លូកា 1:67-79
លូកា 1:67-79 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ សាការីជាឪពុកក៏បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយថ្លែងជាទំនាយថា៖ «សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះពរ ដ្បិតព្រះអង្គបានទតមើលប្រជារាស្ត្ររបស់ព្រះអង្គ ហើយក៏បានប្រោសលោះគេ។ ព្រះអង្គបានប្រទានព្រះសង្រ្គោះ ដ៏មានឥទ្ធិឫទ្ធិមួយអង្គដល់យើង ក្នុងពូជពង្សព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូល តាមរយៈមាត់ពួកហោរាបរិសុទ្ធ របស់ព្រះអង្គពីជំនាន់ដើម ដើម្បីឲ្យយើងបានសង្គ្រោះរួចពី ខ្មាំងសត្រូវរបស់យើង និងរួចពីកណ្តាប់ដៃ របស់អស់អ្នកដែលស្អប់យើង។ ដើម្បីសម្ដែងព្រះហឫទ័យមេត្តាករុណា ដែលបានសន្យាដល់បុព្វបុរសរបស់យើង ហើយបាននឹកចាំពីសេចក្តីសញ្ញាបរិសុទ្ធរបស់ព្រះអង្គ គឺជាសម្បថដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងថា ទ្រង់នឹងសង្គ្រោះយើងឲ្យរួចពីកណ្តាប់ដៃ ពួកខ្មាំងសត្រូវរបស់យើង ដើម្បីឲ្យយើងអាចគោរពបម្រើ ព្រះអង្គដោយឥតភ័យខ្លាច ដោយបរិសុទ្ធ និងសុចរិត នៅចំពោះព្រះអង្គ អស់មួយជីវិតរបស់យើង។ រីឯកូនវិញ គេនឹងហៅកូនថា ជាហោរារបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ ហើយឲ្យប្រជារាស្ត្ររបស់ព្រះអង្គ បានស្គាល់សេចក្តីសង្គ្រោះ ដោយអត់ទោសឲ្យគេរួចពីបាប ដោយព្រះហឫទ័យមេត្តាករុណា ដ៏ទន់សន្ដោសរបស់ព្រះនៃយើង ដែលព្រះអង្គប្រទានថ្ងៃរះពីស្ថានដ៏ខ្ពស់មកដល់យើង ដើម្បីបំភ្លឺដល់អស់អ្នកដែលអង្គុយក្នុងសេចក្តីងងឹត និងក្នុងម្លប់នៃសេចក្តីស្លាប់ ហើយតម្រង់ជើងយើងទៅរកផ្លូវនៃសេចក្ដីសុខសាន្ត» ។
លូកា 1:67-79 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ លោកសាការីជាឪពុករបស់ទារក បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយថ្លែងពាក្យក្នុងព្រះនាមព្រះអង្គថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដ្បិតព្រះអង្គសព្វព្រះហឫទ័យយាងមក រំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គបានប្រទានព្រះសង្គ្រោះ ដ៏មានឫទ្ធិមួយព្រះអង្គពីក្នុងចំណោម ព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គមកឲ្យយើង។ ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យាថ្លែងតាមរយៈ ព្យាការី*របស់ព្រះអង្គនៅជំនាន់ដើម គឺព្រះអង្គសង្គ្រោះយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។ ព្រះអង្គសម្តែងព្រះហឫទ័យ មេត្តាករុណាដល់បុព្វបុរស*របស់យើង ហើយគោរពតាមសម្ពន្ធមេត្រី* ដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់ លោកអប្រាហាំ*ជាបុព្វបុរសរបស់យើងថា ព្រះអង្គនឹងរំដោះយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបាន ដោយឥតភ័យខ្លាច ព្រមទាំងឲ្យយើងរស់នៅបានបរិសុទ្ធ* និងសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។ ចំណែកឯកូនវិញ កូននឹងទៅជាព្យាការី* របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ កូននឹងធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គដឹង ថាព្រះអង្គសង្គ្រោះគេ ដោយលើកលែងទោសឲ្យគេរួចពីបាប។ ព្រះរបស់យើងមានព្រះហឫទ័យ មេត្តាករុណាដ៏លើសលុប ព្រះអង្គប្រទានថ្ងៃរះ ពីស្ថានលើមក ដើម្បីរំដោះយើង និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្ដីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើង ឆ្ពោះទៅរកសេចក្ដីសុខសាន្ត»។
លូកា 1:67-79 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯសាការី ជាឪពុក ក៏បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ហើយទាយថា សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះគុណ ពីព្រោះទ្រង់បានទតមើល ហើយប្រោសលោះរាស្ត្រទ្រង់ ព្រមទាំងបង្កើតព្រះដ៏មានឥទ្ធិឫទ្ធិ នៅក្នុងពូជហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ សំរាប់នឹងជួយសង្គ្រោះយើងផង ដូចជាទ្រង់មានបន្ទូល ដោយមាត់ពួកហោរាបរិសុទ្ធរបស់ទ្រង់ តាំងពីបុរាណមក គឺជាសេចក្ដីសង្គ្រោះ ឲ្យរួចពីខ្មាំងសត្រូវយើង ហើយពីកណ្តាប់ដៃនៃអស់អ្នកណាដែលស្អប់យើង ដើម្បីនឹងសំរេចសេចក្ដីមេត្តាករុណា ដល់ពួកឰយុកោយើង ហើយនឹងនឹកចាំ ពីសេចក្ដីសញ្ញាបរិសុទ្ធរបស់ទ្រង់ គឺជាសម្បថ ដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ ជាឰយុកោយើងថា នឹងបើកឲ្យយើងបានសង្គ្រោះ រួចពីកណ្តាប់ដៃពួកខ្មាំងសត្រូវ ដើម្បីឲ្យបានបំរើទ្រង់ ឥតភ័យខ្លាច ដោយសេចក្ដីបរិសុទ្ធ នឹងសេចក្ដីសុចរិត នៅចំពោះទ្រង់ អស់១ជីវិតយើង ឯឯងទារកអើយ គេនឹងហៅឯងជាហោរានៃព្រះដ៏ខ្ពស់បំផុត ដ្បិតឯងនឹងដើរចំពោះព្រះអម្ចាស់ ដើម្បីនឹងរៀបចំផ្លូវថ្វាយទ្រង់ ប្រយោជន៍ឲ្យរាស្ត្រទ្រង់បានស្គាល់សេចក្ដីសង្គ្រោះ ជាការប្រោសឲ្យគេរួចពីបាប ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះនៃយើង ដែលបណ្តាលឲ្យបច្ចូសកាល ភ្លឺមកដល់យើងពីស្ថានដ៏ខ្ពស់ ដើម្បីនឹងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងសេចក្ដីងងឹត ហើយក្នុងម្លប់នៃសេចក្ដីស្លាប់ ប្រយោជន៍ឲ្យបានដំរង់ជើងយើង តាមផ្លូវសុខសាន្តវិញ។