យ៉ូហាន ពាក្យ​លំនាំ

ពាក្យ​លំនាំ
លោក​យ៉ូហាន​ជា​«សិស្ស​ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់» ជា​កូន​របស់​លោក​សេ‌បេ‌ដេ និង​ជា​ប្អូន​របស់​លោក​យ៉ាកុប។ លោក​បាន​រៀប‌រៀង​កណ្ឌ​គម្ពីរ​នេះ​ក្នុង​គ.ស.៩០-៩៥។
គោល​បំណង​របស់​លោក​យ៉ូហាន
លោក​មាន​បំណង​បក​ស្រាយ​អត្ថ‌ន័យ​ដ៏​លាក់​កំបាំង​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ ដើម្បី​ពង្រឹង​ជំនឿ​របស់​គ្រិស្ត​បរិស័ទ។ លោក​រ៉ាយ‌រ៉ាប់​តែ​ព្រឹត្តិ‌ការណ៍​ខ្លះ​ដែល​ជា​ទី​សម្គាល់ បង្ហាញ​អំពី​ឋានៈ​របស់​ព្រះ‌យេស៊ូ​ជា​ព្រះ‌គ្រិស្ត និង​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់។
ពាក្យ‌ពេចន៍
លោក​យ៉ូហាន​បាន​ពន្យល់​អត្ថ‌ន័យ​នៃ​ជីវ‌ប្រវត្តិ​ព្រះ‌យេស៊ូ ដោយ​ប្រើ​ពាក្យ‌ពេចន៍​ដក​ស្រង់​ពី​ព្រះ‌គម្ពីរ​សម្ពន្ធ‌មេត្រី​ចាស់ និង​ទស្សន‌វិជ្ជា​ក្រិក​ជំនាន់​នោះ។ ឧបមា​ថា:
ព្រះ‌បន្ទូល គឺ​ព្រះ‌យេស៊ូ។ ព្រះអង្គ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌បិតា ទ្រង់​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ទ្រង់​ជ្រាប​ព្រះ‌តម្រិះ​របស់​ព្រះ‌បិតា​សព្វ​គ្រប់ ហើយ​ទ្រង់​ប្រសូត​មក​ជា​មនុស្ស ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​យើង​ស្គាល់​ព្រះ‌បិតា។
ព្រះ‌នាម សំដៅ​ទៅ​លើ​ឫទ្ធា‌នុភាព និង​អំណាច​របស់​ព្រះ‌ជាម្ចាស់។
សិរី‌រុងរឿង គឺ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌បិតា។ លោក​យ៉ូហាន​មាន​បំណង​ពន្យល់​ថា ព្រះ‌យេស៊ូ​បង្ហាញ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌បិតា​គ្រប់​ពេល​វេលា ជា​ពិសេស នៅ​ពេល​ព្រះអង្គ​សោយ​ទិវង្គត។
ពេល​កំណត់ ជា​ពេល​ដែល​ព្រះ‌យេស៊ូ​សម្តែង​សិរី‌រុងរឿង គឺ​ពេល​ព្រះអង្គ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។
ជីវិត ឬ​ជីវិត​អស់‌កល្ប​ជានិច្ច គឺ​ព្រះ‌ជន្ម​របស់​ព្រះ‌បិតា​ផ្ទាល់ ដែល​ព្រះ‌យេស៊ូ​ប្រោស​ប្រទាន​ឲ្យ​អស់​អ្នក​ជឿ​សង្ឃឹម​លើ​ព្រះអង្គ។ លោក​យ៉ូហាន​ប្រើ​ពាក្យ​«ជីវិត» មាន​ន័យ​ប្រហាក់‌ប្រហែល​នឹង​ពាក្យ«ព្រះ‌រាជ្យ»​ដែល​លោក​ម៉ាថាយ​លោក​ម៉ាកុស និង​លោក​លូកា​និយម​ប្រើ។
សេចក្ដី​ពិត ឬ​សេចក្ដី​ពិត​ប្រាកដ​តែ​មួយ គឺ​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​ដ៏​ពេញ​លក្ខណៈ។ ព្រះ‌យេស៊ូ​សម្តែង​សេចក្ដី​ពិត​ឲ្យ​មនុស្ស​លោក​ស្គាល់ គឺ​ព្រះអង្គ​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌បិតា។ អ្នក​ជឿ​ទទួល​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេស៊ូ​សម្តែង​ប្រាប់ ហើយ​ចូល​រួម​ជា​មួយ​ព្រះអង្គ។
រីឯ​ហេតុ​ទាំង​ប៉ុន្មាន​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ឃ្លាត​ចាក​ពី​ព្រះ‌ជាម្ចាស់ លោក​យ៉ូហាន​ហៅ​ថា​សេចក្ដី​ភូត‌ភរ ឬ​សេចក្ដី​កុហក។ ដូច្នេះ មារ​សា‌តាំង​ជា​មេ​ភូត‌ភរ ឬ​អ្នក​សម្លាប់ ព្រោះ​វា​នាំ​មនុស្ស​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ‌ជាម្ចាស់​ដែល​ជា​ប្រភព​នៃ​ជីវិត និង​ជា​សេចក្ដី​ពិត។
បន្ទាល់ គឺ​អ្នក​ផ្ដល់​សក្ខីភាព​អំពី​សេចក្ដី​ពិត អ្នក​ស្គាល់​ហេតុ‌ការណ៍​ដែល​កើត​មាន​មក និង​ពន្យល់​អត្ថ‌ន័យ​ផង។ ព្រះ‌បិតា ព្រះ‌វិញ្ញាណ លោក​យ៉ូហាន‌បាទីស្ដ សាវ័ក​យ៉ូហាន ពួក​សិស្ស និង​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ​សុទ្ធ​តែ​ជា​បន្ទាល់ បញ្ជាក់​អំពី​ឋានៈ​របស់​ព្រះ‌យេស៊ូ។
ពន្លឺ និង​សេចក្ដី​ងងឹត ពន្លឺ​ គឺ​ព្រះ‌ជន្ម​ផ្ទាល់​របស់​ព្រះ‌ជាម្ចាស់ និង​របស់​ព្រះ‌គ្រិស្ត។ រីឯ​សេចក្ដី​ងងឹត​សំដៅ​ទៅ​លើ​អំពើ​បាប ឬ​ចិត្ត​អាក្រក់ ដែល​បណ្ដាល​ឲ្យ​មនុស្ស​វៀរ‌ចាក​ឆ្ងាយ​ពី​ព្រះ‌ជាម្ចាស់ ពុំ​អាច​ទទួល​ព្រះ‌ជន្ម​របស់​ព្រះអង្គ។
ពិភព​លោក មនុស្ស​លោក ឬ​លោក ពាក្យ​នេះ​មាន​អត្ថ‌ន័យ​ផ្សេងៗ ជួន​កាល​មាន​ន័យ​ថា​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​នេះ ជួន​កាល​សំដៅ​ទៅ​លើ​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង​ដែល​មាន​នៅ​ក្នុង​ចិត្ត​គំនិត​មនុស្ស ជា​ពិសេស​ចិត្ត​រឹង‌រូស​របស់​អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌គ្រិស្ត។
ស្គាល់ មាន​ន័យ​ថា​ជឿ​ផង ស្រឡាញ់​ផង។
«ដំណឹង‌ល្អ​តែង​ដោយ​លោក​យ៉ូហាន» ស្រួល​អាន​តែ​មាន​អត្ថ‌ន័យ​ជ្រៅ​ជាង​គេ។ ត្រូវ​អាន​មួយៗ​ជា​ច្រើន​ដង ដោយ​រិះគិត​ពិចារណា ជា​ពិសេស​ត្រូវ​ទូល‌អង្វរ​ព្រះ‌វិញ្ញាណ សូម​ទ្រង់​បំភ្លឺ​ចិត្ត​គំនិត​ឲ្យ​យល់។ «ព្រះ‌វិញ្ញាណ​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ស្គាល់​សេចក្ដី​ពិត​គ្រប់​ចំពូក» (១៦.១៣)។
គម្រោង​គម្ពីរ​យ៉ូហាន
• បុរេ‌កថា (១.១-១៨)។
• លោក​យ៉ូហាន‌បាទីស្ដ និង​សិស្ស​ដើម​ដំបូង​បង្អស់​របស់​ព្រះ‌យេស៊ូ (១.១៩-៥១)។
• ព្រះ‌យេស៊ូ​បំពេញ​ព្រះ‌បរម‌កិច្ច​របស់​ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជន (២.១-១២.៥០)។
• ព្រះ‌យេស៊ូ​នៅ​ក្រុង​យេរូ‌សាឡឹម និង​ភូមិ​ជុំ‌វិញ (១៣.១-១៩.៤២)។
• ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ និង​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ (២០.១-៣១)។
• អវសាន​កថា: ព្រះ‌យេស៊ូ​មក​ជួប​ពួក​សិស្ស​នៅ​ស្រុក​កាលី‌ឡេ (២១.១-៣៥)។

Выделить

Поделиться

Копировать

None

Хотите, чтобы то, что вы выделили, сохранялось на всех ваших устройствах? Зарегистрируйтесь или авторизуйтесь