សុភាសិត 28:1-14
សុភាសិត 28:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សអាក្រក់រត់ក្នុងកាលដែល គ្មានអ្នកណាដេញតាមសោះ តែមនុស្សសុចរិតមានចិត្តក្លាហានដូចសិង្ហវិញ។ កាលណាមានការបះបោរកើតឡើងក្នុងស្រុក នោះរមែងមានចៅហ្វាយជាច្រើន តែបើមានមនុស្សម្នាក់ដែលមានយោបល់ និងតម្រិះ នោះនគរនឹងស្ថិតស្ថេរនៅតទៅបាន។ មនុស្សក្រដែលពានលើមនុស្សកម្សត់ទុគ៌ត នោះធៀបដូចជាភ្លៀងយ៉ាងខ្លាំង ដែលបោសរំលីងមិនឲ្យមានអាហារសល់ឡើយ។ ពួកអ្នកដែលបោះបង់ចោលបញ្ញត្តិច្បាប់ គេរមែងសរសើរមនុស្សអាក្រក់ តែអស់អ្នកដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់វិញ នោះតែងតែតតាំងនឹងគេ។ មនុស្សអាក្រក់មិនយល់សេចក្ដីយុត្តិធម៌ទេ តែពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា គេយល់គ្រប់ទាំងអស់វិញ។ មនុស្សក្រីក្រដែលប្រព្រឹត្តតាម ផ្លូវទៀងត្រង់របស់ខ្លួន នោះវិសេសជាងមនុស្សក្រវិចក្រវៀន ក្នុងគ្រប់ទាំងផ្លូវរបស់គេ ទោះបើជាអ្នកមានក៏ដោយ។ អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់ នោះជាកូនដែលមានប្រាជ្ញា តែអ្នកណាដែលភប់ប្រសព្វ នឹងមនុស្សល្មោភស៊ីផឹក នោះនាំឲ្យឪពុកមានសេចក្ដីខ្មាសវិញ។ អ្នកណាដែលចម្រើនសម្បត្តិទ្រព្យខ្លួន ដោយយកការ ហើយដោយដាក់បុល នោះគឺប្រមូលទុកសម្រាប់មនុស្ស ដែលមានចិត្តមេត្តាដល់មនុស្សទាល់ក្រទេ។ អ្នកណាដែលបែរត្រចៀកចេញ មិនព្រមស្តាប់បញ្ញត្តិច្បាប់ នោះទោះទាំងពាក្យអធិស្ឋានរបស់អ្នកនោះ ក៏ជាទីស្អប់ខ្ពើមដែរ។ អ្នកណាដែលនាំឲ្យមនុស្សទៀងត្រង់ វង្វេងតាមផ្លូវអាក្រក់ អ្នកនោះឯងនឹងធ្លាក់ទៅក្នុងរណ្តៅ ដែលខ្លួនបានជីកវិញ តែមនុស្សទៀងត្រង់ នឹងគ្រងបានសេចក្ដីល្អជាមត៌ក។ មនុស្សអ្នកមាន គេតែងប្រកាន់ថា ខ្លួនមានប្រាជ្ញា តែមនុស្សក្រដែលមានយោបល់ នឹងស្ទង់មើលឲ្យស្គាល់គេបាន។ កាលណាមនុស្សសុចរិតមានជ័យជម្នះ នោះបណ្ដាជនមានអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។ អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។ សប្បាយហើយ អ្នកណាដែលមានចិត្ត កោតខ្លាចជានិច្ច តែអ្នកណាដែលតាំងចិត្តរឹងទទឹង នោះនឹងធ្លាក់ទៅក្នុងសេចក្ដីអន្តរាយវិញ។
សុភាសិត 28:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកអាក្រក់តែងតែរត់គេចខ្លួន ទោះបីគ្មាននរណាតាមក៏ដោយ រីឯមនុស្សសុចរិតវិញ ប្រៀបបីដូចជាកូនសិង្ហ គឺគេមិនខ្លាចអ្វីឡើយ។ ពេលណាមានការរំជើបរំជួលកើតឡើងក្នុងស្រុក ពេលនោះ មេដឹកនាំក៏មានច្រើនដែរ។ ប៉ុន្តែ បើមានមនុស្សឈ្លាសវៃ ហើយចេះដឹងដឹកនាំស្រុក ស្រុកនោះនឹងមានសុខសន្តិភាព។ មនុស្សក្រីក្រសង្កត់សង្កិនមនុស្សទុគ៌ត ប្រៀបបាននឹងភ្លៀងធ្លាក់មកយ៉ាងខ្លាំង ជន់បំផ្លាញដំណាំអស់។ អស់អ្នកដែលបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ រមែងសរសើរមនុស្សអាក្រក់ រីឯអស់អ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យ តែងតែប្រឆាំងនឹងមនុស្សអាក្រក់វិញ។ មនុស្សទុច្ចរិតមិនយល់អំពីយុត្តិធម៌ទេ រីឯអ្នកស្វែងរកព្រះអម្ចាស់យល់សព្វគ្រប់ទាំងអស់។ មនុស្សក្រីក្រតែរស់នៅដោយទៀងត្រង់ ប្រសើរជាងអ្នកមាន ដែលរស់នៅក្នុងផ្លូវវៀចវេរ។ អ្នកណាប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ អ្នកនោះជាកូនចេះដឹង រីឯអ្នកដែលសេពគប់នឹងមនុស្សខិលខូច ធ្វើឲ្យឪពុកបាក់មុខ។ អ្នកណាប្រមូលទ្រព្យសម្បត្តិ ដោយចងការប្រាក់ហួសកម្រិត ធនធានរបស់អ្នកនោះនឹងធ្លាក់ទៅក្នុងដៃរបស់មនុស្ស ដែលមានចិត្តមេត្តាចំពោះជនក្រីក្រ។ អ្នកណាមិនប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ សូម្បីតែពាក្យអធិស្ឋានរបស់អ្នកនោះ ក៏គួរឲ្យស្អប់ខ្ពើមដែរ។ អ្នកណានាំមនុស្សទៀងត្រង់ឲ្យដើរតាមផ្លូវអាក្រក់ អ្នកនោះនឹងធ្លាក់ក្នុងរណ្ដៅដែលខ្លួនបានជីក រីឯអ្នកដែលគ្មានកំហុស នឹងទទួលសុភមង្គល។ អ្នកមានទ្រព្យរមែងស្មានថាខ្លួនមានប្រាជ្ញា តែមនុស្សទុគ៌តដែលឈ្លាសវៃ អាចផ្ចាញ់អ្នកមាននោះបាន។ កាលណាមនុស្សសុចរិតឡើងកាន់អំណាច ប្រជាជនទាំងអស់នឹងមានកិត្តិយស ប៉ុន្តែ ពេលមនុស្សទុច្ចរិតឈ្នះគេនឹងរត់ពួនគ្រប់ៗគ្នា។ អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចម្រើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ ព្រះជាម្ចាស់នឹងអាណិតមេត្តា។ អ្នកណាប្រយ័ត្នខ្លួន មិនប្រព្រឹត្តអំពើអាក្រក់ អ្នកនោះមានសុភមង្គលហើយ រីឯអ្នកកាន់ចិត្តរឹងរូសមុខជាជួបនឹងទុក្ខលំបាក។
សុភាសិត 28:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មនុស្សអាក្រក់ គេរត់ក្នុងកាលដែលគ្មានអ្នកណាដេញតាមសោះ តែមនុស្សសុចរិតមានចិត្តក្លាហានដូចសិង្ហវិញ។ កាលណាមានការបះបោរកើតឡើងក្នុងស្រុក នោះរមែងមានចៅហ្វាយជាច្រើន តែបើមានមនុស្សម្នាក់ដែលមានយោបល់ ហើយនឹងដំរិះ នោះនគរនឹងស្ថិតស្ថេរនៅតទៅបាន។ មនុស្សក្រដែលពានលើមនុស្សកំសត់ទុគ៌ត នោះធៀបដូចជាភ្លៀងយ៉ាងខ្លាំង ដែលបោសរំលីងមិនឲ្យមានអាហារសល់ឡើយ។ ពួកអ្នកដែលបោះបង់ចោលបញ្ញត្តច្បាប់ គេរមែងសរសើរមនុស្សអាក្រក់ តែអស់អ្នកដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់វិញ នោះតែងតែតតាំងនឹងគេ។ មនុស្សអាក្រក់មិនយល់សេចក្ដីយុត្តិធម៌ទេ តែពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា គេយល់គ្រប់ទាំងអស់វិញ។ មនុស្សក្រីក្រដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់របស់ខ្លួន នោះវិសេសជាងមនុស្សក្រវិចក្រវៀន ក្នុងគ្រប់ទាំងផ្លូវរបស់គេ ទោះបើជាអ្នកមានក៏ដោយ។ អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់ នោះជាកូនដែលមានប្រាជ្ញា តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្មោភស៊ីផឹក នោះនាំឲ្យឪពុកមានសេចក្ដីខ្មាសវិញ។ អ្នកណាដែលចំរើនសម្បត្តិទ្រព្យខ្លួន ដោយយកការ ហើយដោយដាក់បុល នោះគឺប្រមូលទុកសំរាប់មនុស្សដែលមានចិត្តមេត្តាដល់មនុស្សទាល់ក្រទេ។ អ្នកណាដែលបែរត្រចៀកចេញមិនព្រមស្តាប់បញ្ញត្តច្បាប់ នោះទោះទាំងពាក្យអធិស្ឋានរបស់អ្នកនោះ ក៏ជាទីស្អប់ខ្ពើមដែរ។ អ្នកណាដែលនាំឲ្យមនុស្សទៀងត្រង់វង្វេងតាមផ្លូវអាក្រក់ អ្នកនោះឯងនឹងធ្លាក់ទៅក្នុងរណ្តៅដែលខ្លួនបានជីកវិញ តែមនុស្សទៀងត្រង់នឹងគ្រងបានសេចក្ដីល្អជាមរដក។ មនុស្សអ្នកមាន គេតែងប្រកាន់ថា ខ្លួនមានប្រាជ្ញា តែមនុស្សក្រដែលមានយោបល់ នឹងស្ទង់មើល ឲ្យស្គាល់គេបាន។ កាលណាមនុស្សសុចរិតមានជ័យជំនះ នោះបណ្តាជនមានសេចក្ដីអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។ អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។ សប្បាយហើយ អ្នកណាដែលមានចិត្តកោតខ្លាចជានិច្ច តែអ្នកណាដែលតាំងចិត្តរឹងទទឹង នោះនឹងធ្លាក់ទៅក្នុងសេចក្ដីអន្តរាយវិញ។