សុភាសិត 11:16-31
សុភាសិត 11:16-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្ត្រីណាដែលមានអធ្យាស្រ័យល្អ តែងរកបានកិត្តិយស [រីឯស្ត្រីណាដែលស្អប់អំពើល្អ នឹងត្រូវអាប់មុខ។ បុរសកំសាកនឹងទៅជាក្រតោកយ៉ាក ] តែឯបុរសស្វាហាប់តែងរកបានទ្រព្យសម្បត្តិ។ មនុស្សដែលមានចិត្តមេត្តា នោះតែងធ្វើល្អដល់ជីវិតខ្លួន តែអ្នកណាដែលសាហាវ នោះធ្វើទុក្ខដល់សាច់ឈាមខ្លួនវិញ។ មនុស្សអាក្រក់បានកម្រៃដែលតែងតែលលួង តែអ្នកណាដែលផ្សាយសេចក្ដីសុចរិត នោះបានរង្វាន់យ៉ាងជាប់លាប់។ ចំណែកសេចក្ដីសុចរិត តែងនាំឲ្យបានជីវិត តែអ្នកណាដែលដេញតាមអំពើអាក្រក់ នោះរមែងធ្វើឲ្យខ្លួនស្លាប់វិញ។ អ្នកណាដែលមានចិត្តវៀច នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែព្រះអង្គគាប់ព្រះហឫទ័យអ្នកណា ដែលប្រព្រឹត្តគ្រប់លក្ខណ៍ក្នុងផ្លូវខ្លួន។ ទោះបើព្រួតដៃគ្នា គង់តែមនុស្សអាក្រក់ នឹងមិនរួចពីទោសឡើយ តែពូជពង្សរបស់មនុស្សសុចរិត នឹងមានជំនួយជួយឲ្យរួច។ ស្ត្រីមានរូបស្រស់ល្អ ដែលឥតមានគំនិតមារយាទ ប្រៀបដូចជាក្រវិលមាស ដែលពាក់នៅច្រមុះជ្រូក។ សេចក្ដីប៉ងប្រាថ្នារបស់មនុស្សសុចរិត នោះសុទ្ធតែល្អ តែសេចក្ដីសង្ឃឹមរបស់មនុស្សអាក្រក់ នោះត្រូវខាងសេចក្ដីក្រេវក្រោធវិញ។ មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចម្រើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។ មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។ ឯអ្នកណាដែលបង្ខាំងទុកអង្ករ បណ្ដាជននឹងប្រទេចផ្ដាសាអ្នកនោះ តែនឹងមានពរស្ថិតនៅលើក្បាល នៃអ្នកណាដែលលក់ឲ្យវិញ។ អ្នកណាដែលព្យាយាមស្វែងរកសេចក្ដីល្អ នោះរមែងបានគេរាប់អានដល់ខ្លួនដែរ តែអ្នកណាដែលស្វែងរកតាមអាក្រក់ ការអាក្រក់នឹងកើតដល់អ្នកនោះឯង។ អ្នកណាដែលទីពឹងលើទ្រព្យសម្បត្តិខ្លួន នឹងត្រូវដួលចុះ តែមនុស្សសុចរិតនឹងរីកចម្រើន ដូចជាស្លឹកឈើខៀវខ្ចី។ អ្នកណាដែលនាំឲ្យកើតវឹកវរក្នុងផ្ទះខ្លួន នោះនឹងគ្រងបានខ្យល់ជាមត៌ក ហើយមនុស្សល្ងីល្ងើនឹងធ្វើជាបាវបម្រើ ដល់មនុស្សមានប្រាជ្ញា។ ផលរបស់មនុស្សសុចរិតជាដើមឈើនៃជីវិត ហើយអ្នកណាដែលមានប្រាជ្ញា រមែងចាប់បានព្រលឹងមនុស្ស។ ប្រសិនបើមនុស្សសុចរិត បានទទួលរង្វាន់នៅផែនដី ចំណង់បើមនុស្សអាក្រក់ និងមនុស្សមានបាប តើនឹងទទួលសំណង លើសជាងអម្បាលម៉ានទៅ!
សុភាសិត 11:16-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ត្រីរូបស្អាតតែងតែមានគេសរសើរ រីឯមនុស្សស្វាហាប់ តែងតែរកទ្រព្យបាន។ អ្នកមានចិត្តសប្បុរសតែងតែធ្វើឲ្យខ្លួនមានសុភមង្គល រីឯមនុស្សឃោរឃៅរមែងធ្វើឲ្យរូបកាយរបស់ខ្លួនកាន់តែរងទុក្ខវេទនា។ មនុស្សពាលរកបានតែសម្បត្តិក្ដៅក្រហាយ រីឯមនុស្សដែលសាបព្រោះសេចក្ដីសុចរិត រមែងទទួលផលដែលមិនចេះសាបសូន្យ។ សេចក្ដីសុចរិតតែងតែនាំទៅកាន់ជីវិត រីឯអ្នកដែលដើរតាមផ្លូវអាក្រក់រមែងស្លាប់ខ្លួន។ ព្រះអម្ចាស់ស្អប់មនុស្សវៀចវេរ តែព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ មនុស្សទុច្ចរិតត្រូវតែទទួលទោសចៀសមិនផុត រីឯពូជពង្សរបស់មនុស្សសុចរិតនឹងរួចជីវិត។ ស្ត្រីមានរូបស្អាតតែឥតគំនិត ប្រៀបដូចជាចិញ្ចៀនមាស ដែលគេយកទៅពាក់នៅច្រមុះជ្រូក។ មនុស្សសុចរិតមានបំណងតែមួយគត់ គឺធ្វើអំពើល្អ រីឯសេចក្ដីប៉ងប្រាថ្នារបស់មនុស្សអាក្រក់រមែងធ្វើឲ្យខ្លួនទទួលទោស។ មនុស្សមានចិត្តទូលាយរឹតតែមានទ្រព្យច្រើន រីឯមនុស្សកំណាញ់ធ្វើឲ្យខ្លួនកាន់តែក្រទៅៗ។ មនុស្សមានចិត្តសទ្ធាតែងតែបានចម្រុងចម្រើន រីឯអ្នកដាក់ទានទឹកឲ្យគេ តែងតែទទួលទឹកពីគេវិញ។ អ្នកដែលទុកស្រូវក្នុងឃ្លាំង ដើម្បីដំឡើងថ្លៃតែងតែត្រូវប្រជាជនដាក់បណ្ដាសា រីឯអ្នកដែលសុខចិត្តលក់ស្រូវរបស់ខ្លួននឹងបានទទួលពរ។ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងអ្នកដែលព្យាយាមប្រព្រឹត្តល្អ រីឯអ្នកដែលគិតតែពីប្រព្រឹត្តអាក្រក់ តែងតែទទួលផលអាក្រក់។ មនុស្សដែលពឹងផ្អែកលើទ្រព្យសម្បត្តិ មុខជាត្រូវអន្តរាយ រីឯមនុស្សសុចរិតប្រៀបបាននឹងស្លឹកឈើលាស់ខៀវខ្ចី។ អ្នកណាធ្វើឲ្យគ្រួសាររបស់ខ្លួនមានទុក្ខកង្វល់ អ្នកនោះនឹងមិនទទួលផលអ្វីទាំងអស់។ មនុស្សល្ងីល្ងើនឹងធ្លាក់ខ្លួនទៅជាខ្ញុំបម្រើរបស់មនុស្សមានប្រាជ្ញា។ អំពើដែលមនុស្សសុចរិតប្រព្រឹត្ត ប្រៀបបាននឹងដើមឈើផ្ដល់ជីវិត ហើយអ្នកប្រាជ្ញតែងតែទាក់ទាញចិត្តមនុស្ស។ មនុស្សសុចរិតតែងតែទទួលរង្វាន់ នៅលើផែនដីនេះ រីឯមនុស្សអាក្រក់ និងមនុស្សបាប តែងតែទទួលផល តាមអំពើដែលគេប្រព្រឹត្ត។
សុភាសិត 11:16-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្ត្រីណាដែលមានអធ្យាស្រ័យល្អ នោះតែងរក្សាទុកនូវកិត្តិសព្ទ ដូចជាមនុស្សប្រិតប្រៀបដែលរក្សាទ្រព្យសម្បត្តិដែរ។ មនុស្សដែលមានចិត្តមេត្តា នោះតែងធ្វើល្អដល់ជីវិតខ្លួន តែអ្នកណាដែលសាហាវ នោះធ្វើទុក្ខដល់សាច់ឈាមខ្លួនវិញ។ មនុស្សអាក្រក់បានកំរៃដែលតែងតែលលួង តែអ្នកណាដែលផ្សាយសេចក្ដីសុចរិត នោះបានរង្វាន់យ៉ាងជាប់លាប់។ ចំណែកសេចក្ដីសុចរិត តែងនាំឲ្យបានជីវិត តែអ្នកណាដែលដេញតាមអំពើអាក្រក់ នោះរមែងធ្វើឲ្យខ្លួនស្លាប់វិញ។ អ្នកណាដែលមានចិត្តវៀច នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែអ្នកណាដែលគ្រប់លក្ខណ៍ក្នុងផ្លូវខ្លួនប្រព្រឹត្ត នោះជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។ ទោះបើព្រួតដៃគ្នា គង់តែមនុស្សអាក្រក់នឹងមិនរួចពីទោសឡើយ តែពូជពង្សរបស់មនុស្សសុចរិតនឹងមានជំនួយជួយឲ្យរួច។ ស្ត្រីមានរូបស្រស់ល្អ ដែលឥតមានគំនិតមារយាទ នោះប្រៀបដូចជាក្រវិលមាសដែលពាក់នៅច្រមុះជ្រូក។ សេចក្ដីប៉ងប្រាថ្នារបស់មនុស្សសុចរិត នោះសុទ្ធតែល្អ តែសេចក្ដីសង្ឃឹមរបស់មនុស្សអាក្រក់ នោះត្រូវខាងសេចក្ដីក្រេវក្រោធវិញ។ មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចំរើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។ មនុស្សដែលមានចិត្តសទ្ធា នឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។ ឯអ្នកណាដែលបង្ខាំងទុកអង្ករ បណ្តាជននឹងប្រទេចផ្តាសាអ្នកនោះ តែនឹងមានពរស្ថិតនៅលើក្បាលនៃអ្នកណាដែលលក់ឲ្យវិញ។ អ្នកណាដែលព្យាយាមស្វែងរកសេចក្ដីល្អ នោះរមែងបានគេរាប់អានដល់ខ្លួនដែរ តែអ្នកណាដែលស្វែងរកតាមអាក្រក់ ការអាក្រក់នឹងកើតដល់អ្នកនោះឯង។ អ្នកណាដែលទីពឹងចំពោះទ្រព្យសម្បត្តិខ្លួន នោះនឹងត្រូវដួលចុះ តែមនុស្សសុចរិតនឹងចំរើនឡើង ដូចជាស្លឹកឈើខៀវខ្ចី។ អ្នកណាដែលនាំឲ្យកើតវឹកវរក្នុងផ្ទះខ្លួន នោះនឹងគ្រងបានខ្យល់ជាមរដក ហើយមនុស្សល្ងីល្ងើនឹងធ្វើជាបាវបំរើដល់មនុស្សប្រាជ្ញ។ ផលរបស់មនុស្សសុចរិត នោះជាដើមឈើនៃជីវិត ហើយអ្នកណាដែលមានប្រាជ្ញា នោះរមែងចាប់បានព្រលឹងរបស់មនុស្ស។ មើល ពួកមនុស្សសុចរិតនឹងទទួលបានរង្វាន់នៅផែនដីទៅហើយ ចុះឯមនុស្សអាក្រក់ នឹងមនុស្សមានបាប តើនឹងទទួលសំណងលើសជាងអំបាលម៉ានទៅ។