លូកា 13

13
1នៅ​វេលា​នោះ​ឯង មាន​អ្នក​ខ្លះ​នៅ​ទី​នោះ គេ​ទូល​ព្រះ‌យេស៊ូវ ពី​រឿង​ពួក​សាសន៍​កាលី‌ឡេ ដែល​លោក​ពីឡាត់​បាន​យក​ឈាម​គេ លាយ​នឹង​យញ្ញ‌បូជា ដែល​គេ​កំពុង​តែ​ថ្វាយ 2តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ទៅ​អ្នក​ទាំង​នោះ​ថា តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ពួក​កាលី‌ឡេ​ទាំង​នោះ​មាន​បាប លើស​ជាង​សាសន៍​កាលី‌ឡេ​ឯ​ទៀត ដោយ​ព្រោះ​គេ​បាន​រង​ទុក្ខ​លំបាក​យ៉ាង​នោះ​ឬ​អី 3ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ 4ឬ​ស្មាន​ថា ពួក​១៨​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​មក​លើ​កិន​ស្លាប់​នោះ គេ​មាន​ទោស​លើស​ជាង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ឬ​អី 5ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ។
6រួច​ទ្រង់​មាន​បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ​ថា មាន​បុរស​ម្នាក់ មាន​ដើម​ល្វា​ដុះ​ក្នុង​ចំការ​ខ្លួន គាត់​បាន​មក​រក​ផល​ផ្លែ​ពី​ដើម​នោះ តែ​គ្មាន​សោះ 7ក៏​និយាយ​ទៅ​អ្នក​រក្សា​ចំការ​ថា មើល ៣​ឆ្នាំ​មក​ហើយ ខ្ញុំ​មក​រក​ផល​ផ្លែ​ពី​ដើម​ល្វា​នេះ មិន​ដែល​បាន​សោះ ដូច្នេះ ចូរ​កាប់​ចោល​ទៅ ទុក​ឲ្យ​នៅ​បង្ខាត​ដី​ធ្វើ​អី 8តែ​អ្នក​នោះ​ឆ្លើយ​ថា សូម​លោក​ទុក​នៅ​១​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី ហើយ​ដាក់​ជី ល​មើល 9ក្រែង​កើត​មាន​ផល​ផ្លែ​ឡើង បើ​គ្មាន​ទេ នោះ​សូម​កាប់​ចោល​ទៅ​ចុះ។
10កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ​១ នៅ​ថ្ងៃ​ឈប់​សំរាក 11នោះ​ឃើញ​មាន​ស្ត្រី​ម្នាក់ ដែល​អារក្ស​ធ្វើ​ឲ្យ​ពិការ អស់​១៨​ឆ្នាំ​មក​ហើយ មាន​ខ្នង​កោង ងើប​ត្រង់​ពុំ​បាន​សោះ 12លុះ​ទ្រង់​បាន​ឃើញ​គាត់ ក៏​មាន​បន្ទូល​ហៅ​គាត់​មក ប្រាប់​ថា នាង​អើយ នាង​បាន​រួច​ពី​ជរា​ពិការ​ហើយ 13រួច​ទ្រង់​ដាក់​ព្រះ‌ហស្ត​លើ​គាត់ នោះ​គាត់​ក៏​ងើប​ត្រង់​ឡើង​ជា​១​រំពេច ហើយ​ពោល​ពណ៌នា​សរសើរ​ដល់​ព្រះ 14ឯ​មេ​សាលា​ប្រជុំ​គាត់​នឹក​គ្នាន់​ក្នុង​ចិត្ត​ណាស់ ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​បាន​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក ក៏​និយាយ​ទៅ​មនុស្ស​ទាំង​នោះ​ថា មាន​តែ​៦​ថ្ងៃ​ទេ ដែល​គួរ​ធ្វើ​ការ​បាន ដូច្នេះ ចូរ​មក​ក្នុង​រវាង​ថ្ងៃ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ជា​ចុះ កុំ​ឲ្យ​មក​ក្នុង​ថ្ងៃ​ឈប់​សំរាក​ឡើយ 15នោះ​ព្រះ‌អម្ចាស់ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា មនុស្ស​មាន​ពុត​អើយ តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ស្រាយ​លា​ពី​ចំណង ដឹក​ទៅ​ឲ្យ​ផឹក​ទឹក នៅ​ថ្ងៃ​ឈប់​សំរាក​ទេ​ឬ​អី 16ឯ​ស្ត្រី​នេះ ជា​ពូជ​លោក​អ័ប្រាហាំ ដែល​អារក្ស​សាតាំង​បាន​ចង​គាត់​១៨​ឆ្នាំ​មក​ហើយ ដូច្នេះ តើ​មិន​គួរ​នឹង​ស្រាយ​ឲ្យ​រួច​ពី​ចំណង​នេះ នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ​ទេ​ឬ​អី 17កាល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ នោះ​អស់​អ្នក​ដែល​ទាស់​នឹង​ទ្រង់ ក៏​អៀន‌ខ្មាស​គ្រប់​គ្នា តែ​បណ្តា​មនុស្ស គេ​កើត​មាន​សេចក្ដី​អំណរ ចំពោះ​គ្រប់​ទាំង​ការ​ឧត្តម ដែល​ទ្រង់​ធ្វើ​នោះ​វិញ។
18ទ្រង់​មាន​បន្ទូល​ថា តើ​នគរ​ព្រះ​ធៀប​ដូច​ជា​អ្វី តើ​ត្រូវ​យក​អ្វី​មក​ផ្ទឹម​នឹង​នគរ​នោះ 19គឺ​ធៀប​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង ដែល​មនុស្ស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ច្បារ​ខ្លួន វា​ដុះ​ឡើង​ទៅ​ជា​ដើម​ឈើ​យ៉ាង​ធំ ហើយ​សត្វ​ហើរ​លើ​មេឃ​ក៏​មក​ទំ​នៅ​មែក​បាន 20ទ្រង់​ក៏​មាន​បន្ទូល​ទៀត​ថា តើ​គួរ​ឲ្យ​ខ្ញុំ​ធៀប​នគរ​ព្រះ​ដូច​ជា​អ្វី 21នោះ​ត្រូវ​ធៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​៣​រង្វាល់ ទាល់​តែ​ដោរ​ឡើង​សព្វ​ទាំង​អស់។
22ទ្រង់​ក៏​យាង​កាត់​អស់​ទាំង​ក្រុង អស់​ទាំង​ភូមិ ទាំង​បង្រៀន​បណ្តើរ ហើយ​ចេះ​តែ​ដំរង់​ត្រង់​ឆ្ពោះ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម 23ក៏​មាន​ម្នាក់​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​មនុស្ស​ដែល​បាន​សង្គ្រោះ មាន​គ្នា​តែ​បន្តិច​ទេ​ឬ​អី តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា 24ចូរ​ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត ឲ្យ​បាន​ចូល​ទៅ​តាម​ទ្វារ​ចង្អៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ខំ​ប្រឹង​រក​ចូល​ដែរ តែ​ចូល​មិន​បាន​ទេ 25កាល​ណា​ម្ចាស់​ផ្ទះ​បាន​ក្រោក​ឡើង​បិទ​ទ្វារ នោះ​អ្នក​រាល់​គ្នា​នឹង​ចាប់​តាំង​ឈរ​ពី​ខាង​ក្រៅ គោះ​ទ្វារ​ទូល​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង នោះ​ទ្រង់​នឹង​មាន​បន្ទូល​ឆ្លើយ​ថា អញ​មិន​ស្គាល់​ឯង​រាល់​គ្នា​ដែល​មក​ពី​ណា​ទេ 26រួច​អ្នក​រាល់​គ្នា​នឹង​តាំង​ទូល​ថា យើង​ខ្ញុំ​បាន​ទទួល​ទាន​នៅ​ចំពោះ​ទ្រង់ ហើយ​ទ្រង់​បាន​បង្រៀន​តាម​ផ្លូវ​យើង​ខ្ញុំ​ដែរ 27តែ​ទ្រង់​នឹង​មាន​បន្ទូល​ថា អញ​ប្រាប់​ឯង​រាល់​គ្នា​ថា អញ​មិន​ស្គាល់​ឯង​រាល់​គ្នា​ដែល​មក​ពី​ណា​ទេ នែ អស់​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ 28ដូច្នេះ កាល​ណា​ឯង​រាល់​គ្នា​ត្រូវ​បោះ​ទៅ​ក្រៅ នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ​នៅ​ទី​នោះ ដោយ​ឃើញ​លោក​អ័ប្រាហាំ លោក​អ៊ីសាក នឹង​លោក​យ៉ាកុប ហើយ​អស់​ទាំង​ហោរា​នៅ​ក្នុង​នគរ​ព្រះ 29ដ្បិត​នឹង​មាន​មនុស្ស​ពី​ទិស​ខាង​កើត ខាង​លិច ខាង​ជើង ហើយ​ខាង​ត្បូង មក​អង្គុយ​ក្នុង​នគរ​ព្រះ​ដែរ 30ហើយ​មើល នឹង​មាន​មនុស្ស​ក្រោយ​ទៅ​ជា​មុន នឹង​មនុស្ស​មុន​ទៅ​ជា​ក្រោយ​វិញ។
31នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​ផារិស៊ី​ខ្លះ​មក​ទូល​ទ្រង់​ថា ចូរ​ថយ​ចេញ​ពី​នេះ​ទៅ ដ្បិត​ស្តេច​ហេរ៉ូឌ​រក​ចង់​សំឡាប់​លោក 32តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​សត្វ​កញ្ជ្រោង​នោះ​ថា មើល ខ្ញុំ​ដេញ​អារក្ស ហើយ​ប្រោស​មនុស្ស​ឲ្យ​ជា នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក លុះ​ដល់​ថ្ងៃ​ទី​៣ ខ្ញុំ​នឹង​បាន​សំរេច​ការ 33ប៉ុន្តែ​ត្រូវ​ឲ្យ​ខ្ញុំ​ដើរ​តាម​ផ្លូវ​ខ្ញុំ​ទៅ នៅ​ក្នុង​ថ្ងៃ​នេះ ថ្ងៃ​ស្អែក ហើយ​ខាន​ស្អែក​ទៀត ដ្បិត​គ្មាន​ទំនង​ឲ្យ​ហោរា​ណា​វិនាស ក្រៅ​ពី​ក្រុង​យេរូ‌សាឡិម​ទេ 34ឱ​យេរូ‌សាឡិម ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​សំឡាប់​ពួក​ហោរា ហើយ​ចោល​ថ្ម​ទៅ​អស់​អ្នក ដែល​បាន​ចាត់​មក​ឯ​ឯង​អើយ តើ​ប៉ុន្មាន​ដង​ហើយ ដែល​អញ​ចង់​ប្រមូល​កូន​ឯង​រាល់​គ្នា ដូច​ជា​មេ​មាន់​ប្រមូល​កូន​ក្រុង​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​សោះ​នោះ 35មើល ផ្ទះ​ឯង​រាល់​គ្នា​ត្រូវ​ចោល​នៅ​ស្ងាត់​ឈឹង ហើយ​អញ​ប្រាប់​ឯង​រាល់​គ្នា​ថា មិន​ឃើញ​អញ​ទៀត ទាល់​តែ​ឯង​និយាយ​ថា ព្រះ‌អង្គ​ដែល​យាង​មក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ។

தற்சமயம் தேர்ந்தெடுக்கப்பட்டது:

លូកា 13: ពគប

சிறப்புக்கூறு

பகிர்

நகல்

None

உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்