រ៉ូម 6:4-11 - ប្រៀបធៀបគ្រប់កំណែ
រ៉ូម 6:4-11 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ហេតុនេះ ដោយពិធីជ្រមុជទឹក ដើម្បីរួមស្លាប់ជាមួយព្រះអង្គ យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយព្រះអង្គដែរ។ ដូច្នេះ ព្រះគ្រិស្តមានព្រះជន្មរស់ឡើងវិញ ដោយសារសិរីរុងរឿងរបស់ព្រះបិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។ ប្រសិនបើយើងបានរួមស្លាប់ជាមួយព្រះអង្គដែលសោយទិវង្គត យើងក៏នឹងបានរួមជាមួយព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញដែរ។ យើងដឹងថា ចរិតចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គរួចហើយ ដើម្បីឲ្យខ្លួនយើងដែលជាប់បាបនេះត្រូវវិនាសសាបសូន្យ កុំឲ្យយើងធ្វើជាខ្ញុំបម្រើរបស់បាបតទៅទៀត ដ្បិតអ្នកដែលស្លាប់មិនទាក់ទាមនឹងបាបទៀតទេ។ ដូច្នេះ ប្រសិនបើយើងរួមស្លាប់ជាមួយព្រះគ្រិស្ត យើងក៏ជឿថា យើងនឹងមានជីវិតរួមជាមួយព្រះអង្គដែរ ព្រោះយើងដឹងថា ព្រះគ្រិស្តដែលរស់ឡើងវិញនោះ ទ្រង់លែងសោយទិវង្គតហើយ មច្ចុរាជគ្មានអំណាចលើព្រះអង្គទៀតទេ ដ្បិតព្រះអង្គបានសោយទិវង្គតនោះ គឺសោយទិវង្គតឲ្យបានរួចផុតពីអំណាចបាបម្ដងជាសូរេច។ ឥឡូវនេះ ព្រះអង្គមានព្រះជន្មរស់នោះ គឺរស់សម្រាប់ព្រះជាម្ចាស់។ រីឯបងប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថាខ្លួនបានស្លាប់ រួចផុតពីអំណាចបាប ហើយបងប្អូនមានជីវិតរស់សម្រាប់ព្រះជាម្ចាស់ ដោយរួមជាមួយព្រះគ្រិស្តយេស៊ូ។
រ៉ូម 6:4-11 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្ដីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ ដ្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្ដីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្ដីរស់ឡើងវិញរបស់ទ្រង់ដែរ ដោយដឹងសេចក្ដីនេះថា មនុស្សចាស់របស់យើង បានត្រូវឆ្កាងជាមួយនឹងទ្រង់ហើយ ដើម្បីឲ្យតួអំពើបាបបានត្រូវសូន្យទៅ ប្រយោជន៍កុំឲ្យយើងនៅបំរើអំពើបាបទៀតឡើយ ដ្បិតអ្នកណាដែលស្លាប់ នោះក៏បានរាប់ជាសុចរិតរួចពីបាបហើយ បើសិនជាយើងស្លាប់ជាមួយនឹងព្រះគ្រីស្ទ នោះយើងជឿថា យើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ ដោយដឹងថា ដែលព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះទ្រង់មិនចេះសុគតទៀតឡើយ ព្រោះសេចក្ដីស្លាប់គ្មានអំណាចលើទ្រង់ទៀត ដ្បិតដែលទ្រង់សុគត នោះគឺបានសុគតខាងឯបាប១ដងជាសំរេច ហើយដែលទ្រង់មានព្រះជន្មរស់ នោះទ្រង់រស់ខាងឯព្រះវិញ ដូច្នេះ ចូរអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងឯបាបដែរ តែរស់ខាងឯព្រះវិញចុះ ដោយនូវព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។
រ៉ូម 6:4-11 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ដូច្នេះ យើងត្រូវបានបញ្ចុះជាមួយព្រះអង្គហើយ ដោយការជ្រមុជទៅក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អរបស់ព្រះវរបិតាដែរ។ ដ្បិតបើយើងបានរួមជាមួយព្រះអង្គ ក្នុងការសុគតរបស់ព្រះអង្គ នោះយើងប្រាកដជានឹងបានរួមជាមួយព្រះអង្គ ក្នុងការរស់ឡើងវិញដូចព្រះអង្គមិនខាន។ យើងដឹងថា មនុស្សចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គហើយ ដើម្បីឲ្យរូបកាយដែលជាប់មានបាបនេះ ត្រូវវិនាសសាបសូន្យ ហើយកុំឲ្យយើងជាប់ជាអ្នកបម្រើរបស់បាបទៀត។ ដ្បិតអ្នកណាដែលបានស្លាប់ហើយ អ្នកនោះរួចពីបាបហើយ ប៉ុន្តែ បើយើងស្លាប់ជាមួយព្រះគ្រីស្ទ យើងជឿថា យើងក៏នឹងរស់ជាមួយព្រះអង្គដែរ។ យើងដឹងថា ព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ទ្រង់មិនសុគតទៀតឡើយ សេចក្តីស្លាប់គ្មានអំណាចលើព្រះអង្គទៀតទេ។ ដ្បិតដែលព្រះអង្គសុគត នោះព្រះអង្គសុគតខាងឯបាប ម្ដងជាសូរេច ហើយដែលព្រះអង្គមានព្រះជន្មរស់ គឺរស់ខាងឯព្រះវិញ។ ដូច្នេះ អ្នករាល់គ្នាក៏ត្រូវចាត់ទុកខ្លួនដូចជាបានស្លាប់ខាងឯបាប ហើយរស់ខាងឯព្រះវិញ នៅក្នុងព្រះគ្រីស្ទយេស៊ូវដែរ។