សុភាសិត 27:15-27

សុភាសិត 27:15-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទឹក​ដែល​ស្រក់​ចុះ​តក់ៗ​ជា‌និច្ច នៅ​ថ្ងៃ​ភ្លៀង​ច្រើន ហើយ​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង នោះ​ក៏​ដូច​គ្នា អ្នក​ណា​ដែល​ចង់​ឃាត់​នាង នោះ​ដូច​ជា​ឃាត់​ខ្យល់ ឬ​ដូច​ជា​យក​ដៃ​ស្ដាំទៅ​ចាប់​ក្តាប់​ប្រេង​ដូច្នោះ​ដែរ។ ដែក​រមែង​សំលៀង​ដែក ឯ​មនុស្សក៏​ធ្វើ​ឲ្យ​មិត្ត​សម្លាញ់​ខ្លួន មុត​ស្រួច​យ៉ាង​នោះ​ដែរ។ អ្នក​ណា​ដែល​ថែ​ទាំ​ដើម​ល្វា អ្នក​នោះ​នឹង​បាន​ផ្លែ​បរិ‌ភោគ ហើយ​អ្នក​ណា​ដែល​បម្រើ​ចៅ‌ហ្វាយ​ខ្លួន​ដោយ​ល្អ នោះ​នឹង​បាន​កិត្តិ‌សព្ទ។ មុខ​ឆ្លុះ​ឃើញ​មុខ​នៅ​ក្នុង​ទឹក​ជា​យ៉ាង​ណា នោះ​ចិត្ត​របស់​មនុស្ស ក៏​ច្បាស់​ដល់​មនុស្ស​យ៉ាង​នោះ​ដែរ។ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​នឹង​ទី​វិនាស​នោះ​មិន​ចេះ​ស្កប់‌ស្កល់​ឡើយ ឯ​ភ្នែក​នៃ​មនុស្ស​ក៏​មិន​ចេះ​ស្កប់‌ស្កល់​ដូច​គ្នា​ដែរ។ មាន​ឡ​សម្រាប់​សម្រង់​ប្រាក់ ហើយ​មានភ្លើង​សម្រាប់​មាស តែ​នឹង​ស្គាល់​មនុស្ស​បាន​ដោយ‌សារ​តែ សេចក្ដី​ដែល​គេ​សរសើរ​ពី​អ្នក​នោះ។ ទោះ​បើ​នឹង​បុក​មនុស្ស​ល្ងី‌ល្ងើ នៅ​ក្នុង​ត្បាល់​ជា‌មួយ​ស្រូវ​ក៏​ដោយ គង់​តែ​សេចក្ដី​ចម្កួត​របស់​វា មិន​ព្រម​របក​ចេញ​ពី​វា​ឡើយ។ ចូរ​មាន​ចិត្ត​ខ្នះ‌ខ្នែង​ឲ្យ​ស្គាល់ សណ្ឋាន​នៃ​ហ្វូង​ចៀម​ឯង ហើយ​ឲ្យ​ថែ​មើល​ហ្វូង​គោ​ឯង​ឲ្យ​ល្អ​ចុះ ដ្បិត​ទ្រព្យ​សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ទេ មកុដ​ស្តេច​ក៏មិន​នៅ​ជាប់គ្រប់​ជំនាន់ដែរ។ ឯ​ស្មៅ​ក្រៀម​គេ​ដឹក​យក​ទៅ រួច​ស្មៅ​ខ្ចី​លូត​លាស់​ឡើង ហើយ​គេ​ប្រមូល​ស្មៅ​ព្រៅ​ពី​ភ្នំ​មក​ដែរ កូន​ចៀម​ទាំង​ប៉ុន្មាន​នឹង​បាន​សម្រាប់​ធ្វើ​ជា សម្លៀក‌បំពាក់​ដល់​អ្នក ឯ​ពពែ​ឈ្មោល​ក៏​សម្រាប់​សង​ថ្លៃ​ចម្ការ​ដែរ ហើយ​មាន​ទឹក​ដោះ​ពពែ ល្មម​ទុក​ជា​អាហារ​ដល់​ឯង គឺ​ជា​អាហារ​សម្រាប់​គ្រួសារ​ឯង ហើយ​សម្រាប់​ចិញ្ចឹម​ពួក​ស្រី​បម្រើ​របស់​ឯង​ទៀត។

ចែក​រំលែក
អាន សុភាសិត 27

សុភាសិត 27:15-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្ត្រី​ពូកែ​ឈ្លោះ​ប្រៀប​បាន​នឹង​ទ ដែល​បង្ហូរ​ទឹក​មិន​ចេះ​ឈប់ នៅ​ថ្ងៃ​មាន​ភ្លៀង។ នរណា​ចង់​ឃាត់​នាង ក៏​ដូច​ជា​ចង់​ឃាត់​ខ្យល់ ឬ​ចង់​យក​ដៃ​ចាប់​ប្រេង​ដែរ។ ដែក​រមែង​សំលៀង​ដែក​យ៉ាង​ណា មនុស្ស​ក៏​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។ អ្នក​ថែ​ដើម​ឧទុម្ពរ​នឹង​បាន​បរិភោគ​ផ្លែ រីឯ​អ្នក​យក​ចិត្ត​ទុក​ដាក់​បម្រើ​ចៅហ្វាយ នឹង​ទទួល​កិត្តិយស។ មនុស្ស​អាច​ឆ្លុះ​មើល​ឃើញ​មុខ​របស់​ខ្លួន​នៅ​ក្នុង​ទឹក ហើយ​អាច​ឃើញ​ចិត្ត​របស់​ខ្លួន​ដោយ​សម្លឹង​មើល​អ្នក​ដទៃ។ ស្ថាន​មនុស្ស​ស្លាប់ និង​រណ្ដៅ​មច្ចុរាជ តែងតែ​ទទួល​យក​ជីវិត​មនុស្ស​មិន​ចេះ​ស្កប់​យ៉ាង​ណា ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ក៏​មិន​ចេះ​ស្កប់​យ៉ាង​នោះ​ដែរ។ គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ​ដុត​ក្នុង​ភ្លើង រីឯ​មនុស្ស​វិញ គេ​អាច​ស្គាល់​តម្លៃ​ដោយ‌សារ​កេរ្តិ៍​ឈ្មោះ។ ទោះ​បី​ដាក់​មនុស្ស​ខ្លៅ​នៅ​ក្នុង​ត្បាល់ ហើយ​យក​អង្រែ​មក​បុក​ដូច​គេ​បុក​អង្ករ​ក៏​ដោយ ក៏​គេ​ពុំ​អាច​យក​ភាព​ខ្លៅ​ចេញ​ពី​អ្នក​នោះ​បាន​ដែរ។ ចូរ​ស្គាល់​ចៀម​នីមួយៗ​របស់​អ្នក​ឲ្យ​បាន​ច្បាស់ ចូរ​ថែ​ទាំ​ហ្វូង​សត្វ​របស់​អ្នក​ឲ្យ​បាន​ដិត​ដល់។ ទ្រព្យ​សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​គង់‌វង្ស​រហូត​ទេ រីឯ​កិត្តិយស​ក៏​មិន​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។ ចូរ​កាត់​ស្មៅ​នៅ​ក្នុង​ចម្ការ ទុក​ជា​ចំណី​សម្រាប់​សត្វ។ ពេល​ស្មៅ​ថ្មី​កំពុង​ដុះ ត្រូវ​ទៅ​ប្រមូល​ស្មៅ​ពី​ភ្នំ​មក​ទុក។ អ្នក​អាច​មាន​សម្លៀក‌បំពាក់ ដោយ‌សារ​រោម​ចៀម​របស់​អ្នក ហើយ​អ្នក​អាច​ទិញ​ចម្ការ​ថ្មី​ដោយ‌សារ​លក់​ចៀម​ឈ្មោល។ ចូរ​យក​ទឹក​ដោះ​ដ៏​បរិបូណ៌​របស់​ពពែ ធ្វើ​ជា​អាហារ​ចិញ្ចឹម​ជីវិត​អ្នក និង​គ្រួសារ​របស់​អ្នក ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក។

ចែក​រំលែក
អាន សុភាសិត 27

សុភាសិត 27:15-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទឹក​ដែល​ស្រក់​ចុះ​តក់ៗ​ជានិច្ច នៅ​ថ្ងៃ​ភ្លៀង​ច្រើន ហើយ​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង នោះ​ក៏​ដូច​គ្នា អ្នក​ណា​ដែល​ចង់​ឃាត់​នាង នោះ​ឃាត់​តែ​ខ្យល់​ទេ ហើយ​ដៃ​អ្នក​នោះ​ចាប់​ក្តាប់​ប្រេង​ប៉ុណ្ណោះ។ ដែក​រមែង​សំលៀង​ដែក ឯ​មនុស្ស​ក៏​ធ្វើ​ឲ្យ​មិត្រ​សំឡាញ់​ខ្លួន​មុត​ស្រួច​យ៉ាង​នោះ​ដែរ។ អ្នក​ណា​ដែល​ថែ‌ទាំ​ដើម​ល្វា អ្នក​នោះ​នឹង​បាន​ផ្លែ​បរិភោគ ហើយ​អ្នក​ណា​ដែល​បំរើ​ចៅហ្វាយ​ខ្លួន​ដោយ​ល្អ នោះ​នឹង​បាន​កិត្តិសព្ទ។ មុខ​ឆ្លុះ​ឃើញ​មុខ​នៅ​ក្នុង​ទឹក​ជា​យ៉ាង​ណា នោះ​ចិត្ត​របស់​មនុស្ស ក៏​ច្បាស់​ដល់​មនុស្ស​យ៉ាង​នោះ​ដែរ។ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​នឹង​ទី​វិនាស​នោះ​មិន​ចេះ​ស្កប់‌ស្កល់​ឡើយ ឯ​ភ្នែក​នៃ​មនុស្ស​ក៏​មិន​ចេះ​ស្កប់‌ស្កល់​ដូច​គ្នា​ដែរ។ មាន​បាវ​ដី​សំរាប់​សំរង​ប្រាក់ ហើយ​មាន​ឡ​សំរាប់​មាស តែ​នឹង​ស្គាល់​មនុស្ស​បាន​ដោយ‌សារ​តែ​សេចក្ដី​ដែល​គេ​សរសើរ​ពី​អ្នក​នោះ​ទេ។ ទោះ​បើ​នឹង​បុក​មនុស្ស​ល្ងី‌ល្ងើ​នៅ​ក្នុង​ត្បាល់​ជា​មួយ​នឹង​ស្រូវ​ក៏​ដោយ គង់​តែ​សេចក្ដី​ចំកួត​របស់​វា​មិន​ព្រម​របក​ចេញ​ពី​វា​ឡើយ។ ចូរ​មាន​ចិត្ត​ខ្នះ‌ខ្នែង​ឲ្យ​ស្គាល់​សណ្ឋាន​នៃ​ហ្វូង​ចៀម​ឯង ហើយ​ឲ្យ​ថែ​មើល​ហ្វូង​គោ​ឯង​ឲ្យ​ល្អ​ចុះ ដ្បិត​ទ្រព្យ​សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ទេ តើ​មកុដ​ស្តេច​នៅ​ជាប់​អស់​ទាំង​ដំណ​ត​ទៅ​ឬ ឯ​ស្មៅ​ក្រៀម គេ​ដឹក​យក​ទៅ រួច​ស្មៅ​ខ្ចី​លូត‌លាស់​ឡើង ហើយ​គេ​ប្រមូល​ស្មៅ​ព្រៅ​ពី​ភ្នំ​មក​ដែរ កូន​ចៀម​ទាំង​ប៉ុន្មាន​នឹង​បាន​សំរាប់​ធ្វើ​ជា​សំលៀក‌បំពាក់​ដល់​ឯង ឯ​ពពែ​ឈ្មោល ក៏​សំរាប់​សង​ថ្លៃ​ចំការ​ដែរ ហើយ​នឹង​មាន​ទឹក​ដោះ​ពពែ ល្មម​ទុក​ជា​អាហារ​ដល់​ឯង គឺ​ជា​អាហារ​សំរាប់​គ្រួសារ​ឯង ហើយ​សំរាប់​ចិញ្ចឹម​ពួក​ស្រី​បំរើ​របស់​ឯង​ទៀត។

ចែក​រំលែក
អាន សុភាសិត 27