ហ្ន៎ បាន​ជា​មាតា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច្នេះ? ដ្បិត​មើល៍ កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង​ភ្លាម នោះ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​ក៏​បង្រះ​ឡើង​ដោយ​អំណរ។ នាង​មាន​ពរ​ហើយ ដោយ​នាង​បាន​ជឿ ដ្បិត​សេចក្តី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​នាង នោះ​នឹង​បាន​សម្រេច​ជា​មិន​ខាន»។ ម៉ារា​ពោល​ឡើង​ថា៖ «ព្រលឹង​ខ្ញុំ​លើក​តម្កើង​ព្រះ‌អម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​រីក‌រាយ​នឹង​ព្រះ ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​បាន​ទត​មើល​សណ្ឋាន ទន់​ទាប​របស់​អ្នក​បម្រើ​ព្រះ‌អង្គ មើល​ចុះ ពី​នេះ​ទៅ​មុខ មនុស្ស​គ្រប់​ជំនាន់​នឹង​ហៅ​ខ្ញុំ​ថា ជា​អ្នក​មាន​ពរ ដ្បិត​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បាន​ប្រោស សេចក្តី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ ព្រះ‌នាម​របស់​ព្រះ‌អង្គ​បរិសុទ្ធ។ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ទ្រង់​បាន​សម្តែង​ឫទ្ធិ ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ព្រម​ទាំង​កម្ចាត់​កម្ចាយ​មនុស្ស​អំនួត ដោយ‌សារ​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​របស់​គេ។ ទ្រង់​បាន​ទម្លាក់​ស្តេច​ចេញ​ពី​បល្ល័ង្ក ហើយ​លើក​មនុស្ស​រាប‌សា​ឡើង ទ្រង់​បាន​ចម្អែត​មនុស្ស​ឃ្លាន​ដោយ​របស់​ល្អ តែ​បាន​បណ្តេញ​ពួក​អ្នក​មាន​ឲ្យ​ចេញ​ទៅ​ដោយ​ដៃ​ទទេ។ ព្រះ‌អង្គ​បាន​ជួយ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដោយ​នឹក​ចាំ​ពី​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ‌បុរស​របស់​យើង គឺ​មក​កាន់​លោក​អ័ប្រា‌ហាំ និង​ពូជ‌ពង្ស​របស់​លោក​ជា​រៀង​រហូត» ។

ចែក​រំលែក
អាន លូកា 1

លូកា 1:39-55 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ នាង​ម៉ារី​ប្រញាប់‌ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​មួយ នៅ​តំបន់​ភ្នំ ក្នុង​ស្រុក​យូដា។ នាង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​សាការី ហើយ​ជម្រាប​សួរ​នាង​អេលី‌សាបិត។ ពេល​នាង​អេលី‌សាបិត​ឮ​នាង​ម៉ារី​ជម្រាប​សួរ ទារក​នៅ​ក្នុង​ផ្ទៃ​នាង​បម្រះ​ឡើង ហើយ​គាត់​ក៏​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ រួច​បន្លឺ​សំឡេង​ឡើង​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​នាង​លើស​ស្ត្រី​នានា ហើយ​ព្រះអង្គ​ក៏​ប្រទាន​ពរ​ដល់​បុត្រ​នាង​ដែរ។ តើ​រូប​ខ្ញុំ​នេះ​មាន​ឋានៈ​អ្វី បាន​ជា​មាតា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច្នេះ? កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង ស្រាប់​តែ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​បម្រះ​ឡើង​ដោយ​អំណរ​សប្បាយ នាង​ពិត​ជា​មាន​សុភមង្គល​មែន ព្រោះ​នាង​បាន​ជឿ ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រាប់​នាង​មុខ​ជា​សម្រេច​មិន​ខាន»។ ពេល​នោះ នាង​ម៉ារី​ថ្លែង​ឡើង​ថា៖ «ព្រលឹង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អម្ចាស់* ខ្ញុំ​មាន​ចិត្ត​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ ព្រះអង្គ​ទត​មើល​មក​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​ដ៏​ទន់‌ទាប​របស់​ព្រះអង្គ អំណើះ​ត​ទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​ពិត​មែន ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាន​សម្តែង ការ​ប្រសើរ​អស្ចារ្យ​ចំពោះ​រូប​ខ្ញុំ។ ព្រះ‌នាម​របស់​ព្រះអង្គ​ពិត​ជា​វិសុទ្ធ*​មែន! ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះអង្គ នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ ព្រះអង្គ​បាន​សម្តែង​ឫទ្ធិ‌បារមី កម្ចាត់​មនុស្ស​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ព្រះអង្គ​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែង ហើយ​ព្រះអង្គ​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។ ព្រះអង្គ​បាន​ប្រទាន​សម្បត្តិ​យ៉ាង​បរិបូណ៌ ដល់​អស់​អ្នក​ដែល​ស្រេក​ឃ្លាន ហើយ​បណ្ដេញ​ពួក​អ្នក​មាន ឲ្យ​ត្រឡប់​ទៅ​វិញ​ដោយ​ដៃ​ទទេ។ ព្រះអង្គ​បាន​ជួយ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ដល់​លោក​អប្រាហាំ និង​ពូជ‌ពង្ស​របស់​លោក ជានិច្ច​ត​រៀង​ទៅ ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ឥត​ភ្លេច​សោះ​ឡើយ»។

ចែក​រំលែក
អាន លូកា 1

លូកា 1:39-55 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ ម៉ារា​ក៏​ក្រោក​ឡើង ទៅ​ឯ​ស្រុក​ភ្នំ​ជា​ប្រញាប់ ដល់​ភូមិ​១​ក្នុង​ខេត្ត​យូដា ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​សាការី ជំរាប​សួរ​ដល់​អេលី‌សាបិត កាល​អេលី‌សាបិត​បាន​ឮ​ពាក្យ​ម៉ារា​ជំរាប​សួរ នោះ​កូន​ក៏​បង្រះ​នៅ​ក្នុង​ផ្ទៃ រួច​គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្នុង​បណ្តា​ពួក​ស្រីៗ គឺ​នាង​ហើយ ជា​ស្ត្រី​មាន​ពរ​ពិត ព្រម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​នាង​ផង ដូច​ម្តេច​ហ្ន៎ បាន​ជា​ដល់​ទៅ​ព្រះ‌មាតា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ក៏​មក​សួរ​ដូច្នេះ​ដែរ ដ្បិត​មើល កាល​សំឡេង​នាង​ជំរាប​សួរ​ឮ​មក​ដល់​ត្រចៀក​ខ្ញុំ នោះ​កូន​នៅ​ក្នុង​ពោះ​ខ្ញុំ​ក៏​បង្រះ​ដោយ​សេចក្ដី​អំណរ នាង​មាន​ពរ​ហើយ ដោយ​នាង​បាន​ជឿ ដ្បិត​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​បន្ទូល​មក​នាង នោះ​នឹង​បាន​សំរេច​ជា​មិន​ខាន។ រួច​ម៉ារា​និយាយ​ឡើង​ថា ព្រលឹង​ខ្ញុំ​លើក​ដំកើង​ព្រះ‌អម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​រីក‌រាយ​នឹង​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​ខ្ញុំ ដ្បិត​ទ្រង់​បាន​ទត​មើល​សណ្ឋាន​ទាប​ថោក​របស់​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ មើល​ចុះ ពី​នេះ​ទៅ​មុខ គ្រប់​ទាំង​ដំណ​មនុស្ស​នឹង​រាប់​ខ្ញុំ​ថា​ជា​អ្នក​មាន​ពរ ពី​ព្រោះ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ទ្រង់​បាន​ប្រោស​សេចក្ដី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ ព្រះ‌នាម​ទ្រង់​បរិសុទ្ធ ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស ដែល​គេ​កោត‌ខ្លាច​ទ្រង់​ត​រៀង​ទៅ ទ្រង់​បាន​សំដែង​ឫទ្ធិ ដោយ​ព្រះ‌ហស្ត​ទ្រង់ ព្រម​ទាំង​កំចាត់‌កំចាយ​មនុស្ស​អំនួត ដោយ‌សារ​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​ខ្លួន​គេ ទាំង​ទំលាក់​ស្តេច​ពី​បល្ល័ង្ក​ចេញ ហើយ​លើក​មនុស្ស​រាបសា​ឡើង​វិញ ឯ​មនុស្ស​ឃ្លាន ទ្រង់​បាន​ចំអែត​ដោយ​របស់​ល្អ តែ​ពួក​អ្នក​មាន ទ្រង់​បាន​បណ្តេញ​ឲ្យ​ទៅ​ទទេ​វិញ ទ្រង់​បាន​ជួយ​អ៊ីស្រាអែល ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​បាន​នឹក​ចាំ​ពី​សេចក្ដី​មេត្តា‌ករុណា​ទ្រង់ ដូច​ជា​ទ្រង់​មាន​បន្ទូល​នឹង​ពួក​ឰយុកោ​យើង គឺ​នឹង​លោក​អ័ប្រាហាំ ហើយ​នឹង​ពូជ​លោក​ជា​រៀង​រាប​ដរាប​ត​មក

ចែក​រំលែក
អាន លូកា 1