សុភាសិត 15:18-33
សុភាសិត 15:18-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សគំរោះគំរើយ រមែងបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា តែអ្នកណាដែលយឺតនឹងខឹង នោះរម្ងាប់សេចក្ដីជម្លោះវិញ។ ផ្លូវរបស់មនុស្សខ្ជិលច្រអូស ធៀបដូចជារបងបន្លា តែផ្លូវច្រករបស់មនុស្សត្រង់ ត្រឡប់ជាថ្នល់ធំវិញ។ កូនដែលមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយ តែមនុស្សល្ងីល្ងើ គេមើលងាយម្តាយខ្លួនវិញ។ ឯការចម្កួតជាអំណរ ដល់មនុស្សដែលឥតប្រាជ្ញា តែមនុស្សដែលមានយោបល់ គេរមែងដើរតាមផ្លូវទៀងត្រង់វិញ។ ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកណាជួយគំនិតជាច្រើន នោះនឹងកើតការវិញ។ មនុស្សរមែងមានអំណរ ដោយពាក្យឆ្លើយរបស់ខ្លួន ហើយពាក្យមួយម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎។ ខាងឯមនុស្សមានប្រាជ្ញា នោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើ ដើម្បីឲ្យបានឃ្លាតចេញពីស្ថានឃុំព្រលឹង មនុស្សស្លាប់ ដែលនៅខាងក្រោម។ ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃ តែព្រះអង្គនឹងតាំងគោលចារឹក នៃស្ត្រីមេម៉ាយឲ្យមាំមួនវិញ។ គំនិតអាក្រក់ជាសេចក្ដីស្អប់ខ្ពើម ដល់ព្រះយេហូវ៉ា តែពាក្យសម្ដីរបស់មនុស្សបរិសុទ្ធ នោះពីរោះវិញ។ អ្នកណាដែលលោភចង់បានកម្រៃ នោះរមែងធ្វើឲ្យផ្ទះខ្លួនកើតទុក្ខ តែអ្នកណាដែលស្អប់សំណូក នោះនឹងរស់នៅវិញ។ ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយ តែមាត់មនុស្សអាក្រក់បង្ហូរចេញ ជាសេចក្ដីអាក្រក់វិញ។ ព្រះយេហូវ៉ាគង់នៅឆ្ងាយពីមនុស្សអាក្រក់ តែព្រះអង្គស្តាប់សេចក្ដីអធិស្ឋាន របស់មនុស្សសុចរិតវិញ។ ពន្លឺនៃភ្នែក នោះនាំឲ្យចិត្តរីករាយ ហើយដំណឹងដែលគាប់ចិត្ត នោះរមែងចម្រើនកម្លាំងដល់ឆ្អឹង។ ត្រចៀកណាដែលស្តាប់តាម សេចក្ដីបន្ទោសនៃជីវិត នោះនឹងអាស្រ័យនៅជាកណ្ដាលពួកអ្នកប្រាជ្ញ។ អ្នកណាដែលមិនព្រមទទួល សេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ស្អប់ខ្ពើមដល់ព្រលឹងខ្លួន តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះបានយោបល់វិញ។ សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា រមែងបង្រៀនឲ្យមានប្រាជ្ញា ហើយសេចក្ដីសុភាពរាបសា តែងតែនាំមុខកិត្តិសព្ទ។
សុភាសិត 15:18-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សខឹងច្រើនតែងតែបង្កជម្លោះ រីឯមនុស្សដែលចេះអត់ធ្មត់តែងតែសម្រុះសម្រួល កុំឲ្យមានការទាស់ទែងគ្នា។ ផ្លូវរបស់មនុស្សខ្ជិលមានសុទ្ធតែបន្លា រីឯផ្លូវរបស់មនុស្សទៀងត្រង់រាបស្មើល្អ។ កូនមានប្រាជ្ញាធ្វើឲ្យឪពុកសប្បាយចិត្ត រីឯកូនល្ងីល្ងើតែងតែមើលងាយម្ដាយ។ មនុស្សមិនដឹងខុសត្រូវតែងតែសប្បាយចិត្តនឹងភាពល្ងីល្ងើ រីឯមនុស្សចេះគិតពិចារណារមែងដើរតាមផ្លូវទៀងត្រង់។ ខ្វះការពិគ្រោះគ្នា គម្រោងការតែងតែបរាជ័យ មានទីប្រឹក្សាច្រើន គម្រោងការតែងតែសម្រេច។ ពោលពាក្យត្រឹមត្រូវស្របនឹងកាលៈទេសៈ រមែងនាំឲ្យមានអំណរសប្បាយ។ មនុស្សចេះគិតគូររមែងដើរតាមផ្លូវដែលឡើងទៅរកជីវិត ហើយចៀសវាងផ្លូវដែលចុះទៅរកសេចក្ដីស្លាប់។ ព្រះអម្ចាស់រំលំផ្ទះរបស់មនុស្សអំនួត តែព្រះអង្គការពារដីធ្លីរបស់ស្ត្រីមេម៉ាយ។ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងគំនិតអាក្រក់ទេ តែព្រះអង្គគាប់ព្រះហឫទ័យនឹងពាក្យដែលហូរចេញពីចិត្តបរិសុទ្ធ។ មនុស្សលោភលន់តែងតែនាំឲ្យមានវិបត្តិនៅក្នុងខ្លួន រីឯអ្នកដែលមិនព្រមទទួលសំណូក រមែងមានអាយុយឺនយូរ។ មនុស្សសុចរិតតែងតែគិតពិចារណាមុននឹងឆ្លើយ រីឯមនុស្សអាក្រក់រមែងនិយាយមួលបង្កាច់ភ្លាមៗ។ ព្រះអម្ចាស់មិនអើពើនឹងមនុស្សអាក្រក់ទេ តែព្រះអង្គស្ដាប់ពាក្យទូលអង្វររបស់មនុស្សសុចរិត។ ទឹកមុខដែលសម្តែងសេចក្ដីមេត្តារមែងនាំឲ្យមានអំណរ ហើយដំណឹងល្អរមែងលើកទឹកចិត្តឲ្យមានកម្លាំង។ អ្នកណាយកចិត្តទុកដាក់ស្ដាប់តាមពាក្យស្ដីប្រដៅ ដែលនាំឲ្យមានជីវិត អ្នកនោះអាចរស់នៅក្នុងចំណោមមនុស្សមានប្រាជ្ញា។ អ្នកណាបដិសេធការប្រៀនប្រដៅ អ្នកនោះបានប្រមាថជីវិតខ្លួនឯង រីឯអ្នកដែលស្ដាប់តាមពាក្យស្ដីប្រដៅតែងតែទទួលសុភនិច្ឆ័យ។ ការគោរពកោតខ្លាចព្រះអម្ចាស់តែងតែអប់រំខ្លួនឲ្យមានប្រាជ្ញា មុននឹងទទួលសិរីរុងរឿង តោងដាក់ខ្លួនជាមុនសិន។
សុភាសិត 15:18-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មនុស្សគំរោះគំរើយ រមែងបណ្តាលឲ្យមានសេចក្ដីទាស់ទែងគ្នា តែអ្នកណាដែលយឺតនឹងខឹង នោះរំងាប់សេចក្ដីជំលោះវិញ។ ផ្លូវរបស់មនុស្សខ្ជិលច្រអូស ធៀបដូចជារបងបន្លា តែផ្លូវច្រករបស់មនុស្សទៀងត្រង់ត្រឡប់ជាថ្នល់ធំវិញ។ កូនដែលមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយ តែមនុស្សល្ងីល្ងើ គេមើលងាយម្តាយខ្លួនវិញ។ ឯការចំកួតជាសេចក្ដីអំណរដល់មនុស្សដែលឥតប្រាជ្ញា តែមនុស្សដែលមានយោបល់ គេរមែងដើរតាមផ្លូវទៀងត្រង់វិញ។ ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកជួយគំនិតជាច្រើន នោះនឹងកើតការវិញ។ មនុស្សរមែងមានសេចក្ដីអំណរ ដោយពាក្យឆ្លើយរបស់ខ្លួន ហើយពាក្យ១ម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎។ ខាងឯមនុស្សមានប្រាជ្ញា នោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើ ដើម្បីឲ្យបានឃ្លាតចេញពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ដែលនៅខាងក្រោម។ ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃ តែទ្រង់នឹងតាំងគោលចារិកនៃស្រីមេម៉ាយឲ្យមាំមួនវិញ។ គំនិតអាក្រក់ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពាក្យសំដីរបស់មនុស្សបរិសុទ្ធ នោះពីរោះវិញ។ អ្នកណាដែលលោភចង់បានកំរៃ នោះរមែងធ្វើឲ្យផ្ទះខ្លួនកើតទុក្ខ តែអ្នកណាដែលស្អប់សំណូក នោះនឹងរស់នៅវិញ។ ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយ តែមាត់មនុស្សអាក្រក់បង្ហូរចេញជាសេចក្ដីអាក្រក់វិញ។ ព្រះយេហូវ៉ាទ្រង់គង់នៅឆ្ងាយពីមនុស្សអាក្រក់ តែទ្រង់ស្តាប់សេចក្ដីអធិស្ឋានរបស់មនុស្សសុចរិតវិញ។ ពន្លឺនៃភ្នែក នោះនាំឲ្យចិត្តរីករាយ ហើយដំណឹងដែលគាប់ចិត្ត នោះរមែងចំរើនកំឡាំងដល់ឆ្អឹង។ ត្រចៀកណាដែលស្តាប់តាមសេចក្ដីបន្ទោសនៃជីវិត នោះនឹងអាស្រ័យនៅជាកណ្តាលពួកអ្នកប្រាជ្ញ។ អ្នកណាដែលមិនព្រមទទួលសេចក្ដីប្រៀនប្រដៅ នោះឈ្មោះថាស្អប់ខ្ពើមដល់ព្រលឹងខ្លួន តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះបានយោបល់វិញ។ សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា រមែងបង្រៀនឲ្យមានប្រាជ្ញា ហើយសេចក្ដីសុភាពរាបសាតែងតែនាំមុខកិត្តិសព្ទ។