លោកុប្បត្តិ 28
28
1លោកអ៊ីសាកបានហៅលោកយ៉ាកុបមកឲ្យពរ ហើយហាមថា៖ «កូនមិនត្រូវយកស្ត្រីសាសន៍កាណានធ្វើជាភរិយាទេ។ 2ចូរកូនធ្វើដំណើរទៅស្រុកជីតាខាងម្ដាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយរកប្រពន្ធពីចំណោមកូនស្រីរបស់លោកឡាបាន់ ដែលត្រូវជាឪពុកធំរបស់កូននោះវិញ។ 3សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ប្រទានពរកូន ឲ្យមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិមួយចំនួនធំ! 4#លប. ១៧.៤-៨សូមព្រះអង្គប្រទានពរកូន និងពូជពង្សកូន ដូចទ្រង់បានប្រទានដល់លោកអប្រាហាំ កាលពីមុនដែរ ដើម្បីឲ្យកូនទទួលទឹកដីដែលកូនស្នាក់អាស្រ័យនៅនេះ ទុកជាកម្មសិទ្ធិ គឺជាទឹកដីដែលព្រះជាម្ចាស់បានប្រគល់ដល់លោកអប្រាហាំ!»។ 5បន្ទាប់មក លោកអ៊ីសាកឲ្យលោកយ៉ាកុបចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះលោកឡាបាន់ជាកូនរបស់លោកបេធូអែល ជនជាតិអារ៉ាម ដែលត្រូវជាបងប្រុសរបស់លោកស្រីរេបិកា ម្ដាយរបស់លោកយ៉ាកុប និងលោកអេសាវ។
6លោកអេសាវឃើញលោកអ៊ីសាកឲ្យពរលោកយ៉ាកុប និងចាត់គាត់ឲ្យទៅរកប្រពន្ធនៅស្រុកប៉ាដាន់-អើរ៉ាម ទាំងផ្ដែផ្ដាំនៅពេលឲ្យពរនោះថា កុំយកស្ត្រីសាសន៍កាណានមកធ្វើជាភរិយា 7គាត់ឃើញលោកយ៉ាកុបធ្វើតាមបង្គាប់ឪពុកម្ដាយ ចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម 8លោកអេសាវយល់ឃើញថា លោកអ៊ីសាក ជាឪពុក មិនពេញចិត្តនឹងស្ត្រីសាសន៍កាណានទេ។ 9លោកអេសាវក៏ទៅរកលោកអ៊ីស្មាអែល ហើយយកប្រពន្ធមួយទៀត គឺនាងម៉ាហាឡាត ជាបងរបស់នាងនេបាយ៉ូត ដែលត្រូវជាកូនស្រីរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ។
សុបិននិមិត្តរបស់លោកយ៉ាកុប
10លោកយ៉ាកុបចាកចេញពីក្រុងបៀរសេបាឆ្ពោះទៅកាន់ស្រុកខារ៉ាន។ 11ពេលថ្ងៃជិតលិច លោកបានទៅដល់កន្លែងមួយ ហើយស្នាក់នៅទីនោះ។ លោកបានយកថ្មមួយដុំមកកើយ រួចសម្រាន្តលក់នៅទីនោះទៅ។ 12#យហ. ១.៥១លោកសុបិនឃើញមានជណ្ដើរមួយបញ្ឈរលើផែនដី ចុងវាខ្ពស់រហូតដល់មេឃ ហើយមានទេវតា*របស់ព្រះជាម្ចាស់ នាំគ្នាចុះឡើងតាមជណ្ដើរនោះ។ 13#លប. ១៣.១៤-១៥ពេលនោះ ព្រះអម្ចាស់គង់នៅក្បែរលោក មានព្រះបន្ទូលថា៖ «យើងជាព្រះអម្ចាស់ ជាព្រះរបស់អប្រាហាំ ជីតាអ្នក ហើយក៏ជាព្រះរបស់អ៊ីសាកដែរ។ យើងនឹងប្រគល់ទឹកដីដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។ 14#លប. ១២.៣, ២២.១៨ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នក និងពូជពង្សរបស់អ្នក។ 15ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់តាមពាក្យដែលយើងសន្យានេះ»។
16លោកយ៉ាកុបភ្ញាក់ឡើង ហើយពោលថា៖ «ព្រះអម្ចាស់ពិតជាគង់នៅកន្លែងនេះមែន តែខ្ញុំមិនដឹងសោះ!»។ 17លោកភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «កន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់! គឺពិតជាព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយពិតជាទ្វារនៃស្ថានបរមសុខ!»។ 18លោកយ៉ាកុបក្រោកឡើងពីព្រលឹម យកដុំថ្មដែលលោកកើយនោះ មកដាក់បញ្ឈរជាស្តូប រួចចាក់ប្រេងពីលើ#២៨.១៨ សញ្ញាសម្គាល់អំពីវត្តមានរបស់ព្រះជាម្ចាស់។។ 19លោកដាក់ឈ្មោះកន្លែងនោះថា«បេតអែល»#២៨.១៩ បេតអែល មានន័យថា «ព្រះដំណាក់របស់ព្រះជាម្ចាស់»។។ ប៉ុន្តែ កាលពីដើម គេហៅកន្លែងនោះថា «លូស»។ 20លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះជាម្ចាស់គង់ជាមួយខ្ញុំ និងថែរក្សាខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើព្រះអង្គប្រទានឲ្យខ្ញុំមានអាហារបរិភោគ និងសម្លៀកបំពាក់ 21ហើយប្រសិនបើខ្ញុំវិលត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញ ដោយសុខសាន្ត នោះខ្ញុំនឹងគោរពបម្រើព្រះអម្ចាស់ទុកជាព្រះរបស់ខ្ញុំមែន។ 22ដុំថ្មដែលខ្ញុំលើកបញ្ឈរឡើងនេះ ជាព្រះដំណាក់របស់ព្រះជាម្ចាស់! អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំនឹងយកមួយភាគដប់ថ្វាយព្រះអង្គវិញ»។
Выбрано:
លោកុប្បត្តិ 28: គខប
Выделить
Поделиться
Копировать

Хотите, чтобы то, что вы выделили, сохранялось на всех ваших устройствах? Зарегистрируйтесь или авторизуйтесь
Khmer Standard Version © 2005 United Bible Societies.