លូកា 18:1-8

លូកា 18:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ ដើម្បី​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ក្នុង​ក្រុង​មួយ មាន​ចៅ‌ក្រម​ម្នាក់ ដែល​មិន​កោត​ខ្លាច​ដល់​ព្រះ ក៏​មិន​កោត​ញញើត​ចំពោះ​មនុស្ស​ណា​ឡើយ។ នៅ​ក្នុង​ក្រុង​នោះ មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ចេះ​តែ​មក​និយាយ​ទទូច​នឹង​លោក​នោះ​ថា "សូម​លោករក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ផង"។ លោក​ចេះ​តែ​បដិសេធ​អស់​ពេល​ជា​យូរ តែ​ក្រោយ​មក​លោក​គិត​ក្នុង​ចិត្ត​ថា "ទោះ​បើ​ខ្ញុំ​មិន​ខ្លាច​ដល់​ព្រះ ឬ​កោត​ញញើត​ចំពោះ​មនុស្ស​ណា​ក៏​ដោយ តែ​ព្រោះ​នាង​ចេះ​តែ​មក​រំខាន​ខ្ញុំ​ខ្លាំង​ឡើងៗ ខ្ញុំ​នឹង​ត្រូវ​ជំនុំ‌ជម្រះ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ បើ​មិន​ដូច្នោះ​ទេ នាង​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ថែម​ទៀត"»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ពិចារណា​សេចក្តី​ដែល​ចៅ‌ក្រម​ទុច្ចរិត​នោះ​និយាយ​ចុះ។ តើ​ព្រះ​មិន​រក​យុត្តិធម៌​ឲ្យ​ពួក​រើស​តាំង​របស់​ព្រះ‌អង្គ ដែល​អំពាវ​នាវ​រក​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ​ទេ​ឬ? តើ​ព្រះ‌អង្គ​ចេះ​តែ​ពន្យា​ពេល​មិន​ជួយ​ពួក​គេ​ឬ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌អង្គ​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក​ទាំង​នោះ​ក្នុង​ពេល​ឆាប់​មិន​ខាន ប៉ុន្តែ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ កាល​ណា​កូន​មនុស្ស​យាង​មក តើ​ព្រះ‌អង្គ​នឹង​ឃើញ​មាន​ជំនឿ​លើ​ផែនដី​ឬ​ទេ?»

ចែក​រំលែក
អាន លូកា 18

លូកា 18:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា ពន្យល់​សិស្ស*​ឲ្យ​ដឹង​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច មិន​ត្រូវ​រសាយ​ចិត្ត​ឡើយ៖ «នៅ​ក្នុង​ក្រុង​មួយ មាន​ចៅ‌ក្រម​ម្នាក់​ជា​មនុស្ស​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​មិន​កោត​ក្រែង​នរណា​ឡើយ។ មាន​ស្ត្រី​មេ‌ម៉ាយ​ម្នាក់​នៅ​ក្នុង​ក្រុង​នោះ​ដែរ គាត់​តែង​មក​អង្វរ​ចៅ‌ក្រម​ថា “សូម​លោក​រក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ផង”។ ប៉ុន្តែ ចៅ‌ក្រម​មិន​ព្រម​កាត់​ក្ដី​ឲ្យ​ភ្លាមៗ​ទេ លោក​ចេះ​តែ​ពន្យារ​ពេល​យ៉ាង​យូរ។ ក្រោយ​មក លោក​នឹក​ក្នុង​ចិត្ត​ថា “ទោះ​បី​អញ​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ មិន​កោត​ក្រែង​នរណា​ក៏​ដោយ ក៏​អញ​ត្រូវ​តែ​កាត់​ក្ដី​ឲ្យ​ស្ត្រី​មេ‌ម៉ាយ​នេះ​ដែរ ព្រោះ​គាត់​ចេះ​តែ​មក​រំអុក​អញ​គ្រប់​ពេល​វេលា។ បើ​អញ​មិន​កាត់​ក្ដី​ឲ្យ​គាត់​ទេ គាត់​មុខ​ជា​មក​រំខាន​អញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «ចូរ​ពិចារណា​ពាក្យ​របស់​ចៅ‌ក្រម​ដ៏​អាក្រក់​នេះ​ចុះ។ ចំណង់​បើ​ព្រះ‌ជាម្ចាស់​វិញ ព្រះអង្គ​រឹត​តែ​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ហើយ​ដែល​អង្វរ​ព្រះអង្គ ទាំង​យប់ ទាំង​ថ្ងៃ ព្រះអង្គ​គ្រាន់​តែ​បង្អង់​ប៉ុណ្ណោះ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះអង្គ​នឹង​រក​យុត្តិធម៌​ឲ្យ​គេ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ប៉ុន្តែ ពេល​បុត្រ​មនុស្ស*​មក​ដល់ តើ​លោក​ឃើញ​មនុស្ស​មាន​ជំនឿ​នៅ​លើ​ផែនដី​នេះ​ឬ​ទេ?»។

ចែក​រំលែក
អាន លូកា 18

លូកា 18:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ ទ្រង់​មាន​បន្ទូល​ថា នៅ​ក្នុង​ក្រុង​១​មាន​ចៅ‌ក្រម​ម្នាក់ ដែល​មិន​កោត‌ខ្លាច​ដល់​ព្រះ ក៏​មិន​ព្រឹម​ញញើត​ចំពោះ​មនុស្ស​ណា​ផង ហើយ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់ នៅ​ក្នុង​ក្រុង​នោះ​ដែរ នាង​ចេះ​តែ​មក​និយាយ​នឹង​លោក​នោះ​ថា សូម​លោក​កាត់​ទោស​ដល់​ខ្មាំង​សត្រូវ​ឲ្យ​ខ្ញុំ​ផង តែ​លោក​មិន​ទទួល​ព្រម​ជា​យូរ​ក្រែល​ហើយ លុះ​ក្រោយ​មក​ក៏​គិត​ក្នុង​ចិត្ត​ថា ទោះ​បើ​អញ​មិន​ខ្លាច​ដល់​ព្រះ ឬ​ព្រឹម​ញញើត​ចំពោះ​មនុស្ស​ណា​ក៏​ដោយ គង់​តែ​អញ​នឹង​ជំនុំ​ជំរះ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ​ជា​មិន​ខាន ដោយ​ព្រោះ​នាង​នាំ​ឲ្យ​រំខាន​ចិត្ត​អញ​ខ្លាំង​ណាស់ ក្រែង​នាង​ចេះ​តែ​មក​រំអុក​ជានិច្ច​ដូច្នេះ​ទៅ នឹង​នាំ​ឲ្យ​អញ​ពិបាក​ចិត្ត​ទៅ​ទៀត នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ពិចារណា​សេចក្ដី ដែល​ចៅ‌ក្រម​ទុច្ចរិត​នោះ​និយាយ​ចុះ ចំណែក​ព្រះ​វិញ ដែល​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ដល់​ពួក​រើស​តាំង​របស់​ទ្រង់ ដែល​គេ​អំពាវ‌នាវ​រក​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ នោះ​តើ​ទ្រង់​មិន​សង‌សឹក​ជំនួស​គេ​ដែរ​ទេ​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទ្រង់​នឹង​សង‌សឹក​ជំនួស​អ្នក​ទាំង​នោះ ជា​ប្រញាប់​មិន​ខាន ប៉ុន្តែ កាល​ណា​កូន​មនុស្ស​នឹង​មក តើ​នឹង​ឃើញ​នៅ​មាន​សេចក្ដី​ជំនឿ​នៅ​ផែនដី​ដែរ​ឬ​ដូច​ម្តេច។

ចែក​រំលែក
អាន លូកា 18