យ៉ូហាន 1

1
ព្រះ‌បន្ទូល​បាន​ត្រឡប់​ជា​សាច់​ឈាម
1កាល​ដើម​ដំបូង​មាន​ព្រះ‌បន្ទូល ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយ ព្រះ ហើយ​ព្រះ‌បន្ទូល​នោះ​ឯង​ជា​ព្រះ។ 2ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​ព្រះ​តាំង​ពី​ដំបូង 3គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយ​សារ​ព្រះ‌អង្គ ហើយ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។ 4នៅ​ក្នុង​ព្រះ‌អង្គ អ្វីៗ​ដែល​បាន​កើត​មក​មាន​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​នៃ​មនុស្ស​លោក។ 5ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត តែ​សេចក្តី​ងងឹត​មិន​យល់​ដល់​ពន្លឺ​ទេ។
6មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូហាន ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក។ 7លោក​បាន​មក​ដើម្បី​ធ្វើ​បន្ទាល់​ពី​ពន្លឺ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ តាម​រយៈ​លោក 8លោក​មិន​មែន​ជា​ពន្លឺ​នោះ​ទេ គឺ​មក​គ្រាន់​តែ​ធ្វើ​បន្ទាល់​ពី​ពន្លឺ​ប៉ុណ្ណោះ។ 9ពន្លឺ​ដ៏​ពិត​ដែល​មក​ក្នុង​លោកីយ៍ គឺ​ជា​ពន្លឺ​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់។
10ព្រះ‌អង្គ​បាន​គង់​នៅ​ក្នុងពិភព​លោក ហើយពិភព​លោក​កើត​មក​ដោយ​សារ​ព្រះ‌អង្គ តែ​មនុស្ស​លោក​មិន​ស្គាល់​ព្រះ‌អង្គ​ទេ។ 11ព្រះ‌អង្គ​បាន​យាង​មក​គង់​នៅ​ទឹក​ដី​របស់​ព្រះ‌អង្គ តែ​ប្រជា​រាស្ត្រ​ព្រះ‌អង្គ​មិន​បាន​ទទួល​ព្រះ‌អង្គ​ឡើយ។ 12ប៉ុន្តែ អស់​អ្នក​ដែល​ទទួល​ព្រះ‌អង្គ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ 13ជា​កូន​ដែល​មិន​មែន​កើត​មក​ពី​ឈាម ពី​ប្រាថ្នា​ខាង​រូប​សាច់ ឬ​ពី​ចំណង់​របស់​មនុស្ស​ឡើយ គឺ​កើត​មក​ពី​ព្រះ​វិញ។
14ព្រះ‌បន្ទូល​បាន​ត្រឡប់​ជា​សាច់​ឈាម ហើយ​គង់​នៅ​ក្នុង​ចំណោម​យើង យើង​បាន​ឃើញ​សិរី​ល្អ​របស់​ព្រះ‌អង្គ គឺ​ជា​សិរី​ល្អ​នៃ​ព្រះ‌រាជ‌បុត្រា​តែ​មួយ ដែល​មក​ពី​ព្រះ‌វរបិតា មាន​ពេញ​ដោយ​ព្រះ‌គុណ និង​សេចក្តី​ពិត។ 15លោក​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះ‌អង្គ ដោយ​ប្រកាស​ថា៖ «គឺ​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា៖ "ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ មាន​ឋានៈ​ធំ​ជាង​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ"»។ 16យើង​រាល់​គ្នា​បាន​ទទួល​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ‌អង្គ មក​ពី​ព្រះ‌អង្គ ជា​ព្រះ‌គុណ​ថែម​លើ​ព្រះ‌គុណ 17ដ្បិត​ក្រឹត្យ‌វិន័យ​បាន​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ តែ​ព្រះ‌គុណ និង​សេចក្តី​ពិត បាន​មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ 18គ្មាន​នរណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះ‌វរបិតា ទ្រង់​បាន​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។
បន្ទាល់​របស់​លោក​យ៉ូហាន-បាទីស្ទ
19កាល​ពួក​សាសន៍​យូដា​ចាត់​ពួក​សង្ឃ និង​ពួក​លេវី​ពី​ក្រុង​យេរូ‌សាឡិម ឲ្យ​មក​សួរ​លោក​យ៉ូហាន​ថា៖ «តើ​លោក​ជា​អ្នក​ណា?» លោក​ធ្វើ​បន្ទាល់​យ៉ាង​នេះ 20គឺ​លោក​ប្រាប់​តាម​ត្រង់ ឥត​លាក់​លៀម​អ្វី​ឡើយ គឺ​លោក​ប្រកាស​ប្រាប់​ថា៖ «ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ»។ 21គេ​សួរ​លោក​ថា៖ «ចុះ​លោក​ជា​អ្នក​ណា? ជា​លោក​អេលី‌យ៉ា​ឬ?» លោក​ឆ្លើយ​ថា៖ «មិន​មែន​ទេ» តើ​លោក​ជា​ហោរា​នោះ​ឬ? លោក​ឆ្លើយ​ថា៖ «ទេ»។ 22ដូច្នេះ គេ​សួរ​លោក​ទៀត​ថា៖ «តើ​លោក​ជា​អ្នក​ណា​ទៅ​វិញ? តើ​លោក​មាន​ប្រសាសន៍​ដូច​ម្តេច​អំពី​ខ្លួន​លោក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​នាំ​ពាក្យ​ទៅ​ជម្រាប​អស់​លោក ដែល​ចាត់​ឲ្យ​យើង​ខ្ញុំ​មក​ផង?» 23លោក​មាន​ប្រសាសន៍​ថា៖
«ខ្ញុំ​ជា​សំឡេង​ដែល​បន្លឺ​ឡើង​នៅ​ទី​រហោ‌ស្ថាន​ថា
"ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់"
ដូច​ហោរា​អេសាយ​បាន​ថ្លែង​ទុក»។
24ឯ​ពួក​អ្នក​ដែល​គេ​ចាត់​ឲ្យ​មក ជា​ពួក​ផារិ‌ស៊ី​នោះ​វិញ 25គេ​សួរ​លោក​ថា៖ «បើ​លោក​មិន​មែន​ជា​ព្រះ‌គ្រីស្ទ ឬ​លោក​អេលី‌យ៉ា ឬ​ហោរា​នោះ​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដូច្នេះ?» 26លោក​យ៉ូហាន​ឆ្លើយ​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ 27គឺ​មួយ​អង្គ​ដែល​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង»។ 28ការ​នេះ​កើត​មក​នៅ​ភូមិ​បេថា‌នី ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ជា​កន្លែង​ដែល​លោក​យ៉ូហាន​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក។
កូន​ចៀម​របស់​ព្រះ
29លុះ​ស្អែក​ឡើង លោក​យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ​កំពុង​យាង​មក​រក​លោក ហើយ​ពោល​ថា៖ «ន៎ុះន៏ កូន​ចៀម​របស់​ព្រះ​ដែល​ដោះ​បាប​មនុស្ស​លោក! 30គឺ​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា៖ "ក្រោយ​ខ្ញុំ​មាន​មួយ​អង្គ​យាង​មក ដែល​មាន​ឋានៈ​ធំ​ជាង​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ"។ 31ខ្ញុំ​មិន​បាន​ស្គាល់​ព្រះ‌អង្គ​ទេ តែ​ខ្ញុំ​មក​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​នេះ គឺ​ដើម្បី​សម្តែង​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ស្គាល់​ព្រះ‌អង្គ​ប៉ុណ្ណោះ»។ 32លោក​យ៉ូហាន​ធ្វើ​បន្ទាល់​ថា៖ «ខ្ញុំ​បាន​ឃើញ​ព្រះ‌វិញ្ញាណ​យាង​ចុះ​ពី​លើ​មេឃ ដូច​ជា​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះ‌អង្គ។ 33ខ្ញុំ​មិន​បាន​ស្គាល់​ព្រះ‌អង្គ​ទេ ប៉ុន្តែ ព្រះ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា "អ្នក​ឃើញ​ព្រះ‌វិញ្ញាណ​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ ដែល​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ"។ 34ខ្ញុំ​បាន​ឃើញ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា ព្រះ‌អង្គ​នេះ​ហើយ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន»។
សិស្ស​ដំបូង​របស់​ព្រះ‌យេស៊ូវ
35លុះ​ស្អែក​ឡើង​ទៀត លោក​យ៉ូហាន​ឈរ​ជា​មួយ​សិស្ស​របស់​លោក​ពីរ​នាក់ 36ហើយ​ពេល​លោក​តាម​មើល​ព្រះ‌យេស៊ូវ​យាង​កាត់​តាម​នោះ លោក​ពោល​ឡើង​ថា៖ «ន៎ុះន៏ កូន​ចៀម​របស់​ព្រះ!» 37សិស្ស​ទាំង​ពីរ​នាក់​បាន​ឮ​ពាក្យ​នេះ គេ​ក៏​ដើរ​តាម​ព្រះ‌យេស៊ូវ​ទៅ។ 38ពេល​ព្រះ‌យេស៊ូវ​ងាក​មក​ឃើញ​អ្នក​ទាំង​ពីរ​កំពុង​ដើរ​តាម ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​មក​រក​អ្វី?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី (ដែល​ប្រែ​ថា លោក​គ្រូ) តើ​លោក​នៅ​ឯ​ណា?» 39ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​មក​មើល​ចុះ!» គេ​ក៏​ទៅ ឃើញ​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ ហើយ​គេ​នៅ​ជា​មួយ​ព្រះ‌អង្គ​នៅ​ថ្ងៃ​នោះ។ ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល។ 40ក្នុង​ចំណោម​ពីរ​នាក់ ដែល​បាន​ឮ​ពាក្យ​របស់​លោក​យ៉ូហាន ហើយ​ដើរ​តាម​ព្រះ‌អង្គ មាន​ម្នាក់​ឈ្មោះ​អន‌ទ្រេ ជា​ប្អូន​របស់​ស៊ីម៉ូន-ពេត្រុស។ 41ដំបូង​គាត់​ជួប​ស៊ីម៉ូន​ជា​បង ប្រាប់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌មែស្ស៊ី​ហើយ» (ដែល​ប្រែ​ថា ព្រះ‌គ្រីស្ទ)។ 42គាត់​នាំ​បង​ទៅ​ជួប​ព្រះ‌យេស៊ូវ។ ព្រះ‌យេស៊ូវ​ទត​មើល​គាត់ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​ឈ្មោះ​ស៊ីម៉ូន ជា​កូន​យ៉ូហាន តែ​ត្រូវ​ហៅ​ថា កេផាស (ដែល​ប្រែ​ថា ថ្ម)»។
ព្រះយេស៊ូវ​ត្រាស់​ហៅ​ភីលីព និងណាថា​ណែល
43លុះ​ស្អែក​ឡើង ព្រះ‌យេស៊ូវ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​យាង​ទៅ​ស្រុក​កាលី‌ឡេ។ ព្រះ‌អង្គ​បាន​ជួប​ភីលីព ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ 44ភីលីព​មក​ពី​ក្រុង​បេត‌សៃ‌ដា ដូច​អន‌ទ្រេ និង​ពេត្រុស​ដែរ។ 45ភីលីព​បាន​ជួប​ណាថា‌ណែល ហើយ​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌អង្គ ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ហើយ​ពួក​ហោរា​ក៏​បាន​ចែង​ពី​ព្រះ‌អង្គ​ដែរ ព្រះ‌អង្គ​មាន​នាម​ថា យេស៊ូវ​ជា​អ្នក​ស្រុក​ណា‌សារ៉ែត ជា​បុត្រ​របស់​លោក​យ៉ូសែប»។ 46ណាថា‌ណែល​តប​ទៅ​គាត់​ថា៖ «តើ​មាន​អ្វី​ល្អ អាច​ចេញ​ពី​ណាសា‌រ៉ែត​មក​បាន​ឬ?» ភីលីព​ពោល​ទៅ​គាត់​ថា៖ «ចូរ​មក​មើល​ចុះ!»។ 47កាល​ព្រះ‌យេស៊ូវ​ទត​ឃើញ​ណាថា‌ណែល​ដើរ​សំដៅ​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​អំពី​គាត់​ថា៖ «អ្នក​នេះ​ជា​សាសន៍​អ៊ីស្រា‌អែល​ពិត​មែន គាត់​គ្មាន​ពុត​ត្បុត​អ្វី​សោះ!» 48ណាថា‌ណែល​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​ស្គាល់​ខ្ញុំ​ពី​អង្កាល់?» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា មុន​ភីលីព​ហៅ​អ្នក​ទៅ​ទៀត»។ 49ណាថា‌ណែល​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី លោក​ពិត​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ! លោក​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​មែន!» 50ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖ «ដោយ​ព្រោះ​តែ​ខ្ញុំ​បាន​ប្រាប់​អ្នក​ថា ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​នោះ បាន​ជា​អ្នក​ជឿ​ឬ? អ្នក​នឹង​ឃើញ​ការ​ធំ​វិសេស​លើស​ជាង​នេះ​ទៅ​ទៀត»។ 51ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ទៀត​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ​ស្ថានសួគ៌​បើក​ចំហ ហើយ​ពួក​ទេវតា​របស់​ព្រះ​ហោះ​ចុះ​ឡើង​នៅ​ពី​លើកូន​មនុស្ស»។

தற்சமயம் தேர்ந்தெடுக்கப்பட்டது:

យ៉ូហាន 1: គកស១៦

சிறப்புக்கூறு

பகிர்

நகல்

None

உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்