លូកា 11:1-4
លូកា 11:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានមួយថ្ងៃ ព្រះយេស៊ូអធិស្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិស្ឋានរួចហើយ មានសិស្ស*ម្នាក់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំឲ្យចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាអធិស្ឋាន ត្រូវពោលថា: ឱព្រះបិតាអើយ សូមសម្តែងព្រះនាមដ៏វិសុទ្ធ របស់ព្រះអង្គ ឲ្យមនុស្សលោកស្គាល់ សូមឲ្យព្រះរាជ្យ*ព្រះអង្គបានមកដល់។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការ ជារៀងរាល់ថ្ងៃ។ សូមអត់ទោសយើងខ្ញុំឲ្យរួចពីបាប ដ្បិតយើងខ្ញុំអត់ទោសឲ្យអស់អ្នក ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្ដោយឲ្យយើងខ្ញុំចាញ់ ការល្បួងឡើយ»។
លូកា 11:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវបានអធិស្ឋាននៅកន្លែងមួយ ហើយក្រោយពីព្រះអង្គអធិស្ឋានចប់ សិស្សរបស់ព្រះអង្គម្នាក់ទូលថា៖ «ព្រះអម្ចាស់អើយ សូមបង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនដល់សិស្សលោកផង»។ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «កាលណាអ្នករាល់គ្នាអធិស្ឋាន ត្រូវពោលថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមព្រះអង្គបានបរិសុទ្ធ សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គ បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការជារៀងរាល់ថ្ងៃ។ សូមអត់ទោសអំពើបាបរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ [តែសូមប្រោសយើងខ្ញុំឲ្យរួចពីសេចក្តីអាក្រក់វិញ]»។
លូកា 11:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយមក កាលទ្រង់កំពុងតែអធិស្ឋាននៅកន្លែង១ លុះទ្រង់ឈប់ហើយ នោះសិស្សម្នាក់ទូលថា ព្រះអម្ចាស់អើយ សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋានផង ដូចជាលោកយ៉ូហានបានបង្រៀនដល់សិស្សលោកដែរ ទ្រង់ក៏មានបន្ទូលទៅគេថា កាលណាអ្នករាល់គ្នាអធិស្ឋាន នោះត្រូវថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់ បានសំរេច នៅផែនដី ដូចនៅស្ថានសួគ៌ដែរ សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការ មកជារាល់ថ្ងៃ សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្ដីអាក្រក់វិញ។