លូកា 15:11-32
លូកា 15:11-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «មានបុរសម្នាក់មានកូនប្រុសពីរនាក់។ កូនពៅនិយាយទៅឪពុកថា "លោកឪពុក សូមប្រគល់ចំណែកមត៌ក ដែលត្រូវចែកឲ្យខ្ញុំនោះមក"។ ឪពុកក៏ចែកទ្រព្យឲ្យកូន។ ក្រោយបន្តិចមក កូនពៅប្រមូលទ្រព្យទាំងអស់ ចេញទៅស្រុកឆ្ងាយ ហើយក៏បង្ហិនទ្រព្យរបស់ខ្លួន ដោយការរស់នៅយ៉ាងខ្ជះខ្ជាយ។ កាលបានចាយអស់រលីងហើយ នោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះ ហើយគាត់ក៏ចាប់ផ្ដើមខ្វះខាត។ ដូច្នេះ គាត់ក៏ទៅបម្រើអ្នកស្រុកនោះម្នាក់ ហើយគេប្រើគាត់ឲ្យទៅឃ្វាលហ្វូងជ្រូកនៅឯវាល។ គាត់មានចិត្តចង់ចម្អែតពោះ ដោយសម្បក ដែលជ្រូកស៊ីណាស់ តែគ្មានអ្នកណាឲ្យសោះ។ ពេលគាត់ភ្ញាក់ដឹងខ្លួន នោះក៏គិតថា "អ្នកបម្រើដែលស៊ីឈ្នួលរបស់ឪពុកខ្ញុំទាំងប៉ុន្មាន សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ ខ្ញុំជិតដាច់ពោះស្លាប់ហើយ។ ខ្ញុំនឹងក្រោកឡើង ទៅនិយាយជាមួយគាត់ថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ និងចំពោះលោកឪពុក ខ្ញុំនេះមិនសមឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាអ្នកបម្រើស៊ីឈ្នួលរបស់លោកឪពុកចុះ"។ ដូច្នេះ គាត់ក៏ក្រោកឡើង ហើយទៅរកឪពុកវិញ។ កាលឪពុកឃើញពីចម្ងាយ គាត់ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបកូន។ កូនពៅនិយាយទៅឪពុកថា "លោកឪពុក កូនបានប្រព្រឹត្តអំពើបាបចំពោះព្រះ និងចំពោះលោកឪពុក កូនមិនសមឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេ"។ តែឪពុកប្រាប់ទៅពួកបាវបម្រើរបស់គាត់ថា "ចូរប្រញាប់យកអាវល្អបំផុតចេញមកបំពាក់ឲ្យកូនយើង ហើយយកចិញ្ជៀន និងស្បែកជើងមកបំពាក់ឲ្យផង។ ចូរយកកូនគោដែលបានបំប៉នទុក មកកាប់ជប់លៀង ហើយបរិភោគឲ្យសប្បាយចុះ ដ្បិតកូនយើងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ តែបានឃើញវិញហើយ"។ គេក៏ចាប់ផ្តើមជប់លៀងសប្បាយ។ ឯកូនច្បងនៅឯចម្ការ កាលត្រឡប់មកជិតដល់ផ្ទះ នោះក៏ឮសូរភ្លេង និងរបាំ គាត់ហៅបាវបម្រើម្នាក់មកសួរថា តើគេធ្វើអ្វីហ្នឹង? បាវបម្រើនោះជម្រាបថា "ប្អូនលោកត្រឡប់មកវិញ ហើយឪពុករបស់លោកបានសម្លាប់កូនគោដែលបំប៉ន ព្រោះកូនរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ត"។ ដូច្នេះ គាត់ក៏ខឹង មិនព្រមចូលផ្ទះទេ ហើយឪពុកចេញមកអង្វរគាត់។ តែគាត់ឆ្លើយថា "ខ្ញុំបានបម្រើលោកឪពុកប៉ុន្មានឆ្នាំមកហើយ មិនដែលធ្វើខុសបង្គាប់អ្វីសោះ លោកឪពុកមិនដែលឲ្យកូនពពែ សូម្បីតែមួយ ឲ្យខ្ញុំបានអរសប្បាយជាមួយមិត្តសម្លាញ់របស់ខ្ញុំសោះ។ ឯកូនលោកឪពុក ដែលបានបំផ្លាញទ្រព្យសម្បត្តិទាំងអស់របស់លោកឪពុក ជាមួយស្រីញី ពេលវាត្រឡប់មកវិញ លោកឪពុកបែរជាសម្លាប់កូនគោ ដែលបំប៉នទទួលវាទៅវិញ"។ ឪពុកក៏តបថា "កូនអើយ កូនបាននៅជាមួយឪពុករហូតមក ហើយរបស់ឪពុកទាំងប៉ុន្មានក៏ជារបស់កូនដែរ។ គួរតែសប្បាយរីករាយឡើង ព្រោះប្អូនឯងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ វាបានវង្វេងបាត់ តែបានឃើញវិញហើយ"»។
លូកា 15:11-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «មានបុរសមួយរូបមានកូនប្រុសពីរនាក់។ កូនពៅនិយាយទៅឪពុកថា “លោកឪពុក! សូមចែកកេរមត៌កឲ្យកូនមក”។ ឪពុកក៏ចែកមត៌កឲ្យកូន។ ប៉ុន្មានថ្ងៃក្រោយមក កូនពៅប្រមូលទ្រព្យសម្បត្តិ រួចចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះ កូនពៅបានខ្ជះខ្ជាយបង្ហិនទ្រព្យសម្បត្តិរបស់ខ្លួនអស់ទៅ។ ពេលចាយវាយទ្រព្យសម្បត្តិអស់ហើយ ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្ដើមខ្វះខាត។ គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់ គេប្រើគាត់ឲ្យមើលជ្រូកតាមស្រែចម្ការ។ គាត់ចង់ចម្អែតក្រពះនឹងចំណីដែលគេដាក់ឲ្យជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាឲ្យបរិភោគឡើយ។ ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្តថា “អ្នកបម្រើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា រីឯនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់។ អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជម្រាបគាត់ថា លោកឪពុក កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ។ មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ”។ លុះគិតដូច្នោះហើយ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្តអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។ កូនពៅជម្រាបឪពុកថា “លោកឪពុក កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ”។ ឪពុកប្រាប់ពួកអ្នកបម្រើថា “ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុត មកពាក់ឲ្យកូនខ្ញុំជាប្រញាប់ ហើយយកចិញ្ចៀន និងស្បែកជើង មកពាក់ឲ្យផង។ ចូរយកកូនគោដែលយើងបានបំប៉នទុក មកកាប់ជប់លៀងឲ្យសប្បាយចុះ ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។ ពេលនោះ កូនច្បងនៅឯចម្ការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ត្រី និងចម្រៀងរបាំ គាត់ហៅអ្នកបម្រើម្នាក់មកសួរថា មានការអ្វីកើតឡើង។ អ្នកបម្រើឆ្លើយថា “ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុករបស់លោកឲ្យគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ត”។ កូនច្បងខឹងណាស់មិនព្រមចូលផ្ទះទេ ឪពុកចេញមកអង្វរឲ្យចូល។ កូនច្បងនិយាយទៅឪពុកថា “ខ្ញុំបាននៅបម្រើលោកជាច្រើនឆ្នាំមកហើយ ខ្ញុំមិនដែលធ្វើខុសនឹងបទបញ្ជារបស់លោកត្រង់ណាឡើយ តែលោកមិនដែលឲ្យកូនពពែ ដើម្បីឲ្យខ្ញុំកាប់ជប់លៀងជាមួយមិត្តភក្ដិទាល់តែសោះ សូម្បីតែមួយក៏មិនដែលផង។ ពេលកូនលោកត្រឡប់មកវិញ លោកបានកាប់កូនគោបំប៉នទទួលវា មើល៍ វានេះបានបំផ្លាញទ្រព្យសម្បត្តិលោកទាំងអស់ជាមួយស្រីញី”។ ឪពុកនិយាយទៅកូនថា “កូនអើយ ឯងនៅជាមួយឪពុកជានិច្ចរហូតណាកូន អ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។ យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ”»។
លូកា 15:11-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចទ្រង់ក៏មានបន្ទូលថា មានបុរសម្នាក់មានកូនប្រុស២ កូនពៅនិយាយទៅឪពុកថា សូមលោកឪពុកប្រគល់ចំណែកមរដក ដែលត្រូវចែកដល់ខ្ញុំនោះមក គាត់ក៏ចែកទ្រព្យនោះដល់កូន ក្រោយបន្តិចមក កូនពៅប្រមូលទាំងអស់ ចេញទៅឯស្រុកឆ្ងាយ ហើយក៏បង្ហិនទ្រព្យទៅ ដោយល្បែងដ៏ហួសខ្នាត កាលបានចាយអស់រលីងហើយ នោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះ វាក៏មានសេចក្ដីទ័លក្រ រួចទៅបំរើអ្នកស្រុកនោះម្នាក់ ហើយគេប្រើឲ្យទៅឯវាលឃ្វាលហ្វូងជ្រូក វាមានចិត្តចង់ចំអែតពោះ ដោយសំបកដែលជ្រូកស៊ីណាស់ តែគ្មានអ្នកណាឲ្យសោះ កាលវាភ្ញាក់ដឹងខ្លួន នោះក៏គិតថា ឪពុកអញមានជើងឈ្នួលប៉ុន្មានៗ សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ អញជិតដាច់ពោះស្លាប់ហើយ អញនឹងក្រោកឡើង ទៅនិយាយនឹងគាត់ថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុកមែន ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ នោះវាក៏ក្រោកឡើងដើរទៅ លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា ទើបវានិយាយថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុក ខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេ តែឪពុកប្រាប់ទៅពួកបាវគាត់ថា ចូរយកអាវល្អបំផុតចេញមកបំពាក់ឲ្យវា ហើយយកចិញ្ចៀន នឹងស្បែកជើងមកឲ្យផង រួចយកកូនគោដែលបំប៉នមកសំឡាប់ចុះ យើងនឹងបរិភោគឲ្យសប្បាយចិត្ត ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ ឯកូនច្បងនៅឯចំការ កាលត្រឡប់មកជិតដល់ផ្ទះ នោះក៏ឮសូរភ្លេងនឹងរបាំ គាត់ហៅពួកបាវម្នាក់មកសួរថា គេធ្វើអ្វីហ្នឹង បាវនោះជំរាបថា ប្អូនលោកត្រឡប់មកវិញ ហើយលោកឪពុកបានសំឡាប់កូនគោដែលបំប៉ន ដោយព្រោះបានកូនមកវិញដោយសុខសាន្ត ដូច្នេះ គាត់ក៏ខឹង មិនព្រមចូលទៅសោះ បានជាឪពុកចេញមកអង្វរដល់គាត់ តែគាត់ឆ្លើយថា មើល ខ្ញុំបានបំរើលោកឪពុកប៉ុន្មានឆ្នាំនេះមកហើយ មិនដែលធ្វើខុសអ្វីនឹងបង្គាប់សោះ តែលោកឪពុកមិនដែលឲ្យកូនពពែ សូម្បីតែ១ ឲ្យខ្ញុំបានអរសប្បាយ ជាមួយនឹងពួកមិត្រសំឡាញ់ខ្ញុំឡើយ ឯកូនលោកឪពុក ដែលវាបង្ហិនបំផ្លាញសម្បត្តិលោកឪពុកអស់ ដោយនូវស្រីអ្នកលេងនេះ កាលបានមកដល់ នោះលោកឪពុកសំឡាប់កូនគោដែលបំប៉នឲ្យវាភ្លាម ឪពុកក៏តបថា កូនអើយ ឯងបាននៅជាមួយនឹងអញជាដរាប ឯរបស់អញទាំងប៉ុន្មាន ក៏ជារបស់ឯងដែរ គួរឲ្យយើងស៊ីលៀង ដោយអរសប្បាយទៅ ពីព្រោះប្អូនឯងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់បង់ តែបានឃើញមកវិញហើយ។