ទំនុកតម្កើង 22:1-11
ទំនុកតម្កើង 22:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គ បោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាព្រះអង្គគង់ឆ្ងាយមិនជួយទូលបង្គំ ឬស្តាប់ពាក្យស្រែកថ្ងូររបស់ទូលបង្គំដូច្នេះ? ឱព្រះនៃទូលបង្គំអើយ ទូលបង្គំស្រែកអំពាវនាវនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ ក៏ស្រែកនៅពេលយប់ដែរ តែមិនបានស្រាកស្រាន្តឡើយ។ ប៉ុន្តែ ឱព្រះដែលថ្កើងឡើង នៅលើពាក្យសរសើររបស់ អ៊ីស្រាអែលអើយ ព្រះអង្គបរិសុទ្ធ។ បុព្វបុរសរបស់យើងខ្ញុំបានទុកចិត្តដល់ព្រះអង្គ ពួកលោកបានទុកចិត្ត ហើយព្រះអង្គបានរំដោះពួកលោក។ ពួកលោកបានអំពាវនាវរកព្រះអង្គ ហើយក៏បានរួច ពួកលោកបានទុកចិត្តដល់ព្រះអង្គ ហើយមិនត្រូវខ្មាសឡើយ។ ឯទូលបង្គំវិញ ទូលបង្គំជាដង្កូវ មិនមែនជាមនុស្សទេ ត្រូវមនុស្សត្មះតិះដៀល ហើយប្រជាជនស្អប់ខ្ពើម។ អស់អ្នកដែលឃើញទូលបង្គំ ចំអកឲ្យទូលបង្គំ គេពេបជ្រាយដាក់ទូលបង្គំ ហើយគេគ្រវីក្បាល ដោយពោលថា «វាទុកចិត្តនឹងព្រះយេហូវ៉ា ឲ្យព្រះអង្គរំដោះវាទៅ ឲ្យព្រះអង្គសង្គ្រោះវាទៅ ដ្បិតព្រះអង្គគាប់ចិត្តនឹងវា!» ៙ ប៉ុន្តែ គឺព្រះអង្គដែលបានយកទូលបង្គំ ចេញពីផ្ទៃម្តាយមក ព្រះអង្គបានធ្វើឲ្យទូលបង្គំទុកចិត្តព្រះអង្គ តាំងពីទូលបង្គំនៅបៅដោះម្តាយនៅឡើយ។ ព្រះអង្គឃុំគ្រងទូលបង្គំតាំងពីផ្ទៃម្ដាយ ព្រះអង្គជាព្រះរបស់ទូលបង្គំ តាំងពីម្ដាយសម្រាលទូលបង្គំមក។ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ដ្បិតសេចក្ដីទុក្ខមកជិតហើយ គ្មានអ្នកណាជួយទូលបង្គំទេ។
ទំនុកតម្កើង 22:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះនៃទូលបង្គំ ឱព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ចោល ទូលបង្គំដូច្នេះ? ទូលបង្គំបានស្រែកអង្វរ តែពុំឃើញព្រះអង្គសង្គ្រោះទូលបង្គំសោះ ។ ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកហៅរកព្រះអង្គនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ នៅពេលយប់ក៏ទូលបង្គំស្រែកដែរ តែមិនបានធូរស្បើយឡើយ។ ប៉ុន្តែ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលគង់នៅលើបល្ល័ង្ក ហើយជនជាតិអ៊ីស្រាអែលតែងនាំគ្នា សរសើរតម្កើងព្រះអង្គ។ បុព្វបុរសរបស់យើងខ្ញុំតែងតែផ្ញើជីវិតលើព្រះអង្គ ពួកលោកផ្ញើជីវិតលើព្រះអង្គជានិច្ច ហើយព្រះអង្គក៏បានរំដោះពួកលោក។ ពួកលោកបានស្រែកអង្វររកព្រះអង្គ ពួកលោកក៏បានរួចពីខ្មាំងសត្រូវ ដោយផ្ញើជីវិតលើព្រះអង្គ ពួកលោកនឹងមិនខកចិត្តសោះឡើយ។ រីឯទូលបង្គំវិញ គេលែងចាត់ទុកទូលបង្គំថាជាមនុស្សទៀតហើយ គឺគេចាត់ទុកជាជន្លេន មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយទូលបង្គំ។ អស់អ្នកដែលឃើញទូលបង្គំ គេចំអកឲ្យទូលបង្គំគ្រប់ៗគ្នា គេពេបជ្រាយដាក់ទូលបង្គំ ព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។ គេពោលថា “គាត់ផ្ញើវាសនាលើព្រះអម្ចាស់ហើយ ឲ្យព្រះអង្គរំដោះគាត់ទៅ បើព្រះអង្គស្រឡាញ់គាត់ ឲ្យព្រះអង្គសង្គ្រោះគាត់ទៅ!”។ ព្រះអម្ចាស់អើយ ព្រះអង្គបានយកទូលបង្គំចេញពីផ្ទៃម្ដាយមក ហើយព្រះអង្គបានផ្ញើទូលបង្គំ ទៅឲ្យអ្នកម្ដាយបំបៅ។ កាលពីទូលបង្គំកើតមក ព្រះអង្គបានទទួលទូលបង្គំធ្វើជាកូន ព្រះអង្គជាព្រះរបស់ទូលបង្គំ តាំងតែពីមុនពេល ដែលទូលបង្គំស្គាល់ពន្លឺថ្ងៃទៅទៀត។ ពេលនេះ ទូលបង្គំមានភ័យអាសន្ន គ្មាននរណាជួយទូលបង្គំទេ សូមកុំគង់នៅឆ្ងាយពីទូលបង្គំឡើយ។
ទំនុកតម្កើង 22:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ ហើយគង់ឆ្ងាយឥតជួយទូលបង្គំ ឬស្តាប់សេចក្ដីដំងូរ របស់ទូលបង្គំដូច្នេះ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំអំពាវនាវនៅពេលថ្ងៃ តែទ្រង់មិនមានបន្ទូលឆ្លើយមកសោះ ក៏ស្រែកនៅពេលយប់ផង តែទូលបង្គំមិនចេះស្រាកស្បើយឡើយ ប៉ុន្តែ ឱព្រះដែលបានតាំងឡើង ក្នុងទំនុកសរសើររបស់ អ៊ីស្រាអែលអើយ ទ្រង់បរិសុទ្ធ ពួកឰយុកោយើងខ្ញុំបានទុកចិត្តនឹងទ្រង់ គេបានទុកចិត្ត ហើយទ្រង់បានប្រោសឲ្យរួច គេបានអំពាវនាវដល់ទ្រង់ ហើយបានរួចចេញ គេបានទុកចិត្តនឹងទ្រង់ ហើយមិនត្រូវខ្មាសឡើយ ចំណែកទូលបង្គំៗជាដង្កូវ មិនមែនជាមនុស្សទេ ជាទីត្មះតិះដៀលរបស់មនុស្ស ហើយជាទីស្អប់ខ្ពើមនៃពួកបណ្តាជន អស់អ្នកដែលឃើញទូលបង្គំក៏ឡកឡឺយឲ្យ គេបូញមាត់ ហើយគ្រវីក្បាល ដោយថា វាបានទុកចិត្តនឹងព្រះយេហូវ៉ា ថាទ្រង់នឹងប្រោសឲ្យរួច ចូរឲ្យទ្រង់ជួយសង្គ្រោះវាចុះ ដ្បិតវាបានយកទ្រង់ ជាទីគាប់ចិត្តហើយ ប៉ុន្តែគឺទ្រង់ដែលបានធ្វើឲ្យទូលបង្គំចេញពីផ្ទៃម្តាយមក ទ្រង់បានឲ្យទូលបង្គំទុកចិត្ត ក្នុងកាលដែលនៅបៅដោះ ម្តាយនៅឡើយ ទូលបង្គំបានត្រូវទំលាក់លើទ្រង់ តាំងពីផ្ទៃម្តាយមក តាំងពីម្តាយសំរាលទូលបង្គំមក នោះទ្រង់ ជាព្រះនៃទូលបង្គំហើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ដ្បិតសេចក្ដីទុក្ខមកជិតហើយ ឥតមាន អ្នកណានឹងជួយសោះ