យ៉ូហាន 4

4
ព្រះ‌យេស៊ូវ និង​ស្ដ្រី​សាសន៍​សា‌ម៉ារី
1កាល​ព្រះ‌យេស៊ូវ​ជ្រាប​ថា​ពួក​ផារិ‌ស៊ី​បាន​ឮ​គេ​និយាយ​ថា ព្រះ‌យេស៊ូវ​មាន​សិស្ស ហើយ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ច្រើន​ជាង​លោក​យ៉ូហាន 2(តាម​ពិត​ព្រះ‌យេស៊ូវ​មិន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក ដោយ​ព្រះ‌អង្គ​ទ្រង់​ផ្ទាល់​ទេ គឺ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ដែល​បាន​ធ្វើ) 3ព្រះ‌អង្គ​បាន​យាង​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ 4ប៉ុន្តែ ព្រះ‌អង្គ​ត្រូវ​យាង​កាត់​ស្រុក​សា‌ម៉ារី។ 5ដូច្នេះ ព្រះ‌អង្គ​បាន​យាង​មក​ដល់​ក្រុង​មួយ​ក្នុង​ស្រុក​សា‌ម៉ារី ឈ្មោះ ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ចែក​ឲ្យ​យ៉ូសែប ជា​កូន។ 6នៅ​ទី​នោះ មាន​អណ្តូង​របស់​លោក​យ៉ាកុប ហើយ​ដោយ​ព្រះ‌យេស៊ូវ​ធ្វើ​ដំណើរ​អស់​កម្លាំង ទ្រង់​ក៏​គង់​នៅ​មាត់​អណ្តូង ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់។
7មាន​ស្ត្រី​សាសន៍​សា‌ម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​ផង»។ 8(ដ្បិត​ពួក​សិស្ស​របស់​ព្រះ‌អង្គ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ដើម្បី​ទិញ​អាហារ)។ 9ស្ត្រី​សាសន៍​សា‌ម៉ារី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ម្តេច​លោក​ជា​សាសន៍​យូដា​មក​សុំ​ទឹក​នាង​ខ្ញុំ ដែល​ជា​ស្រី​សាសន៍​សា‌ម៉ារី​ដូច្នេះ?» (សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សា‌ម៉ារី​ទេ)។ 10ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖ «ប្រសិន‌បើ​នាង​ស្គាល់​អំណោយ‌ទាន​របស់​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា "ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​ផង" នោះ​នាង​នឹង​សុំ​ពី​អ្នក​នោះ​វិញ ហើយ​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់​ដល់​នាង»។ 11ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់! លោក​គ្មាន​អ្វី​ដង​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ផង តើ​លោក​បាន​ទឹក​រស់​នោះ​ពី​ណា​មក? 12តើ​លោក​ធំ​ជាង​លោក​យ៉ាកុប ជា​បុព្វ‌បុរស​របស់​យើង​ដែល​បាន​ឲ្យ​អណ្តូង​នេះ​មក​យើង​ឬ? លោក​យ៉ាកុប កូន​ចៅ​របស់​លោក និង​ហ្វូង​សត្វ​របស់​លោក​ក៏​ផឹក​ទឹក​នេះ​ដែរ»។ 13ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ត្រូវ​ស្រេក​ទៀត 14តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ក្លាយ​ជា​ប្រភព​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ឲ្យ​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច»។ 15ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​ឲ្យ​ទឹក​នោះ​មក​នាង​ខ្ញុំ​ផង កុំ​ឲ្យ​នាង​ខ្ញុំ​ស្រេក ហើយ​រវល់​តែ​មក​ដង​នៅ​ទី​នេះ​ទៀត»។
16ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ចូរ​ទៅ​ហៅ​ប្តី​នាង​មក​ទី​នេះ»។ 17ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​គ្មាន​ប្តី​ទេ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ដែល​នាង​ថា "នាង​ខ្ញុំ​គ្មាន​ប្តី​ទេ" នោះ​ត្រូវ​ហើយ 18ដ្បិត​នាង​ធ្លាប់​មាន​ប្តី​ប្រាំ​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ មិន​មែន​ជា​ប្តី​នាង​ទេ នាង​និយាយ​នេះ​ត្រូវ​ហើយ!» 19ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ហោរា​ហើយ។ 20បុព្វ‌បុរស​របស់​យើង​ថ្វាយ​បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា កន្លែង​ដែល​មនុស្ស​ត្រូវ​ថ្វាយ​បង្គំ គឺ​នៅ​ក្រុង​យេរូ‌សាឡិម»។ 21ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ជឿ​ខ្ញុំ​ចុះ ពេល​វេលា​នោះ​មក​ដល់ហើយ ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ​បង្គំ​ព្រះ‌វរបិតា​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡិម​ទៀត​ឡើយ។ 22អ្នក​រាល់​គ្នា​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​ថ្វាយ​បង្គំ​អ្វី​ទេ តែ​យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ ដ្បិត​ការ​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា។ 23ប៉ុន្តែ ពេល​វេលា​នោះ នឹង​មក​ដល់ គឺ​ឥឡូវ​នេះ​ហើយ អ្នក​ថ្វាយ​បង្គំ​ពិត​ប្រាកដ នឹង​ថ្វាយ​បង្គំ​ព្រះ‌វរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត ព្រោះ​ព្រះ‌វរបិតា​ស្វែង​រក​អ្នក​ថ្វាយ​បង្គំ​ព្រះ‌អង្គ​យ៉ាង​នោះ​ឯង។ 24ព្រះ​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ព្រះ‌អង្គ ត្រូវ​តែ​ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត»។ 25ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​ដឹង​ថា ព្រះ‌មែស្ស៊ី (ដែល​ហៅ​ថា​ព្រះ‌គ្រីស្ទ)​នឹង​យាង​មក ពេល​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​នឹង​ប្រាប់​ឲ្យ​យើង​ដឹង​គ្រប់​ទាំង​អស់»។ 26ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ ជា​អ្នក​ដែល​កំពុង​និយាយ​ជា​មួយ​នាង»។
27ពេល​នោះ ពួក​សិស្ស​ព្រះ‌អង្គ​ក៏​មក​ដល់ គេ​នឹក​ប្លែក​ដោយ​ឃើញ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​ស្ត្រី​ដូច្នេះ តែ​គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ថា ព្រះ‌អង្គ​សួរ​រក​អ្វី ឬ​ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​នាង​ឡើយ។ 28ស្ត្រី​នោះ​ទុក​ក្អម​ចោល ចូល​ទៅ​ក្នុង​ក្រុង ហើយ​ប្រាប់​គេ​ថា៖ 29«ចូរ​មក​មើល៍! មាន​បុរស​ម្នាក់​ប្រាប់​ខ្ញុំ​ពី​គ្រប់​ការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ​ឬ?» 30គេ​ក៏​ចេញ​ពី​ទី​ក្រុង ហើយ​នាំ​គ្នា​មក​រក​ព្រះ‌អង្គ។
31ខណៈ​នោះ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី សូម​អញ្ជើញ​ពិសា!» 32ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​មាន​អាហារ​ទទួល​ទាន​ហើយ ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់»។ 33ពួក​សិស្ស​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «មាន​អ្នក​ណា​យក​អ្វី​មក​ជូន​លោក​ពិសា​ទេ​ដឹង?» 34ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក និង​បង្ហើយ​កិច្ច‌ការ​របស់​ព្រះ‌អង្គ។ 35តើ​អ្នក​រាល់​គ្នា​មិន​ថា "នៅ​បួន​ខែ​ទៀត​ដល់​រដូវ​ចម្រូត" ទេ​ឬ? តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​មើល​ទៅ​វាល​ស្រែ​ជុំ​វិញ​អ្នក​ចុះ ស្រូវ​ទុំ​ល្មម​ច្រូត​ហើយ។ 36អ្នក​ច្រូត​បាន​ទទួល​ប្រាក់​ឈ្នួល ហើយ​កំពុង​ប្រមូល​ផល​សម្រាប់​ជីវិត​អស់​កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​អ្នក​ព្រោះ និង​អ្នក​ច្រូត​បាន​អរ​សប្បាយ​ជា​មួយ​គ្នា។ 37ដ្បិត​ពាក្យ​នេះ​ត្រូវ​ណាស់ ដូច​ពាក្យ​ចាស់​ពោល​ថា៖ "ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត"។ 38ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ច្រូត​ចម្រូត ដែល​អ្នក​រាល់​គ្នា​មិន​បាន​នឿយ​ហត់ គឺ​អ្នក​ផ្សេង​ទៀត​បាន​នឿយ​ហត់ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​ផល​ពី​ការ​នឿយ​ហត់​របស់​គេ»។
39មាន​សាសន៍​សា‌ម៉ារី​ជា​ច្រើន នៅ​ក្រុង​នោះ​បាន​ជឿ​ដល់​ព្រះ‌អង្គ ដោយ​ព្រោះ​ស្ត្រី​នោះ​បាន​ធ្វើ​បន្ទាល់​ថា៖ «លោក​ប្រាប់​ខ្ញុំ​ពី​គ្រប់​ការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត»។ 40ដូច្នេះ ពេល​ពួក​សាសន៍​សា‌ម៉ារី​បាន​មក​ជួប​ព្រះ‌អង្គ គេ​សូម​ឲ្យ​ព្រះ‌អង្គ​ស្នាក់​នៅ​ជា​មួយ​គេ ហើយ​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​ពីរ​ថ្ងៃ។ 41មាន​មនុស្ស​ជា​ច្រើន​ទៀត​បាន​ជឿ ដោយ​ព្រោះ​ព្រះ‌បន្ទូល​ព្រះ‌អង្គ។ 42ពួក​គេ​និយាយ​ទៅ​ស្ត្រី​នោះ​ថា៖ «ឥឡូវ​នេះ យើង​ជឿ​មិន​មែន​ដោយ​ព្រោះ​ពាក្យ​សម្ដី​របស់​នាង​ប៉ុណ្ណោះ​ទេ យើង​ជឿ​ដោយ​ព្រោះ​បាន​ឮ​ព្រះ‌អង្គ​ផ្ទាល់ ហើយ​យើង​ដឹង​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ‌សង្គ្រោះ​មនុស្ស​លោក​មែន»។
ព្រះ‌យេស៊ូវ​យាង​ត្រឡប់​ទៅ​ស្រុក​កាលីឡេ
43ពីរ​ថ្ងៃ​ក្រោយ​មក​ទៀត ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ​ទៅ​ស្រុក​កាលី‌ឡេ។ 44ព្រះ‌អង្គ​ធ្វើ​បន្ទាល់​ដោយ​ព្រះ‌អង្គ​ទ្រង់​ថា៖ «គេ​មិន​គោរព​ហោរា​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​ឡើយ»។ 45ពេល​ព្រះ‌អង្គ​យាង​មក​ដល់​ស្រុក​កាលី‌ឡេ ពួក​អ្នក​នៅ​ស្រុក​ក៏​ទទួល​ព្រះ‌អង្គ ព្រោះ​គេ​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​វេលា​បុណ្យ ដ្បិត​គេ​ក៏​បាន​ទៅ​បុណ្យ​នោះ​ដែរ។
ព្រះ‌យេស៊ូវ​ប្រោស​កូន​នាម៉ឺន​ម្នាក់​ឲ្យ​ជា
46បន្ទាប់​មក ព្រះ‌អង្គ​យាង​មក​ដល់​ភូមិ​កាណា ស្រុក​កាលី‌ឡេ​ម្តង​ទៀត ជា​កន្លែង​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង​បាយ​ជូរ។ នៅ​ទី​នោះ មាន​នាម៉ឺន​ម្នាក់ មាន​កូន​ឈឺ​នៅ​ក្រុង​កាពើ‌ណិម។ 47កាល​លោក​បាន​ឮ​ថា ព្រះ‌យេស៊ូវ​បាន​យាង​ពី​ស្រុក​យូដា​មក​ដល់​ស្រុក​កាលី‌ឡេ លោក​ក៏​ទៅ​សូម​ព្រះ‌អង្គ ឲ្យ​យាង​ទៅ​ប្រោស​កូន​ឲ្យ​ជា ព្រោះ​កូន​នោះ​ជិត​ស្លាប់​ហើយ។ 48ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «បើ​អ្នក​មិន​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ អ្នក​មិន​ជឿ​ទេ»។ 49នាម៉ឺន​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ សូម​អញ្ជើញ​មក ក្រែង​កូន​ខ្ញុំ​ប្របាទ​ស្លាប់»។ 50ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «អញ្ជើញ​ទៅ​ចុះ កូន​របស់​លោក​រស់​ហើយ!» បុរស​នោះ​ក៏​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូវ ហើយ​ចេញ​ដំណើរ​ទៅ។ 51ពេល​លោក​កំពុង​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ ពួក​បាវ​បម្រើ​របស់​លោក​មក​ជម្រាប​ថា កូន​របស់​លោក​ជា​ហើយ។ 52ដូច្នេះ លោក​ក៏​សួរ​គេ​ពី​កូន​របស់​លោក​បាន​ធូរ​ស្បើយ​នៅ​ពេល​ណា រួច​គេ​ជម្រាប​ថា «កូន​របស់​លោក​បាត់​គ្រុន កាល​ពី​ម៉ោង​មួយ​រសៀល​ម្សិល​មិញ»។ 53ឪពុក​ដឹង​ថា ពេល​នោះ​ឯង​ដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​របស់​លោក​រស់​ហើយ» ហើយ​លោក​ក៏​ជឿ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​អស់​គ្នា​ផង។ 54នេះ​ជា​ទី​សម្គាល់​ទី​ពីរ ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ ក្រោយ​ពី​ព្រះ‌អង្គ​យាង​ត្រឡប់​ពី​ស្រុក​យូដា មក​ស្រុក​កាលី‌ឡេ​វិញ។

தற்சமயம் தேர்ந்தெடுக்கப்பட்டது:

យ៉ូហាន 4: គកស១៦

சிறப்புக்கூறு

பகிர்

நகல்

None

உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்