សុភាសិត 20:1-15
សុភាសិត 20:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សុរារមែងធ្វើឲ្យមនុស្សក្អេងក្អាង ហើយគ្រឿងស្រវឹងតែងតែធ្វើឲ្យមនុស្សឡូឡា។ មនុស្សប្រមឹកមិនអាចធ្វើជាអ្នកប្រាជ្ញបានឡើយ។ កំហឹងរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ អ្នកដែលធ្វើឲ្យស្ដេចខ្ញាល់ រមែងនាំឲ្យខ្លួនមានទោស។ អ្នកណាដកខ្លួនចេញឆ្ងាយពីជម្លោះ អ្នកនោះតែងតែទទួលកិត្តិយស រីឯមនុស្សល្ងីល្ងើជាអ្នកពូកែឈ្លោះ។ នៅរដូវវស្សា មនុស្សកម្ជិលមិនភ្ជួរមិនរាស់ទេ លុះដល់រដូវចម្រូត គេរកអ្វីច្រូតពុំបានឡើយ។ គំនិតរបស់មនុស្សជ្រៅដូចបាតសមុទ្រ មានតែមនុស្សឈ្លាសវៃប៉ុណ្ណោះ ដែលចេះស្រង់យកគំនិតនោះ។ មនុស្សជាច្រើនអះអាងថាខ្លួនសប្បុរស តែមនុស្សគួរឲ្យទុកចិត្តពិបាករកណាស់។ មនុស្សសុចរិតតែងតែរស់នៅ ដោយទៀងត្រង់ ហើយកូនរបស់គាត់រមែងទទួលសុភមង្គល។ កាលណាស្ដេចប្រកបដោយយុត្តិធម៌គង់លើរាជ្យបល្ល័ង្ក ទ្រង់ពិចារណាឃើញអំពើអាក្រក់ភ្លាម។ តើអ្នកណាអាចពោលថា «ខ្ញុំមានចិត្តបរិសុទ្ធ ខ្ញុំគ្មានបាបទាល់តែសោះ»? បំបាត់ភ្នែកជញ្ជីង ឬវាល់មិនគ្រប់ សុទ្ធតែជាអំពើដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ។ សូម្បីតែកូនក្មេងក៏អាចបង្ហាញឲ្យគេឃើញនូវកិរិយាល្អត្រឹមត្រូវរបស់វា តាមអំពើដែលវាប្រព្រឹត្តដែរ។ ត្រចៀកសម្រាប់ស្ដាប់ និងភ្នែកសម្រាប់មើល សុទ្ធតែព្រះអម្ចាស់បង្កើតមកដូចគ្នា។ បើអ្នកគិតតែពីដេក អ្នកមុខជាធ្លាក់ខ្លួនក្រ បើអ្នកចង់មានអាហារគ្រប់គ្រាន់ ចូរក្រោកឡើងពីព្រលឹម។ អ្នកទិញតែងពោលថា «របស់នេះមិនល្អទេ! របស់នេះមិនល្អទេ!» លុះចេញផុតទៅ គាត់សរសើរខ្លួនឯង។ មាសក៏សម្បូណ៌ ពេជ្រក៏សម្បូណ៌ ប៉ុន្តែ ពាក្យសម្ដីប្រកបដោយប្រាជ្ញាមានតម្លៃលើសអ្វីៗទាំងអស់។
សុភាសិត 20:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំងពីរនោះ ឈ្មោះថាគ្មានប្រាជ្ញា។ សេចក្ដីស្ញែងខ្លាចរបស់ស្តេច ប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហ អ្នកណាដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់ឡើង ឈ្មោះថាធ្វើបាបដល់ជីវិតខ្លួនហើយ។ អ្នកណាដែលមិនព្រមបៀតខ្លួន ក្នុងការឈ្លោះប្រកែកគ្នា នោះជាកិត្តិសព្ទដល់ខ្លួនហើយ ប៉ុន្តែ គ្រប់ទាំងមនុស្សល្ងីល្ងើ គេចេះតែរករឿងវិញ។ មនុស្សខ្ជិលច្រអូសមិនព្រមភ្ជួររាស់ ដោយព្រោះនៅរងានៅឡើយ ដូច្នេះ គេនឹងត្រូវសុំទានក្នុងរដូវចម្រូត ហើយខ្វះខាតវិញ។ ដំបូន្មាននៅក្នុងចិត្តមនុស្ស ធៀបដូចជាអណ្តូងដ៏ជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងឡើងបាន។ មនុស្សស្ទើរតែទាំងអស់ សុទ្ធតែជាអ្នកប្រកាសគុណរបស់ខ្លួន តើអ្នកណានឹងរកមនុស្សទៀងត្រង់ សូម្បីតែម្នាក់បាន? មនុស្សសុចរិតដើរតាមផ្លូវទៀងត្រង់របស់ខ្លួន កូនចៅរបស់អ្នកនោះមានពរតរៀងទៅ។ កាលណាស្តេចឡើងគង់នៅទីវិនិច្ឆ័យ ព្រះអង្គកម្ចាត់អស់ទាំងអំពើអាក្រក់ ដោយសារព្រះនេត្ររបស់ព្រះអង្គ។ តើអ្នកណាអាចនិយាយបានថា «ខ្ញុំបានជម្រះចិត្តខ្ញុំឲ្យស្អាត ខ្ញុំបានបរិសុទ្ធរួចពីបាបរបស់ខ្ញុំហើយ?» កូនជញ្ជីងឆផ្សេងៗ និងរង្វាល់កោងផ្សេងៗ ទាំងពីរយ៉ាងនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។ សូម្បីតែកូនក្មេងក៏សម្ដែងខ្លួន ដោយសារកិរិយាប្រព្រឹត្តរបស់វាដែរ ឲ្យដឹងជាកិរិយានោះបរិសុទ្ធ ហើយត្រឹមត្រូវឬយ៉ាងណា។ ការស្តាប់ឮដោយត្រចៀក ហើយមើលឃើញដោយភ្នែក គឺព្រះយេហូវ៉ាដែលបង្កើតទាំងពីរយ៉ាង។ កុំល្មោភដេក ក្រែងលោត្រឡប់ជាទាល់ក្រ ចូរបើកភ្នែកឡើង នោះនឹងបានអាហារឆ្អែត។ អ្នកដែលទិញរមែងថា របស់នេះអាក្រក់ អាក្រក់ណាស់ តែកាលណាដើរហួសទៅ នោះក៏អួតខ្លួនវិញ។ មាស និងត្បូងទទឹមមានជាបរិបូរ តែបបូរមាត់ដែលប្រកបដោយចំណេះ នោះជាត្បូងមានតម្លៃយ៉ាងប្រសើរវិញ។
សុភាសិត 20:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំង២នោះ ឈ្មោះថាគ្មានប្រាជ្ញា។ សេចក្ដីស្ញែងខ្លាចរបស់ស្តេច នោះប្រៀបដូចជាសំឡេងគ្រហឹមនៃសិង្ហ អ្នកណាដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង នោះឈ្មោះថាធ្វើបាបដល់ជីវិតខ្លួនហើយ។ អ្នកណាដែលមិនព្រមបៀតខ្លួន ក្នុងការឈ្លោះប្រកែកគ្នា នោះជាកិត្តិសព្ទដល់ខ្លួនហើយ ប៉ុន្តែគ្រប់ទាំងមនុស្សល្ងីល្ងើគេចេះតែរករឿងវិញ។ មនុស្សខ្ជិលច្រអូសមិនព្រមភ្ជួររាស់ ដោយព្រោះនៅរងានៅឡើយ ដូច្នេះ គេនឹងត្រូវសុំទានក្នុងរដូវចំរូត ហើយខ្វះខាតវិញ។ សេចក្ដីដំបូន្មាននៅក្នុងចិត្តមនុស្ស នោះធៀបដូចជាអណ្តូងដ៏ជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងឡើងបាន។ មនុស្សស្ទើរតែទាំងអស់ សុទ្ធតែជាអ្នកប្រកាសគុណរបស់ខ្លួន តើអ្នកណានឹងរកមនុស្សទៀងត្រង់ សូម្បីតែម្នាក់បាន។ មនុស្សសុចរិត គេដើរតាមផ្លូវទៀងត្រង់របស់ខ្លួនកូនចៅរបស់អ្នកនោះមានពរតរៀងទៅ។ កាលណាស្តេចឡើងគង់នៅទីវិនិច្ឆ័យ នោះទ្រង់កំចាត់អស់ទាំងអំពើអាក្រក់ ដោយសារព្រះនេត្រទ្រង់។ តើអ្នកណាអាចនឹងនិយាយបានថា ខ្ញុំបានជំរះចិត្តខ្ញុំឲ្យស្អាត ខ្ញុំបានបរិសុទ្ធរួចពីបាបរបស់ខ្ញុំហើយ។ កូនជញ្ជីងឆផ្សេងៗ ហើយរង្វាល់កោងផ្សេងៗទាំង២យ៉ាងនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។ សូម្បីតែកូនក្មេងក៏សំដែងខ្លួន ដោយសារកិរិយាប្រព្រឹត្តរបស់វាដែរ ឲ្យដឹងជាកិរិយានោះបរិសុទ្ធ ហើយត្រឹមត្រូវឬយ៉ាងណា។ ការស្តាប់ឮដោយត្រចៀក ហើយមើលឃើញដោយភ្នែក នោះគឺព្រះយេហូវ៉ាដែលបង្កើតទាំង២យ៉ាង។ កុំឲ្យល្មោភដេក ក្រែងលោត្រឡប់ជាទាល់ក្រ ចូរបើកភ្នែកឡើង នោះនឹងបានអាហារឆ្អែត។ អ្នកដែលទិញរមែងថា របស់នេះអាក្រក់ អាក្រក់ណាស់ តែកាលណាដើរហួសទៅ នោះក៏អួតខ្លួនវិញ។ មាស ហើយត្បូងទទឹមមានជាបរិបូរ តែបបូរមាត់ដែលប្រកបដោយចំណេះ នោះជាត្បូងមានដំឡៃយ៉ាងប្រសើរវិញ។