យ៉ូហាន 7

7
បង‌ប្អូន​របស់​ព្រះ‌យេស៊ូវ​មិន​ជឿ​ដល់​ព្រះ‌អង្គ
1ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ​យាង​ចុះ​ឡើង​នៅ​តែ​ក្នុង​ស្រុក​កាលី‌ឡេ​ប៉ុណ្ណោះ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យាង​ទៅ​ស្រុក​យូដា​ទេ ព្រោះ​សាសន៍​យូដា​រក​សម្លាប់​ព្រះ‌អង្គ។ 2ថ្ងៃ​បុណ្យ​បារាំ​របស់​សាសន៍​យូដា​ជិត​ដល់​ហើយ 3ដូច្នេះ ប្អូនៗ​របស់​ព្រះ‌អង្គ​ទូល​ថា៖ «សូម​បង​ចេញ​ពី​ទី​នេះ​ទៅ​ស្រុក​យូដា​ទៅ ដើម្បី​ឲ្យ​ពួក​សិស្ស​របស់​បង បាន​ឃើញ​អ្វី​ដែល​បង​ធ្វើ។ 4គ្មាន​អ្នក​ណា​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន ហើយ​ធ្វើ​ការ​ដោយ​លាក់​កំបាំង​នោះ​ទេ បើ​បង​ធ្វើ​ការ​ទាំង​នេះ សូម​បង​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​លោក​ស្គាល់​ផង»។ 5(ដ្បិត​សូម្បី​តែ​បង‌ប្អូន​របស់​ព្រះ‌អង្គ ក៏​មិន​បាន​ជឿ​ដល់​ព្រះ‌អង្គ​ដែរ)។ 6ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​វេលា​របស់​បង​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ តែ​ពេល​វេលា​របស់​ប្អូន នោះ​មាន​ជា‌និច្ច។ 7មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូនៗ​បាន​ទេ តែ​គេ​ស្អប់​បង​វិញ ព្រោះ​បង​ធ្វើ​បន្ទាល់​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់។ 8ចូរ​ប្អូនៗ​ឡើង​ទៅ​បុណ្យ​នោះ​ចុះ បង​មិន​ទាន់​ទៅ​ទេ ព្រោះ​មិន​ទាន់​ដល់​ពេល​នៅ​ឡើយ»។ 9កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​រួច​ហើយ ព្រះ‌អង្គ​ក៏​គង់​នៅ​ស្រុក​កាលី‌ឡេ​ត​ទៅ​ទៀត។
ព្រះ‌យេស៊ូវ​នៅ​ក្នុង​ពិធី​បុណ្យ​បារាំ
10ប៉ុន្តែ កាល​ប្អូនៗ​របស់​ព្រះ‌អង្គ​ឡើង​ទៅ​ចូល​រួម​ពិធី​បុណ្យ​ផុត​ហើយ ព្រះ‌អង្គ​ក៏​យាង​ទៅ​ដែរ តែ​មិន​ឲ្យ​អ្នក​ណា​ដឹង​ទេ គឺ​ទៅ​ដោយ​សម្ងាត់​វិញ។ 11ក្នុង​ពិធី​បុណ្យ​នោះ ពួក​សាសន៍​យូដា​សួរ​រក​ព្រះ‌អង្គ​ថា «តើ​លោក​នៅ​ឯ​ណា?» 12បណ្តាជន​ជា​ច្រើន​ក៏​ខ្សឹប‌ខ្សៀវ​ពី​ព្រះ‌អង្គ ខ្លះ​ថា «លោក​ជា​មនុស្ស​ល្អ» ខ្លះ​ទៀត​ថា «ទេ អ្នក​នោះ​ជា​អ្នក​បញ្ឆោត​ប្រជា‌ជន​ទេ​តើ!»។ 13ប៉ុន្តែ គ្មាន​អ្នក​ណា​ហ៊ាន​និយាយ​ពី​ព្រះ‌អង្គ ដោយ​ចំហ​ឡើយ ព្រោះ​គេ​ខ្លាច​សាសន៍​យូដា។
14នៅ​ពាក់​កណ្តាល​ពេល​បុណ្យ​នោះ ព្រះ‌យេស៊ូវ​យាង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​ចាប់​ផ្តើម​បង្រៀន។ 15ពួក​សាសន៍​យូដា​នឹក​ឆ្ងល់​ថា៖ «តើ​អ្នក​នេះ​ចេះ​គម្ពីរ​មក​ពី​ណា បើ​គាត់​មិន​ដែល​រៀន​សោះ?» 16ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «សេចក្តី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ព្រះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក។ 17បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ នឹង​ដឹង​ថា​សេចក្តី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​មក​ពី​ខ្លួន​ខ្ញុំ​ផ្ទាល់។ 18អ្នក​ណា​និយាយ​ដោយ​អាង​ខ្លួន​ឯង អ្នក​នោះ​ចង់​តែ​លើក​តម្កើង​ខ្លួន​ឯង តែ​អ្នក​ដែល​ចង់​លើក​តម្កើង​ព្រះ ដែល​ចាត់​ឲ្យ​ខ្លួន​មក អ្នក​នោះ​ពិត​ត្រង់ ហើយ​គ្មាន​សេចក្ដី​ភូតភរ​ណា​នៅ​ក្នុង​ខ្លួន​ឡើយ។
19តើ​លោក​ម៉ូសេ​មិន​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​អ្នក​រាល់​គ្នា​ទេ​ឬ? ប៉ុន្តែ ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​ទេ ហេតុ​អី្វ​បាន​ជា​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?» 20បណ្តាជន​ក៏​ឆ្លើយ​ឡើង​ថា៖ «អ្នក​មាន​អារក្ស​ចូល​ហើយ តើ​អ្នក​ណា​រក​សម្លាប់​អ្នក?» 21ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ធ្វើ​ការ​មួយ ហើយ​អ្នក​ទាំង​អស់​គ្នា​បែរ​ជា​ឆ្ងល់​ទៅ​វិញ។ 22លោក​ម៉ូសេ​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក (តាម​ពិត ពិធី​កាត់​ស្បែក​មិន​មែន​មក​ពី​លោក​ម៉ូសេ​ទេ គឺ​មក​ពី​បុព្វបុរស​វិញ) ហើយ​អ្នក​ក៏​កាត់​ស្បែក​ឲ្យ​មនុស្ស​នៅ​ថ្ងៃ​សប្ប័ទ។ 23បើ​មនុស្ស​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​សប្ប័ទ មិន​ខុស​នឹង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ម្ដេច​ក៏​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ ព្រោះ​តែ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បាន​ជា​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ? 24កុំ​ជំនុំ‌ជម្រះ​តាម​ការ​មើល​ឃើញ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំ‌ជម្រះ​តាម​សេចក្តី​សុចរិត​វិញ»។
តើ​អ្នក​នេះ​ជា​ព្រះ‌គ្រីស្ទ​មែន​ឬ?
25មាន​ពួក​អ្នក​ក្រុង​យេរូ‌សាឡិម​ខ្លះ​និយាយ​ថា៖ «តើ​អ្នក​នេះ​មែន​ទេ ដែល​គេ​រក​សម្លាប់​នោះ? 26មើល៍! លោក​និយាយ​ដោយ​ចំហ តែ​គ្មាន​អ្នក​ណា​ថា​អ្វី​សោះ តើ​ពួក​នាម៉ឺន​ពិត​ជា​យល់​ថា អ្នក​នេះ​ជា​ព្រះ‌គ្រីស្ទ​មែន​ឬ? 27យើង​ដឹង​ថា​អ្នក​នេះ​មក​ពី​ណា​ហើយ តែ​កាល​ណា​ព្រះ‌គ្រីស្ទ​យាង​មក នោះ​គ្មាន​អ្នក​ណា​ដឹង​ថា​មក​ពី​ណា​ទេ»។ 28ដូច្នេះ កាល​ព្រះ‌យេស៊ូវ​កំពុង​បង្រៀន​ក្នុង​ព្រះ‌វិហារ ព្រះ‌អង្គ​បន្លឺ​ព្រះ​សូរសៀង​ខ្លាំងៗ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ឬ​ទេ? ខ្ញុំ​មិន​បាន​មក ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ ព្រះ​ដែល​ចាត់​ខ្ញុំ​មក ទ្រង់​ពិត​ត្រង់ ហើយ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ទេ។ 29ខ្ញុំ​ស្គាល់​ព្រះ‌អង្គ ព្រោះ​ខ្ញុំ​មក​ពី​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។ 30ដូច្នេះ​គេ​រក​ចាប់​ព្រះ‌អង្គ ប៉ុន្តែ គ្មាន​អ្នក​ណា​ហ៊ាន​លូក​ដៃ​ទៅ​ចាប់​ព្រះ‌អង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះ‌អង្គ​មិន​ទាន់​មក​ដល់​នៅ​ឡើយ។ 31ក្នុង​ចំណោម​បណ្តា​ជន មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «កាល​ណា​ព្រះ‌គ្រីស្ទ​យាង​មក តើ​ព្រះ‌អង្គ​នឹង​ធ្វើ​ទី​សម្គាល់​ច្រើន​ជាង​លោក​នេះ​ឬ?»
គេ​ចាត់​កង​រក្សា​ព្រះ‌វិហារ​ឲ្យ​មក​ចាប់​ព្រះ‌យេស៊ូវ
32ពួក​ផារិ‌ស៊ី​បាន​ឮ​គេ​ខ្សឹប‌ខ្សៀវ​រឿង​ទាំង​នេះ​អំពី​ព្រះ‌អង្គ ហើយ​ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​ក៏​ចាត់​កង​រក្សា​ព្រះវិហារ​ឲ្យ​ទៅ​ចាប់​ព្រះ‌អង្គ។ 33ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ បន្ទាប់​មក ខ្ញុំ​នឹង​ត្រឡប់​ទៅ​ឯ​ព្រះ‌អង្គ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​វិញ​ហើយ។ 34អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ហើយ​កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ឡើយ»។ 35ពួក​សាសន៍​យូដា​និយាយ​គ្នា​គេ​ថា៖ «តើ​អ្នក​នេះ​គិត​ទៅ​ណា បាន​ជា​យើង​រក​មិន​ឃើញ? តើ​គិត​ទៅ​រក​ពួក​អ្នក​ខ្ចាត់‌ខ្ចាយ នៅ​ក្នុង​សាសន៍​ក្រិក ដើម្បី​បង្រៀន​ដល់​សាសន៍​នោះ​ឬ? 36តើ​មាន​ន័យ​ដូច​ម្ដេច ដែល​គាត់​និយាយ​ថា "អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ" ហើយ​ថា "កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន" នោះ?»
ទន្លេ​ទឹក​រស់
37នៅ​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ ជា​ថ្ងៃដ៏​អស្ចារ្យ ព្រះ‌យេស៊ូវ​ឈរ​បន្លឺ​ព្រះ​សូរសៀង​ឡើង​ថា៖ «បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​រក​ខ្ញុំ ហើយ​ផឹក​ចុះ 38អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ បទ​គម្ពីរ​ចែង​ថា "នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក"»។ 39គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌វិញ្ញាណ ដែល​អស់​អ្នក​ជឿ​ដល់​ព្រះ‌អង្គ​នឹង​ត្រូវ​ទទួល ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​មិន​ទាន់​បាន​តម្កើង​ឡើង នៅ​ឡើយ។
ប្រជា‌ជន​ខ្វែង​គំនិត​គ្នា​ដោយ​ព្រោះ​ព្រះ‌យេស៊ូវ
40ពេល​ពួក​គេ​បាន​ឮ មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា៖ «លោក​នេះ ពិត​ជា​ហោរា​នោះ​ហើយ»។ 41អ្នក​ខ្លះ​ទៀត​ថា៖ «នេះ​ជា​ព្រះ‌គ្រីស្ទ​ហើយ» តែ​ខ្លះ​ទៀត​សួរ​ថា៖ «តើ​ព្រះ‌គ្រីស្ទ​ត្រូវ​យាង​មក​ពី​ស្រុក​កាលី‌ឡេ​ឬ? 42តើ​គម្ពីរ​មិន​បាន​ចែង​ថា ព្រះ‌គ្រីស្ទ​ត្រូវ​កើត​ពី​រាជ‌វង្ស​ព្រះ​បាទ​ដាវីឌ ហើយ​ក៏​យាង​មក​ពី​ភូមិ​បេថ្លេ‌ហិម ជា​កន្លែង​ដែល​ព្រះ​បាទ​ដាវីឌ​បាន​គង់​នៅ​ទេ​ឬ?» 43ដូច្នេះ គេ​ក៏​បាក់​បែក​ទាស់​គ្នា ដោយ​ព្រោះ​ព្រះ‌អង្គ។ 44មាន​អ្នក​ខ្លះ​ចង់​ចាប់​ព្រះ‌អង្គ តែ​គ្មាន​អ្នក​ណា​ហ៊ាន​លូក​ដៃ​ទៅ​ចាប់​ព្រះ‌អង្គ​ឡើយ។
ពួក​អាជ្ញាធរ​មិន​ជឿ​ដល់​ព្រះ‌អង្គ
45កង​រក្សា​ព្រះវិហារ​ក៏​ត្រឡប់​ទៅ​រក​ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​វិញ លោក​ទាំង​នោះ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មិន​ចាប់​អ្នក​នោះ​មក?» 46ពួក​កង​រក្សា​ព្រះវិហារ​ឆ្លើយ​ថា៖ «មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ»។ 47ដូច្នេះ ពួក​ផារិ‌ស៊ី​តប​ទៅ​វិញ​ថា៖ «អ្នក​រាល់​គ្នា​ក៏​ចាញ់​បោក​អ្នក​នោះ​ដែរ​ឬ? 48តើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​ពួក​នាម៉ឺន ឬ​ក្នុង​ពួក​ផារិ‌ស៊ី ជឿ​ដល់​អ្នក​នោះ​ឬ​ទេ? 49បណ្តា‌ជន​ទាំង​នេះ មិន​ស្គាល់​ក្រឹត្យ‌វិន័យ​សោះ ដូច្នេះ គេ​នឹង​ត្រូវ​បណ្តាសា​ហើយ»។ 50លោក​នីកូ‌ដេម​ទៅ​រក​ព្រះ‌យេស៊ូវ​ទាំង​យប់ ដែល​ជា​ពួក​ផារិ‌ស៊ី​ដែរ មាន​ប្រសាសន៍​ទៅ​គេ​ថា៖ 51«តើ​ក្រឹត្យ‌វិន័យ​របស់​យើង កាត់​ទោស​មនុស្ស​មុន​ពេល​ឮ​ចម្លើយ​ពី​អ្នក​នោះ ហើយ​មិន​បាន​ដឹង​ពី​អ្វី​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ជា​យ៉ាង​ណា​សិន​ទេ​ឬ?» 52គេ​ឆ្លើយ​តប​ថា៖ «តើ​លោក​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ? ចូរ​ពិចារណា​មើល​ចុះ មិន​ដែល​មាន​ហោរា​ណា កើត​មក​ពី​ស្រុក​កាលី‌ឡេ​ឡើយ»។ 53បន្ទាប់​មក គេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ខ្លួន។

தற்சமயம் தேர்ந்தெடுக்கப்பட்டது:

យ៉ូហាន 7: គកស១៦

சிறப்புக்கூறு

பகிர்

நகல்

None

உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்