យ៉ូហាន 2
2
ពិធីមង្គលការនៅភូមិកាណា
1បីថ្ងៃក្រោយមក មានគេរៀបពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ មាតាព្រះយេស៊ូនៅទីនោះ 2ហើយគេក៏បានយាងព្រះយេស៊ូ និងអញ្ជើញពួកសិស្ស*របស់ព្រះអង្គ ទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។ 3ពេលនោះ គេខ្វះស្រាទំពាំងបាយជូរ។ មាតាព្រះយេស៊ូទូលព្រះអង្គថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ!»។ 4ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ! កុំរវល់នឹងរឿងនេះអី ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ 5មាតារបស់ព្រះអង្គប្រាប់ទៅពួកអ្នកបម្រើថា៖ «បើលោកប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមទៅ»។ 6នៅទីនោះ មានពាងប្រាំមួយដែលជនជាតិយូដាដាក់ទឹក សម្រាប់ធ្វើពិធីជម្រះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអម្រែក។ 7ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកបម្រើថា៖ «សុំដងទឹកមកចាក់ឲ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។ 8ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។ 9លោកចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបម្រើដែលបានដងទឹកមកចាក់ពាងទើបដឹង។ 10គាត់ហៅកូនកំលោះមក និយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់មកជូនភ្ញៀវជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។
11នេះជាទីសម្គាល់ដំបូងបង្អស់ដែលព្រះយេស៊ូបានធ្វើ នៅភូមិកាណា ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សក៏បានជឿលើព្រះអង្គ។ 12 បន្ទាប់មក ព្រះអង្គយាងចុះទៅក្រុងកាពើណិមជាមួយមាតា ព្រមទាំងបងប្អូន និងសិស្សរបស់ព្រះអង្គ ហើយស្នាក់នៅទីនោះមួយរយៈពេលខ្លី។
ព្រះយេស៊ូបណ្ដេញអ្នកលក់ដូរចេញពីព្រះវិហារ
(មថ.២១.១២-១៣ មក.១១.១៥-១៧ លក.១៩.៤៥-៤៦)
13 បុណ្យចម្លង*របស់ជនជាតិយូដាជិតមកដល់ហើយ ព្រះយេស៊ូក៏យាងឡើងទៅក្រុងយេរូសាឡឹម។ 14នៅក្នុងបរិវេណព្រះវិហារ* ព្រះអង្គឃើញអ្នកលក់គោ លក់ចៀម លក់ព្រាប និងអ្នកអង្គុយដូរប្រាក់។ 15ព្រះអង្គយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និងគោរបស់គេចេញពីបរិវេណព្រះវិហារ* ព្រះអង្គបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។ 16ព្រះអង្គមានព្រះបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់ព្រះបិតាខ្ញុំធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។ 17 ពួកសិស្ស*នឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖
«មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ
បានជាគេប្រហារជីវិតទូលបង្គំ»។
18ពេលនោះ ជនជាតិយូដាទូលសួរព្រះអង្គថា៖ «តើលោកមានទីសម្គាល់អ្វីបង្ហាញឲ្យយើងដឹងថា លោកមានសិទ្ធិធ្វើការទាំងនេះ?»។ 19 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូររុះព្រះវិហារ*នេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ»។ 20ជនជាតិយូដាតបថា៖ «គេបានចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ព្រះវិហារនេះ រីឯលោក លោកនឹងសង់ឡើងវិញ ក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ?»។ 21តាមពិត ព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារ ដែលជារូបកាយរបស់ព្រះអង្គវិញឯណោះទេ។ 22ពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកសិស្សនឹកឃើញថា ព្រះអង្គមានព្រះបន្ទូលដូច្នេះ គេក៏ជឿព្រះគម្ពីរ ព្រមទាំងជឿព្រះបន្ទូលរបស់ព្រះយេស៊ូដែរ។
ព្រះយេស៊ូយល់ជម្រៅចិត្តមនុស្ស
23ពេលព្រះយេស៊ូគង់នៅក្រុងយេរូសាឡឹម ក្នុងឱកាសបុណ្យចម្លង* មានមនុស្សជាច្រើនបានជឿលើព្រះនាមព្រះអង្គ ដោយឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ។ 24ប៉ុន្តែ ព្រះយេស៊ូពុំទុកចិត្តគេទេ ដ្បិតព្រះអង្គស្គាល់ចិត្តគំនិតអ្នកទាំងនោះ 25មិនបាច់មាននរណាពន្យល់ព្រះអង្គអំពីចិត្តមនុស្សឡើយ ព្រោះព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្តមនុស្ស។
Nu markerat:
យ៉ូហាន 2: គខប
Märk
Dela
Kopiera
Vill du ha dina höjdpunkter sparade på alla dina enheter? Registrera dig eller logga in
Khmer Standard Version © 2005 United Bible Societies.