ម៉ាថាយ 8:1-3
ម៉ាថាយ 8:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវយាងចុះពីភ្នំវិញ មានមហាជនច្រើនកុះករដើរតាមព្រះអង្គ។ ពេលនោះ មានមនុស្សឃ្លង់ម្នាក់បានចូលមក ក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងប្រោសទូលបង្គំ នោះទូលបង្គំនឹងបានជាស្អាត»។ ព្រះអង្គក៏លូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រម ចូរឲ្យបានជាស្អាតចុះ!» រំពេចនោះ គាត់ក៏បានជាស្អាតពីរោគឃ្លង់ភ្លាម។
ម៉ាថាយ 8:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូយាងចុះពីលើភ្នំមកវិញ មានមហាជនជាច្រើននាំគ្នាដើរតាមព្រះអង្គ។ ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គ ទូលថា៖ «លោកម្ចាស់អើយ! ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។ ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ គាត់ក៏ជាស្អាតបរិសុទ្ធពីរោគឃ្លង់ភ្លាម។
ម៉ាថាយ 8:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវ ទ្រង់បានយាងចុះពីភ្នំមក នោះមានមនុស្សកកកុញដើរតាមទ្រង់ ក៏ឃើញមានមនុស្សឃ្លង់ម្នាក់ មកក្រាបថ្វាយបង្គំទូលទ្រង់ថា ឱព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន ទ្រង់ក៏លូកព្រះហស្តទៅពាល់គាត់ដោយបន្ទូលថា ខ្ញុំចង់ដែរ ចូរឲ្យជាស្អាតចុះ ស្រាប់តែរោគឃ្លង់ក៏ជាស្អាតភ្លាម