YouVersion လိုဂို
ရွာရန္ အိုင္ကြန္

យ៉ូហាន 1

1
បុរេ‌កថា
1កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌បន្ទូល មាន​ព្រះ‌ជន្ម​គង់​នៅ។ ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយ ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌បន្ទូល​ជា​ព្រះ‌ជាម្ចាស់។ 2ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយ​ព្រះ‌ជាម្ចាស់ កាល​ពី​ដើម​ដំបូង​បង្អស់។ 3អ្វីៗ​សព្វ​សារពើ​សុទ្ធ​តែ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល គឺ​ក្នុង​បណ្ដា​អ្វីៗ​ដែល​កើត​មក គ្មាន​អ្វី​មួយ​កើត​មក​ក្រៅ​ពី​ព្រះអង្គ​បង្កើត​នោះ​ឡើយ។ 4ព្រះ‌បន្ទូល​ជា​ប្រភព​នៃ​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក។ 5ពន្លឺ​ភ្លឺ​ក្នុង​សេចក្ដី​ងងឹត តែ​សេចក្ដី​ងងឹត​ពុំ​បាន​ទទួល​ពន្លឺ​ទេ ។
6 ព្រះ‌ជាម្ចាស់​បាន​ចាត់​បុរស​ម្នាក់​ឈ្មោះ​យ៉ូហាន​ឲ្យ​មក។ 7លោក​បាន​មក​ធ្វើ​ជា​បន្ទាល់​ផ្ដល់​សក្ខីភាព​អំពី​ពន្លឺ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ជឿ​ដោយ‌សារ​លោក។ 8លោក​យ៉ូហាន​មិន​មែន​ជា​ពន្លឺ​ទេ គឺ​លោក​គ្រាន់​តែ​មក​ផ្ដល់​សក្ខីភាព​អំពី​ពន្លឺ​ប៉ុណ្ណោះ។ 9ព្រះ‌បន្ទូល​ជា​ពន្លឺ​ដ៏​ពិត​ប្រាកដ​តែ​មួយ ដែល​មក​ក្នុង​ពិភព​លោក ហើយ​បំភ្លឺ​មនុស្ស​គ្រប់ៗ​រូប។ 10ព្រះ‌បន្ទូល​បាន​គង់​ក្នុង​ពិភព​លោក ហើយ​ពិភព​លោក​កើត​ឡើង​ដោយ‌សារ​ព្រះអង្គ ប៉ុន្តែ ពិភព​លោក​ពុំ​បាន​ទទួល​ស្គាល់​ព្រះអង្គ​ទេ។ 11ព្រះ‌បន្ទូល​បាន​យាង​មក​គង់​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ តែ​ប្រជា‌រាស្ត្រ​នោះ​ពុំ​បាន​ទទួល​ព្រះអង្គ​ឡើយ។ 12រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌នាម​ព្រះអង្គ ព្រះអង្គ​ប្រទាន​ឲ្យ​គេ​អាច​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។ 13អ្នក​ទាំង​នោះ​ពុំ​មែន​កើត​ពី​លោហិត ពី​ចំណង់​តណ្ហា ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើត​ពី​ព្រះ‌ជាម្ចាស់​វិញ។
14ព្រះ‌បន្ទូល​បាន​កើត​មក​ជា​មនុស្ស ហើយ​គង់​នៅ ក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុងរឿង​របស់​ព្រះអង្គ ជា​សិរី‌រុងរឿង​នៃ​ព្រះ‌បុត្រា​តែ​មួយ​គត់ ដែល​មក​ពី​ព្រះ‌បិតា ព្រះអង្គ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌គុណ និង​សេចក្ដី​ពិត។ 15លោក​យ៉ូហាន​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះអង្គ ដោយ​ប្រកាស​ថា៖ «គឺ​លោក​នេះ​ហើយ​ដែល​ខ្ញុំ​និយាយ​ថា “អ្នក​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​លោក​មាន​ជីវិត​មុន​ខ្ញុំ”»។ 16យើង​ទាំង​អស់​គ្នា​បាន​ទទួល​ព្រះ‌គុណ​មិន​ចេះ​អស់​មិន​ចេះ​ហើយ ពី​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះអង្គ 17ដ្បិត​ព្រះអង្គ​ប្រទាន​ក្រឹត្យ‌វិន័យ*​តាម​រយៈ​លោក​ម៉ូសេ ហើយ​ព្រះ‌គុណ និង​សេចក្ដី​ពិត តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត។ 18ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះ‌ជាម្ចាស់​ឡើយ មាន​តែ​ព្រះ‌បុត្រា​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​ឲ្យ​ស្គាល់​ព្រះអង្គ ដ្បិត​ព្រះ‌បុត្រា​មាន​ព្រះ‌ជន្ម​រួម​ជា​មួយ​ព្រះ‌បិតា ។
សក្ខីភាព​របស់​លោក​យ៉ូហាន‌បាទីស្ដ
(ម៉ាថាយ ៣.១-១២ ម៉ាកុស ១.១-៨ លូកា ៣.១-១៨)
19ជន‌ជាតិ​យូដា​ចាត់​ពួក​បូជា‌ចារ្យ* និង​ពួក​លេវី* ពី​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទៅ​ជួប​លោក​យ៉ូហាន ដើម្បី​សួរ​ថា៖ «លោក​ជា​នរណា?»។ 20លោក​យ៉ូហាន​ប្រកាស​ប្រាប់​គេ​ដោយ​ពុំ​លាក់‌លៀម​អ្វី​ឡើយ គឺ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រិស្ត*​ទេ»។ 21 ពួក​គេ​សួរ​លោក​ថា៖ «ដូច្នេះ តើ​លោក​ជា​នរណា? តើ​លោក​ជា​ព្យាការី​អេលីយ៉ា​ឬ?» ។ លោក​ឆ្លើយ​ថា៖ «ទេ មិន​មែន​ទេ!»។ គេ​ក៏​សួរ​ទៀត​ថា៖ «តើ​លោក​ជា​ព្យាការី*​ដែល​យើង​រង់‌ចាំ ​នោះ​ឬ?»។ លោក​ឆ្លើយ​ថា៖ «មិន​មែន​ទេ!»។ 22គេ​សួរ​លោក​ទៀត​ថា៖ «តើ​លោក​ជា​នរណា? ដ្បិត​យើង​ខ្ញុំ​ចង់​បាន​ចម្លើយ​យក​ទៅ​ជម្រាប​អស់​លោក ដែល​ចាត់​យើង​ខ្ញុំ​ឲ្យ​មក តើ​លោក​ថា​ខ្លួន​លោក​ជា​នរណា!»។ 23 លោក​យ៉ូហាន​មាន​ប្រសាសន៍​ថា៖
«ខ្ញុំ​ជា​សំឡេង​បុរស​ម្នាក់​ដែល​ស្រែក
នៅ​វាល​រហោ‌ស្ថាន*​ថា:
“ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់”
ត្រូវ​នឹង​សេចក្ដី​ដែល​ព្យាការី​អេសាយ​បាន​ថ្លែង​ទុក​មក»។ 24អ្នក​ដែល​គេ​ចាត់​ឲ្យ​មក​នោះ​ជា​ពួក​ខាង​គណៈ​ផារីស៊ី*។ 25គេ​សួរ​លោក​យ៉ូហាន​ទៀត​ថា៖ «បើ​លោក​មិន​មែន​ជា​ព្រះ‌គ្រិស្ត មិន​មែន​ជា​ព្យាការី​អេលីយ៉ា ហើយ​ក៏​មិន​មែន​ជា​ព្យាការី​ដែល​យើង​រង់‌ចាំ​នោះ​ទេ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ដូច្នេះ?»។ 26លោក​យ៉ូហាន​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក​មែន ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់ 27លោក​មក​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ សូម្បី​តែ​ឲ្យ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង»។ 28ហេតុ‌ការណ៍​នេះ​កើត​មាន​នៅ​ភូមិ​បេតថា‌នី ខាង​នាយ​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក*។
ព្រះ‌យេស៊ូ​ជា​កូន​ចៀម​របស់​ព្រះ‌ជាម្ចាស់
29នៅ​ថ្ងៃ​បន្ទាប់ លោក​យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូ​យាង​តម្រង់​មក​រក​លោក រួច​លោក​ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! លោក​នេះ​ហើយ​ជា​កូន​ចៀម​របស់​ព្រះ‌ជាម្ចាស់ ដែល​ដក​បាប​ចេញ​ពី​មនុស្ស​លោក 30គឺ​លោក​នេះ​ហើយ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​ដែល​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​លោក​មាន​ជីវិត​មុន​ខ្ញុំ”។ 31កាល​ពី​ដើម ខ្ញុំ​ពុំ​ស្គាល់​ឋានៈ​របស់​លោក​ទេ ប៉ុន្តែ ខ្ញុំ​មក​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក* ដើម្បី​ឲ្យ​លោក​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ស្គាល់»។ 32លោក​យ៉ូហាន​បាន​ផ្ដល់​សក្ខីភាព​ថា៖ «ខ្ញុំ​បាន​ឃើញ​ព្រះ‌វិញ្ញាណ​យាង​ចុះ​ពី​ស្ថាន​បរម‌សុខ* ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​លោក។ 33ពី​មុន ខ្ញុំ​ពុំ​ស្គាល់​ឋានៈ​លោក​ទេ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “អ្នក​ឃើញ​ព្រះ‌វិញ្ញាណ​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ ដែល​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*”។ 34ខ្ញុំ​បាន​ឃើញ​ដូច្នោះ​មែន ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា លោក​នេះ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន»។
សិស្ស​ដែល​តាម​ព្រះ‌យេស៊ូ​មុន​គេ
35ថ្ងៃ​បន្ទាប់​មក​ទៀត លោក​យ៉ូហាន​នៅ​ទី​នោះ​ដដែល ហើយ​មាន​សិស្ស​របស់​លោក​ពីរ​នាក់​នៅ​ជា​មួយ​ផង។ 36លោក​សម្លឹង​មើល​ព្រះ‌យេស៊ូ​យាង​កាត់​តាម​នោះ ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! លោក​នេះ​ហើយ​ជា​កូន​ចៀម​របស់​ព្រះ‌ជាម្ចាស់»។ 37កាល​សិស្ស​ទាំង​ពីរ​បាន​ឮ​ពាក្យ​នេះ គេ​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។ 38ព្រះ‌យេស៊ូ​ងាក​មក​ក្រោយ ទត​ឃើញ​អ្នក​ទាំង​ពីរ​ដើរ​តាម ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «អ្នក​ទាំង​ពីរ​មក​រក​អ្វី?»។ គេ​ទូល​ព្រះអង្គ​ថា៖ «រ៉ាប៊ី! (ពាក្យ​“រ៉ាប៊ី” នេះ​ប្រែ​ថា​“លោក​គ្រូ”) តើ​លោក​នៅ​កន្លែង​ណា?»។ 39ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «សុំ​អញ្ជើញ​មក អ្នក​នឹង​បាន​ឃើញ!»។ គេ​ក៏​ទៅ​ឃើញ​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ ហើយ​គេ​ក៏​នៅ​ជា​មួយ​ព្រះអង្គ​នៅ​ថ្ងៃ​នោះ (ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល)។ 40ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​ដែល​បាន​ឮ​ពាក្យ​របស់​លោក​យ៉ូហាន ហើយ​តាម​ព្រះ‌យេស៊ូ​ទៅ​នោះ មាន​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស*។ 41គាត់​ទៅ​ជួប​លោក​ស៊ីម៉ូន​ជា​បង​មុន​គេ ប្រាប់​ថា៖ «យើង​បាន​រក​ព្រះ‌មេស្ស៊ី​ឃើញ​ហើយ!» (ពាក្យ​“មេស្ស៊ី”​នេះ ប្រែ​ថា“ព្រះ‌គ្រិស្ត”)។ 42គាត់​ក៏​នាំ​លោក​ស៊ីម៉ូន​ទៅ​គាល់​ព្រះ‌យេស៊ូ។ ព្រះ‌យេស៊ូ​សម្លឹង​មើល​លោក​ស៊ីម៉ូន ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ឈ្មោះ​ស៊ីម៉ូន​ជា​កូន​របស់​លោក​យ៉ូហាន អំណើះ​ត​ទៅ អ្នក​ត្រូវ​មាន​ឈ្មោះ​ថា​“កេផាស” (ពាក្យ “កេផាស”​នេះ ប្រែ​ថា ពេត្រុស*)»។
43លុះ​ថ្ងៃ​បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​បាន​ជួប​លោក​ភីលីព ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ»។ 44លោក​ភីលីព​ជា​អ្នក​ភូមិ​បេតសៃ‌ដា​ដូច​លោក​អនទ្រេ និង​លោក​ពេត្រុស​ដែរ។ 45លោក​ភីលីព​ទៅ​ជួប​លោក​ណា‌ថា‌ណែល ប្រាប់​គាត់​ថា៖ «ព្រះអង្គ​ដែល​លោក​ម៉ូសេ​បាន​ចារ​ទុក​ក្នុង​គម្ពីរ‌វិន័យ ហើយ​គម្ពីរ​ព្យាការី​ក៏​មាន​ចែង​ទុក​ដែរ​នោះ ឥឡូវ​នេះ យើង​បាន​ជួប​ហើយ ព្រះអង្គ​មាន​នាម​ថា យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត​ជា​បុត្រ​របស់​លោក​យ៉ូសែប»។ 46លោក​ណា‌ថា‌ណែល​ពោល​តប​ទៅ​លោក​ភីលីព​វិញ​ថា៖ «ពុំ​ដែល​មាន​អ្វី​ល្អ​អាច​ចេញ​ពី​ភូមិ​ណា‌សារ៉ែត​ឡើយ»។ 47លោក​ភីលីព​ប្រាប់​គាត់​ថា៖ «សូម​អញ្ជើញ​មក អ្នក​នឹង​បាន​ឃើញ!»។ កាល​ព្រះ‌យេស៊ូ​ទត​ឃើញ​លោក​ណា‌ថា‌ណែល​ដើរ​មក​រក​ព្រះអង្គ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​អំពី​គាត់​ថា៖ «អ្នក​នេះ​ជា​ជាតិ​អ៊ីស្រា‌អែល​ដ៏​ពិត​ប្រាកដ​មែន ដ្បិត​គាត់​គ្មាន​ពុត‌ត្បុត​អ្វី​ក្នុង​ខ្លួន​សោះ»។ 48លោក​ណា‌ថា‌ណែល​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​គ្រូ​ដែល​ស្គាល់​ខ្ញុំ​ពី​អង្កាល់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​បាន​ឃើញ​អ្នក កាល​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ មុន​ភីលីព​ហៅ​អ្នក​ទៅ​ទៀត»។ 49លោក​ណា‌ថា‌ណែល​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! ព្រះអង្គ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពិត​ជា​ព្រះ‌មហា‌ក្សត្រ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មែន»។ 50ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​បាន​ជឿ​មក​ពី​ឮ​ខ្ញុំ​និយាយ​ថា ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ* ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​ឃើញ​ការ​អស្ចារ្យ​លើស​នេះ​ទៅ​ទៀត»។ 51 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​មាន​ពួក​ទេវតា*​របស់​ព្រះ‌ជាម្ចាស់​ចុះ​ឡើង​នៅ​ពី​លើ​បុត្រ​មនុស្ស*»។

လက္ရွိေရြးခ်ယ္ထားမွု

យ៉ូហាន 1: គខប

အေရာင္မွတ္ခ်က္

မၽွေဝရန္

ကူးယူ

None

မိမိစက္ကိရိယာအားလုံးတြင္ မိမိအေရာင္ခ်ယ္ေသာအရာမ်ားကို သိမ္းဆည္းထားလိုပါသလား။ စာရင္းသြင္းပါ (သို႔) အေကာင့္ဝင္လိုက္ပါ