លោកុប្បត្តិ 11
11
ប៉មបាបិល
1នៅគ្រានោះ មនុស្សនៅលើផែនដីទាំងមូលមានភាសាតែមួយ មានពាក្យសម្ដីតែមួយ។ 2ពេលគេធ្វើដំណើរទៅស្រុកខាងកើត គេប្រទះឃើញវាលមួយនៅស្រុកស៊ីណើរ គេក៏តាំងទីលំនៅនៅទីនោះ។ 3គេនិយាយគ្នាទៅវិញទៅមកថា៖ «មកយើង នាំគ្នាធ្វើដុំឥដ្ឋ ហើយដុតវាឲ្យឆ្អិន»។ គេក៏ប្រើដុំឥដ្ឋជាថ្ម និងជ័រខ្មៅជាបាយអ។ 4បន្ទាប់មក គេពោលថា៖ «មកយើង សង់ទីក្រុងមួយសម្រាប់យើង និងប៉មមួយដែលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងត្រូវខ្ចាត់ខ្ចាយទៅពាសពេញលើផែនដី»។ 5ប៉ុន្ដែ ព្រះយេហូវ៉ាយាងចុះមកទតមើលទីក្រុង និងប៉មដែលពួកកូនមនុស្សបានសង់។ 6ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍! ពួកគេជាប្រជាជនតែមួយ ពួកគេទាំងអស់គ្នានិយាយភាសាតែមួយ ហើយនេះគ្រាន់តែជាការចាប់ផ្តើមអំពើដែលគេធ្វើប៉ុណ្ណោះ ឥឡូវនេះ គ្មានអ្វីនឹងឃាត់មិនឲ្យគេធ្វើកើត តាមបំណងរបស់គេឡើយ។ 7ចូរយើងចុះទៅបំភាន់ភាសារបស់គេ ដើម្បីកុំឲ្យគេស្តាប់គ្នាទៅវិញទៅមកបានទៀត»។ 8ដូច្នេះ ព្រះយេហូវ៉ាក៏ធ្វើឲ្យគេបែកខ្ញែកគ្នា ចេញពីទីនោះទៅពាសពេញលើផែនដី ហើយគេក៏លែងសង់ទីក្រុងនោះទៅ។ 9ហេតុនេះហើយបានជាគេហៅឈ្មោះក្រុងនោះថា "បាបិល" ព្រោះនៅទីនោះ ព្រះយេហូវ៉ាបានបំភាន់ភាសារបស់មនុស្សទាំងអស់ ហើយធ្វើឲ្យគេបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដី។
ពូជពង្សរបស់លោកសិម
10នេះជាតំណវង្សរបស់សិម។ ពីរឆ្នាំក្រោយទឹកជន់ កាលសិមមានអាយុមួយរយឆ្នាំ គាត់បង្កើតបានអើប៉ាក់សាឌ។ 11ក្រោយកំណើតអើប៉ាក់សាឌមក គាត់រស់នៅបានប្រាំរយឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
12កាលអើប៉ាក់សាឌមានអាយុសាមសិបប្រាំឆ្នាំ គាត់បង្កើតបានសេឡា។ 13ក្រោយកំណើតសេឡាមក គាត់រស់នៅបានបួនរយបីឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
14កាលសេឡាមានអាយុសាមសិបឆ្នាំ គាត់បង្កើតបានហេប៊ើរ។ 15ក្រោយកំណើតហេប៊ើរមក គាត់រស់នៅបានបួនរយបីឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
16កាលហេប៊ើរមានអាយុសាមសិបបួនឆ្នាំ គាត់បង្កើតបានផាលេក។ 17ក្រោយកំណើតផាលេកមក គាត់រស់នៅបានបួនរយសាមសិបឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
18កាលផាលេកមានអាយុសាមសិបឆ្នាំ គាត់បង្កើតបានរេហ៊ូវ។ 19ក្រោយកំណើតរេហ៊ូវមក គាត់រស់នៅបានពីររយប្រាំបួនឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
20កាលរេហ៊ូវមានអាយុសាមសិបពីរឆ្នាំ គាត់បង្កើតបានសេរូក។ 21ក្រោយកំណើតសេរូកមក គាត់រស់នៅបានពីររយប្រាំពីរឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
22កាលសេរូកមានអាយុសាមសិបឆ្នាំ គាត់បង្កើតបានណាឃរ។ 23ក្រោយកំណើតណាឃរមក គាត់រស់នៅបានពីររយឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
24កាលណាឃរមានអាយុម្ភៃប្រាំបួនឆ្នាំ គាត់បង្កើតបានថេរ៉ា។ 25ក្រោយកំណើតថេរ៉ាមក គាត់រស់នៅបានមួយរយដប់ប្រាំបួនឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
26កាលថេរ៉ាមានអាយុចិតសិបឆ្នាំ គាត់បង្កើតបានអាប់រ៉ាម ណាឃរ និងហារ៉ាន។
ពូជពង្សរបស់លោកថេរ៉ា
27នេះជាតំណវង្សរបស់ថេរ៉ា។ ថេរ៉ាបង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន ហើយហារ៉ានបង្កើតឡុត។ 28ហារ៉ានបានស្លាប់នៅក្រុងអ៊ើរ ក្នុងស្រុកខាល់ដេ ជាស្រុកកំណើតរបស់គាត់ ក្នុងកាលដែលថេរ៉ាជាឪពុកនៅរស់នៅឡើយ។ 29អាប់រ៉ាម និងណាឃរក៏យកប្រពន្ធ ឯប្រពន្ធរបស់អាប់រ៉ាមឈ្មោះនាងសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះនាងមីលកា ជាកូនរបស់ហារ៉ាន ដែលជាឪពុករបស់មីលកា និងយីសកា។ 30ឯនាងសារ៉ាយជាស្ត្រីអារ នាងគ្មានកូនសោះ។
31ថេរ៉ាបានយកអាប់រ៉ាមជាកូន និងឡុតជាកូនរបស់ហារ៉ាន ព្រមទាំងនាងសារ៉ាយជាកូនប្រសាស្រី គឺប្រពន្ធរបស់អាប់រ៉ាមកូនរបស់គាត់ ចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរ ស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ កាលបានមកដល់ស្រុកខារ៉ាន គេក៏តាំងទីលំនៅនៅទីនោះ។ 32ថេរ៉ាបានអាយុពីររយប្រាំឆ្នាំ ហើយថេរ៉ាក៏ស្លាប់នៅស្រុកខារ៉ានទៅ។
Выбрано:
លោកុប្បត្តិ 11: គកស១៦
Выделить
Поделиться
Копировать

Хотите, чтобы то, что вы выделили, сохранялось на всех ваших устройствах? Зарегистрируйтесь или авторизуйтесь
© 2016 United Bible Societies