ណាហ៊ូម 1:3-7
ណាហ៊ូម 1:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាយឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងខ្លាំង ព្រះអង្គមិនលើកលែងទោសដល់មនុស្សឡើយ។ ផ្លូវរបស់ព្រះយេហូវ៉ា នៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា ពពកទាំងឡាយជាធូលីហុយពីព្រះបាទរបស់ព្រះអង្គ។ ព្រះអង្គស្ដីបន្ទោសសមុទ្រ ក៏ធ្វើឲ្យគោកទៅ ព្រះអង្គធ្វើឲ្យទន្លេទាំងប៉ុន្មានរីងស្ងួតដែរ ចំណែកស្រុកបាសាន ក៏ហួតហែង ព្រមទាំងស្រុកកើមែលដែរ ឯផ្កាព្រៃល្បាណូនក៏ស្រពោន។ ភ្នំធំៗទាំងឡាយកក្រើកនៅចំពោះព្រះអង្គ ហើយភ្នំតូចទាំងប៉ុន្មានក៏រលាយ ផែនដី ពិភពលោកទាំងមូល និងអ្វីៗទាំងអស់នៅក្នុងលោកនេះ រំពើកចុះឡើងនៅចំពោះព្រះភក្ត្រព្រះអង្គ។ តើមានអ្នកណាអាចនឹងឈរនៅមុខ សេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបាន? តើអ្នកណានឹងធន់នៅបានក្នុងពេលដែល សេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះអង្គឆួលឡើង? ឯសេចក្ដីក្រោធរបស់ព្រះអង្គក៏ចាក់ចេញដូចជាភ្លើង ហើយថ្មទាំងប៉ុន្មានក៏ត្រូវបែកខ្ចាយ ដោយសារព្រះអង្គ។ ព្រះយេហូវ៉ាល្អ ព្រះអង្គជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកព្រះអង្គជាទីពឹង។
ណាហ៊ូម 1:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះហឫទ័យអត់ធ្មត់ ហើយព្រះអង្គមានព្រះចេស្ដាដ៏ខ្ពង់ខ្ពស់បំផុត ប៉ុន្តែ ព្រះអង្គមិនអាចចាត់ទុកអ្នកមានទោស ថាគ្មានទោសឡើយ។ ព្រះអម្ចាស់យាងមកក្នុងខ្យល់កំបុតត្បូង និងខ្យល់ព្យុះសង្ឃរា ពពក*ជាធូលីដីដែលហុយនៅក្រោម ព្រះបាទារបស់ព្រះអង្គ។ ព្រះអង្គគំរាមសមុទ្រ សមុទ្រក៏រីងស្ងួត ព្រះអង្គធ្វើឲ្យទន្លេទាំងប៉ុន្មានរីងអស់ ស្រុកបាសាន និងតំបន់ភ្នំកើមែលត្រូវហួតហែង ហើយផ្កានៅភ្នំលីបង់ក៏ស្វិតស្រពោនដែរ ។ ភ្នំធំៗរញ្ជួយនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រះអង្គធ្វើឲ្យភ្នំតូចៗរលាយ។ ផែនដី និងអ្វីៗទាំងអស់នៅលើផែនដី កក្រើកញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ពេលព្រះអង្គខ្ញាល់ តើនរណាអាចទ្រាំទ្របាន? តើនរណាអាចតទល់នឹង កំហឹងរបស់ព្រះអង្គបាន? ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ ប្រៀបដូចជាភ្លើងឆេះកម្ទេចផ្ទាំងថ្ម។ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះអង្គជាជម្រកនៅគ្រាមានអាសន្ន ព្រះអង្គមើលថែទាំអស់អ្នកដែលផ្ញើជីវិត លើព្រះអង្គ
ណាហ៊ូម 1:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងធំ ទ្រង់មិនលះលែងទោសរបស់មនុស្សឡើយ ឯផ្លូវរបស់ព្រះយេហូវ៉ា នោះនៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា ពពកទាំងឡាយជាធូលីហុយពីព្រះបាទទ្រង់ ទ្រង់ស្តីបន្ទោសដល់សមុទ្រ ក៏ធ្វើឲ្យគោកទៅ ទ្រង់ធ្វើឲ្យទន្លេទាំងប៉ុន្មានរីងស្ងួតដែរ ចំណែកឯស្រុកបាសានក៏រោយរៀវចុះ ព្រមទាំងស្រុកកើមែលផង ឯផ្ការបស់ព្រៃល្បាណូនក៏ស្រពោនដែរ ភ្នំធំទាំងឡាយកក្រើកនៅចំពោះទ្រង់ ហើយអស់ទាំងភ្នំតូចក៏រលាយទៅ ដីរំពើកចុះឡើងនៅចំពោះព្រះភក្ត្រទ្រង់ អើ ទាំងលោកីយ នឹងទាំងអស់ដែលអាស្រ័យនៅក្នុងលោកដែរ តើមានអ្នកណាដែលអាចនឹងឈរនៅមុខសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់បាន តើអ្នកណានឹងធន់នៅបាន ក្នុងពេលដែលសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់ឆួលឡើង ឯសេចក្ដីក្រោធរបស់ទ្រង់ នោះក៏ចាក់ចេញដូចជាភ្លើង ហើយថ្មទាំងប៉ុន្មានក៏ត្រូវបែកសញ្ជែកដោយសារទ្រង់ ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកទ្រង់ជាទីពឹងផ្អែក